តើ​គេ​អាច​ធ្វើ​ដូចម្ដេច​ខ្លះ​ដើម្បី​ការពារ​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ឬ ស្ត្រូក (Stroke)?

ដោយ ម៉ៅ សុធានី
2019-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តើ​គេ​អាច​ធ្វើ​ដូចម្ដេច​ខ្លះ​ដើម្បី​ការពារ​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ឬ ស្ត្រូក (Stroke)?
តើ​គេ​អាច​ធ្វើ​ដូចម្ដេច​ខ្លះ​ដើម្បី​ការពារ​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ឬ ស្ត្រូក (Stroke)?
Photo: RFA

គ្រូពេទ្យ​ជំនាញ​ឱ្យ​ដឹង​ថា ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ភាសា​អង់គ្លេស​ហៅថា Stroke បណ្ដាល​មក​ពី​សរសៃឈាម​កកស្ទះ បែក​ធ្លាយ ឬ​សរសៃឈាម​ប៉ោង​ផ្ទុះ មិន​អាច​នាំ​ឈាម​ដែល​ផ្ទុក​ខ្យល់​អុកស៊ីហ្សែន ទៅដល់​ខួរក្បាល​បាន។ សម្ពាធ​ឈាម​ខ្ពស់​គឺជា​គ្រោះថ្នាក់​ចម្បង​បំផុត បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ ដោយសារ​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។

តើ​គេ​អាច​មាន​វិធី​ណាខ្លះ ដើម្បី​ការពារ​ស្ត្រូក (Stroke)?

គេហទំព័រ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យហាវ៉ាដ (Harvard) ក្នុង​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) ឱ្យ​ដឹង​ថា ដើម្បី​ជៀសវាង​ឬ​កាត់បន្ថយ ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ស្ត្រូក (Stroke) មនុស្ស​គ្រប់ៗ​គ្នា​មិន​ថា វ័យ​ចាស់​ឬ​ក្មេង ឬក៏​មាន​ក្រុម​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ក៏ដោយ លោកអ្នក​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​វិធី​៧​យ៉ាង​សំខាន់ៗ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ។ វិធី​សំខាន់​ទាំង​៧​យ៉ាង​នោះ រួមមាន កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ឬ​ឡើង​ឈាម សម្រក​ទម្ងន់​កុំ​ឱ្យ​ធាត់​ខ្លាំង​ពេក ហាត់ប្រាណ​ឱ្យ​បាន​ច្រើន កាត់បន្ថយ​ការ​ទទួល​ទាន​សុរា​ច្រើន​ហួសហេតុ ព្យាបាល​ជំងឺ​បេះដូង គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​បាន​ទាប និង​បញ្ឈប់​ការ​ជក់បារី។

អ្នក​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល (Stroke) ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជាបន្ទាន់​ដើម្បី​ដឹក​យក​ទៅ​ព្យាបាល​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។ គ្រូពេទ្យ​ជំនាញ​ខួរក្បាល​ឱ្យ​ដឹង​ថា ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល គឺ​ដោយសារ​លំហូរ​ឈាម​ដែល​នាំ​ខ្យល់​អុកស៊ីហ្សែន មាន​តិចតួច​បំផុត ឬ​ត្រូវ​កាត់ផ្ដាច់ ទៅ​តំបន់​នៃ​ខួរក្បាល។

លោក​វេជ្ជបណ្ឌិត ឆាន់ ទូច គ្រូពេទ្យ​ប្រចាំ​គ្រួសារ​នៅ​ទីក្រុង​ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល មិនមែន​ជា​ជំងឺ​ទេ តែ​ដោយសារ​សរសៃឈាម ដែល​ផ្ទុក​ទៅ​ដោយ​ខ្យល់​អុកស៊ីហ្សែន មិន​អាច​យក​ទៅ​ផ្គត់ផ្គង់​ក្នុង​ខួរក្បាល​បាន ដោយ​សរសៃឈាម​នោះ​កកស្ទះ បែក​ធ្លាយ ឬ​ប៉ោង​ផ្ទុះ៖ «បាទ ស្ត្រូ​ក​មិនមែន​ជា​ជំងឺ​ទេ តែ​ជា​លក្ខណៈ​មួយ​នៅ​ពេល​ដែល​ឈាម​ហូរ​ទៅ​ខួរក្បាល​ត្រូវ​ផ្ដាច់ ឬ​បញ្ឈប់ មិន​អាច​ទៅដល់​បាន ដោយសារ​មូលហេតុ​ណាមួយ​។ ធម្មតា​កាលណា​អត់​អុកស៊ីហ្សែន កោសិកា​នៃ​ខួរក្បាល​ក៏​ចាប់ផ្ដើម​ស្លាប់ ហើយ​បើ​បែក​នៅ​ចំ​កន្លែង ដែល​បញ្ជា​ទៅលើ​ចលនា ឬ​ការ​និយាយ​ហ្នឹង វា​បែក​នេះ​បែក​នោះ វា​នាំ​ឱ្យ​ស្ត្រូក ហើយ​ពិការ​មួយ​ចំហៀង​ខ្លួន»

លោក​វេជ្ជបណ្ឌិត​ជំនាញ​ប្រចាំ​គ្រួសារ​រូប​នេះ បន្ត​ថា ការ​ដាច់​សរសៃ​ខួរក្បាល​មាន​៣​ប្រភេទ ក្នុង​នោះ​រួមមាន​សរសៃឈាម​កកស្ទះ ផ្ទុះ​សរសៃឈាម និង​បែក​សរសៃឈាម​ចេញពី​កោសិកា​ក្នុង​ខួរក្បាល។ទោះជា​ក្នុង​ហេតុផល​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ផ្ដល់​ដំបូន្មាន​ថា គេ​មិន​អាច​ដឹង​ច្បាស់​ពី​ប្រភេទ​នៃ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​បានទេ លុះណាតែ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​ថត​ពិនិត្យ​ក្នុង​ខួរក្បាល​ជា​មុន​សិន ទើប​ផ្ដល់​សេវា​ព្យាបាល៖ «ស្ត្រូក​មាន​បី​ប្រភេទ​។ ទី​១ គេ​ហៅ Ischemic Stroke ស្ត្រូក​មួយ​ហ្នឹង​ដោយសារ​ស្លាប់​កោសិកា​ក្នុង​ខួរក្បាល ហ្នឹង​ជាទូទៅ​កើតមាន​៧០%​។ ស្ត្រូក​មួយទៀត គឺ​ហៅ Hemorrhagic Stroke ហ្នឹង​គឺ​ស្ត្រូក​ដោយសារ​បែក​សរសៃឈាម មាន​១៥% ហើយ​ស្ត្រូក​មួយទៀត គឺ​បែក​សរសៃឈាម​ដែរ តែ​បែក​សរសៃឈាម​ចេញ​មកពី​កោសិកា​ក្នុង​ខួរក្បាល​តែម្ដង ហើយ​មួយ​ហ្នឹង គឺ​មាន ១៥%»

គេហទំព័រ​វេជ្ជសាស្ត្រ WebMD ឱ្យ​ដឹង​ថា ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ឬ​ស្ត្រូក​នេះ គេ​អាច​កត់សម្គាល់​សញ្ញា​អាសន្ន​មួយ​ចំនួន​រួមមាន ស្ពឹក​មុខ ស្ពឹក​ជើង​ឬ​ដៃ ប៉ុន្តែ​តែ​ម្ខាង​ទេ ដូចជា​ខាង​ស្តាំ​ឬ​ខាងឆ្វេង ស្រវាំងភ្នែក វិលមុខ មិន​អាច​ដើរ​រួច ឬ​ឈឺក្បាល​ខ្លាំង​។ បន្ថែម​ពី​នេះ អ្នក​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ស្រាប់តែ​ភ្លាមៗ និយាយ​អត់​ចេញ មាន​អារម្មណ៍​ច្របូកច្របល់ និង​អត់​យល់​អ្វី​ទាំងអស់។

លោក​វេជ្ជបណ្ឌិត ឆាន់ ទូច មានប្រសាសន៍​បន្ថែម​ពី​រោគសញ្ញា​មួយ​ចំនួន ដែល​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​អ្នក​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល៖ «ភ្លាមៗ​កំពុង​ជជែក​គ្នា​ស្រាប់តែ​ឈឺក្បាល​ជួនកាល​អាច​សន្លប់​អត់​ដឹងខ្លួន ដោយសារ​សរសៃឈាម​ក្នុង​ខួរក្បាល​ប៉ោង​សង្កត់ ហ្នឹង​ទី​១។ ទី​២ ជួនកាល​មនុស្ស​ធម្មតា ដើរ​អត់​រួច ងើប​អត់​រួច វិលមុខ ហើយ​ទី​៣ ជួនកាល​កំពុង​ជជែក​គ្នា ស្រាប់តែ​ភ្នែក​ទាំងពីរ​ឃើញ​រូប​ខុសគ្នា ដូច​ប្លែក ធម្មតា​ភ្នែក​ទាំង​ពីរ​សម្លឹង​ឃើញ​ដូចគ្នា នេះ​មានន័យថា មាន​អ្វី​សង្កត់​លើ​ខួរក្បាល​។ ទី​៤ ដូច​ថា​វង្វេង និយាយ​ត្រដិត ស្ដាប់​អត់​យល់ និយាយ​អត់​ចេញ ហើយ​មួយទៀត​ដែរ​គេ​ឃើញ​ដែរ​គឺ​ស្ពឹក​លើ​មុខ ឬ​ដៃជើង គឺ​មួយ​ចំហៀង​ខាងឆ្វេង​ឬ​ខាង​ស្ដាំ»

គេហទំព័រ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ហាវ៉ាដ (Harvard) ក៏​បាន​ផ្តល់​ដំបូន្មាន​ថា ដើម្បី​កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ លោកអ្នក​ត្រូវ​កាត់បន្ថយ​ជាតិ​អំបិល កុំ​ឱ្យ​លើស​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ កាត់បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់​បរិភោគ​បន្លែ និង​ផ្លែឈើ​ឱ្យ​បាន​ច្រើន។ បន្ថែម​ពី​នេះ​លោកអ្នក​ត្រូវ​សម្រក​ទម្ងន់​កុំ​ឱ្យ​ធាត់​ខ្លាំង​ពេក ទទួលទាន​ម្ហូបអាហារ​ប្រចាំថ្ងៃ​កុំ​ឱ្យ​លើស​ពី ២​ពាន់​កាឡូរី បង្កើន​ការហាត់​ប្រាណ​ដូចជា​ដើរ​ឬ​រត់ កាត់បន្ថយ​ការ​ទទួល​ទាន​សុរា​ច្រើន។ ប្រសិនបើ​លោកអ្នក​មាន​ជំងឺ​បេះដូង​ដូចជា​ដកដង្ហើម​ផុតៗ ត្រូវ​ស្វែងរក​ការ​ព្យាបាល​ពី​វេជ្ជបណ្ឌិត​ជំនាញ ពីព្រោះ​សង្វាក់​បេះដូង​ដើរ​មិន​ទៀងទាត់ បណ្ដាល​ឱ្យ​មាន​កំណក​ស្ទះ​ក្នុង​បេះដូង ជាហេតុ​នាំ​ឱ្យ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ ចំពោះ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​វិញ លោកអ្នក​ត្រូវការ​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កុំ​ឱ្យ​ឡើង​ខ្លាំង​ពេក ហើយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​។ បញ្ហា​សំខាន់​មួយទៀត គឺ​បញ្ឈប់​ការ​ជក់​បារី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល