អ្នក​ជំនាញ​ថា ការ​គ្រប់គ្រង​ប្រទេស​តាម​បែប​ផ្ដាច់ការ គឺជា​មេរោគ​ពិតប្រាកដ​បណ្ដាល​ឱ្យ​មាន​ជំងឺ​កូវីដ-១៩

ដោយ មាន ឫទ្ធិ
2020-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

អ្នក​ជំនាញ​ថា ការគ្រប់គ្រង​ប្រទេស​តាម​បែប​ផ្ដាច់ការ គឺជា​មេរោគ​សង្គម​ពិតប្រាកដ បណ្ដាល​ឱ្យ​កើតមាន​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ-១៩។ ពួកគេ​ពន្យល់​អះអាង​ថា មានតែ​ការគ្រប់គ្រង​ប្រទេស​ដោយ​គោរព​សេរីភាព លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​សង្គម មនុស្ស ឱ្យ​រួច​ផុត​ពី​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​ជា​សាកល​នា​ពេល​អនាគត​បាន។ ការ​លើក​ឡើង​នេះ កើតមានឡើង​ស្រប​ពេល​ដែល​ប្រទេស​មហាអំណាច មួយ​ចំនួន កំពុង​ជំរុញ​ឱ្យ​ពិភពលោក បើក​ការស៊ើបអង្កេត​ឯករាជ្យ ករណី​មហា​យក្ស​ចិន មាន​ចេតនា ឬ​ធ្វេសប្រហែស ធ្វើ​ឱ្យ​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​-១៩ ដែល​កំពុង​បង្ក​ឱ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ ចំពោះ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ និង​សេដ្ឋកិច្ច​ពិភពលោក។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា ការគ្រប់គ្រង​ប្រទេស​តាម បែប​ផ្តាច់ការ​និយម គ្មាន​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ គឺជា​មេរោគ​ពិតប្រាកដ ដែល​អនុញ្ញាត​ឱ្យ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ផ្ទុះឡើង​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ នៅ​ទីក្រុង​អ៊ូហាន (Wuhan) ប្រទេស​ចិន។ លោក​ពន្យល់​បន្ត​ថា ការ​បង្ក្រាប​លើ​សំឡេង​រិះគន់ រឹតតែ​ជំរុញ​ឱ្យ​មាន​គ្រោះ​មហន្តរាយ​នេះ​កើតឡើង ហើយ​ទីបំផុត​ទៅ មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី បាន​ក្លាយ​ជា​ជំងឺ​រាតត្បាត​សកល។

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy)  លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។
អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy)  លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។ Facebook

ដូចគ្នា​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍ ប្រចាំ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ប្រាយអ៊ិន ហារឌីង (Brian Harding) ក៏​មើល​ឃើញ​ដែរ​ថា ប្រព័ន្ធ​នយោបាយ គ្រប់គ្រង​ប្រទេស​បែប​កុម្មុយនិស្ត​របស់​ចិន ពិតជា​បាន​ចូលរួម​ចំណែក នាំ​ឱ្យ​ផ្ទុះ​ជំងឺ​រាតត្បាត​នេះ​ឡើង៖ «គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ ដែល​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​ចិន បាន​ជួយ​ជំរុញ​ឱ្យ​កើតមាន​វិបត្តិ​នេះ​ឡើង​។ មន្ត្រី​មូលដ្ឋាន​នៅ​ក្រុង​អ៊ូហាន បាន​ចាត់វិធានការ​ដោយ​ខ្វះ​ការ​គិតគូរ​ពិចារណា ឱ្យ​បាន​វែងឆ្ងាយ​។ ពួកគេ​បាន​ផ្ដោត​តែ​ទៅលើ​បញ្ហា​ស្ថិរភាព ជាជាង​ចាត់វិធានការ​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ ថា​រឿង​នេះ អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី ការ​គិត​ខុស​បែប​ទទឹងទិស នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​របស់​ចិន»

លោក ប្រាយអ៊ិន ហារឌីង (Brian Harding) អ្នក​ជំនាញ​ផ្នែក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍ ប្រចាំ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (Center for International and Strategic Studies-CSIS) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី។
លោក ប្រាយអ៊ិន ហារឌីង (Brian Harding) អ្នក​ជំនាញ​ផ្នែក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍ ប្រចាំ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (Center for International and Strategic Studies-CSIS) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី។ RFA

ដោយឡែក អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ផ្ទុះ​វិបត្តិ​នេះ​មក ប្រទេស​នានា​ក្នុង​ពិភពលោក ចាត់វិធានការ​ខុសៗ​គ្នា​ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។ លោ​កថា​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត ឬ​ប្រទេស​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ តែងតែ​ព្យាយាម​មិន​បើក​ចំហរ ឬ​លាក់បាំង​ព័ត៌មាន និង​បង្ក្រាប​សំឡេង​រិះគន់​។ រីឯ ប្រទេស​ដែល​មាន​របប​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ ក៏បាន​ឆ្លៀត​ឳ​កាស ប្រើ​នូវ​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​នេះ ដើម្បី​គ្រប់គ្រង​ជំងឺ​ផង និង​គ្រប់គ្រង​ពលរដ្ឋ​ខ្លួន​ផង៖ «នៅ​ក្នុង​ករណី​ប្រទេស​ចិន បើសិនជា​ប្រទេស​ចិន មាន​ចេតនា​ក្នុង​ការ​លាក់លៀម​នៅ​ជំងឺ​ហ្នឹង ដែល​គេ​ដឹង​ថា កើតឡើង​តាំងពី ខែ​១១ ឆ្នាំ​២០១៩ ហើយ​រហូត​មក​ដល់​ខែ​មួយ (មករា ២០២០) បាន​ចិន​ប្រកាស​ប្រាប់​ពិភពលោក​ថា មាន​ជំងឺ​សាហាវ​កើតឡើង​។ បើសិនជា​យើង​មើល​ទិដ្ឋភាព​នយោបាយ ទំនាក់ទំនង​រវាង​ចិន​ជាមួយ​នឹង​កូ​វីដ​នេះ ប្រទេស​ចិន ជា​ប្រទេស​មួយ​ដែល នេះ​បើសិនជា​រឿង​នេះ​ជា​រឿង​ពិត ខ្ញុំ​មិនទាន់​ដឹង​ថា ការ​តាមដាន​ស៊ើបអង្កេត​ទៅ បាន​លទ្ធផល​យ៉ាង​ណា​ទេ ក៏ប៉ុន្តែ​បើសិនជា​រឿង​នេះ ជា​រឿង​ពិត ហើយ​ចិន មាន​ចេតនា​ក្នុង​ការ​លាក់​ជំងឺ​នេះ មុន​ពេល​ដែល​វា​ផ្ទុះ​ធំ​មែន​នោះ នោះ​ចិន​ត្រូវតែ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ពិភពលោក»

ការ​លើកឡើង​របស់​អ្នក​​ជំនាញ​ទាំងនេះ កើតមានឡើង​ស្រប​ពេល​ដែល ពិភពលោក​ទាំងមូល ជាពិសេស​ក្នុង​ចំណោម​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ចង់​ឃើញ​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​សាកល​ដោយ​ឯករាជ្យ​មួយ ទៅលើ​ដើមចម នាំ​ឱ្យ​ផ្ទុះ​មេរោគ​នេះ​ឡើង និង​អំពី​ថា​តើ​ចិន​ពិត​ជា​មាន​ចេតនា លាក់បាំង​ព័ត៌មាន ដែរ​អត់​នោះ​។ ជាក់ស្ដែង ភ្នាក់ងារ​កិច្ចការ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន កំពុង​ពិនិត្យមើល​លទ្ធភាព ដែល​ថា មេរោគ​កូរ៉ូណា​ថ្មី​នេះ អាច​ឆ្លង​រាលដាល ចេញ​មកពី​មន្ទីរ​ពិសោធន៍​របស់​ចិន ជាជាង​ចេញ​មក​ពី​ទីផ្សារ​លក់​សាច់​សត្វព្រៃ នៅ​ទីក្រុង​អ៊ូ​ហាន​។ រីឯ ភ្នាក់ងារ​ចារកម្ម​អង់គ្លេស MI6 ក៏​កំពុង​ពិនិត្យមើល​លើ​ប្រវត្តិ​ដ៏​អាថ៌កំបាំង​នៃ​ការពិសោធន៍​មេរោគ​របស់​សត្វ​ប្រចៀវ​ក្នុង​មន្ទីរ​ពិសោធន៍​នេះ​ដែរ​។ ស្ថាប័ន​ចារកម្ម​របស់​អង់គ្លេស​មួយ​នេះ បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល ខ្លួន​វាយតម្លៃ​ឡើងវិញ​អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ បិទ​បញ្ចប់​ទៅ​នា​ពេល​អនាគត។

ទន្ទឹម​នឹង​នេះ ការស្ទង់មតិ​ចុងក្រោយ​នៅ​អង់គ្លេស រកឃើញ​ថា ពលរដ្ឋ​អង់គ្លេស​ជាង ៨០% ចង់​ឃើញ​ក្រុង​ប៉េកាំង​ប្រឈមមុខ​នឹង​ការសាកសួរ​ជា​សាកល អំពី​រឿងរ៉ាវ ដែល​នាំ​ឱ្យ​ផ្ទុះ​ជំងឺ​នេះ​ឡើង​។ មនុស្ស ៧​នាក់​ក្នុង​ចំណោម​១០​នាក់ នៅ​អង់គ្លេស ចង់​ឱ្យ​រដ្ឋាភិបាល​ខ្លួន​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​ប្រទេស​ចិន​។ ដោយឡែក សារព័ត៌មាន​ល្បីឈ្មោះ របស់​អាល្លឺម៉ង់​ឯណោះ​វិញ បាន​ចុះផ្សាយ​អត្ថបទ ចេញ​ជា​វិក័យបត្រ​ទាមទារ​ឱ្យ​ចិន សង​អាល្លឺម៉ង់​ចំពោះ​ផល​ខូចខាត​បណ្ដាល​មក ពី​ជំងឺ​កូ​វីដ​១៩​នេះ សរុប​ជា​ទឹកប្រាក់​ចំនួន ១៦៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ មិន​ខុស​ពី​អង់គ្លេស រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី ម៉ារីស ភេ​ន (Marise Payne) បាន​លើកឡើង​ថា ការស៊ើបអង្កេត​ចំពោះ​វិបត្តិ​នេះ តម្រូវ​ឱ្យ​មាន កិច្ច​សហប្រតិបត្តិការ​ជា​សកល​មួយ ដែល​គ្រប់​ភាគី និង​ប្រទេស​ទាំងអស់ ពិភាក្សា​បញ្ហា​នេះ​ដោយ​តម្លាភាព និង​អាច​ជឿ​ទុកចិត្ត​បាន។

កាល​ពី​ដើម​ខែ​មេសា ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏ ចក្រភព​អង់គ្លេស ឈ្មោះ Henry Jackson Society រកឃើញ​ថា ពិភពលោក ជាពិសេស ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​នៅ​លើ​សាកលលោក ហៅថា​ក្រុម​ប្រទេស G7 អាច​ទាមទារ​ឱ្យ​ចិន​សង​សំណង​ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៤ ទ្រី​លាន​ដុល្លារ ឬ ៤ លាន​លាន​ដុល្លារ​អាមេរិក ចំពោះ​ការខាតបង់​ទាំងនេះ​។

យ៉ាងណាក៏ដោយ ទាំង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទាំង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ធ្លាប់​បញ្ជាក់​ជំហរ​រួច​ហើយ​ថា កម្ពុជា​ពុំ​មាន​ចេតនា​ប្ដឹងផ្ដល់​ប្រទេស​ចិន ក្នុង​រឿង​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​ទេ​។ មន្ត្រី​ទាំងនោះ ថ្លែង​ការពារ​ជំនួស​ចិន​ថា ចិន​មិនបាន​ប្រព្រឹត្តិ​កំហុស​ក្នុង​រឿង​នេះ​ទេ។

អ្នក​ជំនាញ​ផ្នែក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍ ប្រចាំ​មជ្ឈមណ្ឌល​សិក្សា អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS លោក ប្រាយអ៊ិន ហារឌីង ថា ជំងឺ​រាតត្បាត​ជា​សាកល​ថ្មី​ទៀត នឹង​ជៀស​មិន​ផុត​ពី​កើតមានឡើង​នា​ពេល​អនាគត​នោះ​ទេ​។ លោក​ថា មេរៀន​ដែល​ប្រទេស​តូចតាច​ដូចជា​កម្ពុជា គួរតែ​រៀន​សូត្រ​នោះ​គឺ ត្រូវ​នាំគ្នា​បញ្ឈប់​កុំ​ឱ្យ​ជំងឺ​នេះ រីក​រាលដាល​ធំ​ឡើង​តាំងពី​ដើមដំបូង​មក​ម្ល៉េះ ហើយ​មិន​ត្រូវ​មាន​ការ​ព្យាយាម​បិទបាំង​ព័ត៌មាន អំពី​ការ​រាតត្បាត​នៃ​ជំងឺ​នោះ​ឡើយ៖ «នៅ​ពេល​អនាគត ខ្ញុំ​គិត​ថា មន្ត្រី​កម្ពុជា ចាំបាច់​ត្រូវ​ដឹង​ថា ពួកគេ​នឹង​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ខ្លួនឯង ដាក់ទោស​ទណ្ឌ ដោយសារតែ​បាន​លាតត្រដាង​អំពី​ការ​គំរាមកំហែង​ណាមួយ នៃ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត ឱ្យ​សាធារណជន​បាន​ដឹង​នោះ​ឡើយ ព្រោះ​ការ​ធ្វើ​ដូច្នេះ នៅ​ទីបំផុត​ទៅ គឺជា​កំហុស​ឆ្គង​មួយ»

រីឯ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល វិញ ផ្ដល់​អនុសាសន៍​ថា មានតែ​ការ​គោរព​សេរីភាព លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ទេ គឺជា​ដំណោះស្រាយ​ដើម្បី​ព្យាបាល ទប់ស្កាត់​កុំ​ឱ្យ​មាន​ជំងឺ​រាតត្បាត​ជា​សាកល​ទៀត។ ក៏ប៉ុន្តែ លោក​ថា របប​គ្រប់គ្រង​ប្រទេស​មួយ​ចំនួន នៅ​តែ​មិន​យល់​អំពី​បញ្ហា​នេះ ហើយ​បែរជា​ធ្វើ​អី្វៗ​ទាំងអស់ ដើម្បី​តែ​ពួកគេ​អាច​បន្ត​ក្ដោបក្ដាប់​អំណាច​តទៅ​ទៀត​បាន តាមរយៈ​ការ​កាត់បន្ថយ​សេរីភាព រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ ប្រជាធិបតេយ្យ​ទៅ​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល