អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ថា វៀតណាម​រកាំរកូស​ចិត្តខ្លាំង​ជាមួយ​របប​ភ្នំពេញ​រឿង​ឱប​ក្រសោប​ចិន​ខ្លាំង

ដោយ មាន ឬទ្ធិ
2019-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។
ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​ ហ៊ុន សែន

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល លើកឡើង​ថា វៀតណាម​មានការ​​រកាំរកូស​ចិត្ត​ខ្លាំង​​ជា​មួយ​​របប​​ក្រុង​ភ្នំពេញ ដោយសារតែ​របប​នេះ​កំពុង​ធ្វើ​អ្វីៗ​តាម​ការ​ចង់​បាន​របស់​ក្រុង​ប៉េកាំង នៃ​មហា​យក្ស​ចិន។ លោក​ហៅ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​​របស់​​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​​កម្ពុជា​​ទៅកាន់​ប្រទេស​វៀតណាម និង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ជាតិ រវាង​​កម្ពុជា​​ជា​មួយ​​វៀតណាម​​នេះ​ថា អាច​​ជា​​ផ្នែក​​មួយ​​នៃ «​គំនាប​» របស់​​វៀតណាម​​មក​​លើ​​កម្ពុជា ដើម្បី​កុំ​ឱ្យ​កម្ពុជា​ឱប​ក្រសោប​យក​មហា​យក្ស​ចិន​ខ្លាំង​ពេក។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ការ​​ផ្លាស់​ប្តូរ​​ដំណើរ​​ទស្សនកិច្ច​​ចុង​ក្រោយ​​ញឹកញាប់​​រវាង​​ថ្នាក់​ដឹក​នាំ​កម្ពុជា និង​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​សញ្ញា​បញ្ជាក់​ថា របប​​កុម្មុយនិស្ត​​ក្រុង​​ហាណូយ មាន​ការ​​រកាំរកូស​​ចិត្ត​ខ្លាំង ជុំវិញ​​រឿង​​ដែល​របប​​ក្រុង​ភ្នំពេញ កំពុងតែ​ធ្វើ​អ្វីៗ តាម​ការ​ចង់បាន​របស់​ក្រុង​ប៉េកាំង នៃ​មហា​យក្ស​ចិន។

ការ​លើក​ឡើង​នេះ កើត​មាន​ឡើង​ក្រោយ​មេដឹកនាំ​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន និង​​មន្ត្រី​​ជាន់​ខ្ពស់​​របស់​​លោក ទើបនឹង​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​​ផ្លូវ​ការ​​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៤ និង​៥ តុលា ទៅកាន់​ទីក្រុង​ហាណូយ ប្រទេស​​វៀតណាម។

មិន​ខុស​ពី​លើក​មុន​ៗ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បាន​​ចេញ​​សេចក្ដី​​ថ្លែង​ការណ៍​​រួម ជុំវិញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង និង​អនុសារណៈ​នៃ​ការ​យោគយល់​​សំខាន់ៗ​ ចំនួន​៨ ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ដទៃ​ទៀត។ ជា​ការ​គួរ​ឱ្យ​កត់សម្គាល់​លទ្ធផល​លេច​ធ្លោ កើត​​ចេញ​​ពី​​ដំណើរ​​ទស្សនកិច្ច​​នេះ គឺ​​ការ​​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​​ជា​​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ លើ​ការ​បោះ​បង្គោល​ព្រំដែន និង​ខណ្ឌសីមា​​ដី​គោក​​ប្រមាណ ៨៤% ដែល​ភាគី​ទាំងពីរ​អះអាង​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​កសាង​បន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព។

ទន្ទឹម​នឹង​នោះ ភាគី​ទាំងពីរ​នឹង​សម្រេច​នូវ​ជំហរ​រួមគ្នា​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​​រវាង​​កម្ពុជា​​​​​​វៀតណាម និង​ការ​សម្របសម្រួល​រវាង​ប្រទេស​ទាំងពីរ ក្នុង​វេទិកា​តំបន់ និង​​អន្តរជាតិ។

ចំណុច​សំខាន់​មួយទៀត​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ គឺ​ការ​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​អំពី​ការ​​បន្ត​​រក្សា​​គោល​ការណ៍​​នៃ​​ការ​​មិន​​អនុញ្ញាត​​ឱ្យ​​កម្លាំង​ណាមួយ​ប្រើប្រាស់​ទឹកដី​នៃ​ប្រទេស​មួយ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សន្តិសុខ និង​ស្ថិរភាព​របស់​​ប្រទេស​​មួយ​ទៀត។ កម្លាំង​​ណា​មួយ​​ប្រើប្រាស់​​ទឹកដី​នៃ​ប្រទេស​ណាមួយ​នេះ ទំនង​ជា​​ប្រទេស​​វៀតណាម​​ចង់​​សំដៅ និង​ចង់​ឱ្យ​កម្ពុជា​បញ្ជាក់​ជំហរ​របស់​ខ្លួន​ឱ្យ​បាន​​ច្បាស់លាស់ ដើម្បី​​ជា​ការ​​ធានា​​ជា​​លាយលក្ខណ៍អក្សរ ជុំវិញ​ការ​សង្ស័យ​ថា កម្ពុជា​​អាច​​អនុញ្ញាត​​ឱ្យ​ចិន​​ដាក់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​ឯ​តំបន់​​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​​រាម។

សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា បណ្ឌិត អៀ សុផល ថា តាមរយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ចុងក្រោយ​ក្រោយនេះ មានន័យថា កម្ពុជា​ដឹង​ច្បាស់​ណាស់​អំពី​ក្រសែ​ភ្នែក​របស់​ក្រុង​ហាណូយ ដែល​​កំពុង​តែ​​តាម​​ឃ្លាំមើល​គ្រប់​​សកម្មភាព​​នៃ​ទំនាក់ទំនង​​របស់​កម្ពុជា ដែល​កំពុងតែ​ខិត​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង​។ លោក​ថា ​​កម្ពុជា អាច​​ប្រើ​វិធី​​បញ្ចៀស​​ពី​​ការ​ចោទប្រកាន់ ឬ​ក្តី​បារម្ភ​របស់​វៀតណាម​ជុំវិញ​​បញ្ហា​​សង្ស័យ​រឿង​មូលដ្ឋាន​កងទ័ព​ចិន​នេះ ​តាមរយៈ​ការ​​អាច​ចេញ​ប៉ាស្ព័រ ឬ​​លិខិត​ឆ្លង​ដែន​​ខ្មែរ​​ឱ្យ​​ទាហាន​​ចិន រួច​ដាក់បញ្ចូល​ពួកគេ​ទៅ​ក្នុង​​ជួរ​​មន្ត្រី​យោធា​កម្ពុជា ហើយ​អនុញ្ញាត​ឱ្យ​ពួកគេ​ទៅ​ឈរ​ជើង​​នៅ​លើ​តំបន់​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​​រាម​​របស់​​កម្ពុជា ដែល​លោក​ថា​នឹង​មានតែ​ឈ្មោះ​ពី​សម្បក​​ក្រៅ​​ថា ជា​របស់​កម្ពុជា។

បណ្ឌិត អៀ សុផល ពន្យល់​បន្ត​ថា អ្វី​ដែល​ប្រទេស​វៀតណាម កំពុងតែ​ព្រួយបារម្ភ​ខ្លាំង​នោះ គឺ​​ខ្លួន​​អាច​​រង​​ការ​វាយ​ប្រហារ​​ណា​មួយ​ដោយ​យោធា​ចិន នា​ពេល​អនាគត​តាមរយៈ​ការប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​ឈ្នាន់​នោះ។ បណ្ឌិត អៀ សុផល បន្ត​ថា ប្រសិន​បើ​​មាន​រឿង​រ៉ាវ​វាយ​ប្រហារ​​កើត​​ចេញ​ពី​ទឹកដី​កម្ពុជា​មែន​នោះ នោះ​កម្ពុជា នឹង​ដើរ​តាម​គន្លង​ចាស់​នៃ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​របស់​ខ្លួន ដែល​នោះ​គឺ​ការ​ប្រែ​ក្លាយ​​ប្រទេស​​កម្ពុជា​​ក្លាយ​​ជា​​ផ្លូវ​​លំ​ហូ​ជីមិញ ដែល​កម្ពុជា​ធ្លាប់​បើកដៃ​ឱ្យ​វៀតណាម​ប្រើប្រាស់​កាលពី​សម័យ​សម្ដេច នរោត្តម សីហនុ និង​បាន​រុញច្រាន​កម្ពុជា​ឱ្យ​​ធ្លាក់​​ចូល​​ក្នុង​​កម្អែល​​សង្គ្រាម​​វៀតណាម​​ក្នុង​ចុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្ស​​ទី​៧០ ហើយ​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល ឱ្យ​ទៅជា​តំបន់​ផ្លូវលំ​ស៊ីជីពីង​វិញ ដែល​​មាន​ន័យ​ថា អនុញ្ញាត​​ឱ្យ​​ចិន​​ប្រើប្រាស់​​កម្ពុជា​ជា​ឈ្នាន់​បម្រើ​មហិច្ឆតា​យោធា​​របស់​ខ្លួន។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ដើម្បី​សុំ​​ប្រតិកម្ម​តប​​ជុំវិញ​​ការ​​លើក​ឡើង​​នេះ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ ជា​​ប្រវត្តិសាស្ត្រ​​ថ្មី​​មួយ​ទៀត​​រវាង​​កម្ពុជា និង​វៀតណាម និង​ថា បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជាទី​មោទនភាព។

បន្ថែម​ពីលើ​ការយល់ឃើញ​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​​អាស៊ី​សេរី កាល​ពី​​ថ្ងៃ​​ទី៨ តុលា​ថា វៀតណាម​ក៏​ចង់​ឃើញ​កម្ពុជា រក្សា​ទំនាក់ទំនង​ជាមួយ​ខ្លួន បាន​ល្អ​ប្រសើរ​ជាង​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​​នឹង​​ចិន ដោយ​ហេតុ​ថា មហា​​យក្ស​​ចិន ជា​​គូ​ប្រជែង​របស់​វៀតណាម៖ «នៅ​ក្នុង​យុទ្ធសាស្ត្រ​សត្រូវ​របស់​សត្រូវ គឺជា​មិត្ត គឺ​គេ​ត្រូវ​ធ្វើ​អ៊ីចឹង​ហើយ។ កម្ពុជា​គឺជា​មិត្ត​របស់​ចិន ហើយ​កម្ពុជា​ក៏​ជា​មិត្ត​របស់​វៀតណាម​។ អីចឹង​កម្ពុជា -​វៀតណាម​ត្រូវ​ថ្លឹង​ក្នុង​កម្រិត​ណាមួយ​ដែល​គេ​អាច​ទាញ​យក​ប្រយោជន៍​បាន ហើយ​កម្ពុជា​​ជាមួយ​​ចិន​​ទាញ​​យក​​កម្រិត​​ណា​មួយ​​បាន។ វៀតណាម​ដូចគ្នា។ ក្នុង​រូបភាព​​ទំនាក់ទំនង វៀតណាម​ត្រូវ​ជំរុញ​កម្ពុជា​បែប​ណា ដើម្បី​រៀប​យន្តការ​បែប​ណា ​ដែល​​មាន​ឥទ្ធិពល​​គាប​សង្កត់​​ឱ្យ​​កម្ពុជា អាច​រឹតចំណង​ទាក់ទង​ដោយ​​គិត​ពី​​វៀតណាម ជាង​គិត​ពី​ចិន។ ប៉ុន្តែ យើង​មើល​ទិដ្ឋភាព​បច្ចុប្បន្ន វា​មិន​ដូច​អ្វី​ដែល​​ជា​​ការ​​គិត​​របស់​​វៀតណាម​​ទាំង​ស្រុង​​ទេ ដោយសារ​កម្ពុជា ត្រូវការ​ពង្រីក​ការអភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច។ អីចឹង ផលប្រយោជន៍​ដែល​កម្ពុជា​បាន​ពី​ចិន កម្ពុជា​អាច​​មាន​​ប្រយោជន៍​​ច្រើន​ជាង​​កម្ពុជា​​បាន​​ពី​​វៀតណាម»

លោក ឯម សុវណ្ណារ៉ា ពន្យល់​បន្ត​ថា កន្លង​មក​កម្ពុជា​បាន​ខិតខំ​រក្សា​តុល្យភាព​របស់​ខ្លួន ជាមួយ​​វៀតណាម និង​​ចិន ក៏ប៉ុន្តែ​លោក​ថា កម្ពុជា​ផ្អៀង​ទៅ​ខាង​ចិន​ខ្លាំង​ជាង​រួច​បាត់​ទៅ​ហើយ៖ «កន្លង​មក កម្ពុជា​បាន​ខំ​រក្សា​តុល្យភាព​នៃ​ទំនាក់ទំនង​​ទាំង​​កម្ពុជា​-​​វៀតណាម និង​​កម្ពុជា​​ចិន​។ ក៏ប៉ុន្តែ កម្ពុជា បើ​យើង​មើល​ទិដ្ឋភាព​​ពី​ការ​សហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​វៀតណាម ក៏​មាន​ផល​រមាស់ ជាមួយគ្នា​ដែរ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ តែ​កម្ពុជា​ជាមួយ​ចិន យើង​មើល​ឃើញ​ថា មាន​ភាព​​ល្អ​​ប្រសើរ​​ជាង។ អីចឹង ផល​រមាស់​ហ្នឹង​ក៏​វា មាន​ផល​តិច​ជាង​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​​ដែរ​។ សរុប​​មាន​ន័យ​ថា កម្ពុជា​មាន​អំណោយផល​ល្អ​ក្នុង​​ទំនាក់ទំនង​​ជាមួយ​ចិន ច្រើនជាង​ជាមួយ​វៀតណាម»

យ៉ាងណាក៏ដោយ លោក ឯម សុវណ្ណារ៉ា ព្រមាន​ថា ប្រសិនបើ​ក្នុង​ករណី​ដែល​កម្ពុជា បរាជ័យ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​នេះ​ឱ្យ​មាន​តុល្យភាព​ល្អ​រវាង​កម្ពុជា និង​វៀតណាម និង​កម្ពុជា និង​ចិន​នោះ នោះ​របប​ដឹកនាំ​សព្វថ្ងៃ​អាច​នឹង​បាត់បង់​ការ​គាំទ្រ​ពី​សំណាក់​ភាគី​វៀតណាម ជាពិសេស ក្រុម​ពលរដ្ឋ ឬ​សហគមន៍​វៀតណាម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​សព្វថ្ងៃ​នេះ៖ «បញ្ហា​គឺថា​កន្លង​មើល​យើង​មើល​ឃើញ​ថា វៀតណាម​គាំទ្រ​ទៅលើ​គណបក្ស​កាន់អំណាច។ ប្រសិនបើ​មាន​ផលវិបាក រដ្ឋាភិបាល​កាន់អំណាច​អាច​ប្រឈម​ទៅ​នឹង​ការ​បាត់​ការ​គាំទ្រ​ពី​ពលរដ្ឋ​វៀតណាម ឬ​អាណិកជន​វៀតណាម​ដែល​នៅ​ក្នុង​កម្ពុជា​។ នេះ​គឺជា​ហេតុផល​ចំពោះ​មុខ​។ ចំពោះ​ហេតុផល​នៅ​ក្នុង​តំបន់​គឺ​ជម្លោះ​។ កម្ពុជា​ឈរ​ខាង​ចិន​កាល​ពី​ពេល​កន្លងមក​ចំពោះ​ជម្លោះ​ក្នុង​តំបន់​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វៀតណាម​ក៏​កំពុង​ប្រទាញប្រទង់​ក្នុង​បញ្ហា​ហ្នឹង​ច្រើន​ដែរ​។ ដូច្នេះ វៀតណាម​មាន​ឥទ្ធិពល​ខ្លះ​ដែរ រឿង​ពាក់ព័ន្ធ​សេដ្ឋកិច្ច និង​នយោបាយ​នៅ​កម្ពុជា យើង​អាច​មើល​ឃើញ​ទិដ្ឋភាព​ហ្នឹងហើយ​។ អីចឹង រដ្ឋាភិបាល​អាច​ប្រឹងប្រែង​បញ្ហា​នេះ ហើយ​កម្ពុជា​ក៏​មិន​អាច​ចង់​នៅ​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណាមួយ​ទេ​។ ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​ប្រយោជន៍ ក៏ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​គឺថា ពង្រីក​មុំ ឬ​ច្រក​នៃ​ទំនាក់ទំនង​កម្ពុជា​ជាមួយ​លោក​ខាង​លិច ឱ្យ​មាន​តុល្យភាព​គ្នា​ច្រើន​ជាង​នេះ ជាមួយ​លោក​ខាងកើត​ចិន​។ ខ្ញុំ​គិត​ថា កម្ពុជា​អាច​គេច​ផុត​អំពី​ឥទ្ធិពល​នៃ​វៀតណាម ដែល​ជា​ប្រទេសជិតខាង​ជាមួយ​កម្ពុជា​ហើយ»

បើ​ទោះ​បី​ជា​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ម្ដងៗ​ទៅកាន់​ប្រទេស​វៀតណាម ឬក៏​ពេល​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វៀតណាម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នោះ មេដឹកនាំ​របប​ក្រុងភ្នំពេញ​តែង​មិន​ភ្លេច​ដឹងគុណ​វៀតណាម​ចំពោះ​ការណ៍​ដែល​វៀតណាម​ធ្លាប់​មានគុណ​លើ​ខ្លួន ក្នុង​អ្វីមួយ​ដែល​លោក ហ៊ុន សែន ហៅថា ជា​ការ​ចូលរួម «​ជួយ​រំដោះ​» កម្ពុជា​នោះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា មានរឿង​រ៉ាវ​ជាច្រើន​ណាស់​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​រក្សា​តុល្យភាព​រវាង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​វៀតណាម និង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ចិន។ លោក​ថា ទំនាក់ទំនង​ត្រីកោណ​វៀតណាម​-​កម្ពុជា​-​ចិន បច្ចុប្បន្ន មាន​ចំណុច​មិន​ស៊ី​សង្វាក់​គ្នា ឬ​ជា​ឆ្អឹង​ទទឹង​ករ ក្រោម​ក្រសែ​ភ្នែក​វៀតណាម ដោយសារតែ​រឿង​សង្ស័យ​អំពី​ថា កម្ពុជា អាច​ចុះ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ជាមួយ​ចិន ឱ្យ​ប្រើ​ប្រាស់​មូលដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​រាម។ លោក​ពន្យល់​ថា វៀតណាម​ដឹង​ច្បាស់​ណាស់​អំពី​រឿង​នេះ ហើយ​ថា​វៀតណាម​កំពុង​ដាក់ «​គំនាប​» មក​លើ​របប​ក្រុងភ្នំពេញ​ឱ្យ​កែប្រែ​ជំហរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Viet's agents keep eyes and ears on cde HSen's treason them

All Khmer pple+military men,women/units/officers must be stay strong together to protest all across the country on November 9,2019 to show to the the whole world and all our khmer solidarity around the world must do rallies to against unofficial election,unofficial pm,unofficial govm't,outlaw gouvm't,unrecognized by international community,and who destroyed democracy sysytem and abolished opposition political top contender before pm election coming,because Hun Sen fears to lose pm election and face ton of crimes he committed in the last 4 decades oppressive.

Oct 10, 2019 12:11 PM

គេហទំព័រ​ទាំងមូល