សមាគម​ខ្មែរ​ក្រោម​ស្នើ​រដ្ឋាភិបាល​ជួយ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ជីវភាព​រស់នៅ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា

ដោយ យន់ សាមៀន
2020-02-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

បណ្ដុំ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បួន នៅ​កម្ពុជា ​បង្ហាញ​របាយការណ៍​ស្ដីពី​ស្ថានភាព​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​កម្ពុជា​សព្វថ្ងៃ ក្នុង​សិក្ខាសាលា​មួយ កាលពី​សប្ដាហ៍​មុន​។ របាយការណ៍​​នោះ រក​ឃើញ​ថា ខ្មែរ​ក្រោម​ដែល​ភៀសខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​ប្រទេស​វៀតណាម នៅតែ​បន្ត​រង​ទុក្ខ​វេទនា​នៅ​កម្ពុជា ដោយសារតែ រដ្ឋាភិបាល​កម្ពុជា​មិន​យកចិត្តទុកដាក់ និង​ថែមទាំង​រើសអើង​​ពួកគេ។

មន្ត្រី​ជាន់ខ្ពស់ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែល​រួម​ផ្តល់​ព័ត៌មាន​ក្នុង​របាយការណ៍​ស្ដីពី​ស្ថានភាព​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា ខ្មែរ​ក្រោម​នៅ​កម្ពុជា​កំពុង​រង​ទុក្ខ​ផ្នែក សិទ្ធិ​លំនៅឋាន សិទ្ធិ​បញ្ចេញមតិ ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​មិន​ទទួល​បាន​ការ​អប់រំ​ឱ្យ​បាន​ពេញ​លេញ។

អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន បាន​សម្រេច​ចិត្ត​មក​រស់នៅ​កម្ពុជា​ដោយ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​អាច​ផ្ដល់​សេចក្តី​សុខ និង​សិទ្ធិ​ស្មើ​ភាព​គ្នា​ដល់​ខ្មែរ​ក្រោម ប៉ុន្តែ អង្គការ​សមាគម​ខ្មែរ​ក្រោម​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទៅលើ​ពលរដ្ឋ​ខ្មែរ​ក្រោម មិន​ខុសគ្នា​នឹង​រដ្ឋាភិបាល​វៀតណាម​ប៉ុន្មាន​នោះ​ទេ។

លោក​ថា ខ្មែរ​ក្រោម​រស់នៅ​លើទឹក​ដី​កំណើត​ដែល​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម​នោះ ត្រូវ​បាន​រដ្ឋាភិបាល​កៀបសង្កត់​មិន​ឱ្យ​រក្សា​អត្តសញ្ញាណ​ខ្មែរ ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​សម្របសម្រួល​ខ្លួន​ទៅតាម​វប្បធម៌​វៀតណាម​។ ខ្មែរ​ក្រោម​ក៏​រងគ្រោះ​ដោយសារតែ ការ​រឹបអូស​ដីធ្លី ហើយ​បើ​ហ៊ាន​តវ៉ា​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាត់វិធានការ​ហិង្សា​ប្រឆាំង​ពួកគេ ជា​មិន​ខាន។ ចំណែក​ព្រះសង្ឃ​ខ្មែរ​ក្រោម ក៏​ត្រូវ​វៀតណាម​ចាប់​ផ្សឹក និង​ឃុំខ្លួន ដោយសារតែ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចង់​មាន​សេរីភាព​ផ្នែក​សាសនា។

លោក សឺន ជុំជួន បន្ត​ថា ដោយឡែក​នៅ​កម្ពុជា​វិញ ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ផ្តល់​ព័ត៌មាន​ថា អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​កំពុង​ឃ្លាំមើល និង​បំបិទ​បំភ័យ​ពួកគេ​។ អាជ្ញាធរ​តែង​ស៊ើបអង្កេត ថតរូប សំឡេង សាកសួរ និង​រារាំង​សកម្មជន​ខ្មែរ​ក្រោម​មិន​ឱ្យ​បញ្ចេញមតិ​ជាដើម​។ អាជ្ញាធរ​កម្ពុជា ក៏​បន្ត​រឹតត្បិត​មិន​ឱ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​រំលឹក​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម រៀងរាល់​ថ្ងៃ​ទី៤ មិថុនា ហើយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​នៅតែ​គ្មាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​មាន​កម្ម​សិទ្ធិ​លើ​ដី​ធ្លី និង​ផ្ទះសម្បែង៖ «បញ្ហា​ភាព​ស្របច្បាប់​រស់នៅ​ប្រទេស​កម្ពុជា​។ យើង​នៅតែ​ប្រឈម​។ ភាគច្រើន​ដែល​បងប្អូន​យើង​ស្នើសុំ​ដើម្បី​បាន​ភាព​ស្របច្បាប់​ហ្នឹង មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ទេ​។ ដំណើរការ​មាន​ភាព​យឺតយ៉ាវ។ ទី​ពីរ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការអប់រំ​របស់​ស្ត្រី​ខ្មែរ​ក្រោម ដែល​យើង​រក​ឃើញ​នៅ​ពេល​ថ្មី​ហ្នឹង កាល​នៅ​ខ្មែរ​ក្រោម​ពួកគេ​ប្រឈម​នឹង​អរក្ខកម្ម ប៉ុន្តែ​មក​កម្ពុជា ពួកគេ​នៅតែ​ប្រឈម​បញ្ហា​ទាំងនោះ»

លោក សឺន ជុំជួន បន្ត​ថា ស្ត្រី​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ប្រមាណ ៩៥​ភាគរយ​មិន​ចេះ​អក្សរ​។ លោក​ថា របាយការណ៍​ស្ដីពី​ស្ថានភាព​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា នឹង​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ខ្មែរ​ក្រោម​ឱ្យ​មាន​ប្រសិទ្ធភាព ដោយសារតែ​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​មិនសូវ​យកចិត្តទុកដាក់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ​៖ «យើង​សូម​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា គួរតែ​យកចិត្ត​ដល់​ខ្មែរ​ក្រោម ឱ្យ​ដូច​ទៅ​នឹង​រដ្ឋាភិបាល​យកចិត្ត​ទុក្ខ​ដាក់​ដល់​ជនជាតិ​វៀតណាម»

ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ខ្មែរ​ក្រោម​នៅ​កម្ពុជា​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​មិន​ទទួលស្គាល់​ខ្មែរ​ក្រោម​ថា ជា​ខ្មែរ​ទេ លុះត្រាតែ​ពួកគេ មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ រួមមាន​ដូចជា ឪពុកម្ដាយ​ពួកគេ​ត្រូវតែ​ជា​ខ្មែរ មាន​សំបុត្រកំណើត និង ទីកន្លែង​កំណើត​នៅ​កម្ពុជា។ លោក​បន្ត​ទៀត​ថា រដ្ឋាភិបាល​គ្មាន​ការ​យោគយល់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ​។ លោក ផៃ ស៊ីផាន ក៏​ធ្លាប់​អះអាង​ដែរ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​បង្កឡើង​ដោយ​អាជ្ញាធរ​វៀតណាម​ទៅលើ​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​នោះ​ទេ ដោយសារ​លោក​ចាត់​ទុក​ថា ខ្មែរ​ក្រោម ជា​ជនជាតិ​វៀតណាម។

ការ​លើកឡើង​របស់​លោក ផៃ ស៊ីផាន នេះ បង្ក​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ខកចិត្ត​យ៉ាង​ខ្លាំង​។ ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ទឹកដី​ខ្មែរ​ក្រោម​ត្រូវ​បាន​បារាំង​កាត់​ឱ្យ​វៀតណាម​ទាំង​ខុសច្បាប់ កាលពី​ឆ្នាំ ១៩៤៩ មក​ទល់​ពេល​នេះ ទើប​តែ​មាន​រយៈពេល ៧០​ឆ្នាំ​តែប៉ុណ្ណោះ។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​សមាគម​ខ្មែរ​ក្រោម​ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​អន្តរជាតិ​ដោះស្រាយ​វិបត្តិ​ខ្មែរ​ក្រោម​នៅ​កម្ពុជា។ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ ដើម្បី​លុប​បំបាត់​ការរើសអើង​ពូជសាសន៍ របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ឱ្យ​ស្នើ រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិបត្តិ​ខ្មែរ​ក្រោម​នេះ​ដែរ​។ ក្រោយ​ស្ដាប់​របាយការណ៍​តំណាង​សមាគម​ខ្មែរ​ក្រោម គណៈកម្មាធិការ​ដើម្បី​លុបបំបាត់​ការរើសអើង​ពូជសាសន៍ របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ដល់​ភាគី​កម្ពុជា ដោះស្រាយ​បញ្ហា​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​ដល់​ខ្មែរ​ក្រោម ​ដើម្បី​ពួកគេ​អាច​ទទួល​បាន​ការ​ទទួល​ស្គាល់​សញ្ជាតិ​របស់​ពួកគេ និង​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម ដាក់ឈ្មោះ ​និង​ទីកន្លែង​កំណើត​ពិតប្រាកដ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ​។ គណៈកម្មាធិការ​នេះ ក៏​ស្នើ​ដល់​កម្ពុជា​ឱ្យ​ធានា​ថា ខ្មែរ​ក្រោម​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​សិទ្ធិ​ដីធ្លី ការងារ អប់រំ សេវាកម្ម​សង្គមកិច្ច ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល