តំណាងរាស្ត្រ​បក្ស​ប្រឆាំង​អូស្រ្តាលី លោក ជូលៀន ហ៊ីល គាំទ្រ​ការ​បង្កើត​ច្បាប់ ដាក់​ទណ្ឌកម្ម​មន្ត្រី​បរទេស ស្រដៀង​ច្បាប់ Global Magnitsky Act របស់​អាមេរិក

ដោយ មាន ឫទ្ធិ
2020-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជូលៀន ហ៊ីល (Julian Hill) សមាជិកសភា​អូស្ត្រាលី​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​សភា ​ថ្កោលទោស​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​ដាក់​ទណ្ឌកម្ម​គ្រួសារ ហ៊ុន។ រូប៖ ហ្វេសប៊ុក ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨
លោក ជូលៀន ហ៊ីល (Julian Hill) សមាជិកសភា​អូស្ត្រាលី​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​សភា ​ថ្កោលទោស​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​ដាក់​ទណ្ឌកម្ម​គ្រួសារ ហ៊ុន។ រូប៖ ហ្វេសប៊ុក ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨
រូប៖ ហ្វេសប៊ុក​លោក ជូលៀន ហ៊ីល (Julian Hill) ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨

តំណាងរាស្ត្រគណបក្ស​ប្រឆាំង​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ថា លោក​គាំទ្រ​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​បរទេស នៅ​ប្រទេស​អូស្ត្រាលី ដោយ​យក​លំនាំ​តាម​ច្បាប់ Global Magnitsky Act របស់​អាមេរិក។ លោក​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​អូស្ត្រាលី ពុំ​ចាំបាច់​ចាំ​ទាល់​តែ​មាន​ច្បាប់​ថ្មី​នេះ ទើប​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​សមាជិក​មួយ​ចំនួន​នៃ​របប​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​លោក​ថា សំណុំ​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បំផ្លាញ​ប្រជាធិបតេយ្យ​របស់​ពួក​គេ មាន​ភាព​រឹងមាំ អាច​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ពិចារណា​ដាក់​ទណ្ឌកម្ម​ពួក​គេ​បាន។ មន្ត្រី​នាំ​ពាក្យ បក្ស​កាន់​អំណាច ថា គណបក្ស ពុំ​ព្រួយ​បារម្ភ​ឡើយ ចំពោះ​ការ​ត្រៀម​បង្កើត ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អូស្ត្រាលី​នេះ។

លោក ជូលៀន ហ៊ីល ថា លោកគាំទ្រឲ្យមានការបង្កើតច្បាប់ដាក់ទណ្ឌកម្មជាក់លាក់ ស្រដៀង​គ្នា​នឹង​ច្បាប់​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក​ឈ្មោះ Global Magitsky Act ដែរ​​​​ ដើម្បីអនុវត្ត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ប្រឆាំងនឹងជន​បរទេសទាំងឡាយណា ដែល​បាន​រំលោភ​សិទ្ធិមនុស្ស ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។

ការ​លើក​ឡើង​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក កិច្ចការ​បរទេស ការពារ​ជាតិ និង​ពាណិជ្ជកម្ម នៃ​រដ្ឋសភា​អូស្ត្រាលី កំពុង​ពិចារណា​សិក្សា​ពី​លទ្ធភាព​តាក់តែង​ច្បាប់​នេះ ដោយ​ប្រមូល​យក​ធាតុ​ចូល​ពី​ស្ថាប័ន ពាក់ព័ន្ធ រួម​ទាំង​សង្គម​ស៊ីវិល​អន្តរជាតិ​ផង។ ទន្ទឹម​គ្នា​នោះ សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ក៏​កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម ស្នើ​ឲ្យ​ប្រទេស​អូស្ត្រាលី បង្កើត​ច្បាប់​នេះ​ឡើង​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ដាក់​ទណ្ឌកម្ម​ជាក់លាក់​ទៅ​លើ មន្ត្រី​ក្នុង​ជួរ​របប​លោក ហ៊ុន សែន។

លោក ជូលៀន ហ៊ីល ថា បើ​ទោះ​ជា​ច្បាប់​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ លោក​សង្ឃឹម​ខ្លាំង​ថា ច្បាប់​នេះ​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ ពីសំណាក់​គ្រប់​មជ្ឈដ្ឋាន​នៅ​អូស្ត្រាលី។ លោក​ថា ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​ច្បាប់​នេះ​ឡើង គឺ​អាស្រ័យ​ទៅ​លើ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី។ លោក​ពន្យល់​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ ធ្វើ​ឡើង មិន​មែន​សំដៅ​ទៅ​លើ​ប្រជាជន​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ ក៏ប៉ុន្តែ ច្បាប់​នេះ​នឹង​ត្រូវ​យក​មក​អនុវត្ត តែ​ចំពោះ​បុគ្គល​បរទេស​ជាក់លាក់​ទាំង​ឡាយ​ណា ដែល​បាន​ប្រព្រឹត្តិ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ឬ​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ទោះ​យ៉ាង​ណា លោក ជូលៀន ហ៊ីល សង្កត់​ធ្ងន់​ថា គ្មាន​ហេតុផល​ណា​មួយ ដែល​រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​រង់ចាំ​ទាល់​តែ​បង្កើត​ច្បាប់​ថ្មី​នេះ​រួច​ហើយ ទើប​ដាក់​ទណ្ឌកម្ម​មន្ត្រី​ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​លោក​ហៅ​ថា ជា «របប​ជើង​កាង» នោះ​ទេ។ លោក​ជឿ​ថា សំណុំ​រឿង​របស់​មន្ត្រី​ក្នុង​ជួរ​របប​លោក ហ៊ុន សែន ទាំង​នោះ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ គឺ​មាន​ភាព​គ្រប់​គ្រាន់ សម​ល្មម​សម្រាប់​ឲ្យ​ប្រទេស​អូស្ត្រាលី ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់លាក់ ជា​ការ​រឹតត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ហើយ។

ជុំវិញ​លទ្ធភាព​ដែល​ប្រទេស​អូស្ត្រាលី ត្រៀម​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​បរទេស​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា គណបក្ស​កាន់​អំណាច ពុំ​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ ព្រោះ​គណបក្ស​របស់​លោក ពុំ​ដែល​កាន់​ជើង​មន្ត្រី ខិលខូច​នោះ​ទេ។ លោក​ថា វា​ជា​សិទ្ធិ​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​បង្កើត​ច្បាប់​នេះ៖ «ចង់​ធ្វើ​ជា​សិទ្ធិ​របស់​គេ ក៏ប៉ុន្តែ ត្រង់​មាន​ប្រសិទ្ធភាព ឬ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត វា​អាស្រ័យ​ទៅ​លើ​ការ​ពិត​ជាក់​ស្តែង​ថា តើ​មាន​បុគ្គល​ណា​ធ្វើ​ខុស​ច្បាប់ ដែល​ត្រូវ​នឹង​ច្បាប់​ហ្នុង​ទេ។ បើ​សិន​ណា​ជា​អត់​មាន​អ្នក ប្រព្រឹត្តិ​ល្មើស​ច្បាប់ នោះ​ធ្វើ​ច្បាប់​ប៉ុន្មាន​ក៏​វា​មិន​មាន​បញ្ហា​អី​ដែរ។ យើង​ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ គឺ​យើង​យល់​ថា យើង​ជា​មនុស្ស​ត្រឹម​ត្រូវ វា​អត់​មាន​បញ្ហា​អី ដែល​ត្រូវ​យក ចិត្ត​ទុក​ដាក់​ទេ។ ត្រង់​ថា​ជាតិ​សាសន៍​អី​ធ្វើ​ច្បាប់ នោះ​ជា​រឿង​ផ្ទៃក្នុង​របស់​ជាតិ​សាសន៍​នោះ»

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក សុខ ឥសាន ដែល​ថា គណបក្ស​ពុំ​មាន​ការ​ព្រួយ​បារម្ភ​នេះ កន្លងមក បន្ទាប់​ពី​តំណាង​រាស្ត្រ​អាមេរិក​នាំ​គ្នា​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ឯកអគ្គរាជទូត​កម្ពុជា​នៅ​អាមេរិក បាន​ជះ​លុយ​មិន​តិច​ជាង ១លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ជួល​ក្រុមហ៊ុន​អាមេរិក ឲ្យ​ជួយ​បញ្ចុះ​បញ្ចូល កុំ​ឲ្យ​រដ្ឋសភា​អាមេរិក​អនុម័ត​ច្បាប់​ទាំង​នោះ។ លើស​ពី​នេះ​ទៀត ការណ៍​ដែល​លោក សុខ ឥសាន ថា មនុស្ស​របស់​បក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​ជា​មនុស្ស​ត្រឹម​ត្រូវ​នោះ ក៏​ត្រូវ​ប្រទេស​និយម​ប្រជាធិបតេយ្យ មិន​យល់​ស្រប​តាម​ដែរ។

ជាក់​ស្ដែង សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី និង​បុគ្គល​កម្ពុជា ៣រូប ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង ដោយ​ប្រើ​ច្បាប់ Global Magnitsky Act នេះ។ ក្នុង​នោះ​មាន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក គន់ គីម អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប្រពន្ធ និង​កូន​ពីរ​នាក់ និង​មេ​ឈ្មួញ​ជួញ​ដូរ​ឈើ​ល្បី​ឈ្មោះ គឺ​លោក ទ្រី ភាព និង​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ពួក​គេ។ រីឯ​គណៈកម្មការ​អឺរ៉ុប ឯ​ណោះ​វិញ ថ្មីៗនេះ ក៏​បាន​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​បរទេស ញញើត​មិន​ហ៊ាន​មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា។

រីឯ​នៅ​ប្រទេស​អូស្ត្រាលី ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC ធ្លាប់​លាត​ត្រដាង​ថា កូន​ប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ អគ្គនាយក​ពន្ធដារ លោក គង់ វិបុល កូន​ប្រុស​លោក ជា សុផារ៉ា គឺ​លោក ផារ៉ា មង្គល សុទ្ធតែ​មាន​លុយ​វាល់​លាន​ដុល្លារ ទិញ​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី។ ការ​ជះ​លុយ​ដ៏​សម្បើម​របស់​សែស្រឡាយ និង​បក្ខ​ពួក​នៃ​មន្ត្រី​ក្នុង​ជួរ​របប​លោក ហ៊ុន សែន នេះ ត្រូវ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ថា ជា​ការ​លាង​លុយ​កខ្វក់ ដែល​រដ្ឋាភិបាល​អូស្ត្រាលី មិន​គួរ​មើល​រំលង​នោះ​ឡើយ ហើយ​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​ពួក​គេ​តាម​រយៈ​ការ​បង្កើត​ច្បាប់​ថ្មី​នេះ។

តំណាង​រាស្ត្រ​អូស្ត្រាលី លោក ជូលៀន ហ៊ីល ថា របាយការណ៍​នានា អំពី​ការ​លាង​លុយ​កខ្វក់ ពី​សំណាក់​មន្ត្រី​ពួក​អ្នក​មាន​អំណាច​ខ្មែរ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី គឺ​ជា​រឿងរ៉ាវ​គួរ​ឲ្យ​បារម្ភ​បំផុត។ លោក​ថា កាល​ពី​ពេល​អតីតកាល លោក​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ អូស្ត្រាលី ចាត់វិធានការ និង​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ពង្រឹង​ច្បាប់​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​ទាំង​នេះ។ លោក ជូលៀន ហ៊ីល ក៏​មាន​ផែនការ​លើក​យក បញ្ហា​លាង​លុយ​កខ្វក់ របស់​មន្ត្រី​ខិលខូច​កម្ពុជា​ទាំង​នេះ មក​និយាយ​បន្ថែម​ទៀត នៅ​ក្នុង​រដ្ឋសភា​អូស្ត្រាលី នៅ​ពេល​ដែល​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ ត្រូវ​លើក​យក​មក​ជជែក​ដេញដោល​គ្នា ក្នុង​ពេល​អនាគត

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល