បញ្ហាបន្លែ ផ្លែឈើនានានៅតែជាក្តីព្រួយបារម្ភ របស់អ្នកប្រើប្រាស់ ពាក់ព័ន្ធគុណភាព និងសុវត្ថិភាពក្នុងការបរិភោគប្រចាំថ្ងៃ។ អ្នកជំនាញកសិកម្ម បានបង្ហាញថា ការប្រើប្រាស់ថ្នាំពុលកសិកម្ម ដែលផ្សំដោយ សារធាតុគីមី ដើម្បី បង្ការ និងសម្លាប់សត្វល្អិតកុំស៊ីដំណាំនោះ បានផ្ដល់នូវគុណវិបត្តិ ជាច្រើន ដល់សុខភាព។
បញ្ហាទាំងនេះ បានជំរុញឱ្យអ្នកជំនាញខាងកសិកម្ម និងកសិករគំរូមួយចំនួន រកវិធីទប់ស្កាត់ ដោយលើកទឹកចិត្តកសិករទូទៅ ឱ្យបោះបង់ទម្លាប់ ប្រើប្រាស់ថ្នាំពុលកសិកម្ម ដែលទិញនៅតាមទីផ្សារ នាំចូលពីបរទេស ហើយងាកមកប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិត ដែលផលិតដោយខ្លួនឯង ផ្សំពីរុក្ខជាតិ មកប្រើប្រាស់ជំនួសវិញ។
តើថ្នាំពុលធម្មជាតិ សម្រាប់បង្ការ និងសម្លាប់សត្វល្អិត ផលិតឡើងយ៉ាងដូចម្ដេច និងត្រូវប្រើប្រាស់យ៉ាងណានោះ!!! សូមស្ដាប់សេចក្ដីការណ៍របស់ លោក សេក បណ្ឌិត ពីរដ្ឋធានីវ៉ាស៊ីនតោន ដូចតទៅ!!!
ជាទូទៅកសិករតែងនាំគ្នាទិញថ្នាំគីមីមកបាញ់សម្លាប់សត្វស្អិត ប៉ុន្តែសារធាតុគីមីនោះធ្វើឱ្យប៉ះពាល់ច្រើនដល់ជីវចម្រុះក្នុងដី និងសត្វមានប្រយោជន៍សម្រាប់ដំណាំ និងធ្វើ ឱ្យខាតប្រាក់ច្រើនថែមទៀត។
ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់អស់ទាំងនេះ អ្នកជំនាញកសិកម្ម និងកសិករ ដែលជោគជ័យ លើមុខរបរនេះ បានព្យាយាមបង្រៀនពីរបៀបផលិតថ្នាំពុល ដែលផ្សំ ពីរុក្ខជាតិ ឬប្រើវត្ថុធាតុដើមធម្មជាតិ ដើម្បីបណ្ដេញសត្វល្អិត មានដូចជា ក្រា ដង្កូវ និងសត្វល្អិតបំផ្លាញដំណាំផ្សេងៗទៀត។
កសិករគំរូមួយរូប និងមានបទពិសោធន៍ក្នុងរបបកសិកម្មនេះប្រមាណ ២០ឆ្នាំមកហើយ ជាពិសេសគាត់មានជំនាញផលិតថ្នាំពុលពីធម្មជាតិ ហើយលោកតែងតែ ខិតខំស្រាវជ្រាវ រកវិធីសាស្ត្រថ្មីៗ មានប្រសិទ្ធភាព បន្ថែមជាប្រចាំ ដើម្បីទប់ទល់សត្វចង្រៃដែល ចូលចិត្ត មកបំផ្លាញ ដំណាំ និងចែករម្លែកបទពិសោធន៍នេះទៅដល់កសិករ ផ្សេងទៀត។
លោក រស់ ម៉ៅ នៅឃុំពពែល ស្រុកត្រាំកក់ ខេត្តតាកែវ លើកទឹកចិត្តកសិករឱ្យប្រើថ្នាំពុលធម្មជាតិ ដោយជៀសឱ្យបានកុំប្រើថ្នាំគីមី ដែលទិញនៅទីផ្សារ នាំចូលពីក្រៅប្រទេស។ លោកថា បើយើងប្រើថ្នាំពុលគីមីច្រើន ប្រើដល់ទីណា គឺអាសត្វបំផ្លាញវាកើតដល់ហ្នឹង។ បើប្រើច្រើន សត្វនឹងកាន់តែកើតច្រើនណាស់ដែរ។
ក្រោយពីលោក រស់ ម៉ៅ បង្ហាញពីផលវិបាកនៃការប្រើប្រាស់សារធាតុគីមីក្នុងការកម្ចាត់សត្វល្អិតយាយីដំណាំ លោកក៏បានណែនាំឱ្យផលិតថ្នាំពុលធម្មជាតិ ប្រើក្នុងការបណ្ដេញសត្វ ក្រា និងដង្កូវ ពីដំណាំដែលមានប្រសិទ្ធភាព មិនចំណាយប្រាក់ និងមិនប៉ះពាល់ដល់សុខភាព។
លោក រស់ ម៉ៅ ប្រាប់ថា វិធីផ្សំថ្នាំពុលពីរុក្ខជាតិសម្រាប់ប្រើប្រាស់ បណ្ដេញដង្កូវមូរស្លឹកស្រូវ សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ ដង្កូវ ចៃ ក្រា ពីបន្លែ និងបណ្ដេញសត្វទិច ផ្លែឈើ ដែលលោកស្រាវជ្រាវរកឃើញប៉ុន្មានឆ្នាំចុងក្រោយនេះ គឺត្រូវប្រមូលវត្ថុធាតុដើមពីរុក្ខជាតិយកមកផ្សំ ដូចជា សំបក ឬផ្លែស្លែងទុំ ប្រមាណ២គីឡូ ថ្នាំជក់ ២ខាំ គីង្គក់ តាសាក ឬគីង្គក់ងាប់ ១០ក្បាល ទឹកនោមសត្វ ១០លីត្រ និងទឹកធម្មតា ១០លីត្រ។
លោក រស់ ម៉ៅ បាន ប្រាប់ពីរបៀបផ្សំវត្ថុធាតុដើមទាំងនេះឱ្យទៅជាថ្នាំពុល សម្លាប់សត្វល្អិតយ៉ាងដូច្នេះ៖ «ចំពោះស្លែង គួរយកផ្លែទុំ មានប្រសិទ្ធភាព ជាង សំបក ចំណែកគីង្គក់ក្បាលវាសុទ្ធតែមានជាតិពុល....វិធីធ្វើយើងគ្រាន់តែយករបស់ទាំងអស់ហ្នឹងបុកបញ្ចូលគ្នា...បុកវាឱ្យម៉ត់ទុកមួយអន្លើ បន្ទាប់មកបានយើងយកសារធាតុទាំងអស់ហ្នឹងមក យកមកដាក់ក្នុងធុង ទើបយកទឹក ១០លីត្រ ទឹកនោមគោ ១០លីត្រ យើងយកដល់ដាក់ចូលគ្នាហើយបានយើងកូរៗ បញ្ចូលគ្នាហើយ ទុកបានរយៈពេល ១៥ថ្ងៃ ហ្នឹងគឺប្រើបានហើយ»។
ចំណែក វិធីប្រើប្រាស់វិញ កសិករ រស់ ម៉ៅ បានប្រាប់ថា៖ យកទឹកថ្នាំមួយលីត្រ លាយបញ្ចូលទឹកធម្មតា៣លីត្រ ហើយដាក់បញ្ចូលក្នុងធុងសម្រាប់បាញ់ថ្នាំ យកទៅបាញ់លើដំណាំដែលមានសត្វល្អិត។ ក្នុងរយៈពេលមួយសប្ដាហ៍អាចបាញ់២ ឬ៣ដង ទៅតាមស្ថានភាព សត្វល្អិតវាយលុកតិចឬក៏ខ្លាំងទៅតាមការជាក់ស្ដែង៖ «វិធីប្រើ មានពពួកសត្វ ដង្កូវយោលទោង ដង្កូវមូលដើម ចៃ ក្រា អណ្ដើកមាស ជាដើម យកទឹកថ្នាំ លាយជាមួយទឹកធម្មតាបាញ់លើវា តែកុំបាញ់នៅពេលព្រឹក គឺត្រូវបាញ់ថ្នាំនោះ នៅពេលល្ងាច មេឃ ត្រជាក់ ម្តុំម៉ោង ៤ ឬ៥ ល្ងាច.»។
លោកបន្តថា វិធីកម្ចាត់សត្វល្អិតចង្រៃទាំងនេះ មានប្រសិទ្ធភាពច្រើន ហើយលោបានចែករំលែកបទពិសោធន៍នេះ ដល់កសិករ ក្នុងសហគមន៍របស់លោក ដែលមាន ប្រមាណ ៧សហគមន៍ ក្រុមនិស្សិតខាងកសិកម្ម និងប្រជាកសិករ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមជាដើម។
អ្នកជំនាញកសិកម្មបានបង្ហាញថា ការផលិតថ្នាំពុលផ្សំពីរុក្ខជាតិ មានការខុសគ្នាខ្លះៗទៅតាមតំបន់ ស្ថានភាពអាកាសធាតុកន្លែងដាំដុះ និងប្រភេទសត្វល្អិតបំផ្លាញ ព្រមទាំងបទពិសោធន៍ស្រាវជ្រាវផ្ទាល់របស់អ្នកជំនាញ និងកសិករម្នាក់ៗ។
ដោយឡែក អង្គការ សេដាក (CEDAC) ក៏បានសិក្សាស្រាវជ្រាវនូវវិធីសាស្ត្រ ផ្សំថ្នាំពុលសម្លាប់សត្វល្អិត បំផ្លាញដំណាំនេះដែរ ក្នុងគោលដៅកាត់បន្ថយ ការចំណាយ និងដើម្បីកុំឱ្យប៉ះពាល់ សុខភាព កសិករ និងអ្នកទទួលទាន ផលិតផល បន្លែផ្លែឈើទាំងនោះ។
ទីប្រឹក្សាឯករាជ្យ ស្ដីពីកសិកម្ម របស់ អង្គការសេដាក លោក វង្ស សាវឿន បានបង្ហាញនូវរូបមន្ត នៃការផ្សំថ្នាំពុលធម្មជាតិ ដើម្បីការពារ និងកម្ចាត់សត្វល្អិតបំផ្លាញដំណាំនេះដែរ។ លោកថា មានវត្ថុធាតុដើម ឬរុក្ខជាតិដែលមានរសជាតិ និងក្លិន ៦ប្រភេទជាមូលដ្ឋានក្នុងផ្សំថ្នាំពុលធម្មជាតិប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះមានប្រភេទ ឆួល ពុល ក្រពុល ហីរ ល្វីង និងចត់៖ «ឆួលយើងសំដៅទៅលើ ស្លឹកគ្រៃ ខ្ជាយ ល្មៀត រំដេង ឬក៏ខ្ទឹម ហើយសម្រាប់ហីរ មានម្ទេស ម្រេច ពុល មានស្លែង ស្លឹកទាបបារាំង ទាបបាយ ស្លឹកកន្ទ្រាំងខែត្រ ជាដើម ល្វីងមានដូចជាស្លឹកស្ដៅ វល្លិបណ្តូលពេជ្រ ចត់ យើងមានគល់ចេក យើងយករុក្ខជាតិទាំង៦មុខនោះ ក្នុងមួយមុខមួយគីឡូក្រាម ប៉ុន្តែសម្រាប់ម្ទេសគេដាក់តែ ២០ ទៅ៣០គ្រាប់ប៉ុណ្ណោះ ហើយបុក ឬដំឱ្យខ្ទេច បន្ទាប់មកយកទៅត្រាំលាយបញ្ចូលគ្នាជាមួយទឹក២០លីត្រ ហើយផ្អាប់ទុកឱ្យបាន២០ថ្ងៃ ពេលនោះយើងនឹងបាន ទឹកថ្នាំពុលធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ប្រើប្រាស់បាន»។
លោកបន្តថា ក្រោយពីផ្សំរុក្ខជាតិទាំង៦ប្រភេទបញ្ចូលគ្នា ហើយទុកក្នុងពាង ឬក៏ធុង អ្វីមួយនោះ ត្រូវដាក់នៅកន្លែងម្លប់ ឆ្ងាយពីផ្ទះបាយ ត្រូវផ្អាប់ទុក រយៈពេល ១៥ ទៅ២០ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។
វិធីប្រើប្រាស់ គឺត្រូវយកទឹកថ្នាំដែលផលិតបាននោះ ចំនួន ១លីត្រ លាយជាមួយ ទឹកធម្មតា ១០ លីត្រ បាញ់ទៅលើបន្លែ ផ្លែឈើទាំងនោះ។ ចំពោះការបាញ់ថ្នាំវិញ លោកថា ត្រូវធ្វើឡើងនៅពេលល្ងាច មេឃត្រជាក់ ម៉ោង ៤ ឬ៥ ល្ងាច រួចចោលមួយយប់ ទើបស្រោចទឹកលាងវាចេញវិញ នៅពេលព្រឹកព្រលឹម នាថ្ងៃបន្ទាប់៖ «ហាមដាច់ខាត ជៀសវាងយកថ្នាំនេះទៅបាញ់ ឬ ស្រោចលើដំណាំនៅពេលព្រឹក ព្រោះពេលត្រូវថ្ងៃក្តៅចាំងមកប៉ះរុក្ខជាតិ ឬបន្លែ អាចឱ្យវាខូច ឬងាប់បាន........»
លោកឱ្យដឹងទៀតថា រុក្ខជាតិទាំង៦ប្រភេទនេះ ងាយនឹងអាចរកបាននៅក្នុងភូមិ ហើយកសិករភាគច្រើនសុទ្ធតែស្គាល់ ដើមរុក្ខជាតិទាំងនេះច្បាស់៖ «បានន័យថា គាត់អាចរករុក្ខជាតិផ្សេងមកជំនួសគ្នាបាន ដូចជា ឆួល បើសិនជាគាត់រកស្លឹកគ្រៃ មិនបាន គាត់អាចរកជារុក្ខជាតិផ្សេង ដូចរំដេង ខ្ញី ឬ ប្រភេទផ្សេងណាមួយមកជំនួសបង្គ្រប់ ប៉ុន្តែរសជាតិ ក្លិនប្រហាក់ប្រហែលគ្នា ឬជាប្រភេទដូចគ្នាមកជំនួសបាន អ៊ីចឹងរុក្ខជាតិទាំងអស់នេះងាយរកបាន ហើយមានសម្រាប់នៅក្នុងសហគមន៍របស់ពួកគាត់»។
មន្ត្រីបច្ចេកទេស នៃអង្គការសេដាក រូបនេះ បញ្ជាក់ថា គុណភាពថ្នាំពុលដែលផ្សំចេញពីរុក្ខជាតិទាំងនេះមានគុណភាពខ្ពស់ មិនចាញ់ថ្នាំពុលកសិកម្មមានសារធាតុគីមី ដែលទិញពីផ្សារនោះទេ។
លោកបន្តថា អ្វីដែលពិសេសជាងនេះទៀតនោះ គឺចំណេញថវិកា ហើយគុណភាពបន្លែនោះ មាន រសជាតិ ឆ្ងាញ់ពិសា មិនប៉ះពាល់សុខភាព ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ផ្ទាល់៕