តើ​ប្រទេស​ណា​ខ្លះ​បាន​បង្កើន​យុទ្ធនាការ​ឈ្លប​យក​ការណ៍​លើ​ពលរដ្ឋ​ខ្លួន​ឯង ចាប់​តាំង​ពី​មាន​ករណី​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩?

ដោយ មាន ឫទ្ធិ
2020-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបត្លុកអាស៊ីសេរី
រូបត្លុកអាស៊ីសេរី
RFA

តើ​ប្រទេស​ណា​ខ្លះ​បាន​បង្កើន​យុទ្ធនាការ​ឈ្លប​យក​ការណ៍​លើ​ពលរដ្ឋ​ខ្លួន​ឯង ចាប់​តាំង​ពី​មាន​ករណី​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩?

ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩ រដ្ឋាភិបាល​នៃ​ប្រទេស មួយ​ចំនួន​នៅ​លើ​ពិភព​លោក ជាពិសេស​ក្រុម​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ដឹក​នាំ​បែប​កុម្មុយនិស្ត ឬ​ផ្ដាច់ការ បាន​បង្កើន​យុទ្ធនាការ​ឈ្លប​យក​ការណ៍​លើ​ពលរដ្ឋ​ខ្លួន​ឯង ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ ក្រោម​ហេតុផល​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ។ ចំណាត់​ការ​ដូច្នេះ រង​ការ​រិះគន់​ថា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គល និង​ពលរដ្ឋ​ទូទៅ។ សង្គម​ស៊ីវិល​អន្តរជាតិ ចង់​ឃើញ​រដ្ឋ​អំណាច​នៃ​ប្រទេស​ទាំង​អស់ ផ្ដោត​លើ​ការ​គោរព​សិទ្ធិមនុស្ស​ជា​ចម្បង មុន​នឹង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិជ្ជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​នេះ។

មិន​ខុស​ពី​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​និន្នាការ​កុម្មុយនិស្ត ឬ​ប្រព័ន្ធ​គ្រប់គ្រង​បែប​ផ្ដាច់ការ​នៅ​លើ​ពិភព​លោក នៅ​កម្ពុជា រដ្ឋ​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បណ្ដែតបណ្ដោយ​ឲ្យ​កាស​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ កន្លង​ផុត​ទៅ ដោយ​ពុំ​បាន​កេង​យក​ប្រយោជន៍​នោះ​ឡើយ។ លោក​បាន​ប្រញ៉ាប់ប្រញ៉ាប់​ឆក់​យក​វិបត្តិ​នេះ ប្រែក្លាយ​ជា​កាស ដើម្បី​ធានា​ភាព​យូរ​អង្វែង​នៃ​ការ​គ្រប់គ្រង និង​ក្តោបក្តាប់​អំណាច​របស់​លោក​ត​ទៅ​ទៀត។

ការ​ឆក់​យក​កាស​នោះ​គឺ ការ​បង្កើត​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន៖

ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់​គ្មាន​ការ​ប្រមូល​មតិ​យោបល់​ពី​ពលរដ្ឋ​ទូទៅ ឬ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ឡើយ លើកលែង​តែ​អ្វី​ដែល​បាន​ដាក់​ចេញ​ដោយ​របប​ឯក​បក្ស​របស់​លោក។ ដោយ​ប្រើ​ពេល​មិនដល់ ៣សប្ដាហ៍​ផង ច្បាប់​នេះ បាន​ឆ្លង​ផុត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដោយ​គ្មាន​ការ​កែប្រែ។ បើ​ទោះ​ជា​ច្បាប់​នេះ អនុញ្ញាត​ឲ្យ​រដ្ឋ​ដក​ហូត​សិទ្ធិ​សំខាន់ៗ របស់​ពលរដ្ឋ ជា​ពិសេស សិទ្ធិ​ដើរហើរ សិទ្ធិ​ប្រមូល​ផ្តុំ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ផ្ដល់ និង​ទទួល​បាន​ព័ត៌មាន​ក៏​ដោយ ច្បាប់​នេះ ត្រូវ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ។ ច្បាប់​នេះ ធ្វើ​ឡើង​ដោយ​ចាត់​ទុក​បញ្ហា​ជំងឺ​រាតត្បាត​លើ​សុខភាព​សាធារណៈ ស្មើ​គ្នា​នឹង​បញ្ហា​ពេល​ប្រទេស​មាន​សង្គ្រាម ដែល​មាន​ន័យ​ថា ច្បាប់អាជ្ញាសឹក ក៏​អាច​ត្រូវ​យក​មក​អនុវត្ត ក្នុង​ពេល​មាន​អាសន្ន​ផ្នែក​ជំងឺ​រាតត្បាត ដូច​គ្នា​នឹង​ពេល​មាន​សង្គ្រាម​ដែរ។

មាត្រា ៥ នៃ​ច្បាប់​នេះ បាន​បើក​ដៃ និង​ផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ ឲ្យ​រដ្ឋ​អំណាច អាច​ដក​ហូត និង​រិតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ផ្តល់ និង​ទទួល​បាន​ព័ត៌មាន​ក្នុង​ពេល​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន តាម​រយៈ​ការ​ដាក់​ចេញ​វិធានការ​ឃ្លាំមើល និង​តាម​ដាម​តាម​គ្រប់​មធ្យោបាយ ដោយ​ប្រើ​ប្រព័ន្ធ​ទូរគមនាគមន៍​គ្រប់​រូបភាព។ ក្រៅ​ពី​នេះ ច្បាប់​នេះ ក៏​អនុញ្ញាត​ឲ្យ​រដ្ឋ ដាក់​ចេញ​នូវ​វិធានការ​ឥត​កំណត់​ដទៃ​ទៀត ដែល​រដ្ឋ​យល់​ថា មាន​ភាព​សម​ស្រប និង​ចាំបាច់។

វិធានការ​ឃ្លាំមើល និង​តាមដាន និង​វិធានការ​សមស្រប និង​ចាំបាច់​ដែល​គ្មាន​និយមន័យ​នេះហើយ កំពុង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន RSF ថា​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សេរីភាព​នៃ​ការ​ផ្ដល់​ព័ត៌មាន និង​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​។ នាយក​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថា ច្បាប់​នេះ នឹង​បង្កើត​ឱ្យ​មាន​នូវ​ប្រព័ន្ធ​មួយ​នៃ​ការ​តាមដាន​ឈ្លប​យកការណ៍ និង ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈពេល ៣០​ឆ្នាំ កន្លងមក។

ការ​រិះគន់​ទាំង​នេះ​ត្រូវ​មន្ត្រី​បក្ស​កាន់​អំណាច និង​លោក ហ៊ុន សែន ច្រានចោល ក្រោម​ហេតុផល​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ទូទៅ តែងតែ​កើត​មាន​ឡើង ក្នុង​ពេល​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។ ក៏ប៉ុន្តែ ពួក​គេ​ពុំ​បាន​លើក​ឡើង​ទេ​ថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​និយម​ប្រជាធិបតេយ្យ​មួយ​ចំនួន ពិសេស​នៅ​សហរដ្ឋ​អាមេរិក បាន​ហាម​ដាច់ខាត​ការ​ធ្វើ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់ ឬ​ដក​ហូត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​សារព័ត៌មាន ព្រោះ​សិទ្ធិ​ទាំង​ពីរ​នេះ ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ។

អ្នក​ជំនាញ​វិស័យ​សារ​ព័ត៌មាន លោក ណុប វី មាន​ប្រសាសន៍​ថា លោក​ពិបាក​វាយ​តម្លៃ អំពី​យុទ្ធនាការ​ឈ្លប​យក​ការណ៍​របស់​រដ្ឋ​អំណាច​ដោយ​ប្រើ​បច្ចេកវិទ្យា​ទូរគមនាគមន៍ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ក៏ប៉ុន្តែ លោក​ថា ពលរដ្ឋ​ទូទៅ​ហាក់​ពុំ​មាន​ទំនុក​ចិត្ត ឬ​បាត់បង់​ទំនុក​ចិត្ត​តែ​ម្ដង ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ តាំង​ពី​មុន​ពេល​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នេះ មក​ម៉្លេះ៖ «រឿង​ទំនុក​ចិត្ត​ចំពោះ​ការ​ឆ្លើយឆ្លង ឬ​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ វា​មាន​បញ្ហា ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត ចាប់​តាំង​ពី​ការ​លេច​ធ្លាយ​ការ​ទំនាក់ទំនង​តាម ទូរស័ព្ទ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​អី​មក​ម៉្លេះ។ រឿង​ប្រមូល​ព័ត៌មាន​ឯកជន​នេះ មិន​មែន​ចេះ​តែ​កើត​ឡើង​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នេះ​ទេ។ វា​មាន​ការ​លេច​ធ្លាយ​តាំង​ពី​មុន​មក​ម៉្លេះ តាំង​ពី​មុន​គណបក្ស​ប្រឆាំង​មិន​ទាន់​ត្រូវ​បាន​រម្លាយ មក​ម៉្លេះ»

នៅ​លើ​ពិភពលោក យ៉ាង​ហោច​ណាស់​មាន​រដ្ឋាភិបាល​ចំនួន ២៥ ប្រទេស បាន​ដាក់​ចេញ​កម្មវិធី​ប្រមូល​យក​ព័ត៌មាន និង​ឈ្លប​យកការណ៍​តាមដាន​ពលរដ្ឋ ពី​គ្រប់​មធ្យោបាយ ដូច​ជា តាម​ប្រព័ន្ធ​ទូរស័ព្ទ ប្រព័ន្ធ GPS បណ្ដាញ​សង្គម វីដេអូ​កាម៉េរ៉ា​សុវត្ថិភាព ដែល​មាន​ប្រព័ន្ធ​អាច​កំណត់​អត្តសញ្ញាណ​បុគ្គល​បាន និង​ការ​ប្រើប្រាស់​ឧបករណ៍​យន្តហោះ ដ្រូន គ្មាន​មនុស្ស​បើក ជា​ដើម។

នៅ​ប្រទេស​ចិន រដ្ឋ​អំណាច​បាន​តម្រូវ​ឲ្យ មនុស្ស​រាប់​លាន​នាក់​នៃ​ប្រទេស​នេះ ចាំបាច់​ត្រូវ​ដំឡើង​កម្មវិធី តាមដាន​សុខភាព ឬ Health Codes នៅ​ក្នុង​ទូរសព័្ទ​របស់​ពួក​គេ ដើម្បី​តាមដាន​សកម្មភាព ឬ​កំណត់​ការ​រិតត្បិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ឬ​អ្នក​សង្ស័យ​ថា ឆ្លង​ជំងឺ​កូវីដ១៩។ រីឯ នៅ​ទីក្រុង​មូស្គូ នៃ​ប្រទេស​រុស្ស៊ី​វិញ អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ ត្រូវ​តែ​មាន QR Codes នៅពេលធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ។ អាជ្ញាធរ​រុស្សី ក៏​គ្រោង​បំពាក់​ឧបករណ៍​កាម៉េរ៉ា​សុវត្ថិភាព​ជាង ១សែន ដែល​អាច​កំណត់​អត្តសញ្ញាណ ឬ​ស្គាល់​មុខ​មនុស្ស​បាន ដើម្បី​ពង្រឹង​វិធានការ​ដាក់​មនុស្ស ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។ រីឯ​នៅ​ប្រទេស​ឥណ្ឌា​វិញ អាជ្ញាធរ​នៃ​ប្រទេស​នេះ បាន​សាកល្បង​ដាក់​ចេញ​កម្មវិធី​តាម​ដាន ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ និង ចែកចាយ​អាសយដ្ឋាន​របស់​អ្នក​ឆ្លង​ជំងឺ​ជាដើម។ ក្រៅពីនោះ អាជ្ញាធរ​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ទៀត ដូច​ជា នៅ​ប្រទេស​ប៉ូឡូញ ហូឡង់ អេស្ពាញ អ៊ៀកឡង់ និង​ចក្រភព​អង់គ្លេស​ជា​ដើម ក៏​សុទ្ធតែ​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ ឬ​ចាប់​ផ្ដើម​ដាក់​ចេញ​កម្មវិធី​តាម​ទូរស័ព្ទ​ដៃ ដើម្បី​ជួយ​តាមដាន និង​ស្វែង​រក​អ្នក​ដែល​សង្ស័យ​ថា ឆ្លង​ជំងឺ​កូវីដ១៩។

ការ​ដាក់​ចេញ​នូវ​វិធានការ​តាម​ដាន និង​ឈ្លប​យក​ការណ៍​កាន់​តែ​ខ្លាំង​ឡើង ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នេះ រង​ការ​រិះគន់ ពីសង្គម​ស៊ីវិល​អន្តរជាតិ​ថា ជា​ការ​រំលោភ​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គល ឬ​ពលរដ្ឋ​នៃ​ប្រទេស​រៀងៗ ខ្លួន។ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភព​លោក Freedom House អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា ចាំបាច់​ត្រូវ​តែ​ការពារ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ទាំង​នៅ​ក្នុង​អំឡុង​ពេល និង​ក្រោយ​ពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ ដោយ​គោរព​តាម​គោលការណ៍​ចម្បងៗ មួយ​ចំនួន​នៃ​សេរីភាព​បុគ្គល។ គោល​ការណ៍​ចម្បង​ទាំង​នេះ រួម​មាន​ដូច​ជា ការ​ប្រមូល ឬ​ឈ្លប​យក​ការណ៍ ត្រូវ​តែ​មាន​ការ​គ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព មាន​ភាព​ចាំបាច់​ខាង​ផ្នែក​វិទ្យាសាស្ត្រ ក្នុង​គោលដៅ​ដើម្បី​កម្រិត​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង ដោយ​ត្រូវ​កំណត់​ពេល​វេលា ជាក់លាក់​នៃ​ការ​អនុវត្ត​វិធានការ​ដូច​នេះ។ អង្គការ​នេះ​ថា ការ​គោរព​សេរីភាព​សារ​ព័ត៌មាន គឺ​ពិត​ជា​មាន​សារ​សំខាន់​ចាំបាច់​ណាស់​ក្នុង​អំឡុង​ពេល​មាន​ភាព​អាសន្ន។ ដូច្នេះ​ហើយ រដ្ឋ​មិន​ត្រូវ​ដាក់​កម្រិត ឬ​រឹតត្បិត​ដោយ​ខុស​ច្បាប់​ទៅ​លើ​លំហូរ​ព័ត៌មាន​ដោយ​សេរី​នោះ​ទេ។ អង្គការ​នេះ​ថា ការ​ដាក់​ទោស​ទណ្ឌ​ផ្នែក​ព្រហ្មទណ្ឌ ដោយសារ​តែ​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត គឺ​ជា​ការ​អនុវត្ត​គ្មាន​សមាមាត្រ ហើយ​ងាយ​នឹង​រង​ការ​អនុវត្ត​តាម​ទំនើង​ចិត្ត​ពី​អាជ្ញាធរ​រដ្ឋ។ អង្គការ​នេះ​ស្នើ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នានា គួរ​តែ​ប្រយុទ្ធ​នឹង​ព័ត៌មាន​មិន​ពិត ដោយ​បញ្ចេញ​នូវ​ព័ត៌មាន​ច្បាស់លាស់ ពិតប្រាកដ និង​ប្រកប​ដោយ​បច្ចុប្បន្ន​ភាព​វិញ។

ដូច​គ្នា​នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ជាង ១០០ស្ថាប័ន ដែល​ភាគ​ច្រើន​មក​ពី​ស្ថាប័ន​សារ​ព័ត៌មាន ក្នុង​នោះ​ក៏​រួមមាន​ទាំង​អង្គការ ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ក៏​បាន​ដាក់​ចេញ​ជា​លក្ខខណ្ឌ​ស្នើ​ឡើង​ចំនួន ៨ចំណុច ដែល​រដ្ឋ​ត្រូវ​បំពេញ​ឲ្យ​បាន មុន​ពេល​អនុវត្ត​វិធានការ​ប្រមូល ឬ​ឈ្លប​យក​ការណ៍។ លក្ខខណ្ឌ​ទាំង​នោះ មាន​ដូច​ជា ការ​ធានា​ថា ការ​ឈ្លប​យកការណ៍​ធ្វើ​ឡើង​ស្រប​ច្បាប់ មាន​ភាព​ចាំបាច់ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ឆ្លង និង​មាន​ភាព​សមាមាត្រ ដោយ​ត្រូវ​កំណត់​ពេល​វេលា​ជាក់លាក់ និង​ថា រដ្ឋ​ត្រូវ​ធានា​ថា ទិន្នន័យ​ដែល​ប្រមូល​បាន​នេះ បម្រើ​ឲ្យ​តែ​គោលដៅ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ តែ​មួយ​គត់ ពិតប្រាកដ ហើយ​មិន​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ដទៃ ឬ​គោលដៅ​ពាណិជ្ជកម្ម​ឡើយ។ ក្រៅពីនោះ គឺ​រដ្ឋ​ត្រូវ​ធានា​ថា ការ​ឈ្លប​យក​ការណ៍​នេះ មិន​បម្រើ​ឲ្យ​គោលដៅ ដើម្បី​រើសអើង​ប្រឆាំង​ពូជសាសន៍ ពលរដ្ឋ​ក្រីក្រ និង​សំឡេង​រិះគន់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល