រោគសញ្ញា​ជំងឺ​អូទីហ្សឹម (Autism) និង​វិធី​ព្យាបាល

ដោយ ម៉ៅ សុធានី
2019-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោគសញ្ញា​ជំងឺ​អូទីហ្សឹម (Autism) និង​វិធី​ព្យាបាល។
រោគសញ្ញា​ជំងឺ​អូទីហ្សឹម (Autism) និង​វិធី​ព្យាបាល។
RFA

ការស្រាវជ្រាវ​ជាច្រើន​បង្ហាញ​ថា ជំងឺ អូទីហ្សឹម (Autism) អាច​កើតមានឡើង​ចំពោះ​ទារក នៅ​ពេល​ចាប់កំណើត​ក្នុង​ផ្ទៃ​ម្ដាយ​។ ភាគច្រើន​កុមារ​ដែល​កើត​ជំងឺ​នេះ បង្ហាញ​រោគសញ្ញា នៅ​ពេល​អាយុ ចន្លោះ​ពី​៣​ខែ ទៅ​២​ឆ្នាំ​។ គេ​អាច​កត់សំគាល់​ថា​កុមារ​កើត​ជំងឺ​អូទីហ្សឹម ដោយសារ​កុមារ​នោះ​ចូលចិត្ត​នៅ​ម្នាក់ឯង មិន​ចាប់អារម្មណ៍​ចំពោះ​អ្នក​នៅ​ជុំវិញ​ខ្លួន អាយុ​ដល់​២​ឆ្នាំ​ហើយ​មិនទាន់​ចេះ​និយាយ និង​ពេល​ខឹង​ម្តងៗ​មិន​ចង់​ឱ្យ​គេ​លួងលោម​ជាដើម។

ក្រុម​គ្រូពេទ្យ​ជំនាញ​កុមារ ឱ្យ​ដឹង​ថា ជំងឺ​អូទីហ្សឹម គឺជា​ប្រភេទ​ពិការភាព​ម្យ៉ាង កើតមាន​ចំពោះ​កុមារ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ទៅលើ​ការលូតលាស់​រាងកាយ សតិបញ្ញា​ស្មារតី ប៉ះពាល់​ទៅលើ​ផ្នែក​ទំនាក់ទំនង​សង្គម និង​ការ​ស្ដែង​ចេញ​នូវ​អាកប្បកិរិយា​របស់​កុមារ​។ កុមារ​អូទីហ្សឹម ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ រួមមាន ឪពុកម្ដាយ បងប្អូន និង​កុមារ​ដទៃ ដោយ​បង្ហាញ​កាយវិការ ចរិត​ឫកពារ ខុសប្លែក​ពី​មនុស្ស​ធម្មតា។

កុមារ​កើត​ជំងឺ​អូទីហ្សឹម ភាគច្រើន​បង្ហាញ​រោគសញ្ញា​ក្នុង​អាយុ​ចន្លោះ​ចាប់ពី​១ ឆ្នាំទៅ​២​ឆ្នាំ ដូចជា កុមារ​នោះ​ចូលចិត្ត​ធ្វើ​កាយវិការ​ក្ដាប់ដៃ ទះដៃ បក់ដៃ លោត ដើរ​ប្រើ​ចុង​ម្រាមជើង យក​ក្បាល​ទៅ​បោក​ទង្គិច​នឹង​វត្ថុ​ដែល​នៅ​ជិត​ខ្លួន រឹងរូស ស្រែកយំ​ខ្លាំងៗ​ទាមទារ​អ្វីមួយ មាន​អារម្មណ៍​ឆាប់​ប្រែប្រួល ខឹង​ឆេវឆាវ​ច្រើន ជាដើម​។ បន្ថែម​ពី​នេះ កុមារ​កើត​អូទីហ្សឹ​ម អាយុ​១​ឆ្នាំ​ហើយ មិន​អាច​ឆ្លើយតប នៅ​ពេល​ហៅ​ចំ​ឈ្មោះ មិន​ចូលចិត្ត​សម្លឹង​មើល​ភ្នែក​អ្នកណា​ឡើយ ច្រើន​ហូរ​ទឹកមាត់ និង​ធ្វើ​អ្វី​ប្លែកៗ និង​សើច​ខុស​ទំនង​ជាដើម ហើយ​ស្ថានភាព​របស់​ពួកគេ អាច​ប្រែប្រួល​ទៅតាម​កុមារ​នីមួយៗ និង​កម្រិត​ពិការភាព។

គ្រូពេទ្យ​ប្រចាំ​គ្រួសារ នៅ​ទីក្រុង លីន (Lynn) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) លោក​វេជ្ជបណ្ឌិត ម៉ី សុខារិទ្ទ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា មាន​កត្តា​ជាច្រើន បណ្ដាល​ឱ្យ​កុមារ​កើត​ជំងឺ​អូទីហ្សឹម ក្នុង​នោះ​រួមផ្សំ ជាមួយ​ហ្យីន (Gene) ឬ​តំណ​ពូជ និង​កត្តា​បរិស្ថាន។ លោក​ថា រហូតមកដល់​ពេលនេះ នៅ​មិន​ទាន់​មាន​ការស្រាវជ្រាវ​ណា​ច្បាស់លាស់ អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​អូទីហ្សឹម ដោយសារ​ចាក់​វ៉ាក់សាំង​ការពារ ឬ​ម្ដាយ​ឆ្លង​មេរោគ​នៅ​ពេល​មានគភ៌​នោះ នៅ​ឡើយ​ទេ​៖

«អ្នកខ្លះ​ថា​ចាក់​ថ្នាំ​វ៉ាក់សាំង អាច​ឱ្យ​កូន​ហ្នឹង​កើត​អូទីហ្សឹម ប៉ុន្តែ​ពុំ​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ចាក់​ថ្នាំ​វ៉ាក់សាំង នាំ​ឱ្យ​កើត​ជំងឺ​នោះ​។ ឪពុកម្ដាយ​ត្រូវ​កត់សំគាល់​កូន ប្រសិនបើ​កូន​អាយុ ១​ឆ្នាំ មិន​ចេះ​និយាយ មិន​ទាន់​ចេះ​ដើរ ក្មេង​នោះ មិន​ចូលចិត្ត​លេង​ជាមួយ​ក្មេងៗ ឬ​ដំណើរ​ចុង​ជើង ឬក៏​បង្ហាញ​អាកប្បកិរិយា​មិន​ប្រក្រតី​។ បើ​ដឹង​ហើយ​ត្រូវ​យក​ទៅ​ជួប​គ្រូពេទ្យ​...»

បន្ថែម​ពី​នេះ គេហទំព័រ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ (WebMD) ក៏បាន​អះអាង​ផង​ដែរ​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​កញ្ជ្រឹល ស្អូច ជាដើម ដែល​អក្សរ​កាត់​ភាសា​អង់គ្លេស ហៅថា MMR ពុំ​មែន​ជា​មូលហេតុ​នាំ​ឱ្យ​កុមារ កើត​ជំងឺ​អូទីហ្សឹម​នោះ​ទេ។

តើ​ជំងឺ​អូទីហ្សឹម​អាច​ការពារ បាន​ដែរ​ឫ​ទេ​?

ការស្រាវជ្រាវ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក ឱ្យ​ដឹង​ថា គេ​មិន​អាច​ដឹង​ច្បាស់​ពី​មូលហេតុ​នាំ​ឱ្យ​កុមារ​ជំងឺ​អូទីហ្សឹម​ទេ ក៏ប៉ុន្តែ​ជំងឺ​នេះ អាច​បណ្តាល​មក​ពី​តំណពូជ ឬ​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​ចាប់កំណើត​។ ក្នុង​ករណី​កម្រ​ខ្លះ ទារក​មាន​ពិការភាព​ដោយសារ​ម្ដាយ​ប៉ះពាល់​និង​ស្រូប​ក្លិន​គីមី នៅ​ពេល​មានគភ៌​។ ទោះជា​យ៉ាង​នេះ​ក្តី ក្រុម​វេជ្ជបណ្ឌិត​មិន​អាច​វាយតម្លៃ​ថា ទារក​នោះ​កើតមក​មាន​ជំងឺ​អូទីហ្សឹម​នោះ​ដែរ​។ កុមារ​អូទីហ្សឹម​ខ្លះ បង្ហាញ​រោគសញ្ញា នៅ​ពេល​អាយុ ៣​ខែ ហើយ​ខ្លះ​ទៀត អាយុ​មួយ​ឆ្នាំ​។ បន្ថែម​ពី​នេះ កុមារ​ចន្លោះ​ពី​៨០ ទៅ​៩០% បង្ហាញ​រោគសញ្ញា​អូទីហ្សឹម នៅ​ពេល​អាយុ​ក្រោម​២​ឆ្នាំ​។

ក្រុម​វេជ្ជបណ្ឌិត​លើកឡើង​ថា វិធី​ល្អ​បំផុត​ដើម្បី​ជៀសវាង​កុំ​ឱ្យ​ទារ​កកើត​អូទីហ្សឹម ម្ដាយ​នៅ​ពេល​មាន​គភ៌ ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​អំពី​សុខភាព​របស់​ខ្លួន និង​ទារក​ក្នុង​ផ្ទៃ និង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ទៀងទាត់ ដើម្បី​ពិនិត្យ​ការលូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​។ លាបថ្នាំ​វីតាមីន ឬ​ថ្នាំ​ជំនួយ​ផ្សេងៗ​ទៀត ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។ បន្ថែម​ពី​នេះ ស្ត្រី​មានគភ៌​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត ដោយ កុំ​ប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ជាដើម។ ប្រសិនបើ​ស្ត្រី​មានគភ៌ មាន​ជំងឺ​ឬ​មាន​បញ្ហា​សុខភាព​ណាមួយ មុន​លេប​ថ្នាំ​អ្វីមួយ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

របាយការណ៍​ស្រាវជ្រាវ​ដដែល​បន្ត​ថា កម្រិត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​អូទីហ្សឹម គឺ​ប្រែប្រួល​ពី​កុមារ​ម្នាក់​ទៅ​កុមារ​ម្នាក់ទៀត​។ កុមារ​ខ្លះ អាច​ធំ​ឡើង រស់នៅ​ធម្មតា​ដូច​គេឯង ក៏ប៉ុន្តែ មាន​ករណី​ខ្លះ ពិការភាព​ធ្ងន់ធ្ងរ តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​រស់នៅ​កន្លែង ផ្ដល់​សេវា​ថែទាំ​សុខភាព។

តើ​កុមារ​កើត​អូទីហ្សឹម​ត្រូវ​ព្យាបាល​តាមរបៀប​ណា?

លោក​វេជ្ជបណ្ឌិត ម៉ី សុខារិទ្ទ មាន​ប្រសាសន៍​បន្ត​ថា ជំងឺ​អូទីហ្សឹម​នេះ​គេ​មិន​អាច​ធ្វើតេស្ត​ឈាម ឬ​ថត​ខួរក្បាល ដើម្បី​បញ្ជាក់​ពី​រោគសញ្ញា​ទាំងនេះ​បានទេ ក៏ប៉ុន្តែ​សំខាន់​បំផុត មាតាបិតា​ត្រូវ​យក​កូន​ទៅ​ជួប វេជ្ជបណ្ឌិត​កុមារ ឬ​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ ដើម្បី​សាកសួរ និង​ពិនិត្យមើល ពី​សកម្មភាព​និង​កាយវិការ​របស់​ពួកគេ៖ «ជំងឺ​អូទីហ្សឹម អត់​មាន​ត្រូវការ​ថ្នាំ​ព្យាបាល​ទេ​។ គ្រាន់តែ ប្រសិនបើ​ដឹង​មុន គឺ​ត្រូវការ​ឱ្យ​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​បង្រៀន និង​ពង្រឹង​ការ​និយាយ ការ​រៀន​ភាសា ព្រោះ​ក្មេង​អូទីហ្សឹម ចូលចិត្ត​លេង​ម្នាក់ឯង គាត់​មិន​ចូលចិត្ត​លេង​អ្នក​ដទៃ​។ ម្ល៉ោះហើយ គេ​ត្រូវការ​ពាក់ព័ន្ធ​ច្រើន»

កុមារ​អូទីហ្សឹម​ត្រូវ​ការ​យកចិត្តទុកដាក់ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​សំណាក់​ឪពុកម្ដាយ​និង​អាណាព្យាបាល​។ ជំងឺ​អូទីហ្សឹម​កើតមាន​លើ​កុមារ​គ្រប់​ជាតិ​សាសន៍​។ ការស្រាវជ្រាវ​បង្ហាញ​ថា ការ​ស្វះ​ស្វែងរក​ជំនួយ​ភ្លាមៗ ដល់​កុមារ​កើត​ជំងឺ​អូទីហ្សឹម​នៅ​ពេល​កើត​ថ្មីៗ​អាយុ​តិច នឹង​អាច​ផ្ដល់​លទ្ធផល​ជា​វិជ្ជមាន​ដល់​ពួកគេ ក្នុង​ជីវិត​រស់នៅ​ទៅ​ថ្ងៃ​អនាគត​។ ទោះ​បី​ថា អូទីហ្សឹម​ពាក់ព័ន្ធ ការ​លូតលាស់​និង​សរសៃប្រសាទ​ក៏ដោយ ក៏​ក្មេង​មួយ​ចំនួន​អាច​មាន​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ ការ​គិត និង​ការ​ដោះស្រាយ​បញ្ហា​បាន​លឿន​យ៉ាង​ឆាប់រហ័ស។

ប្រធាន​ដឹកនាំ​បណ្ដាញ​ជន​ពិការ​ខ្សោយ​សតិ​បញ្ញា និង​អូទីហ្សឹម និង​ជា​ប្រធាន​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ (CIDAN) លោក ចាន់ សារិន បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​នេះ ឪពុកម្ដាយ និង​អាណាព្យាបាល មានការ​យល់ដឹង​ច្រើន​អំពី​ជំងឺ​អូទីហ្សឹម និង​បាន​បញ្ជូន​កូនៗ​របស់​ពួកគេ មក​សាលារៀន ដើម្បី​ទទួល​ការអប់រំ​ថ្នាក់​ពិសេស និង​ស្វែងរក​សេវា​គាំទ្រ​ផ្នែក​វិជ្ជាជីវៈ​ផ្សេងៗ​។ លោក​ថា ទោះបីជា​កម្ពុជា គ្មាន​តួលេខ​ច្បាស់លាស់​ពី​អត្រា​កុមារ អូទីហ្សឹម​ក្ដី ប៉ុន្តែ​លោក​ប៉ាន់​ប្រមាណ​ថា កុមារ​កើត​ជំងឺ​អូទីហ្សឹម អាច​មាន​ចន្លោះ​ពី ៥​ពាន់ ទៅដល់ ១​ម៉ឺន​នាក់​។ លោក​បន្ត​ថា នៅ​កម្ពុជា អង្គការ​ធ្វើការ​លើ​បញ្ហា​អូទីហ្សឹម​នេះ​គឺ​មាន​ជាង ១០​ស្ថាប័ន តែ​មាន​អង្គការ ២ ទៅ​៣ ប៉ុណ្ណោះ ដែល​សកម្ម​លើ​បញ្ហា​នេះ​។ ចំណែក​ឯ​បញ្ហា​ធនធាន​មនុស្ស​វិញ ក៏​នៅ​ខ្វះខាត​ច្រើន​ដែរ ព្រោះ​គ្រូ​ដែល​បាន​សិក្សា​ជំនាញ​ក្នុង​ការ​ជួយ​កុមារ​អូទីហ្សឹម នៅ​មាន​​ចំនួន​តិចតួច​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល