ប្រទេស​និយម​ប្រជាធិបតេយ្យ យក​លំនាំ​តាម​អាមេរិក​ ពិចារណា​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​សែស្រឡាយ​អ្នក​លួច​ជាតិ​លើ​ពិភព​លោក

ដោយ មាន ឫទ្ធិ
2020-05-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សៀវភៅ "ខ្សែ​ស្រឡាយ​អ្នក​លួច​ជាតិ" បោះពុម្ព​ផ្សាយ​ដោយ​អង្គការ Global Witness កាល​ពី​ឆ្នាំ​២០០៩
រូប​សៀវភៅ "ខ្សែ​ស្រឡាយ​អ្នក​លួច​ជាតិ" បោះពុម្ព​ផ្សាយ​ដោយ​អង្គការ Global Witness កាល​ពី​ឆ្នាំ​២០០៩
Photo: RFA

អំពើ​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​អំពើ​ពុក​រលួយ លួច​លុយ ជាតិ​របស់​ក្រុម​មេ​ដឹក​នាំ​ផ្ដាច់ការ​តាម​ប្រទេស​មួយ​ចំនួន រួម​ទាំង​កម្ពុជា​ផង មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​និយម​ប្រជាធិបតេយ្យ មើល​រំលង​នោះ​ទេ។ ក្រៅ​តែ​ពី​សហរដ្ឋអាមេរិក ដែល​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​សែស្រឡាយ​អ្នក​លួច​ជាតិ នៅ​ក្រៅ​ប្រទេស ដែល​គេ​ស្គាល់​ថា ច្បាប់ Global Magnitsky Act សហភាព​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី ព្រម​ទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ដទៃ​ទៀត បច្ចុប្បន្ន ក៏​កំពុង​នាំ​គ្នា​ពិចារណា​បង្កើត​ច្បាប់​ស្រដៀង​គ្នា​នឹង​ច្បាប់​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក​នេះ​ដែរ។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ថា នេះ​គឺ​ជា​និន្នាការ ប្រសើរ​បំផុត​មួយ ដើម្បី​រួម​គ្នា​ទប់​ស្កាត់​អំពើ​ទុច្ចរិត​របស់​ក្រុម​មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​លើ​ពិភព​លោក។

សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក ដែល​បាន​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹក​នាំ​ផ្ដាច់ការ និង​សែស្រឡាយ​អ្នក​លួច​ជាតិ​នេះ​ឡើង កាល​ពី​ចុង​ឆ្នាំ២០១៦។ ដំបូង​ឡើយ ច្បាប់​នេះ​ពុំ​ទាន់​មាន​អានុភាព​ប្រឆាំង​នឹង​មេ​ដឹក​នាំ​នៅ​ទូទាំង​ពិភព​លោក​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១២ ក្រោម​ឈ្មោះ​ដើម​ថា Magnitsky Act ច្បាប់​នេះ​សំដៅ​ដាក់​ទណ្ឌកម្ម តែ​ទៅ​លើ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​រុស្ស៊ី ដែល​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ទារុណកម្ម​បណ្ដាល​ឲ្យ​មន្ត្រី​គណនេយ្យករ​ជន​ជាតិ​រុស្ស៊ី​ម្នាក់ គឺ​លោក សឺរហ្គៃ ម៉ាកនីតស្គី (Sergei Magnitsky) ស្លាប់​ក្នុង​គុក ដោយសារ​តែ​លោក​បាន​លាត​ត្រដាង​ភាព​មិន​ប្រក្រតី នៃ​អំពើ​លួច​លុយ ឬ​គេច​ពន្ធ​រដ្ឋ​ដ៏​សម្បើម តម្លៃ​ជាង ២៣០​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ កាលណោះ មាន​បុគ្គល​រុស្ស៊ី​ចំនួន​ជាង ៥៤រូប និង​ក្រុមហ៊ុន​រុស្ស៊ី​មួយ បាន​រង​ទណ្ឌកម្ម​នេះ ដែល​រួម​មាន​ការ​ហាមប្រាម​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ចូល​ទឹក​ដី​អាមេរិក និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​រុស្ស៊ី​ទាំង​នោះ ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក​ផង។

ក្រោយមក នៅ​ឆ្នាំ២០១៦ ក្រោម​ការ​ផ្ដួច​ផ្ដើម​របស់​អតីតៈ​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក ចន ម៉ាខេន (John McCain) ច្បាប់​នេះ​បាន​ពង្រីក​ឥទ្ធិពល​ក្លាយ​ជា​ច្បាប់ Global Magnitsky Act ដែល​សំដៅ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​មេ​ដឹក​នាំ​ទុច្ចរិត លួច​លុយ​ជាតិ បំផ្លាញ​ប្រជាធិបតេយ្យ និង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ នៅ​ទូទាំង​ពិភព​លោក។ គិត​ត្រឹម​ដើម​ឆ្នាំ២០២០ នេះ សហរដ្ឋអាមេរិក បាន​ប្រើ​ច្បាប់​នេះ ដាក់​ទណ្ឌកម្ម​ដល់​បុគ្គល ឬ​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភព​លោក សរុប​ជិត ២០០ករណី​ហើយ។ បុគ្គល ឬ​ក្រុមហ៊ុន​រង​ទណ្ឌកម្ម​ទាំង​នោះ ភាគ​ច្រើន​ជាប់​ពាក់ព័ន្ធ នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​មាន​ជាង ១២០ ករណី ហើយ ៦៥ ករណី​ទៀត ជា​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស។ ជា​រួម មាន​បុគ្គល និង​ក្រុមហ៊ុន​មក​ពី ២៥ប្រទេស​នៅ​លើ​ពិភពលោក ដែល​កំពុង​ទទួល​រង​ទណ្ឌកម្ម​ពី​ច្បាប់​មួយ​នេះ។ នៅ​កម្ពុជា មាន​បុគ្គល​បី​រូប និង​ក្រុម​គ្រួសារ​ពួក​គេ​ផង បាន​រង​ទណ្ឌកម្ម​ពី​ច្បាប់​នេះ។ បុគ្គល​ទាំង​បី​រូប​នោះ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក គន់ គីម អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប្រពន្ធ និង​កូន​ពីរ​នាក់ និង​មេ​ឈ្មួញ​ជួញ​ដូរ​ឈើ​ល្បី​ឈ្មោះ គឺ​លោក ទ្រី ភាព និង​ក្រុមហ៊ុន មួយ​ចំនួន​របស់​ពួក​គេ។

ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ដាក់​ចេញ​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋ​បរទេស​ជា​បន្ត​បន្ទាប់​ដោយ​ប្រើ​ច្បាប់​នេះ ប្រទេស​និយម​ប្រជាធិបតេយ្យ​ដទៃ​ទៀត រួម​មាន​ប្រទេស​កាណាដា និង​ចក្រភព​អង់គ្លេស ក៏​បាន​បង្កើត​ច្បាប់ ស្រដៀង​គ្នា​នេះ​ឡើង ដោយ​យក​លំនាំ​តាម​ច្បាប់​របស់​អាមេរិកាំង។ កាណាដា (Canada) នៅ​ឆ្នាំ២០១៧ បាន​បង្កើត​ច្បាប់​ដាក់​ឈ្មោះ​ថា «យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ពី​អំពើ​ពុក​រលួយ ប្រព្រឹត្តិ​ដោយ​មន្ត្រី​បរទេស» Justice for Victims of Corrupt Foreign Officials Act។ កាណាដា បាន​ប្រើ​ច្បាប់​នេះ ដាក់​ទោស​ទណ្ឌ​ដល់​មន្ត្រី និង​ក្រុមហ៊ុន​របស់ រុស្ស៊ី (Russia) វេណេហ្ស៊ុយអេឡា (Venezuela) ស៊ីរី (Syria) និងមីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា ជាដើម។ គ្រាន់​តែ​ក្នុង​ឆ្នាំ២០១៩ យ៉ាងហោចណាស់ មន្ត្រី​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា សរុប​ប្រមាណ ១១៣ រូប ក្នុង​នោះ​រួម​ទាំង ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា រង​ការ​បណ្ដេញ​ចេញ​ពី​តំណែង​ផង គឺ​លោក នីកូឡា ម៉ាឌូរ៉ូ (Nicola Maduro) បាន​ទទួល​រង​ទណ្ឌកម្ម​របស់​កាណាដា។ រីឯ​ចក្រភព​អង់គ្លេស (UK) ឯ​ណោះ​វិញ នៅ​ឆ្នាំ២០១៧ បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ប្រឆាំង ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ឬ Criminal Finances Act ដោយ​បន្ថែម​មាត្រា​ដូច​ច្បាប់​របស់​អាមេរិក​ដែរ។ ក្រៅ​ពី​នេះ ក្រុម​ប្រទេស​នៅ​តំបន់​បាល់ទិច (Baltic States) រួម​មាន​ប្រទេស អេស្តូនៀ (Estonia) (២០១៦) លីទុយអានី (Lithuania) (២០១៧) និង​ប្រទេស​ឡាត់វៀ (Latvia) (២០១៨) ក៏​បាន​បង្កើត​ច្បាប់​ស្រដៀង​នឹង​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នេះ​ដែរ។

ទន្ទឹម​នឹង​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​នេះ កាល​ពី​ចុង​ឆ្នាំ២០១៩ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រទេស​ហូល្លង់ដ៍ (Netherlands) សហភាព​អឺរ៉ុប​ទាំង​មូល ដែល​មាន ២៧ប្រទេស ក៏​បាន​មូលមាត់​ស្រុះស្រួល​គ្នា​ជា​លក្ខណៈ​នយោបាយ ត្រៀម​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម ដូច​សហរដ្ឋ​អាមេរិក​ដែរ។ បច្ចុប្បន្ន គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប កំពុង​សិក្សា​តាក់តែង​ច្បាប់​នេះ​ឡើង ដែល​អាច​ត្រូវ​ការ​ពេល​ដល់​ទៅ​ពាក់​កណ្ដាល ឆ្នាំ២០២០ ទើប​ចប់។ ប្រទេស​ដទៃ​ទៀត​ក្នុង​សហភាព​អឺរ៉ុប ដូចជា បារាំង (France) អាល្លឺម៉ង់ (Germany) ស៊ុយអែត (Sweden) ហូល្លង់ដ៍ (Netherlands) ដាណាម៉ាក (Denmark) ន័រវ៉េស (Norway) ជាដើម សុទ្ធតែ​បាន​បង្ហាញ​ឆន្ទៈ​រួច​ហើយ​ថា ពួក​គេ​នឹង​បង្កើត​ច្បាប់​នេះ រៀងៗខ្លួន ប្រសិន​បើ​សហភាព​អឺរ៉ុប បរាជ័យ មិន​អាច​បង្កើត​ច្បាប់​នេះ​បាន។ ដូច​គ្នា​នេះ​ដែរ និន្នាការ​នៃ​ការ​បង្កើត​ច្បាប់​ដ៏​ពេញ​និយម​នេះ ក៏​ត្រូវ​ប្រទេស​អូស្ត្រាលី (Australia) លើក​យក​មក​ពិចារណា។ រីឯ ប្រទេស​ជប៉ុន (Japan) ​ឯណោះ ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍ លើ​ការ​បង្កើត​ច្បាប់​នេះ​ដែរ។

បើ​ទោះ​ជា​និន្នាការ​នៃ​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​សែស្រឡាយ​អ្នក​លួច​ជាតិ​នៅ​ទូទាំង​ពិភពលោក​នេះ ទទួល​បាន​ការ​សាទរ និង​ស្វាគមន៍​ពី​សំណាក់​បណ្ដា​ពលរដ្ឋ​ក្នុង​ប្រទេស​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក៏​ដោយ មន្ត្រី​ផ្នែក​ច្បាប់ នៅ​កម្ពុជា​មិន​យល់​ដូច្នោះ​ទេ។ មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន យល់ថា និន្នាការ​នៃ​ការ​បង្កើត​ច្បាប់​នេះ តាម​ប្រទេស​នានា នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្បាប់​របស់​ពិភព​លោក​មាន​ភាព​អានាធិបតេយ្យ​ទៅ​វិញ​ទេ៖ «ជា​គោល​ការណ៍​ច្បាប់​អន្តរជាតិ ការណ៍​ដែល​ប្រទេស​មួយ រដ្ឋ​មួយ​បង្កើត​ច្បាប់ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋ​មួយ​ផ្សេង​ទៀត ឬ​ប្រជា​ពលរដ្ឋ​នៃ​រដ្ឋ អធិបតេយ្យ​មួយ​ផ្សេង​ទៀត គឺ​បង្ហាញ​ពី​ភាព​អនាធិបតេយ្យ​នៃ​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ។ ទាំង​អស់​នេះ គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព និង​ផល​ប្រយោជន៍​នយោបាយ ជា​ជាង​ចេតនា​ក្នុង​ការ​ការពារ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​អន្តរជាតិ»

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ពន្យល់​ថា អ្នក​ទាំង​ឡាយ​ណា​ដែល​រឹតត្បិត​សេរីភាព រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ តែងតែ​មិន​ចង់​ឲ្យ​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម ដូច​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​នេះ​ទេ។ លោក​ថា នេះ​ជា​អ្វី​ដែល​សែស្រឡាយ​អ្នក​លួច​ជាតិ មិន​ចង់​ឃើញ​ឡើយ ព្រោះ​ដើម្បី​រក្សា​អំណាច និង​បង្កើន​ភាព​មាន​បាន​របស់​ពួក​គេ ពួក​គេ​ត្រូវ​ធ្វើ​ដូច្នេះ តាម​រយៈ​ការ​រឹតត្បិត​សេរីភាព ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ជាដើម។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ កិច្ចការ​ពិភព​លោក​រូប​នេះ ហៅ​និន្នាការ​កាន់​តែ​សកម្ម​ឡើង​ក្នុង​ចំណោម​ក្រុម​ប្រទេស​និយម ប្រជាធិបតេយ្យ​នាំ​គ្នា​បង្កើត​ច្បាប់​នេះ​ឡើង​ថា គឺ​ជា​រឿង​ដ៏​អស្ចារ្យ។ លោក​ថា ច្បាប់​ដាក់​ទណ្ឌកម្ម Global Magnitsky Act គឺ​ជា​សុបិន​អាក្រក់​របស់​មេ​ដឹក​នាំ​ផ្ដាច់ការ ដែល​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត។ លោក​ពន្យល់​ថា នៅ​ពេល​ដែល​អរិយ​ប្រទេស​រួម​ដៃ​គ្នា​បង្កើត​ច្បាប់​ដើម្បី​ប្រឆាំង​នឹង អ្នក​រឹតត្បិត​សេរីភាព រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ នោះ​ជម្រើស​នៃ​អំណាច​របស់​ក្រុម​មេ​ដឹក​នាំ​ផ្ដាច់ការ​ទាំង​នោះ​នឹង​រួម​តូច។ លោក​ថា ប្រទេស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​កាន់​តែ​ច្រើន ជា​រឿង​កាន់​តែ​ល្អ​ប្រសើរ​បំផុត​សម្រាប់​ពិភព​លោក៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល