សារសំខាន់​នៃ​ការ​ថែទាំ​ប្រព័ន្ធ​រំលាយ​អាហារ

ដោយ ម៉ៅ សុធានី
2020-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាហារ​ថ្ងៃ​ត្រង់។ រូបថត​ឆ្នាំ​២០១៥
អាហារ​ថ្ងៃ​ត្រង់។ រូបថត​ឆ្នាំ​២០១៥
RFA

វេជ្ជបណ្ឌិត​ជំនាញ​លើក​ឡើង​ថា ការ​បរិភោគ​អាហារ​ទៀងទាត់ ៣ពេល​ក្នុង​មួយ​ថ្ងៃ និង​ការ​ជ្រើស​រើស​ប្រភេទ​អាហារ​ត្រឹម​ត្រូវ សម្រាប់​ទទួល​ទាន​ប្រចាំ​ថ្ងៃ នឹង​ជួយ​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូច​ជា​ កាត់​បន្ថយ​ជំងឺ​ក្រពះ និង​ពោះវៀន​ជា​ដើម។

វេជ្ជបណ្ឌិត​ជំនាញ ឱ្យ​ដឹង​ថា ផល​ប៉ះ​ពាល់​ដល់​សុខភាព បណ្ដាល​មក​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ រួមមាន ហើមពោះ ចុក​ឆ្អល់​ពោះ ញ័រ​ទ្រូង ពិបាក​ដក​ដង្ហើម ច្រាល​ជាតិ​អាស៊ីដ រាករូស និង​ទល់​លាមក​ជា​ដើម។

លោក​វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ ម្ចាស់​គ្លីនីក នៅ​ទីក្រុង​លីន (Lynn) នៅ​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) មាន​ប្រសាសន៍ថា​ ការ​ពិនិត្យ​មើល​ពី​គុណភាព​អាហារ ដែល​ទទួលទាន​រាល់​ថ្ងៃ និង​ការ​ថែទាំ​ប្រព័ន្ធ​រំលាយ​អាហារ នឹង​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ជំងឺ​ក្រពះ​ ពោះវៀន និង សរីរាង្គ​ផ្សេងៗ ទៀត។ លោក​ថា មាន​អាហារ​ខ្លះ ដូច​ជា​សាច់​ឆៅ អាហារ​ផ្អាប់​ទុក​យូរ ឬ​ប្រភេទ​បន្លែ និង​ផ្លែ​ឈើ​ខ្លះ គឺ​ក្រោយ​ពេល​ទទួលទាន​រួច​ហើយ នាំ​ឲ្យ​មាន​ប្រតិកម្ម​ដល់​ប្រព័ន្ធ​រាងកាយ៖ «គាត់​ឧស្សាហ៍​មាន​បញ្ហា​ឈឺ​ក្រពះ ឈឺ​ក្រពះ មាន​ច្រើន​យ៉ាង។ អ្នក​ខ្លះ​ដូច​ជា ញ័រ​ទ្រូង អ្នក​ខ្លះ​ភើ​ច្រើន ភាគ​ច្រើន​មាន​បញ្ហា​រំលាយ​អាហារ វា​មិន​ធ្វើ​ទុក្ខ និង​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ទេ តែ​វា​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ខ្លួន ឧទាហរណ៍​អ្នកមាន Heartburn ដូច​ជា អ្នក​មាន​ជាតិ​អាស៊ីដ​ច្រើន នៅ​ក្នុង​ក្រពះ នាំ​ឲ្យ​ចេះ​តែ​ច្រាល​ឡើង​លើ នាំ​ឱ្យ​ពិបាក​ដក​ដង្ហើម ហើយ​ខ្លះ​ទៀត វា​នាំ​ឲ្យ​យើង​ទៅ​ជា​ក្អក»

 

តើ​អ្វី​ទៅ​ជា​ប្រព័ន្ធ​រំលាយ​អាហារ?

គេហទំព័រ​សុខភាព​នៅ​សហរដ្ឋ​អាមេរិក WebMD បង្ហាញ​ថា ប្រព័ន្ធ​រំលាយ​អាហារ (Digestive system) គឺ​ជា​ដំណើរ​ការ​ស្មុគស្មាញ​មួយ ដើម្បី​បំប្លែង​ម្ហូប​អាហារ​ដែល​យើង​បរិភោគ ទៅ​ជា​ឋាមពល ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ ដើម្បី​រស់រាន​មាន​ជីវិត។ ប្រព័ន្ធ​រំលាយ​អាហារ​នេះ ក៏​មាន​ការ​ចូលរួម​ចំណែក​ពី​សរីរាង្គ​ខាង​ក្នុង​ជា​ច្រើន ដែល​មាន​តួនាទី​ខុសៗ គ្នា ដើម្បី​ស្រូប​យក​ជីវជាតិ និង​ភាព​ចាំបាច់​នានា យក​ទៅ​ចិញ្ចឹម​រាងកាយ និង​បំប្លែង​ទៅ​ជា​កាក​សំណល់ សម្រាប់​ការ​បញ្ចេញ​មក​ខាង​ក្រៅ​ផង​ដែរ។

បំពង់​រំលាយ​អាហារ (Digestion Track) ផ្ដើម​ចេញ​ពី​ដំបូង គឺ​មាត់​ទំពា​អាហារ ដែល​បញ្ចេញ​ក្រពេញ​ទឹក​មាត់ (Salivary Gland) រួច​លេប​ចុះ​តាម​បំពង់​អាហារ (Esophagus) ទៅ​ដល់​ក្រពះ។ ក្រពះ (Stomach) ជា​ថង់​មួយ​មាន​ជញ្ជាំង​សាច់ដុំ​ខ្លាំង ជា​កន្លែង​បញ្ចេញ​ជាតិ​អាស៊ីដ និង​ជា​កន្លែង សម្រាប់​កិន​រំលាយ​អាហារ។ សរីរាង្គ​ជា​ច្រើន​ទៀត ដូច​ជា ថ្លើម (Liver) លំពែង (Pancreas) ពោះវៀន​តូច និង​ធំ មាន​តួនាទី​ផ្សេងៗ គ្នា ដើម្បី​បំប្លែង​ជីវជាតិ​អាហារ​ទាំង​នោះ ទៅជាជាតិស្ករ​ ជាតិ​ដែក វីតាមីន ជាតិ​ទឹក និង​ជា​កាក​សំណល់​ជា​ដើម។

គេហទំព័រ WebMD ដដែល​បន្ត​ថា នៅ​ពេល​ពោះវៀន​មាន​សុខភាព​ល្អ គឺ​ជាលិកា​ស្រទាប់​ខាង​ក្នុង​ពោះវៀន​មាន​កម្លាំង​ខ្លាំង និង​មាន​បាក់តេរី​ល្អ​សម្រាប់​ទ្រទ្រង់​សុខភាព។ អ្នក​ដែល​មាន​ពោះវៀន​ល្អ និង ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ គឺ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ ក្នុង​ពេល​កើត​ជំងឺ និង​មិន​អាច​កើត​ជំងឺ​រលាក​ពោះវៀន និង​ជំងឺ​គ្រុន​ពោះវៀន​នោះ​ទេ។

លោក វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ​ មាន​ប្រសាសន៍​ថា នៅ​ពេល​បរិភោគ​អ្វី​មួយ​មិន​ថា បន្លែ​ផ្លែ​ឈើ ឬ​សាច់​ឆៅ​ជា​ដើម គឺ​ត្រូវ​កត់​សំគាល់​ខ្លួន​ឯង​ថា តើ​អាហារ​ដែល​បរិភោគ​នោះ នាំ​ឲ្យ​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​ឬ​ទេ? ប្រសិន​បើ​កត់​សំគាល់​ឃើញ​មាន​អ្វី​ប្លែក ដូច​ជា បរិភោគ​ទៅ ធ្វើ​ឲ្យ​មាន​បញ្ហា​រាករូស ឬ​ក្អួត​ចង្អោរ ត្រូវ​បញ្ឈប់​ការ​ទទួលទាន​នោះ៖ «គេ​ណែនាំ​ថា ពេល​ញ៉ាំ​ម្ហូប​អាហារ ត្រូវ​ពិនិត្យ​មើល តើ​ម្ហូប​អាហារ​នោះ​វា​ធ្វើ​ទុក្ខ ឬ​នាំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​យើង គឺ​យើង​ត្រូវ​ផ្លាស់​ប្ដូរ ឧទាហរណ៍ យើង​ញ៉ាំ​របស់​ឆៅ ឬ​បន្លែ​ណា​មួយ។ កុំ​ញ៉ាំ​ញាប់​ពេក ទំពា​ឲ្យ​ម៉ត់​ត្រឹម​ត្រូវ​មុន​លេប។ បើ​សិន​ជា​ជក់​បារី ត្រូវ​កាត់​បន្ថយ។ បើ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ច្រើន​អាច​ពិបាក​ឲ្យ​ក្រពះ​ពិបាក​កិន​អាហារ។ ហើយ បើ​អ្នក​មាន​អាស៊ីដ​ច្រើន គេ​ឲ្យ​ញ៉ាំ​ថ្នាំ ដើម្បី​ជួយ​កុំ​ឲ្យ​ធ្វើ​ទុក្ខ​ក្រពះ»

លោក​វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រសិន​បើ​លោក​អ្នក​តែង​ជួប​បញ្ហា​ហើម​ពោះ ចុក​ឆ្អល់ ច្រាល​ទឹក​អាស៊ីដ ថប់​ដង្ហើម និង រាករូស​ញឹក​ញាប់​នេះ គឺ​ជា​តម្រុយ​នៃ​រោគ​សញ្ញា​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ប្រសិន​បើ​រោគ​សញ្ញា​នោះ នៅ​តែ​បន្ត​កើត​មាន គឺ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ថ្នាំ​ព្យាបាល និង​ការ​ណែនាំ​ពី​ប្រភេទ​អាហារ​ទទួល​ទាន និង​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ។

តើ​លោក​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ ដើម្បី​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ?

គេហទំព័រ​សុខភាព​ប្រចាំ​ថ្ងៃ (Everydayhealth.com) ឲ្យ​ដឹង​ថា វិធីសាស្ត្រ​មួយ​ចំនួន ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ឲ្យ​ក្រពះ ពោះវៀន ល្អ​ប្រសើរ​ឡើង រួមមាន៖​ បរិភោគ ទឹក​បាន​គ្រប់គ្រាន់ យ៉ាងហោចណាស់ ៨ កែវ​ក្នុង​មួយ​ថ្ងៃ ប្រសិន​បើ​មិន​ទទួល​ទាន​ទឹក​គ្រប់គ្រាន់​ទេ នោះ​នឹង​នាំ​ឲ្យ​ទល់​លាមក (Constipation)។ ទទួល​ទាន​អាហារ រួមមាន​បន្លែ​ផ្លែ​ឈើ ដែល​មាន​ជាតិ​សរសៃ​ច្រើន (Fibers) ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក​ក្រពះ ការ​ចាល់​ទឹក​អាស៊ីដ (Acid influx) និង​ជំងឺ​ឫសដូង​បាត (hemorrhoids)។ ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ អូមេហ្គា៣ ច្រើន ដូច​ជា នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ និង​ត្រី​សាលម៉ុង ជាដើម គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្រពះ ពោះវៀន ប៉ុន្តែ​កាត់​បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។ កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​កំប៉ុង ឬ​ផ្អាប់​ទុក​យូរ ព្រម​ទាំង​ចៀសវាង អាហារ​ដែល​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម។ បន្ថែម​ពី​នេះ គឺ​ឈប់​ជក់បារី កាត់​បន្ថយ​ការ​ញ៉ាំ​សុរា និង​កាហ្វេ​ច្រើន​ហួស​ហេតុ។

សំខាន់​បំផុត​គឺ កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត (Stress) និង​គេង​ឱ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​វិធី​ទាំង​នេះ គឺ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ បរិភោគ​អាហារ ឱ្យ​បាន​ទៀងទាត់ និង​មាន​តុល្យភាព គឺ​កុំ​ឲ្យ​បរិភោគ​ច្រើន​ហួស​ហេតុ​ពេក រហូត​ដល់​ហល់ ឬ​ក៏​តម​អាហារ​មិន​បរិភោគ​សោះ ដោយសារ​ខ្លាច​ធាត់ ឬ​ជាប់​រវល់​ភ្លេច​ទទួល​ទាន។ គេហទំព័រ​ដដែល ក៏​ផ្ដល់​ដំបូន្មាន​ដែរ​ថា ក្រោយ​បរិភោគ​រួច កុំ​គេង​សម្រាក​ភ្លាម គួរ​ដើរ​ហាត់​ប្រាណ ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ។ ចំពោះ​អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​អាហារ ត្រូវ​យក​ចិត្ត​ទុក​ដាក់ ពិនិត្យ​មើល​ពី​គ្រឿង​ផ្សំ​របស់​វា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល