មេ​ដឹកនាំ​អាស៊ាន​ប្ដេជ្ញា​បង្កើន​កិច្ច​សហការ​ផ្សា​ភ្ជាប់​ផែនការ​មេ​តំបន់​អាស៊ាន​ឆ្នាំ​២០២៥​ជាមួយ​ចិន

ដោយ មាន ឫទ្ធិ
2019-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​អាស៊ាន-ចិន នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
កិច្ច​ប្រជុំ​អាស៊ាន-ចិន នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្រុម​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស ក្នុង​នោះ​រួម​ទាំង​មេដឹកនាំ​កម្ពុជា​ផង បាន​ចុះហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម ដើម្បី​បង្កើន​កិច្ច​សហការ​គ្នា​ផ្សា​ភ្ជាប់​ផែនការ​មេ​តំបន់​អាស៊ាន​ឆ្នាំ​២០២៥ ទៅ​នឹង​គម្រោង​មហិច្ឆតា​ប្រចាំ​សតវត្ស «​ខ្សែ​ក្រវាត់ និង​ផ្លូវ» របស់​មហា​យក្ស​ចិន​។ អ្នក​ជំនាញ​ចង់​ឃើញ​កម្ពុជា​យក​គំរូ​តាម​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​ចរចា​ឱ្យ​បាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាមួយ​ប្រទេស​ចិន ដើម្បី​បញ្ចៀស​ពី​ផល​ប៉ះពាល់​អវិជ្ជមាន។

ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​រវាង​ក្រុម​មេដឹកនាំ​អាស៊ាន ជាមួយ​មហា​យក្ស​ចិន​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​២២ ដែល​ជា​ផ្នែក​សំខាន់​មួយ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ទើបនឹង​បិទ​បញ្ចប់​ទៅ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០៥ វិច្ឆិកា​។ សេចក្តី​ថ្លែងការណ៍​រួម​អាស៊ាន​-​ចិន ស្ដីពី​ការ​បង្កើន​កិច្ចសហការ​ផែនការមេ​ស្ដីពី​ការ​តភ្ជាប់​តំបន់​អាស៊ាន (MPAC) ឆ្នាំ​២០២៥ ជាមួយ​នឹង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន​នេះ ត្រូវ​បាន​ក្រុម​មេដឹកនាំ​អាស៊ាន ព្រមទាំង​មេដឹកនាំ​ប្រទេស​កុម្មុយនិស្ត​ចិន អះអាង​ថា នឹង​ចូលរួម​ចំណែក​ឱ្យ​មាន​ការ​តភ្ជាប់​តំបន់​អាស៊ាន និង​ចិន ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ផ្នែក​សេដ្ឋកិច្ច ដោយមាន​ការ​បើកចំហ តម្លាភាព និង​ការ​រួមបញ្ចូល​ទាំងអស់​គ្នា។

ក្រុម​មេដឹកនាំ​អាស៊ាន ជំរុញ​ឱ្យ​ចិន​ចូលរួម​ផ្ដល់​ការ​គាំទ្រ​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍន៍ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន និង​លើកកម្ពស់​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​តភ្ជាប់​លើ​វិស័យ​ផ្លូវ​រថភ្លើង ផ្លូវថ្នល់​ល្បឿន​លឿន កំពង់ផែ ព្រលាន​យន្តហោះ ថាមពល​អគ្គិសនី និង​ការ​ទំនាក់ទំនង​ដើម្បី​កសាង​ឱ្យ​មាន​បរិយាកាស​ប្រសើរ​ឡើង​ដល់​វិស័យ​ធុរកិច្ច និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​ជានា​យក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​០៥ វិច្ឆិកា ថា ក្រុម​មេដឹកនាំ​អាស៊ាន​ស្ទើរ​តែ​ទាំងអស់ បាន​គាំទ្រ​ឱ្យ​មានការ​បង្កើន​កិច្ចសហការ​គ្នា​រវាង​ផែនការមេ ត​ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ និង​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន​នេះ៖ «ប្រទេស​មួយ​ចំនួន​គាំទ្រ​ទាំងអស់ ក៏ប៉ុន្តែ​ក៏​មាន​លក្ខណៈ​ប្រយ័ត្នប្រយែង ដូចជា​ប្រទេស​វៀតណាម​ប្រតិកម្ម​ខ្លាំង ព្រោះ​ខ្លាច​ឥទ្ធិពល​ចិន​ខ្លាំង​ពេក​។ ក្រៅពី​ហ្នឹង ដូច​អត់​មាន​ប្រយ័ត្ន​ប្រយែង​អី​ខ្លាំង​ប៉ុន្មាន​ទេ គឺ​ឱប​ក្រសោប​យក​ចិន​ទាំងអស់»

លោក​ថា មហា​យក្ស​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​តំបន់​អាស៊ាន ជាពិសេស​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។ លោក​បន្ត​ថា បើ​ទោះ​ជា​កន្លងមក​មាន​ការរិះគន់​ច្រើន​ទៅលើ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ក្រុម​មេដឹកនាំ​អាស៊ាន​នៅ​មិនទាន់​បង្កើត​នូវ​វេទិកា​ផ្លូវការ​ណាមួយ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​គ្នា ជុំវិញ​បញ្ហា​អវិជ្ជមាន​នានា​ដែល​ប្រទេស​ខ្លួន​កំពុង​ជួបប្រទះ​ដោយសារ​ការអនុវត្ត​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន​នៅឡើយ​ទេ៖ «យើង​មិន​ទាន់​មាន​វេទិកា​ណាមួយ​ដើម្បី​ពិភាក្សា ឬ​ផ្លាស់ប្ដូរ​បទពិសោធន៍​ហ្នឹង​ទេ​។ ក៏ប៉ុន្តែ ផ្នែក​ខាង​ស្រាវជ្រាវ Thinktanks អី​ហ្នុង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ច្រើន​ដែរ​។ ខាង​ចិន​ក៏​កែសម្រួល​ច្រើន​ដែរ ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​វិនិយោគ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​បើ​យើង​មើល​កិច្ចប្រជុំ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​កន្លង​ទៅ លោក ស៊ី ជីងពីង មាន​ការ​ធ្វើ​កំណែ​ទម្រង់​ច្រើន​ណាស់​... ព្រោះ​ចិន​ក៏​ខ្វាយខ្វល់​ពីមុខ​មាត់​របស់​ខ្លួន​ដែរ»

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក និង​ការទូត នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី៥ វិច្ឆិកា​ថា មេដឹកនាំ​អាស៊ាន​គ្រប់គ្នា ពិសេស​មេដឹកនាំ​ម៉ាឡេស៊ី មើលឃើញ​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ផ្ដល់​ផល​ប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ ដូច្នេះ​ហើយ លោក​ថា ការ​បង្កើន​កិច្ចសហការ​រវាង​ផែនការមេ​ត​ភ្ជាប់​តំបន់​អាស៊ាន​ឆ្នាំ​២០២៥ ជាមួយ​នឹង​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន អាច​មាន​ផល​អវិជ្ជមាន​ច្រើន ប្រសិនបើ​ពុំបាន​ពិចារណា​មុន​ឱ្យ​បាន​ដិតដល់។ លោក​ថា ផល​ប៉ះពាល់​ពី​ការអនុវត្ត​គម្រោង​របស់​មហា​យក្ស​ចិន​នេះ មក​លើ​បរិស្ថាន ប្រជាជន និង​អធិបតេយ្យ​របស់​ប្រទេស​ក្នុង​តំបន់ ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​ថា​ប្រទេស​ម្ចាស់ផ្ទះ​នីមួយៗ គឺជា​អ្នកទទួលខុសត្រូវ។

បណ្ឌិត អៀ សុផល សង្ឃឹម​ថា របប​ក្រុងភ្នំពេញ​នឹង​យក​គំរូ​តាម​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការចរចា​ឡើងវិញ​ឱ្យ​មាន​នូវ​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន ជាមួយ​មហា​យក្ស​ចិន ដើម្បី​អនុវត្ត​កិច្ចសន្យា​សាង​សង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស​នានា​ក្នុង​ប្រទេស​របស់​ខ្លួន​។ យ៉ាងណាក៏ដោយ លោក​ថា របប​ក្រុងភ្នំពេញ​នៅតែ​បន្ត​ឱ្យ​តម្លៃ​ដល់​ផលប្រយោជន៍​រយៈពេល​ខ្លី ដោយ​គិតគូរ​តែ​ពី​លុយ ជាជាង​ជ្រើស​រើស​យក​ផលប្រយោជន៍​រយៈពេល​យូរអង្វែង តួយ៉ាង​ដូចជា​ការអនុញ្ញាត​ឱ្យ​ចិន​បើក​អាជីវកម្ម​កាស៊ីណូ បន​ល្បែង​អនឡាញ ហាង​ម៉ាស្សា និង​ក្លឹប​ខារ៉ាអូខេ​ជាដើម។

ក្រុម​មេដឹកនាំ​អាស៊ាន​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ បាន​ដាក់​ចេញ​នូវ​ផែនការមេ​ស្ដីពី​ការ​តភ្ជាប់​តំបន់​អាស៊ាន ឆ្នាំ​២០២៥ ដោយ​ផ្តោត​លើ​វត្ថុបំណង​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៥ ក្នុង​នោះ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចិរភាព ការ​បង្កើត​ថ្មី​លើ​វិស័យ​ឌីជីថល វិស័យ​ដឹកជញ្ជូន ភាព​ប្រសើរ​ឡើង​នៃ​ក្របខ័ណ្ឌ​ច្បាប់ និង​បំឡាស់​ទី​ប្រជាជន​។ ដោយឡែក​ចំពោះ​មហា​យក្ស​ចិន​វិញ បាន​ដាក់​ចេញ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​ដែល​ជា​គម្រោងការ​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ខ្លួន កាលពី​ឆ្នាំ​២០១៣ ដើម្បី​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច ភូមិសាស្ត្រ​នយោបាយ និង​វប្បធម៌​របស់​ខ្លួន​ស្រប​ពេល​ដែល​ចិន​កំពុង​ឡើង​គ្រង​តំណែង​ជា​មហាអំណាច​មួយ​នៅ​លើ​ពិភពលោក​។ មហា​យក្ស​ចិន​បាន​ដាក់​ចេញ​គម្រោងការ​យុទ្ធសាស្ត្រ​នេះ​ឡើង ក្រោម​ហេតុផល​ថា ដើម្បី​ផ្សាភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ​ដើម្បី​សម្រួលការ​ផ្លាស់ប្ដូរ​ពាណិជ្ជ​កម្ម រវាង​ប្រទេស​ក្នុង​ទ្វីប អាស៊ី​ទៅកាន់​ទ្វីប​អាហ្វ្រិក និង​អឺរ៉ុប និង ទៅកាន់​តំបន់​ផ្សេង​ពី​នេះ​ក្នុង​ពិភពលោក ហើយ​បាន​ចំណាយ​លុយ​សរុប​មិន​តិច​ជាង ១០០ ពាន់​លាន​ដុល្លារ ឬ ១ ទ្រី​លាន​ដុល្លារ​អាមេរិក​ដើម្បី​អនុវត្ត​គម្រោងការ​នេះ។

ការសិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល ដើម្បី​សន្តិសុខ​អាមេរិកាំង​ថ្មី ឬ Center for a New American Security ដែល​ធ្វើការ​វាយតម្លៃ​លើ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ចេញផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០១៩​នេះ រក​ឃើញ​ថា គម្រោង​របស់​មហា​យក្ស​ចិន​នេះ ធ្វើ​ឱ្យ​ប្រទេស​ជា​ម្ចាស់ផ្ទះ បាត់បង់​ភាពជា​ម្ចាស់ មិន​មាន​ភាព​ច្បាស់​លាស់ ជាប់​ផុង​ក្នុង​អន្ទាក់​បំណុល កើន​ឡើង​អំពើពុករលួយ និង​តែងតែ​ត្រូវ​ចិន យក​ទៅ​គ្រប់គ្រង​ធ្វើជា​ទ្រព្យសកម្ម​របស់​ខ្លួន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល