កម្ពុជា​គ្មាន​ផែនការ​ប្ដឹងផ្ដល់​ទារ​សំណង​ពី​ចិន​រឿង​ផ្ទុះ​រីក​រាលដាល​ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩

ដោយ មាន ឫទ្ធិ
2020-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថា រដ្ឋាភិបាល​ពុំ​មាន​ផែនការ​ប្ដឹងផ្ដល់​មហា​យក្ស​ចិន ដើម្បី​ទាមទារ​យក​សំណង ជុំវិញ​រឿង​ដែល​ប្រទេស​មួយ​នេះ​រង​ការ​ចោទប្រកាន់​ថា បាន​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​ផ្ទុះ​រាលដាល​ឡើង​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ​-១៩​នោះ​ទេ​។ ការ​បញ្ជាក់​ជំហរ​នេះ កើត​មាន​ឡើង​ក្រោយ​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ មួយ​របស់​ចក្រភព​អង់គ្លេស​ស្នើ​ថា ពិភពលោក​ទាំងមូល អាច​នាំគ្នា​ប្ដឹង​ប្រទេស​ចិន ទាមទារ​យក​សំណង​សរុប​ប្រមាណ​ជិត ៤ ទ្រីលាន ឬ ៤​លាន​លាន ដុល្លារ​អាមេរិក​។ អ្នក​ជំនាញ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ ដរាបណា​ពិភពលោក​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​ប្រទេស​ចិន និង​ដើម្បី​កុំ​ឱ្យ​ប្រទេស​នានា​ធ្វេសប្រហែស​នា​ពេល​អនាគត។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ថា ការ​មិន​ប្តឹង​ចិន​នេះ គឺ​ដោយសារតែ​កម្ពុជា​យល់​ឃើញ​ថា ជំងឺ​កូវីដ១៩ ជា​ជំងឺ​សាកល ហើយ​មិនមែន​ជា​កំហុស​របស់​ប្រទេស​ចិន​នោះ​ទេ​។ លោក កុយ គួង បញ្ជាក់​ថា ក្នុង​ដំណាក់កាល​នេះ ប្រទេស​ទាំងអស់ រួម​ទាំង​ប្រទេស​ចិន​ផង សុទ្ធសឹងតែ​ជនរងគ្រោះ​ដូចគ្នា ហើយ​ទទួលរង​ផល​ប៉ះពាល់​ពី​ជំងឺ​រាតត្បាត​កូវីដ១៩​នេះ៖ «អត់​ទេ​! ពីព្រោះ​យើង​គិត​ថា វា​ជា​ជំងឺ​កើតឡើង ហើយ​យើង​ទាំងអស់​គ្នា សាកលលោក​ទាំងអស់​គ្នា ត្រូវតែ​រួមគ្នា​រក​វិធី​ទប់ទល់ ហើយ​ទប់ស្កាត់ កម្ចាត់​ជំងឺ​នេះ គឺជា​ការ​ល្អ​។ យើង​អត់​មាន​គិត​ថា ជា​កំហុស​របស់​អ្នកណា​ទេ​។ យើង​គិត​ថា ទាំងអស់​គ្នា​សុទ្ធតែ​ជា​ជនរងគ្រោះ​នៃ​ជំងឺ​នេះ​។ ដូច្នេះ យើង​ទាំងអស់​គ្នា គប្បី​រួម​សាមគ្គី​គ្នា ហើយ​ខិតខំ​ធ្វើ​យ៉ាងម៉េច ទប់ស្កាត់ កាត់បន្ថយ និង​កម្ចាត់​ជំងឺ​នេះ​ឱ្យ​ខាន​តែ​បាន»។

ទោះ​យ៉ាងណា ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏ ចក្រភព​អង់គ្លេស ឈ្មោះ Henry Jackson Society កាលពី​ថ្ងៃ​ទី​០៥ មេសា បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដើម្បី​ចង់ដឹង​ថា តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចេញ​សំណង​ទៅលើ​ផល​ប៉ះពាល់ និង​ការខូចខាត​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩​។ ស្ថាប័ន​នេះ បាន​ធ្វើ​ការសិក្សា​វាយតម្លៃ​អំពី​លទ្ធភាព​ដែល​ប្រទេស​ចិន អាច​ជាប់​ពិរុទ្ធភាព ឬ​មាន​កំហុស​បណ្ដាល​ឱ្យ​ជំងឺ​នេះ ក្លាយ​ជា​ជំងឺ​រាតត្បាត​ជា​សាកល ហើយ​បើ​ដូច្នេះ​មែន ថា​តើ​មាន​យន្តការ​អន្តរជាតិ​ណាមួយ អាច​ត្រូវ​ប្រើប្រាស់​សម្រាប់​ប្ដឹងផ្ដល់​តាម​ផ្លូវ​ច្បាប់ ចំពោះ​កំហុស​របស់​ចិន​នេះ​។ របាយការណ៍​រក​ឃើញ​ថា ពិភពលោក ជាពិសេស ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​នៅ​លើ​សាកលលោក ហៅថា​ក្រុម​ប្រទេស G7 អាច​ទាមទារ​ឱ្យ​ចិន​សង​សំណង​ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣,២ ទ្រីលាន​ផោន ឬ ៤ ទ្រី​លាន​ដុល្លារ ឬ ៤ លាន​លាន​ដុល្លារ​អាមេរិក ចំពោះ​ការ​ខាត​បង់​ទាំងនេះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ថា គំនិត​ផ្ដួចផ្ដើម​ចង់​ឱ្យ​មាន ការ​ប្ដឹងផ្ដល់​ចិន​នេះ​ជា​រឿង​ឥតប្រយោជន៍​។ លោក​ថ្លែង​ការពារ​ចិន ដែល​ជា​សម្ព័ន្ធ​មិត្រ ដែកថែប​របស់​កម្ពុជា​ថា ចិន​ពុំ​មាន​ចេតនា​ណាមួយ​ចង់​ឱ្យ​រឿងរ៉ាវ​នេះ​កើតមានឡើង​នោះ​ទេ​។ លោក សុខ ឥសាន បន្ត​ថា ការ​ចោទ​ប្រកាន់​ថា ចិន​ជា​អ្នក​លាក់បាំង​ព័ត៌មាន ហើយ​ជា​អ្នក​បណ្ដែតបណ្ដោយ​ឱ្យ​កើតមានឡើង​នូវ​បញ្ហា​រីក​រាលដាល​ជា​សាកល​នេះ គឺ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់ បែប​មនោគមន៍​វិជ្ជា​នយោបាយ ដែល​គ្មាន​ភស្តុតាង ច្បាស់លាស់៖ «ការ​លាក់បាំង​ព័ត៌មាន​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​ទេ។ អ្នកចោទ​ហ្នឹង​ហើយ ដែល​ថា​គេ​លាក់​បាំង​ហ្នឹង​។ ដូច្នេះ​ហើយ វា​ស្ថិត​នៅ​ក្នុង​មនោគមន៍​វិជ្ជា​ទេ ការ​ចោទ​ថា ចិន​លាក់បាំង​ព័ត៌មាន​នេះ វា​អត់​មាន​អ្នកណា​ធ្វើ​សាក្សី វា​អត់​មាន​អង្គហេតុ អង្គ​សេចក្ដី​ច្បាស់លាស់​ទេ​។ អ្នក​ទាំង​ហ្នឹង​ថា តែ​អ៊ីចឹង​ឯង​។ គិត​ឃើញ​ម៉េច​ប្ដឹង​អ៊ីចឹង ម៉េច​បាន​ទៅ​រួច?»។

ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូប​នេះ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​របស់​ចក្រភព​អង់គ្លេស​ឈ្មោះ Henry Jackson Society (HJS) រក​ឃើញ​ថា ចិន​បាន​ប្រព្រឹត្តិ​កំហុស​ធំៗ​ចំនួន ៤ ដែល​ជា​លទ្ធផល​បាន​បណ្ដែតបណ្ដោយ​ឱ្យ​មេរោគ SARS-CoV-2 ដែល​បង្ក​ឱ្យ​កើត​ជំងឺ​កូវីដ-១៩​នេះ ក្លាយ​ជា​ជំងឺ​រាតត្បាត​ជា​សាកល​។ កំហុស​ចម្បង​ទាំង​៤ របស់​ចិន​នោះ រួមមាន ការ​ខកខាន​មិនបាន​បញ្ចេញ​ព័ត៌មាន ឱ្យ​ពិភពលោក​បាន​ដឹង​ជាមុន​ថា ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន ដែល​ការ​លាក់បាំង​នេះ​មាន​រយៈពេល​ដល់​ទៅ ៣​សប្ដាហ៍ ក្រោយពី​ខ្លួន​បាន​ដឹង​អំពី​ជំងឺឆ្លង ដ៏​កាច​សាហាវ​នេះ​ហើយ​។ កំហុស​ទី​ពីរ គឺ​ចិន​បាន ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​ឱ្យ​ទៅ​អង្គការ សុខភាព​ពិភពលោក WHO អំពី​ចំនួន​នៃ​អ្នក​ឆ្លង​ជំងឺ​នេះ​។ កំហុស​ទី​៣ គឺ​ចិន បរាជ័យ​ក្នុង​ការ​ហាមប្រាម​កុំ​ឱ្យ​មានការ​បរិភោគ​សត្វ​សាច់​ព្រៃ​ដែល​អាច​ចម្លង​រោគ​បាន​ងាយ​។ ហើយ​កំហុស​ចុងក្រោយ គឺ​ចិន​បាន​បណ្ដោយ​ឱ្យ​ពលរដ្ឋ​ខ្លួន​សរុប​ប្រមាណ ៥ លាន​នាក់ ធ្វើដំណើរ​ចេញពី​ទីក្រុង​វូហាន (Wuhan) ដែល​ជា​ចំណុច​ស្នូល​ដំបូង​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ មុន​ពេល​បិទ​តំបន់​នោះ ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៣ មករា បើ​ទោះ​បី​ជា​ដឹង​ថា ជំងឺ​នេះ​អាច​ឆ្លង​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស​បាន​យ៉ាង​ណា​ក៏​ដោយ។

របាយការណ៍​វាយតម្លៃ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាប់​កាតព្វកិច្ច​អនុលោម តាមច្បាប់​អន្តរជាតិ ជាពិសេស​បទប្បញ្ញត្តិ​ស្ដីពី​សុខាភិបាល​អន្តរជាតិ ឆ្នាំ​២០០៥ (International Health Regulations, 2005) ដែល​តម្រូវ​ឱ្យ​ប្រទេស​ពាក់ព័ន្ធ ត្រូវ​ជូនដំណឹង​ឱ្យ​បាន​ទាន់​ពេល​វេលា ឱ្យ​បាន​ត្រឹមត្រូវ និង​លម្អិត​អំពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សុខភាព​សាធារណៈ​។ ក៏ប៉ុន្តែ ចិន​បាន​ខកខាន​មិនបាន​អនុវត្ត​ស្របតាម​បទប្បញ្ញត្តិ​នេះ​ទេ ហើយ​ផ្ទុយទៅវិញ របាយការណ៍​បញ្ជាក់​ថា ចិន​ទំនងជា​អាច​មាន​បង្កប់​ចេតនា​ភូត​កុហក​ពិភពលោក​។ របាយការណ៍​ដដែល​លម្អិត​ថា ការផ្ទុះ​រាលដាល​ជា​សាកល​នៃ​ជំងឺ​នេះ បាន​បណ្ដាល​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់ និង​បង្អាក់​ចរន្ត​សេដ្ឋកិច្ច​សាកល​តែម្ដង​។ របាយការណ៍​ផ្ដល់​អនុសាសន៍​ថា ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ប្រព័ន្ធ​អន្តរជាតិ ផ្អែក​តាម​គោលការណ៍​ច្បាប់​ជាធំ និង​ដើម្បី​ការពារ​មនុស្ស​ទូទៅ​ដែល​ជា​អ្នក​បង់ពន្ធ កុំ​ឱ្យ​ទទួល​ទណ្ឌកម្ម​នៃ​ការទទួលខុសត្រូវ​នេះ ពិភពលោក​ទាំងមូល​គួរ​នាំគ្នា ដាក់ពាក្យ ប្តឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​រំលោភច្បាប់​អន្តរជាតិ និង​បង្ក​ឱ្យ​មាន​វិនាស​សកម្ម មិន​ធ្លាប់​មាន​ពី​មុន​មក ដល់​មនុស្ស​ជាតិ​បែបនេះ។

របាយការណ៍​ដដែល​ផ្ដល់​អនុសាសន៍​ថា មាន​យន្តការ​តាម​ផ្លូវ​ច្បាប់​ចំនួន ១០ ដែល​ទាំង​រដ្ឋ និង​ទាំង​បុគ្គល​ទូទៅ អាច​នាំគ្នា​ប្ដឹង​ប្រទេស​ចិន​ឱ្យ​សង​សំណង​ពី​ការខូចខាត​បង្កឡើង​ដោយ ជំងឺ​កូវីដ១៩។ យន្តការ​ទាំងនោះ រួមមាន​ជាអាទិ៍ ដូចជា តាមរយៈ​អង្គការ​សុខភាព​ពិភពលោក WHO តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ តុលាការ​អចិន្ត្រៃយ៍​នៃ​មជ្ឈតកម្ម ឬ​អាជ្ញាកណ្តាល PCA អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO តាមរយៈ​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី ឬក៏​តាមរយៈ អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិសមុទ្រ​ឆ្នាំ​១៩៨២ ជាដើម។

អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី យល់​ថា កម្ពុជា​មិន​ហ៊ាន​ចូលរួម​ក្នុង​យុទ្ធនាការ​គំនិត​ផ្ដួចផ្ដើម​ដែល​នាំ​ឱ្យ​ឈាន​ទៅ​ប្ដឹងផ្ដល់​ចិន​នោះ​ទេ ព្រោះ​កម្ពុជា​មិន​ហ៊ាន​និយាយ​អ្វី​ឱ្យ​ប៉ះពាល់​ចិន ដែលជា​សម្ព័ន្ធ​មិត្រ​របស់​ខ្លួន​។ លោក​ថា លោក​គាំទ្រ​យុទ្ធនាការ​នេះ ដើម្បី​ជា​មេរៀន​សម្រាប់​ពិភពលោក​ទៅ​ថ្ងៃ​អនាគត ឱ្យ​ប្រទេស​នីមួយៗ​មានការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់ និង​ប្រញាប់ប្រញាល់​រក​វិធី​ដោះស្រាយ ពេល​ដែល​សង្ស័យ​ថា មាន​ជំងឺ​រាតត្បាត​កើត​ឡើង៖ «ខ្ញុំ​យល់ថា ជា​ទិដ្ឋភាព​នយោបាយ​កម្ពុជា​ដូចជា​មិន​មាន ឥទ្ធិពល​អី​ក្នុង​ការ​ចូលរួម​ធ្វើ​រឿង​ទាំងអស់​ហ្នឹង​ទេ​។ ហើយ​បើសិនជា​តម្រូវការ ហើយ​មាន ក៏​ខ្ញុំ​គិត​ថា ក្នុង​កាលៈទេសៈ​បរិបទ​នយោបាយ​រវាង​ចិន និង​កម្ពុជា​នេះ ខ្ញុំ​គិត​ថា កម្ពុជា​មិន​ហ៊ាន​និយាយ​អី​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ចិន​ទេ​។ ប៉ុន្តែ ខ្ញុំ​គាំទ្រ​ទៅលើ​យុទ្ធនាការ​ពិភពលោក បើសិនជា​មានការ​លាក់លៀម​ព័ត៌មាន ហ្នឹង​មែន ហើយ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់ សេដ្ឋកិច្ច​ធ្លាក់​ធ្ងន់ធ្ងរ​មែនទែន គឺ​ប្រទេស​សាមី​ដែល​បាន​លាក់​រឿង​ហ្នឹង​ពី​ដើមទី ហើយ​ការ​លាក់​នោះ​ត្រូវ​គេ​រក​ឃើញ​ថា មាន​ភស្តុតាង​គ្រប់គ្រាន់ មាន​ការ​ចេញ​បញ្ជា​មិន​ឱ្យ​ផ្សាយ​មិន​ឱ្យ​អី​មែន​នោះ វា​ជា​រឿង​សមរម្យ​ក្នុង​ការ​ប្ដឹងផ្ដល់​គ្នា​។ យ៉ាង​ហោច​បើ​វា​មិន​បាន​លុយ ទៅ​ដល់​រាប់​កោដិ​រាប់​លាន​ដុល្លារ ក៏​បាន​រម្លឹក​ឡើងវិញ​នូវ​ច្បាប់​សុខភាព​របស់​ពិភពលោក តើ​នៅ​ពេល​ដែល​មាន​រឿងរ៉ាវ​បែប​ហ្នឹង​កើតឡើង តើ​ប្រទេស​នីមួយៗ​ត្រូវ​បង្ហាញ ការ​ស្មោះត្រង់​បែប​ណា?»។

សម្រាប់​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល លោក​យល់​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ នឹង​មិន​ប្ដឹងផ្ដល់​ចិន ដែល​ជា​ចៅហ្វាយនាយ​របស់​ខ្លួន​នោះ​ទេ​។ តែ​ផ្ទុយទៅវិញ លោក​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ មានតែ​ធ្វើជា​ប្រទេស​ដំបូង​គេ ចូលរួម​បង្កើត​ក្រុម​បក្ខ​ពួក​ចាំ​ត្រៀម​ការពារ​ឱ្យ​ចិន​ទៅវិញ​ទេ​។ សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​រូប​នេះ ផ្តល់​អំណះអំណាង​ថា ពិភពលោក​ទាំងមូល ត្រូវ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​នានា​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​រៀងៗ​ខ្លួន​។ លោក​ថា ទស្សនៈ​នៃ​ការទទួលខុសត្រូវ​របស់​ពិភពលោក​ក្នុង​ការ​ការពារ​មនុស្ស​ជាតិ មិនមែន​មានន័យថា គ្រាន់តែ​ការពារ​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​អំពើ​ប្រល័យពូជសាសន៍​នោះ​ឡើយ តែ​វា​ក៏​គឺជា​ការពារ​មនុស្សលោក​ពី​អភិបាលកិច្ច​អាក្រក់​របស់​រដ្ឋអំណាច ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​រាតត្បាត​ជា​សាកល​។ លោក​ថា ប្រទេស​មួយ​ចំនួន​ដូចជា​កម្ពុជា​ជាដើម ត្រូវការ​ជំនួយ​កសាង​សមត្ថភាព​ដើម្បី​ឃ្លាំ​មើលជំងឺ និង​ការ​កែលម្អ​ប្រព័ន្ធ​សុខាភិបាល​ជា​មូលដ្ឋាន​របស់​ខ្លួន​។ លោក​ថា ការពិត​ស្ថិត​នៅ​ត្រង់​ថា កង្វះ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​ទៅវិញ​ទេ ដែល​បាន​បណ្ដាល​ឱ្យ​ឈាន​ទៅ កើតមាន​ជំងឺ​រាតត្បាត​ជា​សាកល​។ អ្នក​ជំនាញ​រូប​នេះ ផ្ដល់​អនុសាសន៍​ថា ប្រសិនបើ​ពលរដ្ឋ​មាន​សេរីភាព​ច្រើនជាង​នេះ ពួកគេ​អាច​រាយការណ៍ អំពី​ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​នានា​បាន ហើយ​ហេតុការណ៍​នេះ អាច​បញ្ឈប់​ជំងឺ​ទាំងនោះ មិន​ឱ្យ​វិវឌ្ឍ​ក្លាយ​ជា​ជំងឺ​រាតត្បាត​ក្នុង​តំបន់ ឬ​ជា​ជំងឺ​រាតត្បាត​សាកល​បាន​តាំង​ពី​ដំបូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Ta Ping Says Ta HSen's life is a piece of cake if he wants too

Oh c'mon guy...let me tell u,Ta HSen has no capacity to makes file a lawsuit against Ta Ping at all,but Ta Ping can sues Ta HSen whatever he wants.Because,Ta HSen's soul is in the hands of Ta Ping...dead or alive is depend on Ta Ping make last decision.

Apr 08, 2020 11:59 AM

គេហទំព័រ​ទាំងមូល