អ្នក​ជំនាញ​ព្រមាន​ពី​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ ដោយសារ​ទាហាន​ខ្មែរ អាច​ឆ្លង​ជំងឺ​កូវីត​១៩ ខណៈ​របប​ភ្នំពេញ​ជម្នះ​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​ជាមួយ​ចិន

ដោយ មាន ឫទ្ធិ
2020-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាកាម​ជា​ទាហាន ចូលរួមសិក្ខាសាលា​នៃ​ការ​ពារ​ទិសដៅ នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៩។
សិក្ខាកាម​ជា​ទាហាន ចូលរួមសិក្ខាសាលា​នៃ​ការ​ពារ​ទិសដៅ នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៩។
Photo: RFA

អ្នក​ជំនាញ​ព្រមាន​ពី​ហានិភ័យ​ដល់​វិស័យ​សន្តិសុខ​ជាតិ ដោយសារ​ទាហាន​ខ្មែរ អាច​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈ​ពួកគេ​កំពុង​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​នាគមាស​ជាមួយ​ទាហាន​ចិន។ ការ​ព្រមាន​នេះ កើតមានឡើង​ស្រប​ពេល​របប​ក្រុងភ្នំពេញ នៅតែ​ជម្នះ រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​លើក​ទី​៤ ជាមួយ​មហាមិត្ត​ចិន ដោយមាន​ទាហាន​ចិន រាប់​រយ​នាក់​ចូលរួម ហើយ​របប​នេះ នៅតែ​មិន​ព្រម​ចេញ​បម្រាម​ហាម​ជនជាតិ​ចិន ចូល​ទឹកដី​កម្ពុជា។

អ្នក​ជំនាញ​មើល​ឃើញ​ថា របប​លោក ហ៊ុន សែន ចាត់​វិធានការណ៍​ទប់​ស្កាត់​ការ​រីក​រាល​ដាល នៃ​ជំងឺ​កូវីដ-១៩ មាន​ចរិត​នយោបាយ បែប​រណប​ចិន និង​ប្រើ​ស្តង់ដារ​ពីរ ដោយ​មិនសូវ​ផ្ដោត​ខ្លាំង​លើ​ការ​ផ្តល់​អាទិភាព​ដល់​សុខុមាលភាព​សាធារណៈ​របស់​ពលរដ្ឋ ខ្លួន​ជា​ចម្បង​ឡើយ​។ នៅ​សប្ដាហ៍​នេះ របប​នេះ បាន​ដាក់​ចេញ​វិធានការណ៍​បង្ការ​មួយ​ចំនួន ដោយ​ហាមប្រាម មិន​ឱ្យ​ជនបរទេស​មកពី​អឺរ៉ុប អាមេរិក និង​អ៊ីរ៉ង់​ចូល​ក្នុង​ទឹកដី​កម្ពុជា តែ​របប​នេះ​មិនបាន​ហាមប្រាម​ជនជាតិ​ចិន​ឡើយ​។ លើស​ពី​នេះ​ទៀត របប​នេះ ថែមទាំង​ជម្នះ​មិន​ព្រម​លុបចោល ការ​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​ប្រចាំ​ឆ្នាំ​លើក​ទី​៤ ជាមួយ​មហាមិត្ត​ចិន​នោះ​ទេ ដោយមាន​ទា​ហ៊ាន​ចិន​ជាង​២៦៥​នាក់​ចូលរួម​។ អ្វី​ដែល​ខុសប្លែក គឺ​សមយុទ្ធ​យោធា​លើក​នេះ ធ្វើឡើង​ធំ​ជាង​កាលពី​លើក​មុនៗ ដោយមាន​ទាហាន​ខ្មែរ និង​ចិន​ចូលរួម​សរុប​ដល់​ទៅ ជាង ៣​ពាន់​នាក់ អម​ដោយ​ការប្រើប្រាស់​អាវុធ យុទ្ធភណ្ឌ​ទំនើបៗ​។​

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល មើល​ឃើញ​ថា ការ​នៅតែ​ជម្នះ​ធ្វើ​សមយុទ្ធ យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាមួយ​មហាមិត្ត​ចិន​បែបនេះ នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​មួយ សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។ លោក​ប្រាប់​អាស៊ីសេរី ថា ពលរដ្ឋ និង​កូន​ទា​ហ៊ាន​ខ្មែរ ទាំងនេះ ត្រូវ​មេដឹកនាំ​សព្វថ្ងៃ​ចាត់ទុកថា ជា​មនុស្ស​កំប៉ិកកំប៉ុក ហើយ​គ្មាន​តម្លៃ ដែល​ត្រូវ​ការពារ​ពួកគេ​ពី​ការ​ឆ្លង​រោគ​អ្វី​នោះ​ឡើយ​។ លោក​ថា វា​ជា​រឿង​ចម្លែក ដែល​កម្ពុជា​របស់​លោក ហ៊ុន សែន បើកដៃ​ស្វាគមន៍​ជាមួយ​ចិន​បែបនេះ ហើយ​ផ្ដោត​ខ្លាំង​លើ ភូមិសាស្ត្រ​នយោបាយ ជាជាង​សុខភាព​សាធារណៈ​។ លោក​ព្រមាន​ថា ដោយសារតែ របប​ក្រុងភ្នំពេញ​ស្រេកឃ្លាន​ទឹកប្រាក់ និង​អំណាច​ខ្លាំង​ពេក របប​នេះ​មិនបាន​យកចិត្តទុកដាក់ ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីត-១៩ ដែល​អាច​នឹង​ផ្ទុះឡើង​ក្នុង​អំឡុង​ពេល​ធ្វើ​សមយុទ្ធ យោធា​នេះ​។ លោក​មើលឃើញ​ថា ទាល់តែ​នាយ​ទាហាន និង​កងទ័ព​របស់ មេដឹកនាំ​របប​នេះ ព្រមទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ខ្លួនឯង​ផង ត្រូវ​រងគ្រោះ​ដោយសារតែ​ការ វាយប្រហារ​នៃ​ជំងឺ​នេះ ទើប​របប​នេះ​ប្ដូរ​ជំហរ​របស់​ខ្លួន ឆាប់រហ័ស​វិញ។

រីឯ​អ្នកឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម បណ្ឌិត មាស នី វិញ មើល​ឃើញ​ថា ប្រសិនបើ មានការ​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុងចំណោម​ជួរ​កងទ័ព​ខ្មែរ ដោយសារតែ​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ នោះ​មេដឹកនាំ​បច្ចុប្បន្ន អាច​នឹង​រង​ការរិះគន់​អវិជ្ជមាន ក្នុង​ចំណោម​យោធា​ខ្មែរ ទៅលើ​ការដឹកនាំ​របស់​ពួកគេ៖ «បើ​សិន​ជា​មាន​ការ​ឆ្លង នោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​យោធា​ខ្មែរ នឹង​បង្ហាញ​នូវ​ការរិះគន់​របស់​ខ្លួន​ទៅលើ​… ពីព្រោះ​អី​យោធា យើង​ដឹង​ហើយ តែ​មេ​បញ្ជា​ឱ្យ​ទៅ​គឺ​ទៅ​ហើយ​។ បើ​នៅ​ពេលណា​ដែល​គាត់​ឆ្លង​ជំងឺ នោះ​ប្រហែលជា ប្រតិកម្ម​របស់​គាត់​អាច​នឹង​មាន​ប្រតិកម្ម​ជា​អវិជ្ជមាន​តិច​ឬ​ច្រើន អាស្រ័យ​លើ​ទំហំ​នៃ​គ្រោះថ្នាក់ ទំហំ​នៃ​ការ​រីក​រាលដាល​នោះ។ ហើយ​បើសិនជា​ធ្វើ​ទៅ​វា​មិន​មាន​បញ្ហា​អី ហើយ​វា​ល្អ​សុខ​ស្រួល​ទេ នោះ​វា​ជា​សំណាង​មួយ ហើយក៏​ស្ងប់ស្ងាត់​ទៅវិញ​ដែរ»

បណ្ឌិត មាស នី ពន្យល់​ថា កម្ពុជា​មិន​ហ៊ាន​សម្រេចចិត្ត​ហាមប្រាម​មិន​ឱ្យ​ជនជាតិ​ចិន​ចូល មក​ទឹកដី​ខ្លួន​ឡើយ ព្រោះ​ដោយសារតែ​ការ​ធ្វើ​ដូច្នេះ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន​។ ក្រៅពីនោះ លោក​ក៏​ព្រមាន​ពី​គ្រោះថ្នាក់​ផ្សេងទៀត ដល់​អនាគត​កម្ពុជា​ផង ពិសេស​គឺ​ការពិបាក​របស់​កម្ពុជា​ក្នុងការ​បង្ហាញ​ជំហរ​ដាច់​ណាត់ ណាមួយ ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​មក​លើ​ប្រទេស​ខ្លួន៖ «គ្រោះ​ថា្នក់​មួយ​ដែល​វា​នឹង​អាច​កើតមាន ប្រសិនណាបើ​យើង បង្ហាញ​នូវ​សញ្ញា​លម្អៀង​ហ្នុ​ង​កាន់តែ​ច្រើន​ឡើងៗ វា​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា អាច​ឃ្លាតឆ្ងាយ​ពី អ្វី​ដែល​យើង​ហៅថា​ជា​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ខ្លួន​។ វា​អាច​នៅ​ពេល​ដំបូងៗ យើង​ចេះតែ​រើ​បាន យើង​ចេះតែ​ការពារ​បាន​ហើយ ប៉ុន្តែ បើសិនជា​ស្ថានភាព​ចេះតែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​ប្រទេស​សាមី​ខ្លួន​ចេះតែ​ទន់​ទៅៗ នោះ​ទី​ចុង​បំផុត​យើង​មិន​មាន​ជម្រើស​អី​ច្រើន ក្រៅពី​ទទួលយក​នូវ​ឥទ្ធិពល​របស់​គេ​ទេ»

ចាប់​តាំង​ពី​មានការ​ផ្ទុះឡើង​ដំបូង​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ឬ SARS COV2 ដែល​បង្ក​ឱ្យ​កើត ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​វូហាន ប្រទេស​ចិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ចាក់​ទឹក​មិន​លេច​ជាមួយ​មហាមិត្ត​ចិន​របស់​លោក ដោយ​បាន​ធ្វើ​ចំណាត់ការ​ផ្ទុយ​ពី​ប្រទេស​នានា​លើ​ពិភពលោក​។ ក្នុង​នោះ​មានការ​ជម្នះ​មិន ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​តំបន់​នោះ ការ​ធ្វើ​ដំណើរ​ទៅ​ជួប​មេដឹកនាំ​ចិន និង​ការ​មិនបិទ​ជើង​ហោះហើរ ទៅកាន់​ប្រទេស​ចិន​ជាដើម ក្រោម​ហេតុផល​សេដ្ឋកិច្ច មិត្តភាព និង​សីលធម៌ ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​ពលរដ្ឋ​ចិន​បញ្ចើចបញ្ចើ​រថា ជា «​បុរស​សង្ហារ ដើរ​បញ្ច្រាស​ទិស»។ លើស​ពី​នេះ​ទៀត លោក​ថែមទាំង​ហៅ​ការសម្រេចចិត្ត​របស់​លោក ជា​ការ​សម្រេចចិត្ត​មហា​ត្រឹមត្រូវ និង​ប្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ​រង់ចាំ​អ៊ុត​មើល​លទ្ធផល នា​ពេល​អនាគត​ដោយសារតែ​ការសម្រេចចិត្ត​របស់​លោក​យ៉ាង​ដូច្នេះ​។ លោក​ថែមទាំង​បាន​ហៅ​ក្រុម​អ្នក​រិះគន់​របប​លោក ដែល​មិន​បាន​ចេញ​បម្រាម​បិទ​មិន ឱ្យ​ចិន​ចូល​នេះ ថា​មិន​សមជា​ជនជាតិ​ខ្មែរ​ទៀត​ផង៖ «ក៏ប៉ុន្តែ ថ្ងៃនេះ​ខ្ញុំ​ក៏បាន​ឃើញ​នូវ​ហ្វេសប៊ុក នៃ​ការ​ឌឺដង​របស់​ពួក​អគតិ ដែល​គេ​គិត​ថា វា​ជា​រឿង​ល្អ​ដែល​ត្រូវ​បិទ ក៏ប៉ុន្តែ មិន​ឃើញ​បិទ​ចិន ទាល់តែសោះ បែរជា​បិទ​បារាំង បិទ​អាមេរិក បិទ​អ៊ីតាលី បិទ​អេស្ប៉ាញ បិទ​អាល្លឺម៉ង់។ អ្នក​ពិតជា​អគតិ​ជ្រុល​ហួស ហើយ​មិន​សាក​សមជា​ពលរដ្ឋ​ខ្មែរ​ទាល់តែសោះ ពិតមែន​តែ​អ្នក មាន​ឈាមជ័រ​ជា​ខ្មែរ»

នៅ​មួយថ្ងៃ​មុន​ពេល​បើក​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​ជាមួយ​ចិន​កាលពី​ថ្ងៃ​ទី​១៥ មីនា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ខ្មែរ​មិន​គួរ​ព្រួយបារម្ភ​ពេក ចំពោះ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ​ទេ ព្រោះ​កងទ័ព​ចិន​ទាំងនេះ កម្ពុជា​បាន​ពិនិត្យ​សុខភាព យ៉ាង​ជាក់លាក់​រួចហើយ ហើយ​ពួកគេ​សុទ្ធ​តែ​មាន​ថាមពល​ល្អ៖ «សុខភាព​ពួកគាត់​ហ្នឹង​គឺ​បចេ្ចកវិទ្យា​ខាង​ចិន​ហ្នឹង គឺ​ហាក់ដូចជា​ពិភពលោក​គឺ​ពិបាក​នឹង​រក​ណាស់ ព្រោះ​ចិន​គេ​អាច​ទប់ទល់​បាន​ទាំងអស់ ហើយ​តំបន់​ដែល​គេ​ចាត់​ឱ្យ​កម្លាំង​កងទ័ព​រំដោះ​ប្រជាជន​ចិន​មក​ហ្នឹង​វា​អត់​មានរឿង​ Covid-19 ឬ​កូ​រ៉ូ​ណា​ស្អី​ទាំងអស់​។ ដូច្នេះ​កងទ័ព​គេ​បាន​ពិនិត្យពិច័យ​យ៉ាង​ជាក់លាក់​ហើយ​សុទ្ធ​សឹង​តែ​មាន​លិខិត​បញ្ជាក់​អំពី​សុខភាព​ដ៏​មាំមួន​ពេញលេញ​ពោរពេញ​ទៅ​ដោយ​ថាមពល​ទាំងអស់»

យ៉ាងណាក៏ដោយ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ស្នើ​ថា ជា​ការ​ប្រសើរ​ដែល​របប​ក្រុងភ្នំពេញ គួរតែ​ផ្អាក ឬ​លុបចោល​ការ​ធ្វើ​សម​យុទ្ធ​ជាមួយ​នឹង​ចិន​នេះ​តែម្ដង​។ លោក​ថា បញ្ហា​នា​ពេល​ឥឡូវនេះ គឺ​ការ​ធ្វើ​ឱ្យ​ករណី​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ នៅ​ថេរ ហើយ​បញ្ឈប់​ការ​ឆ្លង​នៃ​មេរោគ​នេះ តទៅទៀត​។ លោក​បន្ត​ថា ការ​ឱ្យ​មនុស្ស​នៅ​ឆ្ងាយ​ពី​គ្នា​គឺជា​គន្លឹះ​ដោះស្រាយ​បញ្ហា​នេះ ដូច្នេះ​ហើយ ការ​ប្រមូល​ផ្គុំគ្នា ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នេះ មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​។ លោក​ព្រមាន​ថា រឿងរ៉ាវ​យូរអង្វែង គឺ​មិនមែន​តែ​រឿង​ទប់ទល់​នឹង​ជំងឺ​កូវីដ-១៩ តែប៉ុណ្ណោះ​ទេ តែ​នោះ​គឺ​ការបាត់បង់​នូវ​សេរីភាព ការរំលោភ​សិទ្ធិមនុស្ស និង​ការ​រម្លាយ​ប្រជាធិបតេយ្យ ដោយសារតែ​ការ​សេព​គប់​ជាមួយ មហាមិត្ត​ចិន​នេះឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល