សារៈសំខាន់​នៃ​ការពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​សម្រាប់​បុរស

ដោយ ម៉ៅ សុធានី
2019-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារៈសំខាន់​នៃ​ការពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​សម្រាប់​បុរស
សារៈសំខាន់​នៃ​ការពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​សម្រាប់​បុរស
RFA

គ្រូពេទ្យ​ជំនាញ​សុខភាព​ឱ្យ​ដឹង​ថា បុរស​ត្រូវការ​ពិនិត្យ​សុខភាព​ទៀងទាត់​ប្រចាំ​ឆ្នាំ ដូចជា​ស្ត្រី​ដែរ ដើម្បី​បង្ការ​ទប់ស្កាត់​ជាមុន និង​ព្យាបាល​ទាន់​ពេល​វេលា​នូវ​ប្រភេទ​ជំងឺ​ផ្សេងៗ​។ អ្នក​ជំនាញ​បន្ថែម​ទៀត​ថា បុរស​ភាគច្រើន​មិន​ចូលចិត្ត​ទៅ​ពិនិត្យ​សុខភាព​ទេ ដោយ​យល់ឃើញ​ថា មិន​ចាំបាច់ និង​គិត​ថា ខ្លួន​គ្មាន​ជំងឺ​អ្វី​ណាមួយ​ទេ។ ក៏ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​អះអាង​ថា ជំងឺ​ជាច្រើន ពុំ​បង្ហាញ​រោគសញ្ញា​នោះ​ទេ តែ​នៅ​ពេល​ពិនិត្យ​ឃើញ ករណី​ខ្លះ​គឺ​យឺត​ពេល និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ព្យាបាល​ជំងឺ​ទាំងនោះ រហូត​ដល់​ពេលខ្លះ​ត្រូវ​បាត់បង់​ជីវិត​ក៏​មាន។

គេហទំព័រ​វេជ្ជសាស្ត្រ​ជាច្រើន ឱ្យ​ដឹង​ថា ការពិនិត្យ​សុខភាព​ទៀងទាត់​រៀងរាល់​ឆ្នាំ គឺ​អាស្រ័យ​ទៅតាម​អាយុ​របស់​បុរស។ ប៉ុន្តែ​ជាទូទៅ បុរស​ចាប់ពី​អាយុ ៤០​ឆ្នាំ ឡើង​ទៅ គួរតែ​ណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត​គ្រួសារ ដើម្បី​ជជែក និង​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ។ ការពិនិត្យ​រោគសញ្ញា​ទាំងនោះ រួមមាន ជាតិ​ស្ករ ជាតិ​ខ្លាញ់ ឬ​កូឡេស្តេរ៉ុល (Cholesterol) សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​កាមរោគ ជំងឺ​រលាក​ថ្លើម មហារីក​សួត ពោះវៀនធំ និង​មហារីក​ក្រពេញ​ប្រូស្តាត។ ចំណែក​បុរស​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើង​ទៅ អាច​មាន​បញ្ហា​បេះដូង និង​បញ្ហា​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដោយសារ​សម្ពាធ​ឈាម​ខ្ពស់ កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់ ការ​ធាត់​ឡើង​ទម្ងន់​ខ្លាំង និង​ក្រុម​គ្រួសារ​មាន​ប្រវត្តិ​ជំងឺ​គាំងបេះដូង​។ បន្ថែម​ពី​នេះ គ្រូពេទ្យ​ក៏​នឹង​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ រួមមាន​ជំងឺ​ផ្ដាសាយ​ធំ (Flu shot) ជំងឺ​រើម (Shingles) និង​ជំងឺ​រលាក​ទងសួត (Pneumonia) ជាដើម។

គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​ទូទៅ លោក​វេជ្ជបណ្ឌិត ឆាន់ ទូច មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី ពី​ទីក្រុង​ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) ថា គ្រូពេទ្យ​ក៏​នឹង​ពិនិត្យ​ជំងឺ​រលាក​ថ្លើម​ផង​ដែរ ដោយសារ​ពលរដ្ឋ​អាស៊ី​ភាគច្រើន ជាពិសេស​ខ្មែរ និង​វៀតណាម ច្រើន​កើត​ជំងឺ​រលាក​ថ្លើម ប្រភេទ​បេ និង​សេ ឬ​ភាសា​អង់គ្លេស​ហៅ Hepatitis B និង C ដែល​បណ្ដាល​ឱ្យ​កើត​មហារីក​ថ្លើម ប្រសិន​បើ​មិន​ព្យាបាល​ទាន់​ពេល​វេលា៖ «ក្នុង​មួយ​ឆ្នាំ​ម្ដង​ជាទូទៅ​ទាំង​បុរស​និង​ស្ត្រី ត្រូវ​ពិនិត្យ​សុខភាព ដើម្បី​ពិនិត្យមើល​ឈាម មើល​ខ្លាញ់ មើល​បេះដូង សម្ពាធ​ឈាម​។ ពិនិត្យ​ជំងឺ​រលាក​ថ្លើម ប្រភេទ អា បេ និង​សេ (Hepatitis A, B, C) ព្រោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​អា យើង​សម្បូណ៌​ណាស់។ ចំណែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ គ្រោះថ្នាក់​បំផុត គឺ​ខ្មែរ​យើង​និង​វៀតណាម​។ ជំងឺ​មហារីក​ថ្លើម​ដែល​បណ្ដាល​មកពី​រលាក​ថ្លើម​ប្រភេទ​បេ​នោះ គឺ​មាន​ច្រើន​បើ​ប្រៀបធៀប​ជនជាតិ​ផ្សេងទៀត​នៅ​សហរដ្ឋអាមេរិក​។ ដូចនេះ បើសិនជា​អត់​ដឹង គឺ​ត្រូវ​ពិនិត្យ​មើលជំងឺ​រលាក​ថ្លើម ជាពិសេស​ប្រភេទ​បេ​និង​សេ​...»

លោក​វេជ្ជបណ្ឌិត ឆាន់ ទូច លើកឡើង​ថា ក្រៅតែ​ពី​បូម​ឈាម​ពិនិត្យ​មើលជំងឺ​រលាក​ថ្លើម ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់ គ្រូពេទ្យ​ក៏​ស្នើ​ឱ្យ​ថត​ពិនិត្យមើល​សួត​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត សង្កត់ធ្ងន់​ថា ការ​រក្សា​អនាម័យ​ធ្មេញ មិន​ថា តែ​បុរស​និង​ស្ត្រី​នោះ​ទេ គឺ​វា​មាន​ប្រយោជន៍​សំខាន់​ណាស់​សម្រាប់​សុខភាព ទៅ​ថ្ងៃ​អនាគត៖ «ធម្មតា​ភ្នែក​គេ​ត្រូវ​មើល​រាល់​ឆ្នាំ​។ ប្រសិន​អ្នកមាន​ទឹកនោមផ្អែម​ហ្នឹង គួរ​ពិនិត្យ​រាល់​៦​ខែ​ម្តង ទី​១។ ហើយ​ទី​២ ធ្មេញ ជាទូទៅ​ត្រូវ​លាង​៦​ខែ​ម្តង នៅ​សហរដ្ឋអាមេរិក គេ​យល់​ថា បើ​ធ្មេញ​ខូច​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​ពេល​ចាស់​ទៅ។ ហើយ​សួត​ត្រូវ​ថត​មើល ប្រសិនបើ​យើង​ញ៉ាំ​បារី​ច្រើន អាយុ​៦០​ឆ្នាំ​ឡើង​ទៅ គឺ​យើង​ថត​មើល​ក្រែង​មាន​មហារីក​សួត និង​ធ្វើតេស្ត​មើល​របេង...»

គ្រូពេទ្យ​ជំនាញ​រូប​នេះ មាន​ប្រសាសន៍​បន្ត​ថា ខ្មែរ​យើង​ជាពិសេស​បុរស ហាក់​ពុំបាន​យកចិត្តទុកដាក់​ពិនិត្យមើល​សួត​នោះ​ឡើយ​។ ប៉ុន្តែ​លោក​ថា ដោយសារ​ពលរដ្ឋ​កម្ពុជា ធ្លាប់​បាន​ឆ្លងកាត់​និង​រស់នៅ​ក្នុង​បរិស្ថាន​ពោរពេញ​ទៅ​ដោយ​ចំហាយ​ផ្សែង រំសេវ​នៃ​គ្រាប់បែក កាលពី​ទសវត្ស​ឆ្នាំ​៧០ គួរតែ​ថត​ពិនិត្យ​សួត ដើម្បី​ស្វែងរក​វិធី​ព្យាបាល​ទាន់​ពេល​វេលា៖ «ធម្មតា​កាលណា​ថត​ស្កេន​មើល គឺ​គេ​ប្រើ​កាំរស្មី (Radiation) ច្រើន ប៉ុន្តែ​ប្រសិន​អ្នក​អត់​កើត​អ្វី​សោះ តែ​អ្នក​ដែល​ធ្លាប់​ញ៉ាំ​បារី​ច្រើន ឬ​ធ្វើការ​ក្នុង​បរិស្ថាន ដែល​មាន​ផ្សែង​ច្រើន គេ​ឱ្យ​ថត រក​រោគវិនិច្ឆ័យ​កម្រិត​ដូស​ទាប គឺ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​ទៅ​។ គិត​ទៅ​ខ្ញុំ​ធ្វើការ​ជាង ២០​ឆ្នាំ​មកនេះ ខ្ញុំ​ឃើញ​បញ្ហា​មួយ​ដែល​ខ្មែរ​យើង​ជាពិសេស​បុរស មិនបាន​គិតគូរ​នោះ គឺ​បញ្ហា​សួត​។ ទោះបីជា​យើង​អត់​ញ៉ាំ​បារី​ក៏ដោយ ប៉ុន្តែ​យើង​ស្ថិត​ក្នុង​បរិស្ថាន​នោះ ពោរពេញ​ដោយ​ផ្សែង...»

នៅ​សហរដ្ឋអាមេរិក​នេះ អត្រា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សួត មាន​ច្រើន​ជាង​គេ​បំផុត មិន​ថា​បុរស​ឬ​ស្ត្រី។ ហើយ​អត្រា​ស្លាប់​បន្ទាប់​ទី​២​នោះ គឺ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត (Prostate cancer) សម្រាប់​បុរស​។ លោក​វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ​បន្ត​ថា បុរស​អាយុ​លើស​ពី​៥០​ឆ្នាំ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​មហារីក​ពោះវៀនធំ និង​ក្រពេញ​ប្រូស្តាត៖ «ប្រុស​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ មួយទៀត​ដែល​ត្រូវ​ធ្វើ​ដែរ គឺ​មើល​ពោះវៀន (Colonoscopy) មិន​ថា តែ​បុរស​ទេ សូម្បីតែ​ស្ត្រី​ក៏​ត្រូវ​ធ្វើ​ដែរ​។ ធម្មតា​ប្រូស្តាត​របស់​បុរស​នោះ វា​នាំ​ឱ្យ​ពិបាក​បត់ជើងតូច ហើយ​នេះ អ្វី​ដែល​គេ​ខ្លាច​បំផុត ព្រោះ​ប្រូស្តាត​នេះ អាច​នាំ​ឱ្យ​កើត​ជំងឺ​មហារីក​បាន។ ដូចនេះ គេ​ពិនិត្យមើល​ពី​សុខភាព​ប្រូ​ស្តេត​នោះ អាហ្នឹង​សំខាន់​ណាស់...»

គេហទំព័រ​វេជ្ជសាស្ត្រ​ដដែល​បន្ត​ថា បុរស​ដែល​អាយុ​លើស​ពី​៦៥​ឆ្នាំ គួរ​ទៅ​ពិនិត្យ​ភ្នែក ក្រែង​កើត​ជំងឺ​ភ្នែក​ឡើង​បាយ (Cataracts) និង​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក (Glaucoma)។ ចំពោះ​ជំងឺ​ពុក​ឆ្អឹង​វិញ​ក៏​កើតមាន​ចំពោះ​បុរស​ដែរ ដូចនេះ បុរស​ត្រូវ​ទៅ​ថត​ពិនិត្យមើល​គុណភាព​ឆ្អឹង ឬ​ដង់ស៊ីតេ​ឆ្អឹង (Bone density) ក្រែង​កើត​ជំងឺ​ពុក​ឆ្អឹង (osteoporosis) ហើយ​ប្រសិនបើ​បុរស​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើង​ទៅ​នោះ មាន​ឆ្អឹង​បាក់។ សំខាន់​បំផុត​បុរស​ត្រូវ​ពិនិត្យ​ជំងឺ​មហារីក​ពងស្វាស (Testicular Cancer) ប្រសិនបើ​មាន​ដុំ​ពក និង​ឈឺ​ពងស្វាស ពីព្រោះ​មហារីក​មួយ​នេះ ច្រើន​កើតឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ​ដល់ ៣៥​ឆ្នាំ។

បន្ថែម​ពី​នេះ​មិន​ថា​តែ​បុរស ឬ​ស្ត្រី​ទេ កាលណា​វ័យ​កាន់តែ​ចាស់ គឺ​មាន​ការ​ភ្លេចភ្លាំង និង​សុខភាព​ទន់ខ្សោយ ឈឺ​ច្រើន។ អាស្រ័យ​ហេតុនេះ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្តល់​យោបល់ ឱ្យ​ហាត់ប្រាណ​ទៀងទាត់ ដូចជា​ដើរ ឬ​រត់​តិចៗ ឱ្យ​បាន​យ៉ាងតិច ៣០​នាទី​ក្នុង​មួយថ្ងៃ បរិភោគ​របប​អាហារ​ល្អ មាន​ជីវជាតិ​និង​ទ្រទ្រង់​សុខភាព និង​ទទួល​ទាន​ដំណេក​ឱ្យ​បាន​ចន្លោះ​ពី ៧​ម៉ោង ទៅ ៨​ម៉ោង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល