ការស្រាវជ្រាវ​ចុង​ក្រោយ​បង្ហាញ​ថា អត្រា​ឆ្លង​នៃ​ជំងឺ​កូវីដ១៩ មាន​កម្រិត​ទាប​នៅ​តំបន់​សីតុណ្ហភាព​ក្ដៅ

ដោយ ម៉ៅ សុធានី
2020-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​​វីរុស កូរ៉ូណា (Coonavirus)
មេរោគ​​វីរុស កូរ៉ូណា (Coonavirus)
Photo: RFA

ការសិក្សា​ស្រាវជ្រាវ​ចុង​ក្រោយ​នេះ បង្ហាញ​ថា ប្រទេស​ទាំងឡាយ​ណា ដែល​មាន​ធាតុអាកាស​ក្តៅ​និង​សើម អត្រា​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ (Covid-19) មាន​កម្រិត​ទាប​។ ក៏ប៉ុន្តែ​ចំពោះ​ប្រទេស​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់ និង​ស្ងួត​វិញ គឺ​មាន​កម្រិត​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។

ទោះបីជា​ការស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​ថ្មីៗ​នេះ រក​ឃើញ​ថា អាកាសធាតុ​ក្តៅ​អាច​កាត់​បន្ថយ​អត្រា​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​ក៏ដោយ ក៏​មានន័យថា​មេរោគ​នេះ​វា​នៅតែ​ឆ្លង​ដដែល​។ អង្គការ​សុខភាព​ពិភពលោក (WHO) និង​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺឆ្លង​នៅ​សហរដ្ឋអាមេរិក (CDC) លើកឡើង​ស្របគ្នា​ថា នេះ​គឺជា​ការប្រញាប់​ប្រញាល់​ពេក​ណាស់ ក្នុង​ការ​សន្និដ្ឋាន​ថា ជំងឺ​កូវីដ​១៩ រាតត្បាត​ខ្លាំង​នៅ​តំបន់​ត្រជាក់​និង​ស្ងួត។

អ្នកវិទ្យាសាស្ត្រ​២​រូប មកពី​វិជ្ជា​ស្ថាន​បច្ចេកវិទ្យា​ម៉ាស្សាឈូសេត (The Massachusetts Institute of Technology-MIT) គឺ​លោក កាស៊ីម ប៊ូខារី (Qasim Bukhari) និង​អ្នកវិទ្យាសាស្ត្រ​ផ្នែក​បរិស្ថាន​លោក យូសិហ្វ ហ្យាមៀល (Yusuf Jameel) បាន​ចេញ​ផ្សាយ​លទ្ធផល​ស្រាវជ្រាវ​ថ្មីៗ​នេះ បង្ហាញ​ថា អត្រា​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស តំបន់​ត្រូពិក ដែល​មាន​អាកាសធាតុ​ក្ដៅ និង​សើម ដូចជា​នៅ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ ប្រទេស​កម្ពុជា និង​ប្រទេស​ជាច្រើន​ទៀត នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​មាន​អត្រា​ឆ្លង​កម្រិត​ទាប។

ការ​ស្រាវជ្រាវ​នេះ ក៏​បង្ហាញ​ផង​ដែរ តំបន់​ដែល​មាន​សីតុណ្ហភាព​ក្តៅ លើស​ពី​១៨ អង្សា​សេ ឡើង​ទៅ គឺ​អត្រា​អ្នក​ឆ្លង​មាន​ចំនួន​ប្រមាណ​ជាង ៦% នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ជា​សាកល​។ ចំណែក អត្រា​ឆ្លង​ជំងឺ​កូវីដ​១៩ (Covid-19) ប្រមាណ​៩០% គឺ​ភាគច្រើន​ស្ថិតនៅ​តំបន់​ដែល​មាន​សីតុណ្ហភាព​ត្រជាក់ ចន្លោះ​ពី​៣​អង្សាសេ ដល់​១០ អង្សា​សេ។

លោក កាស៊ីម ប៊ូខារី (Qasim Bukhari) ប្រាប់​កាសែត ញូវយ៉ក ថាមស៍ (New York Times) ថ្មីៗ​នេះ​ថា នៅ​ពេល​ដែល អាកាសធាតុ​ត្រជាក់ អត្រា​អ្នក​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ គឺ​មាន​ការ​កើន​ឡើង​ខ្លាំង សូម្បីតែ​នៅ​សហភាព​អឺរ៉ុប ដែល​មាន​សេវា​សុខាភិបាល​ជឿនលឿន​ក៏ដោយ ក៏​មិន​អាច​ទប់ស្កាត់​បាន​ឡើយ​។ របាយការណ៍​ស្រាវជ្រាវ​នេះ ក៏បាន​បង្ហាញ​ពី អត្រា​ឆ្លង​នៅ​សហរដ្ឋអាមេរិក ដូចជា​នៅ​ក្រុង​ញូវយ៉ក (New York) ដែល​មាន​អាកាសធាតុ​ត្រជាក់ ចន្លោះ​ពី​៣​អង្សា​សេ ដល់​១០​អង្សា​សេ នៅ​ក្នុង​អំឡុង​ខែ​កុម្ភៈ និង​មីនា គឺ​មាន​អត្រា​អ្នក​ឆ្លង ជំងឺ​កូវីដ​១៩ កម្រិត​ខ្ពស់​។ ហើយ​ប្រសិនបើ​ពិនិត្យមើល​ពី​លំនាំ​នៃ​ការ​ឆ្លង​នេះ នៅ​តំបន់​រដ្ឋ​ភាគ​ខាងត្បូង​ដែល​មាន​ធាតុអាកាស​ក្ដៅ​វិញ គឺ​អត្រា​ឆ្លង​ជំងឺ​កូវីដ​១៩ មាន​កម្រិត​ទាប។

របាយការណ៍​ក៏បាន​បង្ហាញ​ថា អត្រា​ឆ្លង​ខ្ពស់​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់​នេះ គឺ​មាន​លំនាំ (Pattern) ដូចជា​នៅ​ប្រទេស​អ៊ីតាលី (Italy) អេស្ប៉ាញ (Spain) បារាំង (France) និង​នៅ​តំបន់​ដែល​ផ្ទុះ​រីក​រាលដាល​ដំបូង​នៅ​ខេត្ត​ហ៊ូបេ (Hubei) និង​នៅ​ខេត្ត​ហ៊ូណន (Hunan) ប្រទេស​ចិន ក្នុង​អំឡុង​ពេល​ដែល​ឆ្លង​រាលដាល​ខ្លាំង​នោះ។

គ្រូពេទ្យ​ប្រចាំ គ្លីនិក​នៅ​ទីក្រុង លីន (Lynn) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) លោក​គ្រូពេទ្យ ឆាន់ ទូច ពន្យល់​ប្រាប់​អាស៊ីសេរី ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​មេរោគ​វី​រូស​ឆ្លង​ខ្ពស់​នៅ​ពេល​​សីតុណ្ហភាព​ត្រជាក់ ដោយ​លោក​បញ្ជាក់​ថា ទាំង​អង្គការ​សុខភាព​ពិភពលោក ទាំង​មជ្ឈមណ្ឌល​ប្រឆាំងនឹង​ជំងឺឆ្លង​នៅ​សហរដ្ឋអាមេរិក (CDC) មិន​ទាន់​យល់ស្រប​ចំពោះ​ការ​រក​ឃើញ​នេះ​នៅ​ឡើយ៖ «គេ​សួរថា ហេតុអ្វី​? ទី​១ ព្រោះ​សីតុណ្ហភាព​ត្រជាក់​សំណើម​វា​ខ្សោយ​។ កាលណា​សំណើម​ខ្សោយ គឺ​តំណក់​ទឹកមាត់​ហ្នឹង​គឹ​វា​អណ្ដែត​លើ​លំហ​អាកាស ហើយ​មេរោគ​ហ្នឹង​វា​ស្ថិតនៅ​យូរ ដូច្នេះ​ដកដង្ហើម​អាច​មេរោគ​ហ្នឹង​ចូល​បាន​។ ប៉ុន្តែ​នៅ​ខែ​ក្តៅ សំណើម​វា​ច្រើន តំណក់​ទឹកមាត់​មាន​មេរោគ​ហ្នឹង​វា​ធ្ងន់ មិន​អាច​ហើរ​លើ​អាកាស​បាន​យូរ មូលហេតុ​ហ្នឹងហើយ ទើប​អាច​កាត់បន្ថយ​បាន​។ ប៉ុន្តែ​ទាំង WHO និង CDC​ហ្នឹង ចេញ​មក​បញ្ជាក់ ថា ខែ​ក្តៅ គឺជា​ការ​បញ្ចប់​កូវីដ​១៩ គឺ​អត់​មាន​ទេ»

បន្ថែម​ពី​ការ​រក​ឃើញ​របស់​អ្នកវិទ្យាសាស្ត្រ​២​រូប នៅ​សហរដ្ឋអាមេរិក​នេះ នៅ​ប្រទេស​ចិន​ឯណោះ​វិញ អ្នកស្រាវជ្រាវ​ចិន ២​រូប​ពី​សកលវិទ្យាល័យ ប៊ីហាង (Beihang University) និង ថិនហួរ (Tsinghua University) ក៏បាន​រក​ឃើញ​ដូចគ្នា​ដែរ​ថា ក្នុងអំឡុងពេល​ធាតុអាកាស​ត្រជាក់ ជំងឺ​កូវីដ​១៩ មានការ​រាតត្បាត​ខ្លាំង នៅ​តំបន់​ខាងជើង​ប្រទេស ជាង​នៅ​តំបន់​ខេត្ត​ភាគ​ខាងត្បូង​។ ចំណែក​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​អេស្ប៉ាញ និង​ហ្វាំងឡង់ វិញ ក៏​បាន​រក​ឃើញ​ដួច​គ្នា​នេះ​ដែរ អំពី​ការ​រីក​រាលដាល​ជំងឺ​នេះ នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់ ពី​សូន្យ​អង្សា​សេ ដល់ ១០ អង្សាសេ។

ទោះជា​ក្នុង​ហេតុផល​ណា​ក៏​ដោយ ក្រុម​អ្នកស្រាវជ្រាវ​ទាំងនោះ បញ្ជាក់​ថា មាន​កត្តា​ជាច្រើន​ទៀត ដែល​អាច​កាត់បន្ថយ​ការ​រាលដាល​ជំងឺ​កូវីដ​១៩ នោះ រួមមាន រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ការ​ដាក់​ឱ្យ​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា យ៉ាងតិច​២​ម៉ែត្រ បង្កើន​ការ​ធ្វើតេស្ត​រក​មេរោគ និង​មាន​ធនធានមនុស្ស ព្រមទាំង​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់ ជាដើម។

គិត​ត្រឹម​ថ្ងៃ​ទី១៥ ខែ​មេសា​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ បាន​កើន​ដល់​ទៅ​ជាង ២​លាន (,០៤៩,៩០៩)​នាក់ ក្នុង​នោះ​មាន​ចំនួន​អ្នក​ស្លាប់​ជាង ១៣​ម៉ឺន​នាក់ (១៣២,៨៤០) នៅ​ទូទាំង​ពិភពលោក​។ នៅ​សហរដ្ឋអាមេរិក​នេះ​វិញ ចំនួន​អ្នក​ស្លាប់​គឺ​មាន​ជិត ២​ម៉ឺន ៨​ពាន់​នាក់ (២៧,៥៤៩) ក្នុងចំណោម​អ្នក​ឆ្លង​សរុប ជាង​៦​សែន​នាក់ (៦២២,៤១២)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល