តើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា គួរ​រៀន​សូត្រ​អ្វីខ្លះ ពី​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន?

ដោយ មាន ឫទ្ធិ
2020-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកជំនាញ​ធ្វើ​បទបង្ហាញ​អំពី​ឥទ្ធិពល​​សេដ្ឋកិច្ច​នៃ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ​នៅ​មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development) កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ២០២០។
អ្នកជំនាញ​ធ្វើ​បទបង្ហាញ​អំពី​ឥទ្ធិពល​​សេដ្ឋកិច្ច​នៃ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ​នៅ​មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development) កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ២០២០។
RFA/Sorn Chanratha

ចាប់​តាំង​ពី​មហា​យក្ស​ចិន បាន​ដាក់​ចេញ និង​អនុវត្ត​នូវ​គម្រោងការ​ប្រចាំ​សតវត្ស​ខ្សែ​ក្រវាត់ និង​ផ្លូវ ឬ BRI នៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក តាំងពី​ឆ្នាំ​២០១៣ មក​ការ​សិក្សា​ស្រាវជ្រាវ​នានា​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ បង្ហាញ​ឱ្យ​ឃើញ​ពី​មន្ទិល និង​កង្វល់​ជុំវិញ​គម្រោងការ​របស់​ចិន​នេះ​។ តើ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូចជា​កម្ពុជា គួរ​រៀន​សូត្រ​អ្វីខ្លះ​ពី​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ របស់​ចិន ដើម្បី​ទាញ​យក​ផលប្រយោជន៍​ឱ្យ​បានជា​អតិបរមា ហើយ​អាច​បញ្ចៀស​ពី​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ និង​អភិបាលកិច្ច​ដោយសារ​ការ​អនុវត្ត​គម្រោងការ​របស់​ចិន​នេះ?

ការសិក្សា​ស្រាវជ្រាវ​អំពី​ឥទ្ធិពល​នៃ​ការអនុវត្ត​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​នៅ​លើ​ពិភពលោក ដោយ​ផ្អែកលើ​ហេតុផល​សេដ្ឋកិច្ច ជាជាង​ហេតុផល​នយោបាយ បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៃ​ការ​ចែករំលែក​បទពិសោធន៍ និង​របក​គំហើញ​ចុងក្រោយ​បំផុត ក្នុង​ចំណោម​ក្រុម​អ្នក​ជំនាញ មកពី​ស្ថាប័ន​អន្តរជាតិ​ធំៗ មាន​ដូចជា​ធនាគារ​ពិភពលោក World Bank មូលនិធិ​រូបិយវត្ថុ IMF និង​អ្នក​សិក្សា​ស្រាវជ្រាវ​មកពី​តាម​សាកលវិទ្យាល័យ និង​ស្ថាប័ន​ស្រាវជ្រាវ​នានា​។ ការ​ចែករំលែក​របក​គំហើញ​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ ជុំវិញ​ឥទ្ធិពល​សេដ្ឋកិច្ច​នៃ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development) ដែល​មាន​មូល​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៤ មករា។

ការសិក្សា​ស្រាវជ្រាវ​មួយ​ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រួម​នៃ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន រក​ឃើញ​ថា គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន​ក្នុង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ អាច​ចូលរួម​ចំណែក​ដល់​ការកាត់បន្ថយ​ថ្លៃដើម និង​ពេលវេលា​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​។ បណ្ឌិត ហ្វ្រង់ស្វ័រ ដឺ សូ​រេស (Francois de Soyres) សេដ្ឋកិច្ចវិទូ នៃ​ធនាគារ​សហព័ន្ធ​អាមេរិក ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​នេះ សន្និដ្ឋានថា គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន មាន​ឥទ្ធិពល​ទូលំទូលាយ​ទៅលើ​ពាណិជ្ជកម្ម​អន្តរជាតិ កំណើន​ផលទុន​សរុប​ក្នុងស្រុក ឬ GDP និង​សុខុមាលភាព​នៅ​តាម​ប្រទេស​នានា៖ «នៅ​ទីណា​ដែល​អ្នក​ឃើញ​មានកម្ម​វិធី​វិនិយោគ​ដ៏​សម្បើម​បែបនេះ ហើយ​ដែល​វា​ជា​បណ្ដាញ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នោះ ឥទ្ធិពល​របស់​វា​គឺ​ធំ​មែនទែន​។ គឺ​មិនមែន​សម្រាប់​តែ​ប្រទេស​ក្នុង​តំបន់​នោះ​ទេ តែ​ក៏​ដល់​ប្រទេស​ដទៃ​ផង​ដែរ​។ យើង​មាន​ទិន្នន័យ​ដែល​បង្ហាញ​ថា ប្រទេស​ដែល​មិន​ស្ថិត​ក្រោម​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន​នេះ ឬ​ប្រទេស​ដែល​មិនបាន​រួមចំណែក​បង់ថ្លៃ​លើ​គម្រោង​នេះ ហើយ​ដែល​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ដែនដី​របស់​ពួកគេ ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ចំណូល​បន្ថែម ១,% ទៅលើ GDP និង​សុខុមាលភាព​សង្គម»

ក៏ប៉ុន្តែ ទន្ទឹម​​នឹង​ការ​រក​ឃើញ​ពី​ផល​វិជ្ជមាន​ផ្នែក​ពាណិជ្ជកម្ម អ្នក​សិក្សា​ស្រាវជ្រាវ​រកឃើញ​ពី​ផល​អវិជ្ជមាន​ដែលថា គម្រោង​មហិច្ឆតា​របស់​ចិន​នេះ ក៏​កំពុង​បង្ក​ជា​ហានិភ័យ​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង​ដោយមាន​ការ​លម្អៀង​ផ្នែក​នយោបាយ កង្វះ​បញ្ហា​អភិបាលកិច្ច និង​បញ្ហា​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម។

ការសិក្សា​ស្រាវជ្រាវ​មួយ​ផ្សេងទៀត ធ្វើឡើង​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក ដើម្បី​ចង់ដឹង​ថា​តើ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​នេះ នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែរ​ឬ​យ៉ាងណា​នោះ រក​ឃើញ​ថា បើ​ទោះ​ជា​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ផ្តល់​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ថ្នាក់ក្រោម​ជាតិ​របស់​ប្រទេស​ម្ចាស់ផ្ទះ​ក៏ដោយ ក៏ប៉ុន្តែ​ផលប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​នេះ មានការ​កើន​ឡើង ឬ​ប្រមូល​ផ្តុំ​ដោយ​មិន​សមាមាត្រ​គ្នា​នៅ​ក្នុង​តំបន់ ឬ​កន្លែង​ណា​ដែល​មាន​អចលនទ្រព្យ​របស់​អ្នកនយោបាយ ដែល​កំពុង​កាន់អំណាច​តែប៉ុណ្ណោះ​។ បណ្ឌិត ប្រែដស៍ ផាក (Brad Parks) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ AIDDATA នៅ​អាមេរិក ពន្យល់​ថា ប្រព័ន្ធ​របស់​ចិន​ក្នុង​ការ​អនុម័ត​ឱ្យ​មាន​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ រួម​ទាំង​ការ​ជ្រើសរើស​ទីតាំង​គម្រោង​ជាដើម មិន​បាន​អនុវត្ត​ដូច​គោលនយោបាយ​របស់​ធនាគារ​ពិភពលោក​នោះ​ទេ ក្នុង​នោះ​រួម​ទាំង​គ្មាន​ការ​វាយ​តម្លៃ​ថា​តើ​ការបែងចែក​ផលប្រយោជន៍​ទទួល​បាន​ពី​គម្រោង​របស់​ខ្លួន​មាន​ភាព​ទូលំទូលាយ បាន​ដល់​មនុស្ស​គ្រប់គ្នា​ដែរ​ឬ​អត់​នោះ​ទេ៖ «ផលប្រយោជន៍​នៃ​កំណើន​ទាំងនោះ ត្រូវ​បាន​គេ​ចែករំលែក​ដោយ​មិន​ស្មើគ្នា ហើយ​ក្នុង​ករណី​ខ្លះ មាន​ការ​កើន​ឡើង​ឬ​ប្រមូល​ផ្តុំ​តាម​តំបន់​ដែល​មាន​អ្នកនយោបាយ​រស់នៅ។ ការណ៍​នេះ អាច​បណ្ដាល​ឱ្យ​មាន​ផលវិបាក​ជា​អវិជ្ជមាន ក្នុង​ន័យ​ថា នៅ​ក្នុង​ប្រទេស​នោះ តើ​មានការ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញចិត្ត​របស់​មហាជន ដែល​ថា​តំបន់​ខ្លះ​ទទួល​អត្ថប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​បាន​ខ្លាំង​ជាង​តំបន់​ខ្លះ​ទៀត​នោះ​។ ជា​ការ​គួរ​ឱ្យ​ចាប់អារម្មណ៍ នៅ​ពេល​ដែល​យើង​ធ្វើការ​វិភាគ​ដូចគ្នា​សម្រាប់​គម្រោង​របស់​ធនាគារ​ពិភពលោក​វិញ យើង​មិន​ឃើញ​មាន​នូវ​ឥទ្ធិពល​បែប​នោះ​ទេ»

ក្រុម​អ្នក​ជំនាញ​ក៏បាន​លើកឡើង​ពី​បរាជ័យ​របស់​ចិន​ក្នុង​ការ​បើកចំហ​ការ​អនុវត្ត​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ខ្លួន ប្រកបដោយ​តម្លាភាព និង​សុចរិត​ភាព ជាពិសេស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការ​ដេញ​ថ្លៃ ឬ​លទ្ធកម្ម​ជាដើម។

ផែនទី​បង្ហាញ​ពី​ប្រទេស​ដែល​ប្រឈម​ហានិភ័យ​ជាមួយ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន។ ពណ៌​ក្រហម​បង្ហាញ​ថា ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់ ពណ៌​លឿង​បង្ហាញ​ពី​ការ​ប្រឈម​ហានិភ័យ​គួរ​ឱ្យ​កត​សម្គាល់ ហើយ​ពណ៌​ខៀវ​មាន​ហានិភ័យ​ទាប។ រូបភាព​ពី​របាយការណ៍​របស់​មជ្ឈមណ្ឌល ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development-CGD)
ផែនទី​បង្ហាញ​ពី​ប្រទេស​ដែល​ប្រឈម​ហានិភ័យ​ជាមួយ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន។ ពណ៌​ក្រហម​បង្ហាញ​ថា ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់ ពណ៌​លឿង​បង្ហាញ​ពី​ការ​ប្រឈម​ហានិភ័យ​គួរ​ឱ្យ​កត​សម្គាល់ ហើយ​ពណ៌​ខៀវ​មាន​ហានិភ័យ​ទាប។ រូបភាព​ពី​របាយការណ៍​របស់​មជ្ឈមណ្ឌល ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development-CGD)

អ្នកស្រី ថានីញ៉ា ហ្គោសេន (Tania Ghossein) អ្នក​ជំនាញ​ជាន់ខ្ពស់​នៃ​ក្រុម​ធនាគារ​ពិភពលោក (World Bank Group) មានប្រសាសន៍ថា តាម​ការស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក រក​ឃើញ​ថា យ៉ាងហោចណាស់​ជាង ៥០​ភាគរយ នៃ​គម្រោង​ផ្ដល់​មូលនិធិ​ដោយ​ចិន ត្រូវ​បាន​គេ​កំណត់ទុក​ឱ្យ​តែ​ក្រុមហ៊ុន​ចិន​ជា​អ្នក​អនុវត្ត​គម្រោង​។ អ្នកស្រី​ថា ចិន​មិន​បាន​ចែករំលែក​ព័ត៌មាន​ច្បាស់លាស់​នៃ​ដំណើរការ​ដេញថ្លៃ ហើយ​ថា មាន​ទំនោរ​ដែល​ថា រាល់​ប្រភព​នៃ​គម្រោង​ដែល​ផ្ដល់​មូលនិធិ​ដោយ​ចិន នោះ​អ្នកម៉ៅការ​ចិន​ច្រើនតែ​ជា​អ្នក​ទទួល​បាន​កិច្ចសន្យា​អនុវត្ត​គម្រោង​នោះ ហើយ​ពួកគេ​ទទួលយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​តែ​ជា​របស់​ចិន​ដូចគ្នា៖ «ប្រទេស​ជា​អ្នក​សុំ​ខ្ចី​បំណុល​ពី​ចិន គួរ​ជំរុញ​ឱ្យ​មានការ​អនុវត្ត​តាមច្បាប់​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ដេញ​ថ្លៃ ឬ​លទ្ធកម្ម​របស់​ខ្លួន សម្រាប់​គម្រោង ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន​។ បន្ទាប់​មក​ត្រូវ​ទទូច​ឱ្យ​មានដំណើរ​ការ​ប្រកប​ដោយ​ការ​បើក​ចំហ និង​ការ​ប្រកួតប្រជែង​។ យើង​ដឹង​ថា ការស្រាវជ្រាវ​បង្ហាញ​ថា មាន​ផលវិបាក​ជុំវិញ​អំណាច​មិន​ស្មើគ្នា​រវាង​រដ្ឋាភិបាល​ចិន ឬ​ស្ថាប័ន​ផ្ដល់​ហិរញ្ញវត្ថុ​របស់​ចិន និង​អំណាច​របស់​ប្រទេស​ម្ចាស់ផ្ទះ ដែល​សម្លឹង​ចង់បាន​ការ​ផ្តល់​ហិរញ្ញប្បទាន មានការ​ប្រាក់​ទាប​នោះ»

ដោយឡែក ការសិក្សា​មួយ​ផ្សេងទៀត​ដើម្បី​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​លើ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ទៅដល់​ភាព​ងាយ​រងគ្រោះ​នៃ​កម្ចី​របស់​ប្រទេស​អនុវត្ត​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន ដែល​ផ្ដោត​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ៤៣ រក​ឃើញ​ថា គម្រោង​វិនិយោគ​របស់​ចិន អាច​បង្កើត​ឱ្យ​មាន​នូវ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​។ ហានិភ័យ​នេះ មាន​កម្រិត​កាន់តែ​ធ្ងន់ធ្ងរ ចំពោះ​គម្រោង​ខ្នាត​យក្ស​របស់​ចិន។

បណ្ឌិត លូកា បែនដៃរ៉ា (Luca Bandeira) សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​នៃ​ក្រុម​ធនាគារ​ពិភពលោក ពន្យល់​ថា ប្រទេស​ជាច្រើន​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ច្រើន​ពី​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន​នេះ ប្រតិបត្តិ​គម្រោង​នេះ​ដោយ​មិន​មាន​ការ​រាយការណ៍​ត្រឹមត្រូវ ខ្វះ​ក្របខ័ណ្ឌ​តាមដាន និង​គ្មាន​ការ​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​តម្លាភាព៖ «ប្រទេស​ដែល​អាច​មាន​បញ្ហា​ក្នុង​រយៈពេល​មធ្យម ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​ភាព​ងាយ​រងគ្រោះ គួរតែ​ផ្តោត​លើ​លក្ខខណ្ឌ​នៃ​ការខ្ចី​បុល ដើម្បី​កុំ​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ងាយ​រងគ្រោះ​នៃ​ការ​ខ្ចីបុល ដែល​អាច​បណ្ដាល​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​កម្ចី»

ក្រៅពី​អនុសាសន៍​ទាំងនេះ ក្រុម​អ្នក​ជំនាញ​ក៏បាន​លើកឡើង​ដែរ​ថា ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន តម្រូវ​ឱ្យ​មាន​នូវ​ចំណាត់​ការ​បំពេញ​បន្ថែម និង​ការគ្រប់គ្រង​ហានិភ័យ ដែល​ក្នុង​នោះ​រួមមាន​ដូចជា ការ​ធ្វើ​កំណែទម្រង់​គោលនយោបាយ ដែល​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​ហានិភ័យ​ឱ្យ​បាន​ប្រសើរ ពាក់ព័ន្ធ​នឹង​បញ្ហា អភិបាលកិច្ច សង្គម និង​បរិស្ថាន ជាដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល