អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការបរទេស មើលឃើញពីសារសំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់សហរដ្ឋអាមេរិក សម្រាប់កម្ពុជា។ ពួកគេចង់ឃើញក្រុមមេដឹកនាំនយោបាយគណបក្សកាន់អំណាចសព្វថ្ងៃ កែប្រែជំហរឱបក្រសោបយកចិនតែមួយ ហើយងាកមករក្សាឱ្យបាននូវតុល្យភាពពេញលេញ ជាមួយគ្រប់ប្រទេសមហាអំណាចទាំងអស់ ដើម្បីរក្សាប្រយោជន៍កម្ពុជានៅលើឆាកអន្តរជាតិ។
ក្រោយសហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ហៅថាយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (Free and Open Indo-Pacific Strategies) កាលពីឆ្នាំ២០១៧ កន្លងទៅ កម្ពុជារបស់លោក ហ៊ុន សែន មិនបានបង្ហាញជំហរចាប់អារម្មណ៍ ឬផ្ដល់ការគាំទ្រណាមួយទៅនឹងយុទ្ធសាស្ត្រនេះជាផ្លូវការនៅឡើយទេ។ ក៏ប៉ុន្តែ របបលោក ហ៊ុន សែន បែរជាកាច់ចង្កូតនាវានយោបាយការបរទេសកម្ពុជា ងាកទៅឱបក្រសោបយកមហាយក្សចិនកាន់តែខ្លាំងឡើងៗ ដើម្បីជួយរក្សាអំណាចរបស់លោក ទន្ទឹមគ្នានឹងពេលដែលលោកបានបើកយុទ្ធនាការបង្ក្រាបសំឡេងប្រឆាំង សារព័ត៌មាន និងសង្គមស៊ីវិលឯករាជ្យនៅកម្ពុជា ដែលក្នុងនោះរួមមានការឈានទៅរម្លាយគណបក្សសង្គ្រោះជាតិនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ ការរៀបចំព្រឹត្តិការណ៍បោះឆ្នោត «ក្លែងក្លាយ» ចុងខែកក្កដា ឆ្នាំ២០១៨ និងការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិទី៦ ខ្វះភាពស្របច្បាប់។ របបក្រុងភ្នំពេញ រឹតតែបង្កើនយុទ្ធនាការប្រឆាំងនឹងក្រុមប្រទេសលោកខាងលិចពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រោមហេតុផលថា ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា កុំឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយថា ខ្លួននឹងបន្តការពារសិទ្ធិអធិបតេយ្យក្នុងការធ្វើសេចក្ដីសម្រេចដោយឯករាជ្យ ដើម្បីការពារប្រយោជន៍គោលរបស់ជាតិការពារសន្តិភាព ភាពសុខសាន្តរបស់ប្រជាជនប្រឆាំងតបនឹងអ្វីមួយ ដែលរបបនេះហៅថា ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់សហរដ្ឋអាមេរិកនេះ ផ្ដល់ផលប្រយោជន៍ខ្លាំងដល់ប្រទេសតូចតាចទៅវិញទេ ជាពិសេសដូចជាកម្ពុជា ដែលលោកថា ស្ថិតក្នុងចំណុចកណ្តាលនៃទីតាំងភូមិសាស្ត្រនៃយុទ្ធសាស្ត្រនេះ ក្នុងន័យថា យុទ្ធសាស្ត្រនេះ ជួយរក្សាឱ្យមាននូវឯករាជភាពរបស់ប្រទេសពាក់ព័ន្ធ៖ «នៅក្នុងគោលនយោបាយនេះ វាចំណេញដល់បណ្ដារដ្ឋ ឬពលរដ្ឋទាំងអស់ក្នុងបណ្ដារដ្ឋនីមួយៗ ឱ្យមានឯករាជ្យ មានស្វ័យភាពក្នុងការសម្រេចដែរ។ ហើយគាត់មានចំណងទាក់ទងជាមួយបណ្ដារដ្ឋទូទៅ ឬមហាអំណាចទូទៅមិនចំពោះមហាអំណាចណាមួយនោះទេ។ វាមានអត្ថប្រយោជន៍សម្រាប់រដ្ឋនោះ នៅពេលដែលមានទំនាក់ទំនង ឬការរាប់អានស្មើមុខស្មើមាត់ជាមួយគ្នា នៃភាគីមហាអំណាចទាំងអស់។ នេះជាផលដែលបណ្តារដ្ឋតូចៗ ទទួលបាន រួមទាំងកម្ពុជាដែលនៅក្នុងចំណុចស្នូលនៃតំបន់ភូមិសាស្ត្រនយោបាយនេះ»។
យ៉ាងណាក៏ដោយ លោក ឯម សុវណ្ណារ៉ា ថា តាមរយៈការសង្កេតឃើញរបស់លោក ជំហរឥរិយាបថនយោបាយកម្ពុជាចុងក្រោយ បើទោះជាកម្ពុជា ប្រកាសថាខ្លួនប្រកាន់ជំហរអព្យាក្រឹត្យ និងមិនលម្អៀងទៅខាងណាផ្អែកតាមរដ្ឋធម្មនុញ្ញយ៉ាងណាក៏ដោយ កម្ពុជាកំពុងធ្វើឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភថា ខ្លួនបានងាកទៅរកប្រទេសចិន ដោយជាឧទាហរណ៍ជាក់ស្ដែង កម្ពុជាបានលុបចោលការធ្វើសមយុទ្ធយោធាជាមួយអាមេរិក និងជាមួយអូស្ត្រាលី។
លោក ឯម សុវណ្ណារ៉ា បន្តថា ផ្អែកតាមអតីតកាលរបស់កម្ពុជា បទពិសោធន៍បង្រៀនកម្ពុជាគួរតែឈរកណ្ដាល ដោយចាប់យកមហាអំណាចទាំងអស់ ទាំងរុស្ស៊ី ចិន អឺរ៉ុប អាមេរិក ឬបណ្ដាប្រទេសដទៃទៀត ដើម្បីឱ្យកម្ពុជាអាចទាញបានអត្ថប្រយោជន៍ច្រើនសម្រាប់មុខមាត់សេដ្ឋកិច្ច ការទូតជាអន្តរជាតិ។ លោកថា បើកម្ពុជាឈរលើទស្សនៈឯករាជ្យ អព្យាក្រឹត្យ នោះកម្ពុជានឹងមិនទទួលហានិភ័យណាមួយ ពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនេះទេ។ ក៏ប៉ុន្តែ លោកព្រមានថា ប្រសិនបើកម្ពុជាងាកទៅរកប៉ូលអំណាចណាមួយដាច់ ឬខ្លាំងជាងគេ នោះប៉ូលអំណាចផ្សេងទៀត នឹងមិនទុកឱ្យកម្ពុជា ងាកលម្អៀងទៅរកប៉ូលអំណាចផ្សេងទៀតដោយពេញលេញនោះទេ ហើយផ្ទុយទៅវិញមហាអំណាចនោះ នឹងមានវិធីសាស្ត្រ វិធានការទប់ស្កាត់ ដែលអាចធ្វើឱ្យកម្ពុជាទទួលរងនូវការជួបប្រទះនូវបញ្ហាផ្សេងៗ៖ «វិធានការរបស់លោកខាងលិច យើងមើលសហគមន៍អឺរ៉ុបមាន EBA មានយន្តការផ្សេងៗ ទៀត។ ក្រៅពី EBA នោះ គ្រាន់តែវិធានការទីមួយទេ។ វានៅចំណាត់ការ ឬពលរដ្ឋគេប្រតិកម្មធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់កម្ពុជាហ្នឹង នេះជាកត្តាមួយដែលខ្ញុំគិតថា ជាក្តីបារម្ភធំ។ ហើយកត្តាមួយទៀតរបស់សហរដ្ឋអាមេរិកដូចជា សេចក្ដីព្រាងច្បាប់ HR526 ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ ជាក្តីបារម្ភធំ ពាក់ព័ន្ធទៅនឹងការចាត់វិធានការ ឬការបង្កកទ្រព្យសម្បត្តិឥស្សរជននយោបាយ ឥស្សរជនកម្ពុជាមួយចំនួន»។
ផ្អែកតាមឯកសាររបាយការណ៍ស្ដីពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ចេញផ្សាយជាលើកដំបូងដោយក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩ យុទ្ធសាស្ត្រថ្មីនេះ សហរដ្ឋអាមេរិក ផ្តោតលើគោលការណ៍ជាសសរស្ដមសំខាន់ៗ ចំនួន៤។ ក្នុងនោះរួមមាន៖ ទីមួយ ការគោរពអធិបតេយ្យ និងឯករាជ្យភាពរបស់ប្រទេសជាតិទាំងអស់ ទីពីរ ដំណោះស្រាយជម្លោះដោយសន្តិវិធី ទីបី ការធ្វើជំនួញពាណិជ្ជកម្មដោយសេរី យុត្តិធម៌ និងស្មើភាពគ្នាទៅវិញទៅមកផ្អែកតាមការបើកចំហការវិនិយោគ កិច្ចព្រមព្រៀងប្រកបដោយតម្លាភាព និងការតភ្ជាប់ និងទីបួន គឺការគោរពតាមបទដ្ឋាន និងវិធានអន្តរជាតិ ដែលរួមមានទាំងសេរីភាពនៃការធ្វើដំណើរ និងហោះហើរលើដែនអាកាស។
តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកដាក់ចេញនេះ គឺសំដៅដល់ក្រុមប្រទេសស្ថិតនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលក្នុងនោះ ប្រទេសចំនួន៧ ក្នុងតំបន់នេះ ជាប្រទេសដែលមានកងទ័ពច្រើនជាងគេបង្អស់នៅលើពិភពលោក ខណៈ ៦ប្រទេសក្នុងតំបន់នេះមានអាវុធនុយក្លេអ៊ែរ។ មិនត្រឹមតែប៉ុណ្ណោះ ៦០ភាគរយនៃពាណិជ្ជកម្មសាកលតាមនាវាចរ ឆ្លងកាត់តំបន់អាស៊ី ហើយប្រមាណ ១ភាគ ៣ នៃការដឹកជញ្ជូននេះ ឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកដាក់ចេញនូវយុទ្ធសាស្ត្រនេះ ឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់មហាយក្សចិន ជាពិសេសតាមរយៈយុទ្ធសាស្ត្រគម្រោងការមហិច្ឆតាប្រចាំសតវត្សខ្សែក្រវាត់ និងផ្លូវរបស់ខ្លួនដែលបានដាក់ចេញកាលពីឆ្នាំ២០១៣ កន្លងទៅ។
យុទ្ធសាស្ត្ររបស់អាមេរិកនេះ បានកំណត់ចំៗ ថា សាធារណរដ្ឋចិន ដឹកនាំដោយគណបក្សកុម្មុយនិស្តចិន កំពុងធ្វើឱ្យទន់ខ្សោយដល់ប្រព័ន្ធអន្តរជាតិ ដែលចិនកំពុងកេងប្រវ័ញ្ច ហើយទន្ទឹមគ្នានេះ ធ្វើឱ្យរេចរិលដល់គុណតម្លៃ និងគោលការណ៍នៃសណ្ដាប់ធ្នាប់ផ្អែកតាមវិធានច្បាប់។ របាយការណ៍ដដែលកំណត់ថា ចិនជាអ្នករំលោភបំពានបទដ្ឋានអន្តរជាតិ ដែលការណ៍នេះកំពុងជះឥទ្ធិពលដល់ប្រទេសខាងក្រៅ។ មេបញ្ជាការបញ្ចាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកឧត្តមនាវីឯក ហ្វីលីព ដេវីដសុន (Philip S. Davidson) ធ្លាប់មានប្រសាសន៍ថា ក្រុងប៉េកាំងកំពុងប្រើឥទ្ធិពលនៃឧបករណ៍សេដ្ឋកិច្ចរបស់ខ្លួន ធ្វើជាអំណាច តាមរបៀបនានា ដែលអាចធ្វើទន់ខ្សោយដល់ស្វ័យភាពរបស់បណ្ដាប្រទេសនៅក្នុងតំបន់នេះ ដូចជាការផ្ដល់នូវកម្ចីគ្មានចិរភាព កង្វះតម្លាភាព ការរឹតត្បិតលើសេដ្ឋកិច្ចទីផ្សារសេរី និងការធ្វើឱ្យបាត់បង់នូវការគ្រប់គ្រងធនធានធម្មជាតិជាដើម។
បន្ថែមពីលើនេះ របាយការណ៍យុទ្ធសាស្ត្រដដែលនេះ សរសេរថា បញ្ហាបារម្ភមួយគឺបញ្ហាអភិបាលកិច្ចទន់ខ្សោយ និងពុំមានភាពសេរីក្នុងបណ្ដាប្រទេសមួយចំនួន ដែលរដ្ឋាភិបាលនៃប្រទេសទាំងនោះ ពុំឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្លួនឯង។ ជាក់ស្ដែងប្រទេសកម្ពុជា កំពុងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធាក់ថយក្រោយ ចាប់តាំងពីឆ្នាំ២០១៧ មក នៅពេលដែលគណបក្សកាន់អំណាចបានរម្លាយគណបក្សប្រឆាំង និងបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ សហរដ្ឋអាមេរិកនៅតែមានកង្វល់ចំពោះរបាយការណ៍នានាដែលថា ចិនកំពុងសម្លឹងមើលការបង្កើតមូលដ្ឋានយោធា ឬវត្តមានយោធារបស់ខ្លួននៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលសហរដ្ឋអាមេរិកថា ជាដំណើរវិវឌ្ឍមួយដែលនឹងធ្វើឱ្យមានបញ្ហាប្រឈមដល់សន្តិសុខក្នុងតំបន់ និងជាសញ្ញាណច្បាស់ថា កម្ពុជាកំពុងផ្លាស់ប្ដូរមុខមាត់គោលនយោបាយការបរទេសរបស់ខ្លួន។
បណ្ឌិត អៀ សុផល អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោក នៃសាកលវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ពន្យល់ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា យុទ្ធសាស្ត្ររបស់អាមេរិកនេះផ្ដោតសំខាន់ភាគច្រើនលើបញ្ហាសន្តិសុខ។ លោកថា វាបានក្លាយជារឿងមិនល្អសម្រាប់របបក្រុងភ្នំពេញ ចាប់តាំងពីមេបញ្ជាការកងទ័ពជើងគោកអាមេរិក បានប្រកាសថា មួយឆ្នាំចាប់ពីពេលឥឡូវទៅ នឹងមិនមែនជាទង់ជាតិកម្ពុជា ឬទង់ជាតិសហរដ្ឋអាមេរិក បង្ហោះនៅលើកំពង់ផែរាមនោះទេ។ ប្រសិនបើរឿងនេះពិតមែន កម្ពុជាមើលឃើញថា វាជាឱកាសមួយសម្រាប់ឱ្យចិនដាក់មូលដ្ឋានយោធារបស់ខ្លួន ហើយនេះជាបញ្ហាប្រឈមដល់សហរដ្ឋអាមេរិក។ លោកបន្តថា ជាមួយនឹងសំណូមពរឱ្យមានការគាំទ្រផ្នែកសន្តិសុខ និងសេវានានាពីប្រទេសចិន សម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២០ និងកីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២៣ កម្ពុជាកំពុងផ្គាប់ផ្គុនប្រទេសចិនកាន់តែខ្លាំង។ លោកពុំមានមន្ទិលទេថា ការណ៍នេះ នឹងអនុញ្ញាតឱ្យចិនអាចដំឡើងឧបករណ៍ឈ្លបយកការណ៍ ចំពោះអ្នកចូលរួមកិច្ចប្រជុំនេះបាន។ លោកចោទជាសំណួរថា តើគេអាចសន្និដ្ឋានបានយ៉ាងដូចម្តេចដែរ ប្រសិនបើប្រទេសមួយចុះកិច្ចសន្យាផ្នែកសន្តិសុខ ឱ្យប្រទេសដទៃធ្វើនោះ? លោកថា តើនេះមិនមានន័យថា ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអាណានិគម ឬជាមូលដ្ឋានរបស់ចិន ដែរឬយ៉ាងណា? បណ្ឌិត អៀ សុផល ផ្ដល់អនុសាសន៍ថា របបក្រុងភ្នំពេញគួរពិចារណាឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួន។
ផ្អែកតាមឯកសាររបាយការណ៍ស្ដីពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដដែល ចក្ខុវិស័យរបស់សហរដ្ឋអាមេរិក គឺដើម្បីឱ្យគ្រប់ប្រជាជាតិទាំងអស់នៅក្នុងតំបន់នេះ អាចអនុវត្តសិទ្ធិអធិបតេយ្យរបស់ពួកគេបានដោយសេរី មិនមានការបង្ខិតបង្ខំពីប្រទេសដទៃ។ នេះមានន័យថា តាមកម្រិតថ្នាក់ជាតិ មានអភិបាលកិច្ចល្អ និងការធានាថា ប្រជាពលរដ្ឋរបស់ប្រទេសទាំងនោះ អាចរីករាយនឹងទទួលបាននូវសិទ្ធិសេរីភាពពេញលេញរបស់ពួកគេ។ ចក្ខុវិស័យរបស់សហរដ្ឋអាមេរិកដើម្បីឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបើកចំហ គឺដើម្បីលើកកម្ពស់ឱ្យមាននូវកំណើនប្រកបដោយចិរភាព និងការផ្សាភ្ជាប់នៅក្នុងតំបន់។ នេះមានន័យថា គ្រប់ប្រទេសនៅក្នុងតំបន់នេះ នឹងទទួលបាននូវលទ្ធភាពអាចចូលទៅកាន់តំបន់ដែនទឹកអន្តរជាតិ ដែនអាកាស និងព័ត៌មានវិទ្យា និងលំហអាកាស ហើយអាចស្វែងរកដំណោះស្រាយបានដោយសន្តិវិធីចំពោះជម្លោះដណ្ដើមទឹកដី។ សម្រាប់សេដ្ឋកិច្ចវិញ មានន័យថា មានជំនួញពាណិជ្ជកម្មដោយយុត្តិធម៌ និងស្មើគ្នាទៅវិញទៅមក បរិយាកាសវិនិយោគបើកចំហ និងកិច្ចព្រមព្រៀងប្រកបដោយតម្លាភាពរវាងប្រទេសនានា៕