មន្ត្រីនាយកដ្ឋានកាំកុងត្រូល និងប្រជាពលរដ្ឋ ទទួលស្គាល់ថា បន្លែផ្លែឈើ និងសាច់ ដែលដាក់លក់នៅតាមទីផ្សារ ភាគច្រើន ប្រើសារធាតុគីមី ដើម្បីធ្វើឱ្យស្រស់ល្អ និងទុកបានយូរ។ បន្ថែមពីនេះ មានអាជីវករខ្លះ ដាក់លក់ទំនិញខូចគុណភាព និងហួសកាលកំណត់ រួមមាន ទឹកក្រូច មីកញ្ចប់ និងនំនែក ជាដើម។
តើធ្វើដូចម្ដេចខ្លះ ដើម្បីកាត់បន្ថយ ការទទួលទានអាហារមានជាតិគីមីច្រើន?
អ្នកជំនាញផ្នែកអាហារូបត្ថម្ភឱ្យដឹងថា ការយល់ដឹងពីគុណភាពចំណីអាហារ ជួយច្រើនដល់សុខភាព មិនថា តែបន្លែស្រស់ សាច់ ម្ហូបកំប៉ុង ឬម្ហូបក្រៀម។ ចំណីអាហារ ផ្ដល់ជីវជាតិសម្រាប់ទ្រទ្រង់រាយកាយ ក៏ប៉ុន្តែប្រសិនបើចំណីអាហារទាំងនោះរួមមានបន្លែ ផ្លែឈើ ឬសាច់ មានដាក់ជាតិគីមីច្រើន គឺវានាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាព ដែលជាហេតុនាំឱ្យកើតជំងឺតម្កាត់នានា។ ជាតិគីមីទាំងនោះ រួមមាន ថ្នាំសម្លាប់សត្វល្អិត ជីរកសិកម្ម ជាតិគីមីសម្រាប់ដាក់ម្ហូបទុកបានយូរ ការដាក់បញ្ចូលពណ៌ឬជាតិស្ករសិប្បនិមិត្ត ជាដើម។ អាហារក្រៀមទុកបានយូរ ដូចជាមីកញ្ចប់ ឬអាហារកំប៉ុងខ្លះ មិនបានទាំងដាក់ឈ្មោះជាតិគីមីដែលដាក់បញ្ចូលក្នុងធាតុផ្សំទាំងនោះឡើយ។
ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក លោក វេជ្ជបណ្ឌិត តាន់ សុង ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមលោក តែងតែចុះទៅប្រទេសកម្ពុជារៀងរាល់ឆ្នាំ ដើម្បីណែនាំពីវិធីថែទាំសុខភាព និងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃ បានផ្ដល់ដំបូន្មានថា ប្រជាពលរដ្ឋខ្មែរគួរតែបង្កើនការដាំដំណាំគួបផ្សំបន្តិចបន្តួច នៅជុំវិញគេហដ្ឋាន ចាំថ្ងៃ។ លោកវេជ្ជបណ្ឌិតថា ការចិញ្ចឹមសត្វដូចជា មាន់ ទា និងជ្រូក ក៏អាចកាត់បន្ថយបញ្ហាផលប៉ះពាល់ដល់សុខភាពបានច្រើន និងកាត់បន្ថយការចំណាយទៅលើម្ហូបអាហារទាំងនោះផងដែរ៖ «សព្វថ្ងៃការចិញ្ចឹមសត្វប្រើជាតិគីមីច្រើនឬថ្នាំផ្សះ ដើម្បីកុំឱ្យសត្វទាំងនោះឈឺស្លាប់ និងឱ្យសាច់ធំធាត់ លក់បានឆាប់។ ដូចនេះប៉ះពាល់ដល់សុខភាព ហើយបើមានលទ្ធភាពគឺដាំខ្លួនឯង ចិញ្ចឹមខ្លួនឯង ម្ហូបអាហារគ្មានជាតិ គីមី គឺវាថ្លៃ។ ដូចនេះ ដើម្បីការពារគឺជម្រើសរបស់យើង បើសិនយើងទិញវាថោកមែន ប៉ុន្តែមកដល់ផ្ទះ លាងទឹកឱ្យស្អាត លាងឱ្យច្រើនដង កុំបរិភោគឆៅ បើអាចជៀសវាងបាន កុំទិញវាទៅ»។
ទោះបីជាសមត្ថកិច្ចនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមខេត្តក្រុងទូទាំងប្រទេសកម្ពុជា ចុះត្រួតពិនិត្យជាប្រចាំ នៅតាមផ្សារ និងចុះអប់រំ ដល់អ្នកប្រើប្រាស់ឱ្យយល់ដឹងពីផលប៉ះពាល់នៃការប្រើសារធាតុគីមីក៏ដោយ ក៏មានអាជីវករខ្លះ បន្តលក់ដូរ អាហារខូចគុណភាព និងដាក់ជាតិគីមី ហាមឃាត់ជាដដែល។
លោក វេជ្ជបណ្ឌិត តាន់ សុង មានប្រសាសន៍ប្រាប់អាស៊ីសេរី ពីរដ្ឋកាលីហ្វរនីញ៉ា (California) ថា អាហារដែលសម្បូរណ៍ដោយសារធាតុគីមី គឺវាអាចធ្វើឱ្យអ្នកបរិភោគកើតជំងឺរាប់មិនអស់ តាំងពីមហារីក ជំងឺខូចថ្លើម ដំបៅក្រពះ ធ្លាយពោះវៀន និងរាគរូសទៀតផង ហើយពេលខ្លះអាចបណ្ដាលឱ្យស្លាប់ភ្លាមៗក៏មាន៖ «វាមានបច្ច័យអាក្រក់ទៅថ្ងៃក្រោយ ជួនកាលធ្វើឱ្យពុល ទៅអនាគតបណ្ដាលឱ្យមានជំងឺមហារីក និងជំងឺផ្សេងៗទៀត ជាពិសេស ជំងឺបេះដូង សើស្បែក ឬសរសៃប្រសាទ។ ដូច្នេះគួរជៀសវាងការប្រើជាតិគីមីល្អជាង នៅស្រុកគេជឿនលឿន គេចង់បរិភោគរបស់ណាដែលធម្មជាតិ (Organic) ហើយឥឡូវនេះ នៅស្រុកខ្មែរក៏មានច្រើនដែរ ប៉ុន្តែគ្រាន់តែថ្លៃជាង»។
ប្រការដែលបន្លែផ្លែឈើសរីរាង្គមានតម្លៃខ្ពស់នេះហើយ គឺជាហេតុធ្វើឱ្យប្រជាពលរដ្ឋក្រីក្រ មិនអាចមានលទ្ធភាពទិញសម្រាប់យកមកបរិភោគបានឡើយ បើទោះបីជាដឹងថា ចំណីអាហារទាំងនោះ មានជាតិគីមី នាំឱ្យប៉ះពាល់ខ្លាំងដល់សុខភាពក៏ដោយ។ ការប្រើសារធាតុគីមីខុសវិធីដោយយកមកលាយផ្សំក្នុងចំណីអាហារនោះ រួមមាន អ្នកលក់ខ្លះប្រើទឹកបន្សារ ដាក់ប្រហិតឱ្យស្វិតឆ្ងាញ់ ខ្លះប្រើម្សៅសដាក់ប្រហុក ដាក់សណ្ដែកបណ្ដុះ ឬស្លឹកគ្រៃ ឱ្យវាសស្អាត ហើយខ្លះទៀត ប្រើលក្ខលាបមាន់អាំង ធ្វើឱ្យមានពណ៌សម្បុរស្រស់ គួរឱ្យចង់ទិញបរិភោគ ជាដើម។
ទាក់ទងបញ្ហានេះ អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ ធ្លាប់បានប្រាប់អាស៊ីសេរីថា ទាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនយកចិត្តទុកដាក់ ចុះត្រួតពិនិត្យឱ្យបានញឹកញាប់ នូវផលិតផលនាំចូលពីប្រទេសជិតខាង ដូចជាបន្លែផ្លែឈើ សាច់ ជីកសិកម្ម ថ្នាំគីមីគ្រប់មុខ ជាដើម។ បន្ថែមពីនេះ លោកថា សមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដូចជាបង់ផាកពិន័យធ្ងន់ធ្ងរ និងដាក់ទោសទណ្ឌ ដើម្បីជាការព្រមាន ឱ្យបញ្ឈប់ការផលិតទំនិញប្រើជាតិគីមី និងការដាក់លក់ ចំណីអាហារខូចគុណភាព ឬហួសកាលកំណត់៕