"កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់​ជាប់​បំណុល​វ័ណ្ឌក"

ដោយ មាន ឫទ្ធិ
2019-08-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជាអតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជាអតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

អ្នក​ជំនាញ​ព្រមាន​ថា កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់ ជាពិសេស​កសិករ​ក្រីក្រ​រស់​នៅ​តាម​ទី​ជនបទ កំពុងតែ​ជាប់ជំពាក់​បំណុល​វ័ណ្ឌក មិន​អាច​រកលុយ​សង​បំណុល​ជូន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ទាន់​ពេល ហើយ​របប​ក្រុង​ភ្នំពេញ​មិន​បាន​អន្តរាគមន៍​ជាក់លាក់​ដោះស្រាយ​បញ្ហា​កំណើន​វិបត្តិ​បំណុល​តាម​គ្រួសារ​នេះ។ ការ​ព្រមាន​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ចំនួន​ពីរ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២​លាន ៤​សែន​គ្រួសារ កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​រហូតដល់​ទៅ ៨​ពាន់ លាន​ដុល្លារ​អាមេរិក ឬ​៨​ប៊ី​លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០១៨។

កម្ពុជា​នឹង​ជួប​នូវ​វិបត្តិ​អស្ថិរភាព និង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប្រសិនបើ​របប​ក្រុងភ្នំពេញ​មិន​ព្រម​អន្តរាគមន៍ ហើយ​នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​ពលរដ្ឋ​ខ្លួន​កាន់តែ​ច្រើន​ឡើងៗ​ជាប់ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ខណៈ​ពួកគេ​គ្មាន​សមត្ថភាព​សងបំណុល​នេះ​។ នេះ​ជា​ការ​យល់ឃើញ និង​វាយតម្លៃ​ស្របគ្នា​ក្នុងចំណោម​អ្នក​ជំនាញ​ផែ្នក​សេដ្ឋកិច្ច កសិកម្ម និង​អ្នកវិភាគ​បញ្ហា​សង្គម។

Ear_Sophal

បណ្ឌិត អៀ សុផល អ្នកវិភាគ​គោលនយោបាយ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ពន្យល់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី៧ សីហា ថា ប្រសិន​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​សង្គម​ស៊ីវិល​នេះ​ជា​ការ​ពិត នោះ​មានន័យថា ពលរដ្ឋ​កម្ពុជា កំពុង​បង្កើន​ការខ្ចី​បុល​ពី​មីក្រូហិរញ្ញវត្ថុ​ក្នុង​កម្រិត​លើស​ពី​អត្រា ១០០​ភាគរយ ក្នុង​មួយឆ្នាំៗ។ លោក​ថា ប្រាកដ​ណាស់ នៅ​កម្ពុជា​កំពុង​តែ​មាន​បញ្ហា​អតិផរណា ឬ​ពពុះ​បំណុល ជាពិសេស​នៅ​ពេល​ដែល​ពលរដ្ឋ​ខ្ចី​បំណុល​យក​អចលនទ្រព្យ ឬ​ដីធ្លី​របស់​ពួកគេ​ទៅ​ដាក់​បញ្ចាំ។ លោក​ពន្យល់​ថា វា​អាច​នឹង​បង្កើត​ឱ្យ​មានការ​ផ្ទុះឡើង​នូវ​ការ​បាត់បង់​ដីធ្លី ឱ្យ​ពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ផ្លាស់​ទីលំនៅ ដូច​អ្វី​ដែល​បាន​កើតមានឡើង​ចំពោះ​ប្រជាជន​ចិន​ជាង ៣០០ លាន​នាក់ ដែល​ផ្លាស់​ទី ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយទៀត ដូច្នោះ​ដែរ​។ បណ្ឌិត អៀ សុផល វាយតម្លៃ​ថា ចំណែក​តូច​មួយ​នៃ​ចំនួន​ពលរដ្ឋ​ជិត ២​លាន ៤​សែន​គ្រួសារ​នេះ អាច​បង្កើត​ជា​បញ្ហា​អស្ថិរភាព​បាន។

ដូចគ្នា​នេះ​ដែរ បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​ផ្នែក​កសិកម្ម ព្រមាន​ថា បើ​គ្មាន​អន្តរាគមន៍​ជាក់លាក់​ពី​រដ្ឋាភិបាល​នោះ​ទេ នោះ​បញ្ហា​កើន​ឡើង​កា​រជាប់​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក​របស់​ពលរដ្ឋ​ខ្មែរ​នេះ ហើយ​ពួកគេ​គ្មាន​លទ្ធភាព​រកលុយ​ទៅ​សងបំណុល​នេះ​បាន នឹង​ជំរុញ​ឱ្យ​មាន​វិបត្តិ​ដល់​វិស័យ​ធនាគារ ឬ​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​អាច​ប្រមូល​លុយ​មកវិញ​បាន​គ្រប់គ្រាន់។ លោក​បន្ត​ថា បញ្ហា​នេះ ក៏​នឹង​ជំរុញ​ឱ្យ​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើងៗ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស ដែល​ជា​លទ្ធភាព​បណ្ដាល​ឱ្យ​សមត្ថភាព​ផលិត​ក្នុងស្រុក​នៅ​កម្ពុជា​កាន់តែ​ថយ​ចុះ ខណៈ​កម្ពុជា​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មកវិញ៖ «នៅ​ពេល​ដែល ប្រសិនបើ​យើង​អត់​មាន​បង្កើន​នូវ​សមត្ថភាព​ផលិត​ក្នុងស្រុក ហើយ​នឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សិប្បកម្ម កសិកម្ម ឧស្សាហកម្ម​យើង​ទេ នោះ​ធ្វើ​ឱ្យ​យើង​កាន់តែ​បាត់បង់​នូវ​សមត្ថភាព​រក​ប្រាក់​ចំណូល​របស់​យើង​បន្ថែម​ទៀត។ ដូច្នេះ វា​អាច​នឹង​ឈាន នឹង​ជួប​នូវ​បញ្ហា ខ្ញុំ​មិន​និយាយ​ថា ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខ​ទេ តែ​វា​អាច​ក្នុង​ពេល​ពីរ​ទៅ​បី បួន ប្រាំ​ឆ្នាំ​ទៅ​មុខ​ទៀត ជា​បណ្តើរៗ យើង​នឹង​អាច​ជួប​វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ហិរញ្ញវត្ថុ ដោយសារតែ​កម្ពុជា​អត់​មាន​សមត្ថភាព​ផលិត ឬ​រក​ចំណូល​ក្នុងស្រុក​បាន​គ្រប់គ្រាន់ អត់​មាន​សមត្ថភាព​ប្រកួតប្រជែង ហើយ​នឹង​រឿង​មួយទៀត​ប្រជាកសិករ​យើង​ភាគ​ច្រើន មិន​មាន​សមត្ថភាព​រក​លុយ​សង​មក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​វិញ»

ការ​ចេញ​មុខ​ព្រមាន​ជា​បន្តបន្ទាប់​របស់​អ្នក​ជំនាញ​នេះ កើតមានឡើង​ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ចំនួន​២ ក្នុង​នោះ​មាន​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ទើប​ចេញ​របាយការណ៍​ស្រាវជ្រាវ​ចុងក្រោយ​មួយ កាលពី​ថ្ងៃ​ទី៧ សីហា រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​រហូត​ដល់​ទៅ​សរុប​ជិត ២​លាន ៤​សែន​គ្រួសារ កំពុង​ជាប់ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ដែល​គិត​ជា​ប្រាក់​សរុប​ស្មើនឹង​ប្រមាណ​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​៨ ប៊ី​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០១៨។ ក្នុង​នោះ គិត​ជា​មធ្យម​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ អាច​ជំពាក់​បំណុល​រហូតដល់​ទៅ ជិត ៣​ពាន់​៤​រយ​ដុល្លារ​អាមេរិក ហើយ​ដែល​ចំនួន​នេះ មានការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ។ សង្គម​ស៊ីវិល​ទាំងពីរ​នេះ រក​ឃើញ​ថា កំណើន​កាន់តែ​ខ្លាំង​នៃ​បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នេះ អាច​ជំរុញ​ឱ្យ​កើត​មាន​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ច្រើន ក្នុង​នោះ​រួមមាន​ការ​បង្ខំ​ឱ្យ​លក់​ដី ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។

ភ្លាមៗ​ក្រោយ​ការ​ចេញ​ផ្សាយ​របាយការណ៍​ដ៏​រសើប​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​មុខ​ទាត់ចោល​ការ​រក​ឃើញ​នេះ ដោយ​ផ្តល់​អំណះអំណាង​ថា ការ​រក​ឃើញ​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​អះអាង​ថា ខ្លួន​ជា​តំណាង​ឱ្យ​ក្រុម​អ្នក​ផ្តល់​កម្ចី ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចុះបញ្ជី​នៅ​កម្ពុជា​នោះ ចាត់​ទុក​របាយការណ៍​នេះ ធ្វើឡើង​ផ្អែកលើ​វិធីសាស្ត្រ​ស្រាវជ្រាវ​មិន​ត្រឹមត្រូវ ក្នុង​គោលដៅ​ដើម្បី​លាប​ពណ៌​នូវ​រូបភាព​អវិជ្ជមាន​ដល់​ការ​ខ្ចីបុល​មីក្រូហិរញ្ញវត្ថុ ព្រោះថា របាយការណ៍​នេះ ផ្អែក​តែ​ទៅ​សំណាក​ករណី​សិក្សា​តែ​២៨ ករណី​ប៉ុណ្ណោះ ក្នុងចំណោម​អ្នក​ខ្ចីបុល​សរុប​ជាង ២​លាន​នាក់ ឬ​ក្រុម​គ្រួសារ ដែល​ជា​សំណាក​តូច​មួយ​ប៉ុណ្ណោះ ដើម្បី​យក​មក​ធ្វើការ​ស្រាវជ្រាវ​។​

Amsamath_Thumnail

ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​នេះ លោក អំ សំអាត នាយករង​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ការពារ​ការ​រក​ឃើញ​របាយការណ៍​នេះ ព្រោះ​ថា មាន​ការ​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់ មុននឹង​សម្រេច​ចេញផ្សាយ​របាយការណ៍​នេះ៖ «តាម​ការ​ពិត​ទៅ​នៅ​ក្នុង​ការ​ធ្វើការ​ស្រាវជ្រាវ​យើង​នេះ យើង​មិនមែន​សម្ភាស​តែម្ដង​ទាក់ទង​ទៅ​នឹង​ចំនួន​២៨​ករណី​ទេ។ គោលដៅ​ទី​១ គឺ​យើង​ស្វែងរក​ទីកន្លែង ឬ​ទីតាំង នៅ​ក្នុង​ខេត្ត​ណាខ្លះ ដែល​ប្រជាពលរដ្ឋ​ជំពាក់​បំណុល។ បាន​ន័យ​ថា ខ្ចី​បំណុល​មីក្រូហិរញ្ញវត្ថុ​នេះ​ច្រើន​ជាង​គេ។ យើង​មើល​ទីតាំង​ក្នុង​ខេត្ត ក្នុងស្រុក ក្នុង​ឃុំ​ណា​ខ្លះ។ បន្ទាប់មក យើង​ធ្វើការ​សម្ភាស​ជាបឋម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ បន្ទាប់​មក​ទៀត យើង​ចម្រាញ់​រក​ថា តើ​មាន​ករណី​ប៉ុន្មាន​ដែល​យើង​ចាត់ទុកថា ធ្ងន់ធ្ងរ ដែល​គាត់​ឈាន​ទៅ​ដល់​ការ​លក់​ដី ដើម្បី​ដោះ​បំណុល ហើយ​មាន​ការ​ធ្វើ​ចំណាកស្រុក មានការ​ឱ្យ​កូន​ឈប់​រៀន​ដើម្បី​ជួយ​ធ្វើ​ការ​យក​ទៅ​ដោះ​បំណុល កន្លែង​ខ្លះ​ទៀត គាត់​ទៅ​បញ្ចាំ​ខ្លួន​បាន​ន័យ​ថា គាត់​ទៅ​ធ្វើ​ការ​នៅ​ឡឥដ្ឋ ដើម្បី​ខ្ចី​លុយ​ពី​ឡឥដ្ឋ​មក​ដោះ​បំណុល​មីក្រូហិរញ្ញវត្ថុ​។ ហើយ​នឹង​មានការ​ចំណាកស្រុក​នៅ​កន្លែង​ផ្សេងៗ។ អ៊ីចឹង​ហើយ ក្រោយពី​រក​ឃើញ​ទាំងអស់​នេះ​ហើយ ទើបបាន​យើង​សម្ភាស​ជា​ផ្លូវការ បាន​ន័យថា សម្ភាស​លម្អិត​ទៅលើ​មនុស្ស ២៨ករណី»

បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​វិភាគ​នយោបាយ ពន្យល់​ថា យ៉ាងណាក៏ដោយ របាយការណ៍​នេះ​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​បញ្ហា​វិបត្តិ​នេះ៖ «អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​គឺ​នៅត្រង់ ខ្ញុំ​ខ្លាច​ក្រែង​លោ​មានការ​ចោទប្រកាន់​គ្នា ជា​ជាង​នាំគ្នា​ស្វែងរក​ការពិត​បន្ត​ទៅ​ទៀត​។ ខ្ញុំ​គិត​ថា របាយការណ៍​របស់​លីកាដូ ទោះបី​មិនបាន​ពិត​មួយ​រយ​ភាគរយ ក៏​អាច​ឆ្លុះបញ្ចាំង​នូវ​ទិន្នន័យ​ដែល​មាន​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ទៅ​ហើយ។ យើង​ដឹង​ហើយ​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក៏​គាត់​គិត​ការពារ​ខ្លួន​របស់​គាត់​ដែរ ទាក់ទិន​ទៅ​នឹង អ្វី​ដែល​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គាត់​កន្លង​មក។ យើង​ក៏​ទទួលស្គាល់​ដែល​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នេះ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ផ្តល់​លទ្ធភាព​បន្ថែម​ទៅលើ​កសិករ ឬ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដើម្បី​ឱ្យ​គាត់​អាច​យក​ទៅ​ប្រកប​របរ​បន្ថែម»

ឆ្លើយតប​ចំពោះ​ការ​រក​ឃើញ​នូវ​តួលេខ​ជាប់ជំពាក់​បំណុល​ដ៏​សម្បើម​នេះ​របស់​ពលរដ្ឋ​ខ្មែរ​នេះ បណ្ឌិត យ៉ង សាំងកុមារ ស្នើ​ឱ្យ​រដ្ឋាភិបាល​សិក្សា​ស៊ីជម្រៅ​ឱ្យ​បាន​ច្បាស់លាស់​បន្ថែម​ទៅ​បញ្ហា​នេះ ដើម្បី​ឈាន​ទៅ​រក​វិធានការណ៍​អន្តរាគមន៍​ជាក់លាក់ ទប់ស្កាត់​កុំ​ឱ្យ​វិបត្តិ​នេះ​ក្លាយ​ជា​វិបត្តិ​ធ្ងន់ធ្ងរ៖ «យើង​ធ្វើការ​សិក្សា​ស៊ីជម្រៅ​ឱ្យ​បាន​ច្បាស់លាស់​ទៅ តើ​ក្នុងចំណោម​គ្រួសារ​ទូទាំង​ប្រទេស មាន​ជំពាក់​បំណុល​ប៉ុន្មាន​ភាគរយ ប៉ុន្មាន​នាក់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ ហើយ​យើង​ចាត់​ធ្វើ​វិធានការណ៍​ជួយ​សម្រួល​គាត់​ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដោយ​ធ្វើ​យ៉ាងម៉េច​កុំ​ឱ្យ​ប៉ះពាល់​ប្រព័ន្ធ​ធនាគារ ប្រព័ន្ធ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល។ ដំណោះស្រាយ​ទី​ពីរ វែងឆ្ងាយ គឺ​យើង​ត្រូវ​ចាប់ផ្ដើម​បញ្ជូន​អ្នក​ជំនាញ​ឱ្យ​ចុះទៅ​ជួយ​អប់រំ​ប្រជាពលរដ្ឋ​យើង ជួយ​គាំទ្រ​ពលរដ្ឋ​រឿង​ការងារ​បច្ចេកទេស ការងារ​កសិកម្ម ឬ​អាជីវកម្ម អប់រំ​លើ​បញ្ហា​ហិរញ្ញវត្ថុ»

សម្រាប់​បណ្ឌិត អៀ សុផល វិញ លោក​យល់ថា រដ្ឋាភិបាល និង​ក្រុម​វរជន​កម្ពុជា មិន​ត្រឹមតែ​មិនបាន​ដាក់​វិធានការណ៍​ការពារ​ដើម្បី​កុំ​ឱ្យ​កើតមាន​ករណី​វិបត្តិ​កម្ចី​ដោះ​បំណុល​មិន​រួច​នេះ​ប៉ុណ្ណោះ​ទេ តែ​លោ​កថា ពួកគេ​ថែមទាំង​រក​មធ្យោបាយ​កេង​ផល​ចំណេញ​ពី​បញ្ហា​នេះ​ថែម​ទៀត​ផង។ លោក​ថា ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺជា​ការ​ធ្វើ​អាជីវកម្ម​មួយ​ដ៏​ធំ ដែល​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​អាច​រក​ប្រាក់​បាន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។ លោក​ផ្តល់​អនុសាសន៍ ឱ្យ​រដ្ឋាភិបាល កែសម្រួល​ទីផ្សារ​ឥណទាន ដោយ​មិន​ត្រូវ​អនុញ្ញាត ឬ​បើកដៃ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រឹបអូស​យក​គេហដ្ឋាន ឬ​បង្ក​ឱ្យ​ពលរដ្ឋ​បាត់បង់​ដីធ្លី​របស់​ពួកគេ​ដោយសារតែ​បំណុល​រាប់រយ ឬ​រាប់ពាន់​ដុល្លារ​នោះ។ លោក​ពន្យល់​ថា ប្រសិនបើ​នៅ​អនុវត្ត​បែបនេះ អ្នក​ដែល​កេង​ចំណេញ​ពី​វិបត្តិ​នេះ គឺ​ក្រុម​វរជន​នៃ​របប​ក្រុងភ្នំពេញ ព្រោះ​វា​ជា​ឱកាស​ល្អ​ឱ្យ​ពួកគេ រឹបអូស​យក​ដីធ្លី​ពី​ពលរដ្ឋ បាន​ដោយ​ងាយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល