អ្នកជំនាញ៖​ ប្រទេស​នៅ​​អឺរ៉ុប​ខាងកើត​ មិន​អាច​ជួយ​បញ្ចៀស​សហភាព​អឺរ៉ុប​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA បាន​ឡើយ

ដោយ មាន ឫទ្ធិ
2019-10-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​សាធារណរដ្ឋ​ឆែក​​កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​សាធារណរដ្ឋ​ឆែក​​កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ និង​វិទ្យាសាស្ត្រ​នយោបាយ​ វាយតម្លៃ​ថា​ ប្រទេស​ចំនួន​បី​នៅ​អឺរ៉ុប​ខាងកើត​ មិន​មាន​ឥទ្ធិពល​ធំដុំ​អាច​ជួយ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប​ទាំងមូល​កុំ​ឲ្យ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា​បាន​ឡើយ។ ការ​លើកឡើង​នេះ​ កើតមានឡើង​ស្រប​ពេល​ដែល​លោក​ ហ៊ុន​ សែន​ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ទាំងនោះ​ ដើម្បីឲ្យ​ជួយ​កម្ពុជា​រឿង​ EBA​ ស្រប​ពេល​ដែល​ដំណើរការ​ឈាន​ទៅ​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ កាន់តែ​ខិត​កៀក​មកដល់​ទី​បញ្ចប់​។

ទោះបីជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​កប់ៗ​មាត់​ថា​កម្ពុជា​មិន​ឱន​ក្បាល​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះ​ដូរ​នឹង​ជំនួយបរទេស​ ឬក៏​​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីសំណាក់​សហគមន៍​អន្តរជាតិ​នឹង​មិន​អាច​អោយ​កម្ពុជា​របស់​លោក​ស្លាប់​ឡើយ ក៏ប៉ុន្តែ​ ក្នុង​ពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​ចំនួន​បី​នៅ​អឺរ៉ុប​ខាងកើត​ រួមមាន​ សាធារណរដ្ឋ​ឆែក​ ហុងគ្រី​ និង​ប៊ុលហ្គារី​នោះ​ លោក​ ហ៊ុន​ សែន​ មិនបាន​ពន្យុះ​ក្រុម​ប្រទេស​ទាំងនេះ​ឲ្យ​ប្រញាប់​ជួយ​សហភាព​អឺរ៉ុប​សម្រេច​ចិ​ត្ត​ឆាប់​ៗ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ឬ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា​ឡើយ​។ ផ្ទុយទៅវិញ​ ក្រៅពី​បញ្ជូន​គណៈប្រតិភូ​របស់​លោក​ ឲ្យ​ទៅ​លួច​ចរចា​ស្ងាត់​ៗ​ជាច្រើន​លើក​ច្រើន​សារ​នៅ​ឯ​ទី​ស្នាក់​កណ្ដាល​របស់​សហភាព​អឺរ៉ុប​ ក្នុង​ក្រុង​ប្រ៊ុចសែល​ ប្រទេស​បែលហ្សិក លោក​ ហ៊ុន​ សែន​ ខ្លួនឯង​ មិនដល់​ពេញ​មួយ​ឆ្នាំ២០១៩​នេះ​ផង​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​ខាងកើត​ដល់ទៅ​ពីរ​លើក​ទៅ​ហើយ​។

​ចុងក្រោយ​នេះ​ គឺ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆែក (Czech Republic)​ ហុងគ្រី​ (Hungary) និង​សាធារណរដ្ឋ​ប៊ុលហ្គារី (Bulgaria)​ រយៈពេល​ ៥ថ្ងៃ​ ពី​ថ្ងៃទី១៣​ ដល់​ថ្ងៃទី១៧​ តុលា។ ប្រទេស​ទាំង​បី​នេះ​ សុទ្ធតែ​ធ្លាប់​ជា​សម្ព័ន្ធ​មិត្ត​ស្នឹទ្ធ​របស់​កម្ពុជា​ នៅ​ពេល​ដែល​កម្ពុជា​របស់​លោក​ ស្ថិត​ក្រោម​ការត្រួតត្រា​បែប​អាណានិគម​របស់​ប្រទេស​វៀតណាម​ និង​ប្រព័ន្ធ​សង្គមនិយម​របស់​ប្លុក​កុម្មុយនិស្ត​ កាលពី​អំឡុង​ទសវត្ស​ទី៨០។ ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក​ដែល​លោក​ទើបនឹង​បិទ​បញ្ចប់​ ក្រៅពី​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​គម្រោង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សុខាភិបាល​ កសិកម្ម​ បរិស្ថាន​ និង​អាកាសចរណ៍​ ព្រមទាំង​គម្រោងការ​ទិញ​យន្តហោះ​ស៊ើបការណ៍​ប្រភេទ​ L39​ ចំនួន​៤គ្រឿង​បន្ថែម​លើ​ចំនួន​៦គ្រឿង​ដែល​កម្ពុជា​ធ្លាប់​ទិញ​ពីមុន​ និង​បញ្ជាទិញ​អាវុធ​ធុន​ស្រាល​បន្ថែម​ទៀត​ពី​ប្រទេស​នេះ​ស្រប​ពេល​ដែល​លោក​ និង​មន្ត្រី​របស់​លោក​និយាយ​មិន​ដាច់​ពី​មាត់​រឿង​ត្រៀម​ប្រើ​អា​វុធ​ទំនើប​ៗ​ទុក​កម្ទេច​មន្ត្រី​ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ លោក​ ហ៊ុន​ សែន​ បែរជា​មិន​ភ្លេច​ឡើយ​ស្នើសុំ​មេ​ដឹក​ប្រទេស​នេះ​ អោយ​ជួយ​បញ្ចៀស​សហភាព​អឺរ៉ុប​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ EBA​ ពី​កម្ពុជា​ «នៅ​ក្នុង​បរិបទ​ កម្ពុជា​-សហភាព​អឺរ៉ុប​ ខ្ញុំ​សង្ឃឹមថា​ប្រទេស​ឆែក​ ដែល​ជា​មិត្ត​ចាស់​ និង​មិត្ត​ជិ​តស្នឹទ្ធ​របស់​កម្ពុជា​ នឹង​បន្ត​គាំទ្រ​កម្ពុជា​ដើម្បី​ធានា​ថា​ ដំណើរ​របស់​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព​ និង​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​ នឹង​បន្ត​ទៅមុខ​ទៀត​ដោយ​គ្មាន​ការ​រាំងស្ទះ​។ ខ្ញុំ​សូម​អរគុណ​ឆែក​ដែល​បាន​អះអាង​ជាថ្មី​នៅ​ជំហរ​គាំទ្រ​កម្ពុជា​ ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប​។ ខ្ញុំ​សង្ឃឹមថា​ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​នឹង​ប្រព្រឹត្តិ​ដោយ​យុត្តិធម៌​ចំពោះ​កម្ពុជា​ ដូចដែល​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​។»

លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា ថ្លែង​ប្រាប់​អ្នកកាសែត នា​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA
លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា ថ្លែង​ប្រាប់​អ្នកកាសែត នា​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA
​ជុំវិញ​ការណ៍​ដែល​លោក​ ហ៊ុន​ សែន​ ព្យាយាម​បញ្ចុះបញ្ចូល​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ឲ្យ​ជួយ​កម្ពុជា​នេះ​ ស្រប​ពេល​ដែល​ការសម្រេច​ស្ថាពរ​ពី​ការ​ត្រូវ​ដក​ ឬ​មិន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នេះ​កាន់តែ​ខិតចូល​មកដល់​នោះ​ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម​ សុវណ្ណារ៉ា​ វាយតម្លៃ​ថា​ ស្ថានភាព​មិន​អំណោយផល​ដល់​កម្ពុជា​ឡើយ​ ហើយ​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ទាំងនេះ​ ទំនងជា​មិន​អាច​ជួយ​កម្ពុជា​បាន​ឡើយ​ក្នុង​ករណី​នេះ​ «បើ​តាមមើល​លទ្ធផល​ព័ត៌មាន​ដែល​ដឹង​ខ្លះ​ៗ បានន័យ​ថា​ ឆែក​គេ​ឆ្លើយតបទៅនឹង​អោយ​ទំនាក់ទំនង​កម្ពុជា​ ដោយ​ឈរ​លើ​មូលដ្ឋាន​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​ដូចគ្នា​ ដូច​អ្វី​ដែល​សហភាព​អឺរ៉ុប​គេ​លើកឡើង​។ ដូច្នេះ​ កិច្ចការ​នេះ​ ខ្ញុំ​គិត​ថា​ ឆែក​ នឹង​មិន​យោគយល់​ករណី​ពិសេស​កម្ពុជា​ជាមួយ​ឆែក​យ៉ាងម៉េច​ទេ​។ សាធារណរដ្ឋ​ឆែក​នឹង​គិត​ពី​ករណី​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ជាគោល​។ ដូច្នេះ​ កម្ពុជា​មិន​អាច​មាន​សង្ឃឹម​ទេ។»

​បន្ថែម​ពីលើ​ការ​លើកឡើង​នេះ​ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ និង​ជា​សាស្ត្រា​ចារ្យ​ផ្នែកការទូត​ និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ Occidental​ College​ នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California​) សហរដ្ឋអាមេរិក​ បណ្ឌិត​ អៀ​ សុផល​ ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា​ ហុងគ្រី​ខ្លួនឯង​ជា​ប្រទេស​កំពុង​ត្រូវការ​ជំនួយ​ផ្នែក​ប្រជាធិបតេយ្យ​។ ដូច្នេះ​ ការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី​ គឺ​មិន​ខុស​ពី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ផ្តាច់ការ​ជា​មិត្ត​របស់​កម្ពុជា​នោះ​ទេ​។ លោក​ថា​ ជា​រួម​ មាន​ប្រវត្តិ​យូរលង់​ដែល​ប្រទេស​អឺរ៉ុប​ខាងកើត​ ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​កាលពី​សម័យ​កុម្មុយនិស្ត​។ ដូច្នេះ​ហើយ​លោក​ថា​ វា​ជា​រឿង​សម​ហេតុផល​ ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំងនេះ​ ជួប​គ្នា​ដើម្បី​រំឭក​ពី​ចំណង​អតីតកាល​របស់​ខ្លួន​។

បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​​ពិភពលោក​ នៃ​មហាវិទ្យាល័យ​ Occidental College រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​​ពិភពលោក​ នៃ​មហាវិទ្យាល័យ​ Occidental College រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ Sophal Ear via Oslo Freedom Forum

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ​ ពន្យល់​បន្ត​ថា​ ការ​ធ្វើ​សេចក្ដីសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ មិន​ដូច​សមាគម​អាស៊ាន​នោះ​ទេ​។ លោក​ថា​ បើ​ទោះបីជា​ក្រុម​ប្រទេស​ទាំង​បី​នៅ​អឺរ៉ុប​ខាងកើត​នេះ​ ជំទាស់​ទៅ​នឹង​ការសម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ក៏ដោយ​ ប្រទេស​អតីត​ប្លុក​កុម្មុយនិស្ត​ទាំងនេះ​ មិន​អាច​មាន​ឥទ្ធិពល​អ្វី​ទៅ​ធ្វើឲ្យ​សហភាព​អឺរ៉ុប​ផ្លាស់​ប្តូរ​គោលជំហរ​របស់​ខ្លួន​បាន​ឡើយ​។ បណ្ឌិត​ អៀ​ សុផល​ បន្ត​ថា​ សហភាព​អឺរ៉ុប​ធ្វើ​សេចក្តីសម្រេច​ដោយ​ផ្អែកលើ​សំឡេង​ភាគច្រើន​។

​សម្រាប់​បណ្ឌិត​ អៀ​ សុផល​ ទណ្ឌកម្ម​សេដ្ឋកិច្ច​ គឺជា​ជម្រើស​ចុងក្រោយ​ ក៏ប៉ុន្តែ​លោក​ថា​ ទណ្ឌកម្ម​បែបនេះ​ នឹង​​លេច​ចេញ​ជា​រូបរាង​ឡើង​​ ដើម្បី​ធ្វើឲ្យ​កើតមានឡើង​នូវ​រឿងរ៉ាវ​​ដែល​មិន​អាច​កើតមានឡើង​បាន​ ដែល​នោះ​គឺ​តាមរយៈ​ការ​បង្ខំ​របប​ក្រុងភ្នំពេញ​ឲ្យ​ជ្រើសរើស​យក​ជម្រើស​សេរីភាព​ លទ្ធិប្រជាធិបតេយ្យ​ និង​សេដ្ឋកិច្ច​។ លោក​ថា​ រឿងរ៉ាវ​ទាំង​បី​នេះ​ ដើរ​ទន្ទឹមគ្នា​សម្រាប់​ក្រុម​បស្ចឹម​ប្រទេស​។ ក៏ប៉ុន្តែ​ ចំពោះ​ប្រទេស​ចិន​វិញ​ លោក​ថា​ រឿងរ៉ាវ​មួយ​ដែល​ចិន​គិតគូរ​ច្រើន​ជាង​គេ​​នោះ គឺ​​សេដ្ឋកិច្ច​​ ហើយដែល​នេះ​​មិនមែន​ជា​សេរីភាព​ មិនមែន​ប្រជាធិបតេយ្យ​ ហើយ​​ក៏​មិនមែន​ជា​​អធិបតេយ្យ​នោះ​ដែរ​។ បណ្ឌិត​ អៀ​ សុផល​ បន្ត​ថា​ របប​ក្រុងភ្នំពេញ​ មិន​មាន​ជំនឿ​​ថា​សហភាព​អឺរ៉ុប​មាន​ចេតនា​ដាក់ទណ្ឌកម្ម​មក​លើ​របប​របស់​ខ្លួន​នោះ​ទេ​ ដូច្នេះ​ហើយ​លោក​ថា​ សហភាព​អឺរ៉ុប​ ត្រូវតែ​បង្ហាញ​ឲ្យ​របប​នេះ​ឃើញ​វិញ​ថា​ ការយល់ឃើញ​របស់​ពួកគេ​បែប​នេះ​​ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។

​នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន​ សែន​ ទៅកាន់​អឺរ៉ុប​ខាងកើត​នេះ​ ស្ថាប័ន​ជំនាញ​អន្តរជាតិ​ធំ​ៗ​ ក្នុង​នោះ​រួមមាន​ធនាគារ​ពិភពលោក​ ​(World​ Bank​)ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(ADB​) ​និង​អ្នកជំនាញ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(IMF​) ​វាយតម្លៃ​ស្របគ្នា​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០​ខាងមុខ​នេះ​ នឹង​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ និង​ធ្លាក់​ចុះ​ពី​ ៧ភាគរយ​ មក​នៅ​ត្រឹម​ ៦,៨​ ភាគរយ​ ក្នុង​នោះ​មួយ​ផ្នែក​ធំ​ ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ EBA​ ​របស់​សហភាព​អឺរ៉ុប​។ ​ធនាគារពិភពលោក​ ផ្ដល់​អនុសាសន៍​ជាក់លាក់​ថា​ ប្រសិនបើ​កម្ពុជា​ មិន​ចង់​ឃើញ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​របស់​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ២០២០​ខាងមុខ​នេះ​ទេ​ នោះ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​អន្តរាគមន៍​ផ្នែក​ហិរញ្ញវត្ថុ​មួយ​ ឬជា​ការ​ចាក់​លុយ​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ ក្នុង​ទំហំ​សាច់ប្រាក់​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ គឺ​ជាង​ ៧៣៥​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ជាង​ ៣% ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(ផ.ស.ស) ​ឬ ​GDP​។ ផ្អែក​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ២០១៨​ មានតម្លៃ​ ២៤​,៥ ប៊ី​លាន​ដុល្លារ​អាមេរិក​ ក្នុងចំណោម​ប្រជាជន​សរុប​ជាង​ ១៦​,៣ លាន​នាក់​។ ទឹកប្រាក់​ត្រូវ​ចាក់​បញ្ចូល​ជាង​ ៧៣៥លាន​ដុល្លារ​អាមេរិក​នេះ​ គឺ​ស្មើនឹង​ជាង​ ១២​% ​បើ​ធៀប​នឹង​ថវិកាជាតិ​ប្រចាំ​ឆ្នាំ២០១៩​ ដែល​មានតម្លៃ​សរុប​ជាង​ ៦ប៊ីលាន​ដុល្លារ​អាមេរិក​ ​(US​$6,018,543,704​)។ ទំហំ​សាច់ប្រាក់​ត្រូវ​ចាក់​បញ្ចូល​ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​កម្ពុជា​ដោយសារតែ​ស្នាដៃ​លោក​ ហ៊ុន​ សែន​ បាន​គាស់រម្លើង​ និង​សម្លាប់​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នេះ​ គឺ​មាន​ទំហំ​ធំ​ច្រើនជាង​ថវិកាជាតិ​ដែល​កម្ពុជា​ចំណាយ​លើ​វិស័យ​យោធា​ និង​សុខាភិបាល​ ដែល​មានតម្លៃ​ជាង​ ៦០៤លាន​ និង​ ៤៥៥​ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ២០១៩​ទៅទៀត​។

​ប្រភព​ពី​គណៈកម្មការ​អឺរ៉ុប​ ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ កាលពី​ថ្ងៃទី១៥​ តុលា​ ថា​ គណៈកម្មការ​អឺរ៉ុប​ និង​នាយកដ្ឋាន​កិច្ចការ​បរទេស​របស់​ខ្លួន​ បច្ចុប្បន្ន​ កំពុង​សរសេរ​របាយការណ៍​ជំ​ហ៊ាន​ដំបូង​ស្តី​ពី​ការ​រក​ឃើញ​របស់​ខ្លួន​នា​ពេល​កន្លងមក​។ ប្រភព​ដដែល​បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​នឹង​អញ្ជើញ​អាជ្ញាធរ​កម្ពុជា​ ឲ្យ​ផ្ដល់​ប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​នេះ​ មុន​ពេល​ដែល​ឈាន​ទៅ​បន្ត​នីតិវិធី​ធ្វើ​សេចក្តី​សន្និដ្ឋាន​សម្រេច​ជាស្ថាពរ​។ ប្រភព​ពី​គណៈ​កម្មា​ការ​អឺរ៉ុប​ ពន្យល់​បន្ត​ថា​ ក្នុងអំឡុងពេល​ពេញ​ដំណើរការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ សហភាព​អឺរ៉ុប​ តែងតែ​ប្រាប់​ទៅ​អាជ្ញាធរ​កម្ពុជា​ អំពី​ការវិវត្តន៍​ចាំបាច់​នានា​ទាក់ទង​នឹង​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​ ដែល​កម្ពុជា​ត្រូវ​បំពេញ​តាម​ ប្រសិន​បើ​មិន​ចង់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នេះ​។  ​ ​

​សហភាព​អឺរ៉ុប​បាន​បិទ​បញ្ចប់​ដំណាក់កាល​ ៦ខែ​ដំបូង​នៃ​ការ​តាមដាន​ និង​វាយតម្លៃ​របស់​ខ្លួន​ កាលពី​ពាក់​កណ្ដាល​សីហា​កន្លងទៅ​ ហើយ​គ្រោង​នឹង​ចេញផ្សាយ​របាយការណ៍​វាយតម្លៃ​របស់​ខ្លួន​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ មុននឹង​ឈាន​ទៅ​សម្រេច​ថា​ តើ​ត្រូវ​ដក​ ឬ​មិន​ដកហូត​ ទាំងស្រុង​ ឬ​ដោយ​ផ្នែក​ណាមួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ យ៉ាង​យូរ​បំផុត​នៅ​ត្រឹម​ពាក់កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំ២០២០​ខាងមុខ​។ ប្រសិនបើ​សហភាព​សម្រេច​ថា​ ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន​ នោះ​ការ​យកពន្ធ​ពី​សហភាព​អឺរ៉ុប​មក​លើ​ទំនិញ​កម្ពុជា​ នឹង​ត្រូវ​ធ្វើឡើង​ជា​ផ្លូវការ​ចាប់ពី​ខែសីហា​ ឆ្នាំ២០២០​ តទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល