អ្នកជំនាញ​ ចង់ឃើញ​ប្រទេស​ក្នុងតំបន់​ទន្លេមេគង្គ ចុះសន្ធិសញ្ញា​ចែករំលែកទឹក​ជាមួយ​ចិន​ឲ្យបាន​ច្បាស់លាស់​

ដោយ៖ មាន ឫទ្ធិ
2020-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបត្លុក​នយោបាយ៖​ ការចែក​រំលែក​ទឹក​ទន្លេមេគង្គ​ក្រោម​ការគ្រប់គ្រង​នៃ​វារីអគ្គិសនី​របស់​មហាយក្ស​ចិន
រូបត្លុក​នយោបាយ៖​ ការចែក​រំលែក​ទឹក​ទន្លេមេគង្គ​ក្រោម​ការគ្រប់គ្រង​នៃ​វារីអគ្គិសនី​របស់​មហាយក្ស​ចិន
RFA

អ្នកជំនាញ​ផ្នែកអភិបាលកិច្ចទឹក​ ស្នើថា​ ប្រទេសនានា​ក្នុងតំបន់​ខ្សែទឹកខាងក្រោម​នៃ​ទន្លេមេគង្គ រួមមាន​ដូចជា​កម្ពុជា វៀតណាម ថៃ និងឡាវ ជាដើម​ គួរនាំគ្នា​ផ្តួចផ្តើម​គំនិត ធ្វើសន្ធិសញ្ញា​ស្តីពី​ការចែករំលែក​ការប្រើប្រាស់​ទឹក​នៅលើ​អាងទន្លេមេគង្គ​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​ប្រទេសចិន​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង និងទឹក ព្រមទាំង​បញ្ចៀស​ហានិភ័យ គ្រោះ​រីងស្ងួត និង​គ្រោះ​រាំងស្ងួត ឬ​ទឹកជំនន់​ជាដើម នៅតាម​ប្រទេស​ខ្សែទឹកខាងក្រោម។​ ការលើកឡើងនេះ​ កើតមាន​ឡើង ក្រោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​អាមេរិកាំង​មួយ​ រកឃើញថា​ ចិន​ទំនង​ជា​បាន​ ប្រើប្រាស់​ប្រព័ន្ធ​ទំនប់​វារីអគ្គិសនី​របស់ខ្លួន​ បិទ​ខ្ទប់ទឹក​ បណ្តាលឲ្យ​មាន​គ្រោះ​រីងស្ងួត និង​រាំងស្ងួត​នៅតាម​ ប្រទេស​ខ្សែទឹកខាងក្រោម​នៃ​ទន្លេមេគង្គ កាលពី​ឆ្នាំ២០១៩ កន្លងទៅ។​

អ្នកជំនាញ​ផ្នែកអភិបាលកិច្ចទឹក​ លោក ហែម ឧត្តម លើកឡើងថា​ ការចុះ​សន្ធិសញ្ញា​ ស្តីពី​ការចែករំលែក​ការប្រើប្រាស់​ទឹក ក្នុងចំណោម​បណ្តាប្រទេស​ជាប់​ទន្លេមេគង្គ គឺជា​រឿងសំខាន់​ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​អវិជ្ជមាន​នានា៖ «ជាក់ស្តែង​នៅតំបន់​ទន្លេមេគង្គ ឬកម្ពុជា​ យើង​មិនទាន់​ មើលឃើញ​ឲ្យបាន​ពេញលេញ​ពីសារៈសំខាន់​របស់​ទឹក​នៅឡើយ​ ជាពិសេស​គឺ​ទឹកសាប។​ ជាទូទៅ​ ប្រទេស​នៅក្នុង​តំបន់នេះ​ និយាយ​តែ​ពី​រឿង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និយាយ​ពីរឿង​កំណើន​សេដ្ឋកិច្ច តែ​ទឹក​ជា​របស់ free ពុំបាន​សិក្សា ឬមិនបាន​ទទួលស្គាល់​ ឲ្យ​បាន​ពេញលេញ​នូវ​ផលប៉ះពាល់​ជាអវិជ្ជមាន​របស់វា។​ នេះ​ជា​ក្តី​បារម្ភ​ ដូច្នេះ ខ្ញុំគិតថា Water Convention [ការចុះ​សន្ធិសញ្ជា​ស្តីពី​ការចែករំលែក​ការប្រើប្រាស់ទឹក] ជាការសំខាន់​មែនទែន។»​

លោក ហែម ឧត្តម បន្តថា កន្លងមក​ លោកសង្កេតឃើញថា​ បណ្តា​រដ្ឋាភិបាល​នៅតាម​ប្រទេស​ខ្សែទឹក​ខាងក្រោម ហាក់នៅ​មិនទាន់​បាន​ជជែក​ជាមួយ​ប្រទេសចិន​ អំពី​រឿង​ចែករំលែក​ទឹក​នេះ​ ឲ្យបាន​ស៊ីជម្រៅ​នៅឡើយទេ។​ លោកពន្យល់ថា​ នេះ​ទំនងជា​ដោយសារ​តែ​មន្ត្រី ឬ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​តាមខ្សែទឹក​ទន្លេមេគង្គ​ខាងក្រោម​ទាំងនោះ​ គិតតែ​ពីរឿង​ផលប្រយោជន៍​ និង​ភាពទាក់ទាញ​នៃ​គម្រោង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ប្រទេសចិន ផ្តល់ឲ្យ​ តាមរយៈ​គម្រោង​ខ្សែក្រវាត់ និងផ្លូវ​ Belt and Road Initiatives របស់ខ្លួន៖​ «ខ្ញុំគិតថា​ បុគ្គល​ក្នុង​រដ្ឋាភិបាល ហាក់ដូចជា​ពិបាក​គេចផុត​ពីការទាក់ទាញ​នេះណាស់។​ បើយើង​និយាយ​អំពីរដ្ឋ​ កម្រិតរដ្ឋាភិបាល​ ខ្ញុំមើល​អត់ឃើញថា​ មាន​ការជជែក​ ឲ្យ​បាន​មានអត្ថន័យ​អំពី​ផលប៉ះពាល់​នៃ​ទន្លេ ជាមួយ​ចិន​នៅឡើយទេ។​ ប៉ុន្តែ ដោយឡែក​បើ​នៅ​កម្រិត​សង្គមស៊ីវិល​ ឬ​មួយ​កម្រិត​ប្រជាពលរដ្ឋមូលដ្ឋាន​ យើងឃើញមាន​ច្រើន​ ទាំងនៅ​ថៃ នៅ​កម្ពុជា​យើង​ នៅ​វៀតណាម​ ក៏មានខ្លះ។​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​សង្កេតឃើញ។»​

ការលើកឡើង​យ៉ាងដូច្នេះ​ កើតមានឡើង​ក្រោយពី​ការសិក្សាថ្មីមួយ​ ធ្វើឡើង​ដោយ​ក្រុមហ៊ុនអាមេរិកាំង​ឈ្មោះ Eyes on Earth ដែលជា​ក្រុមហ៊ុន​ ស្រាវជ្រាវ និងពិគ្រោះយោបល់​អំពីការគ្រប់គ្រងទឹក​ ក្រោមការផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាលអាមេរិក រកឃើញថា​ ប្រទេសចិន​ទំនងជា​អាច​រឹតត្បិត​ ឬរាំងខ្ទប់​ទឹក​ពីខ្សែទឹកខាងលើ​នៃ​ទន្លេមេគង្គ តាមរយៈ​ទំនប់វារីអគ្គិសនី​របស់ខ្លួន។​ ការសិក្សានេះ​ធ្វើឡើង​ដោយ​ប្រមូលទិន្នន័យ​តាំងពី​ឆ្នាំ១៩៩២ ដល់​ឆ្នាំ២០១៩ ទទួលបាន​ពីផ្កាយរណប​ហៅថា​ Special Sensor Microwave Imager/Sounder (SSMI/S)  និងទិន្នន័យ​កម្ពស់​ទឹកទន្លេ​ប្រចាំថ្ងៃ​ប្រមូលបាន​ពី​តំបន់ ឈាងសែន (Chiang Saen) នៃ​ប្រទេសថៃ។​ ការសិក្សានេះ​ រកឃើញថា​ កាលពីឆ្នាំ២០១៩​ កន្លងទៅ​ ខណៈប្រទេសនានា​នៅ​ខ្សែទឹកខាងក្រោម​ទន្លេមេគង្គ បានទទួលរងគ្រោះ​រីងស្ងួត និង​រាំងស្ងួត​មិនធ្លាប់មាន​ពីមុនមក​ ផ្ទៃអាងទន្លេមេគង្គ​នៅខ្សែទឹក​ខាងលើ​របស់​ប្រទេសចិន ទទួលបាន​ការធ្លាក់ភ្លៀង​ និងការរលាយ​ទឹកកក​យ៉ាងច្រើន​ក្រាស់ក្រែល។ ការសិក្សា​ដដែលនេះ រកឃើញថា វារីអគ្គិសនី​នៅខ្សែទឹក​ខាងលើ​របស់​ប្រទេសចិន បាន​រាំងខ្ទប់​ទឹក​ស្ទើតែ​ទាំងស្រុង មិន​ឲ្យ​ហូរចូល​មកចាក់​បំពេញ​នៅតាម​ខ្សែទឹក​ខាងក្រោម នៃ​ទន្លេមេគង្គ​ឡើយ។

អាស៊ីសេរី មិនអាច​ទាក់ទង​លោក មាស សុភ័ក្រ មន្ត្រីផ្នែក​ទំនាក់ទំនង​នៃ​គណៈកម្មាការ​ទន្លេមេគង្គ Mekong River Commission ដែលមាន​មូលដ្ឋា​នៅទីក្រុង​វៀងចន្ទ ប្រទេសឡាវ​ បាន​នៅឡើយទេ​ ដើម្បី​សុំប្រតិកម្ម​ជុំវិញ​ របក​គំហើញ​ចុងក្រោយ​នេះ និង​ថាតើ​គណៈកម្មាការ​ទន្លេមេគង្គ នឹង​ចាត់វិធានការ​ ចំពោះ​បញ្ហា​ដែលថា​ ចិន​រាំងខ្ទប់ទឹក​ដោយចេតនា​តាមរយៈ​ទំនប់វារីអគ្គិសនី​របស់ខ្លួន មិនឲ្យ​ហូរចូល​មក​ខ្សែទឹកខាងក្រោម​នៃ​ទន្លេមេគង្គនេះ​ ហើយជា​លទ្ធផល បានបណ្តាល​ឲ្យមាន​គ្រោះ​រីងស្ងួត និងរាំងស្ងួត​ខ្លាំង​នៅតាម​បណ្តាប្រទេស​ខ្សែទឹកខាងក្រោម​ ដូចជា​នៅ​កម្ពុជា និងវៀតណាម​ ជាដើម។​

ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ​ (Reuters) របស់​អង់គ្លេស បានស្រង់​ខ្លឹមសារ​ឆ្លើយតប​របស់​ក្រសួងការបរទេស​ចិន ដែល​បដិសេធ​ចំពោះ​ការរកឃើញនេះ។​ ដោយ​ហៅ​ទន្លេមេគង្គ​ជា​ភាសាចិន​ ថា​ជា​ទន្លេឡានឆាង (Lancang River) ក្រសួងការបរទេស​ចិន​ ប្រតិកម្មថា​ ការពន្យល់​ដែលថា​ វារីអគ្គិសនី​របស់ចិន​ដែលបាន​សាងសង់​នៅលើ​ទន្លេឡានឆាង​ កំពុងតែ​ធ្វើឲ្យ​ប្រទេសនានា​នៅ​ខ្សែទឹកខាងក្រោម ទទួលរង​នូវគ្រោះ​រីងស្ងួត និង​រាំងស្ងួត​នោះ គឺជារឿង​ «មិនសមហេតុផល»។​ ក្រសួង​ការបរទេស​ចិន បន្តថា​ ខេត្តយូណាន​របស់ខ្លួន ក៏បាន​ជួបប្រទះ​នូវ​គ្រោះ​រាំងស្ងួត​ខ្លាំង​កាលពី​ឆ្នាំកន្លងទៅ​ដែរ ហើយថា​បរិមាណ​ទឹកស្តុកទុក​ក្នុងអាង​ Reservoirs នៅ​ទំនប់វារីអគ្គិសនី​របស់ខ្លួន​នៅលើ​ទន្លេនេះ​ ក៏មាន​ការធ្លាក់ចុះ​ ដល់​កម្រិត​ទាបបំផុត​ មិនធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ។​ យ៉ាងណាក៏ដោយ​ ក្រសួង​ការបរទេស​ចិន​ អះអាងថា​ បើទោះជា​យ៉ាងនេះក្តី​ ប្រទេសចិន​នៅតែ​បន្តធានា​ឲ្យអស់​ពី​លទ្ធភាព ថា​មាន​ការចែករំលែក​ទឹក​សមស្រប ទៅដល់​ប្រទេស​នៅតាម​ខ្សែទឹកខាងក្រោម។​

ជុំវិញ​ការឆ្លើយ​បដិសេធ​របស់​ក្រសួងការបរទេស​ចិន​នេះ លោក​ ប្រាយអ៊ិន អាយល័រ (Brian Eyler) នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ STIMSON Center ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ប្រាប់​អាស៊ីសេរី​ថា​ ករណីនេះ​អាចថា​ ក្រុងប៉េកាំង​កំពុង​ភូតកុហក ឬក៏ថា​ ក្រុមហ៊ុន​ប្រតិបត្តិការ​ទំនប់វារីអគ្គិសនី របស់​ប្រទេសចិន កំពុងតែ​ភូតកុហក​រដ្ឋាភិបាល​ចិន​ខ្លួនឯង៖ «ខ្ញុំមិនមាន​ការភ្ញាក់ផ្អើល​អ្វីទេ​ ពីព្រោះថា​ វាជា​រឿងធម្មតា​ទៅហើយ​ទេ ដែល​ចិន​តែងតែ​ប្រតិកម្ម​ប្រកែក​យ៉ាងដូច្នេះ។​ ខ្ញុំគិតថា​ ក្រសួង​ការបរទេស​របស់ចិន​ គួរតែ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​វិធីសាស្ត្រ​នៃ​ការសិក្សានេះ​ របស់​ក្រុមហ៊ុន Eye on Earth។​ ទិន្នន័យ​ដែល​រកឃើញនេះ​ មិនអាច​ភូត​កុហក​បានទេ ព្រោះវា​ត្រូវបាន​ប្រមូលផ្តុំ​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ និង​មាន​ការពិនិត្យមើល​ឡើងវិញ ដោយ​អ្នកជំនាញ ដែល​បង្ហាញ​ឲ្យឃើញ​ពីកម្រិត​សំណើម មាន​ការកើនឡើង​នៅ​ខ្សែទឹកខាង លើ​ទន្លេមេគង្គ​នៃ​ប្រទេសចិន។»​

ក្រៅពី​ការធ្លាក់ចុះ​ទិន្នផល​ត្រី​មិនធ្លាប់មាន​ពីមុនមក​ បញ្ហា​គ្រោះរីងស្ងួត និងរាំងស្ងួត​កាលពីឆ្នាំ២០១៩ កន្លងទៅ ក៏បាន​បណ្តាលឲ្យ​កម្ពុជា ទទួលរង​នូវ​ការអូសបន្លាយ ការដាច់​ចរន្តអគ្គិសនី​ក្នុងរដូវប្រាំង មិនធ្លាប់មាន​ ដោយត្រូវ​ខ្វះ​ថាមពល​អគ្គិសនី​រហូតដល់ទៅ​ ៤០០ មេហ្គាវ៉ាត់ ខណៈ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ភាគច្រើន ទទួលបាន​មកពី​វារីអគ្គិសនី និងការទិញ​អគ្គិសនី​បន្ត​ពីប្រទេស​ជិតខាង។ កាលណោះ កម្ពុជា​ មិនបាន​ស្តីបន្ទោស​ប្រទេសចិន​ឡើយ ពីរឿង​រាំង​ខ្ទប់​ចរន្តទឹក​មិនឲ្យ​ហូរមក ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេមេគង្គនេះ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​ទម្លាក់​កំហុសនេះ​ ទៅ​គ្រោះធម្មជាតិ ឬ​ការបម្រែបម្រួល​អាកាសធាតុ អែលនីញ៉ូ (El Nino) និង​ការកើនឡើង​យ៉ាងគំហុក​នៃ​វិស័យ​សំណង់ទៅវិញ។

កន្លងមក​ មានយន្តការ​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ ដើម្បី​ដោះស្រាយ​បញ្ហានានា ដែល​កើតមាន​ឡើង​នៅតាម​ប្រទេស​តំបន់ទន្លេមេគង្គ។​ យន្តការ​ចុងក្រោយ​ដែល​បង្កើតឡើង​នោះ ឈ្មោះ យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ឡើង​ដោយ​ប្រទេស​ចិន កាលពី​​ឆ្នាំ​២០១៥ ដើម្បី​ឆ្លើយតប​ទៅ​នឹង​យន្តការ​កិច្ច​សហប្រតិបត្តិការ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដែល​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ជាង​៦០ឆ្នាំ ហើយ​មានតែ ៤ ប្រទេស គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម ចូលរួម ដោយ​មិន​រួមបញ្ចូល​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា នោះទេ។ យន្តការ​មេគង្គ-ឡានឆាង​នេះ ទទួលរង​នូវ​ការ​រិះគន់​ថា អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ចិន ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​វិវាទ​នានា​នៅ​លើ​តំបន់​ទន្លេ​មេគង្គ ដែល​កើត​ចេញ​ពី​ការសាងសង់ ឬ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​របស់​បណ្ដា​ប្រទេស​ជាប់​ទន្លេ​មេគង្គ និង​ការ​ចែករំលែក​អត្ថប្រយោជន៍​រួម​រវាង​បណ្ដា​ប្រទេស​ខ្សែទឹក​ខាងលើ និង​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ។

MekongLancang_Cartoon
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង Photo: RFA

បើទោះជា​មានការចូលរួម​របស់​ប្រទេសចិន​ក៏ដោយ ប្រទេស​នៅជាប់​តំបន់ទន្លេមេគង្គទាំងអស់ នៅមិនទាន់​បង្កើត ឬចុះ​សន្ធិសញ្ញា​ចែករំលែក​ទឹក ឲ្យបាន​ច្បាស់លាស់​នៅឡើយទេ​ រវាង​ប្រទេស​នៅ​ខ្សែទឹក​ខាងលើ​គឺ​ប្រទេសចិន និង​ប្រទេស​នៅខ្សែទឹក​ខាងក្រោម​ដែល​រួមមាន​ដូចជា ថៃ ឡាវ កម្ពុជា និង​វៀតណាម​ជាដើម។   ប្រទេស​ចិន ដែល​ជា​ប្រទេស​ស្ថិតនៅ​ខ្សែទឹក​ខាងលើ​នៃ​ទន្លេ​មេគង្គ បាន​សាងសង់​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​ចំនួន​១១ ហើយ​គ្រោង​នឹង​សង់​វារីអគ្គិសនី​ជាង ២០​ទៀត នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ​នេះ។ ប្រទេស​ចិន ក៏​គ្រោង​នឹង​ស្នើ​ឲ្យ​មានការ​ស្តារ​ផ្ទៃ​អាង​ទន្លេ​មេគង្គ​កាត់​តាម​ប្រទេស​ទាំង​៦​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​នាវា​ដឹកជញ្ជូន​ទំនិញ អាច​ធ្វើ​ដំណើរ​បាន​តាម​ទន្លេ​នេះ​នា​ពេល​អនាគត។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ក្រោយពី​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​យន្តការ​នេះ​ឡើង ប្រទេស​ចិន បាន​ផ្តល់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​គម្រោង​ជិត ៥០ អនុវត្ត​ក្រោម​យន្តការមេគង្គឡានឆាងនេះ រួមមាន ការ​កសាង​សមត្ថភាព​ឧស្សាហកម្ម ពាណិជ្ជកម្ម​តាម​ព្រំដែន កសិកម្ម និង​ការ​លប់​បំបាត់​ភាព​ក្រីក្រ។

ទន្លេ​មេគង្គ ឬ​ហៅថា​ទន្លេ​ឡាន​ឆាង នៅ​ប្រទេស​ចិន គឺជា​បេះដូង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដែល​មាន​ប្រជាជន​សរុប​ជាង ៦០​លាន​នាក់ ពឹង​ផ្អែកលើ​ទន្លេ​នេះ និង​ដៃទន្លេ​នេះ សម្រាប់​ម្ហូបអាហារ ទឹក ការ​ដឹក​ជញ្ជូន និង​ទិដ្ឋភាព​ដទៃ​ទៀត​នៃ​ជីវភាព​ប្រចាំថ្ងៃ។ ទន្លេ​នេះ​គឺជា​ទន្លេ​ដែល​វែង​ជាងគេ​ទី​១២ នៅ​លើ​ពិភពលោក មាន​ប្រវែង​ប្រមាណ​ជិត ៥​ពាន់​គីឡូម៉ែត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល