ពលរដ្ឋ​ខ្មែរ​ក្រោមស្នើ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ឱ្យ​​ខ្មែរ​ក្រោម​ឈប់​សម្រាក​ធ្វើ​បុណ្យ​សែន​ដូនតា​

ដោយ យន់ សាមៀន
2019-09-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្មែរ​ក្រោម​នាំគ្នា​ប្រារព្ធ​ពិធី​សែន​ដូនតា នៅ​ខេត្ត​ព្រះត្រពាំង នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩។
ខ្មែរ​ក្រោម​នាំគ្នា​ប្រារព្ធ​ពិធី​សែន​ដូនតា នៅ​ខេត្ត​ព្រះត្រពាំង នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩។
Photo courtesy

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះសង្ឃ​ខ្មែរ​ក្រោម ស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​រស់នៅ​ស្រុកកំណើត​ឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ខ្មែរ​ក្រោម​ហៅថា ពិធី​សែន​ដូនតា​។ ពលរដ្ឋ​ខ្មែរ​ក្រោម​ថា ពិធី​សែន​ដូនតា​ជា​ពិធី​សាសនា​សំខាន់​តម្រូវ​ឱ្យ​កូនចៅ និង​សាច់ញាតិ ជួបជុំ​ឪពុកម្ដាយ និង​ក្រុម​គ្រួសារ។

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​មួយ​អង្គ​គង់នៅ​ខេត្ត​ព្រះត្រពាំង មាន​ថេរដីកា​ថា អាជ្ញាធរ​វៀតណាម​មិន​បាន​ផ្តល់​ឱកាស​ឈប់​សម្រាក​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​ធ្វើ​ការងារ​នៅ​ទី​ឆ្ងាយ​ស្រុក ដើម្បី​អាច​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​ក្នុង​ពិធី​សែន​ដូនតា​បាន​នោះ​ទេ៖ «បុណ្យ​សែន​ដូនតា​ហ្នឹង​ជា​ពិធី​មួយ​ត្រូវ​ជួបជុំ ញាតិមិត្ត​ជាពិសេស​កូនចៅ​ដែល​ប្រកបការងារ​នៅ​ឆ្ងាយ​ពី​ស្រុក​។ អ៊ីចឹង​ភាគច្រើន​ខ្មែរ​ក្រោម​គាត់​ទៅ​ធ្វើ​ការងារ​នៅ​ព្រៃនគរ គាត់​គ្មាន​ពេល​សម្រាក​​ទេ។ អ៊ីចឹង​មានតែ​បុណ្យ​សែន​ដូនតា​ហ្នឹងហើយ ប៉ុន្តែ​រដ្ឋាភិបាល​មិនទាន់​អនុញ្ញាត​នៅ​ឡើយ»

ពិធី​កាន់បិណ្ឌ​មាន រយៈពេល ១៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥ រោច ខែ​ភទ្របទ គឺជា​ថ្ងៃបុណ្យ​ភ្ជុំ​ធំ គឺ ចាប់​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៨ កញ្ញា។ នៅ​កម្ពុជា រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ កម្មករ​បាន​ឈប់សម្រាក​រយៈ ៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ទី​៣០ កញ្ញា។

ព្រះសង្ឃ​គង់នៅ​កម្ពុជា​ក្រោម​មាន​ថេរ​ដីកា​បន្ត​ទៀត​ថា មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​សំដែង​ការ​មិន​ពេញចិត្ត​នឹង​អាជ្ញាធរ​វៀតណាម ដែល​មិនបាន​អនុញ្ញាត​ឱ្យ​ពួកគេ​បាន​ឈប់​សម្រាក។ ពួកគេ​ចាត់​ទុក​ទង្វើ​នេះ​ថា បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ផ្នែក​សាសនា៖ «ប៉ះពាល់​ដល់​សតិអារម្មណ៍​ចំពោះ​ការ​ចង់​បាន​ការ​ជួបជុំ​។ អ្នកខ្លះ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ហ្នឹង​គាត់​សរសេរ​ថា គាត់​នឹក​ស្រុក​ណាស់»

រដ្ឋាភិបាល​វៀតណាម មិន​ត្រឹមតែ​មិន​ឱ្យ​ខ្មែរ​ក្រោម​ឈប់​សម្រាក​ក្នុង​បុណ្យ​សែន​ដូនតា​នោះ​ទេ វៀតណាម​ក៏​មិន​ឱ្យ​ខ្មែរ​ក្រោម​ឈប់​សំរាក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ កាលពី​ខែ​មេសា​កន្លងទៅ​ដែរ​។ កាលនោះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​សរសេរ​លិខិត​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​មិនបាន​ទទួល​ស្គាល់​ថា ខ្មែរ​កម្ពុជា​ក្រោម​ជា​ជនជាតិ​ដើមកំណើត និង​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​ឈប់សម្រាក​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នោះ​ទេ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ចំពោះ​ការ​រឹតត្បិត​មិន​ឱ្យ​ខ្មែរ​ក្រោម​អាច​ចូលរួម​បុណ្យ​សែន​ដូច​តា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ៖ «រដ្ឋាភិបាល​វៀតណាម​ធ្វើ​ហ្នឹង​វា​អត់​ត្រូវ​តាមច្បាប់ និង​សិទ្ធិ​ខ្មែរ​ក្រោម​ផង​។ ខ្មែរ​ក្រោម​ជា​ជាតិ​ដើម​ដូច្នោះ​ត្រូវតែ​មាន​សិទ្ធិ​គោរព​ប្រពៃណី និង​ព្រះពុទ្ធសាសនា»

ព្រះអង្គ​លើក​ឡើង​ថា វៀតណាម មិន​ចង់​ទទួលស្គាល់​ខ្មែរ​ក្រោម​ថា ជា​ជនជាតិ​ដើមកំណើត ទើប​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​បាន​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​សំខាន់ ដូចជា​បុណ្យ​សែន​ដូនតា និង​បុណ្យ​ឆ្នាំ​ថ្មី៖ «គេ​មិន​ហ៊ាន​ទទួលស្គាល់​ជា​ជនជាតិ​ដើមកំណើត​ទេ ដោយសារតែ​រដ្ឋាភិបាល​យួន​ជា​ជន​អន្តោប្រវេសន៍ ដូច្នោះ​ហើយ​ខ្មែរ​ក្រោម​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​។ គេ​មិន​ទទួលស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម បើ​ទទួលស្គាល់​ខ្មែរ​ក្រោម ព្រោះ​ថា ច្បាប់​ជនជាតិ​ដើម​ខ្មែរ​ក្រោម​មាន​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង»

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​មិនទាន់​ឆ្លើយតប​សំណួរ​អាស៊ីសេរី ជុំវិញ​សំណើសុំ​ឈប់​សម្រាក​របស់​ខ្មែរ​ក្រោម​នៅ​ឡើយ​ទេ កាលពី​ថ្ងៃ​ទី២១ កញ្ញា។

របាយការណ៍​សិទ្ធិមនុស្ស​ក្រសួងការបរទេស​អាមេរិក​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ មីនា រក​ឃើញ​ថា ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម​នៅតែ​បន្ត​កើត​មាន​ឡើង​។ របាយការណ៍​នោះ​បន្ត​ថា ការរំលោភ​សិទ្ធិមនុស្ស​ទាំងនោះ រួមមាន ការ​ឃុំ​ឃាំង​ទាំង​ខុសច្បាប់ និង​សម្លាប់​ដោយ​អនាធិបតេយ្យ ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​តាម​បណ្ដាញ​សង្គម និង អ៊ីនធឺណិត​ជាដើម​។ មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ ដោយសារតែ​ការ​ចង់​បាន​សិទ្ធិ​សាសនា និង​ការ​បញ្ចេញ​មតិ​។ ព្រះសង្ឃ​ខ្មែរ​ក្រោម​ធ្លាប់​អះអាង​ថា សាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ ជា​ឫសគល់​និង​មូលដ្ឋាន ដែល​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​រក្សា​អត្តសញ្ញាណ​ជា​ខ្មែរ​ក្រោម​នៅ​លើ​ទឹកដី​កំណើត​ដែល​វៀតណាម​គ្រប់​គ្រង់​សព្វថ្ងៃ​នេះ។ ការប្រតិបត្តិ សាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ​បាន ក៏​ដោយសារតែ​ខ្មែរ​ក្រោម​អាច​រក្សា​ទីវ​ត្ត​អារាម​បាន​គង់វង្ស​។ មក​ទល់​នឹង​ឆ្នាំ ២០១៨ វត្ត​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤៦១​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង ៨​ពាន់ ៥​រយ​អង្គ​។ សហព័ន្ធ​ខ្មែរ​ក្រោម​សព្វថ្ងៃ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ពី​វៀតណាម ដើម្បី​អាច​សម្រេច​វាសនា​អនាគត​ដោយ​ខ្លួនឯង​បាន​។ ប្រតិភូ​សហព័ន្ធ​ខ្មែរ​ក្រោម​កំពុង​សិក្សា​ស្វែងយល់​ពី​ប្រទេស​មួយ​ចំនួន​ដែល​ទើប​ទទួល​បាន​ឯករាជ្យ ដើម្បី​យក​បទពិសោធន៍​ទាំងនោះ​ទៅ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ពី​វៀតណាម​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល