សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​កុំ​ឲ្យ​ខ្មែរ​ក្រោម ចាញ់​សម្លុត​អាជ្ញាធរ​ពេល​ទៅ​លេង​ស្រុក​កំណើត

ដោយ យន់ សាមៀន
2020-02-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ការ​រៀបចំ​ប្រជុំ​គណ:កម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។​
ការ​រៀបចំ​ប្រជុំ​គណ:កម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។​
ហ្វេសប៊ុក

មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា អាជ្ញាធរវៀតណាម បន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈការបង្ខំឲ្យធ្វើកិច្ចសន្យាមិនប្រឆាំងទាមទារ​វៀតណាម ដើម្បីរំដោះទឹកដីកម្ពុជាក្រោមវិញ។

មន្រ្តីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឲ្យដឹងថា វៀតណាម​បាន​ចាប់ផ្តើមធ្វើយុទ្ធនាការ គំរាមកំហែងពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរទៅ​សួរសុខទុក្ខ​បងប្អូន និងឪពុកម្តាយដែលកំពុងរស់នៅលើទឹកដីកំណើតលើទឹកដីកម្ពុជាក្រោម។ កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ អាជ្ញាធរ​វៀតណាម នៅខេត្ត​ឃ្លាំង ដែលក្រោយមកវៀតណាមប្តូរឈ្មោះទៅជាខេត្ត សុកត្រាំង បាន​កោះ​ហៅ​ពលរដ្ឋខ្មែរក្រោមម្នាក់ ជាខ្មែរអាមេរិកាំង ទៅសួរចម្លើយពេល​លោកទៅលែងស្រុក​កំណើត។ មន្រ្តីវៀតណាមបានសាកសួរ លោកអស់រយៈពេល​ប្រមាណ ៣ម៉ោង និងបង្ខំឲ្យលោកធ្វើ​កិច្ច​សន្យាមិន​ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ទើបអាចវិលត្រឡប់ទៅផ្ទះវិញបាន។

ព្រះភិក្ខុ​ សឺង​ យ៉ឹ​ងរ​តនា​ មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមរ​រង្សី​ នៅ​ទី​ក្រុង​សាន់​ហូស្សេ​ រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ (California​) មានថេរដីកាថា អាជ្ញាធរវៀតណាម បាន​បង្ខំ និងលួងលោមខ្មែរក្រោមមកពីកម្ពុជា និងសហរដ្ឋអាមេរិកកុំឲ្យធ្វើសកម្មភាពប្រឆាំង នឹងវៀតណាម ដោយ​សន្យាឲ្យផលប្រយោជន៍។ ព្រះអង្គបន្ត ទង្វើរបស់វៀតណាមជា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ពីព្រោះពលរដ្ឋខ្មែរក្រោមមិនបានប​ង្កអំពើហិង្សា ឬប្រើប្រាស់មធ្យោបាយហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេចនោះទេ៖ «ការធ្វើទៅលើពលរដ្ឋខ្មែរក្រោមយើង ដែល​ធ្វើ​ដំណើរ​ពី​អាមេរិក ក្រៅប្រទេស ក៏ដូចពី​កម្ពុជា ចុះទៅស្រុកកំណើតសួរសុខទុក្ខឪពុកម្តាយ ឬវត្តអារាមនៅលើទឹកដីកម្ពុជាក្រោម ហើយរដ្ឋអំណាចវៀតណាម​តែង​តែកោះហៅ និងគំរាមកំហែង ហៅ​ទៅ​សួរ​ចម្លើយជាការរំលោភសិទ្ធិមនុស្សចំពោះពលរដ្ឋខ្មែរក្រោម»

ព្រះអង្គបន្តទៀត​ថា វៀតណាមចាប់ផ្តើម លាប​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​អង្គការ​នយោបាយ​ស្រប​ច្បាប់ ដែលមានមូលដ្ឋាននៅអាមេរិកដើម្បីតស៊ូមតិ ទាមទារសិទ្ធិស្វ័យ​សម្រេច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទៅ​ថ្ងៃអនាគត៖ «និយាយរួមគេរៀបរាប់ អំពីសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅ​ក្រៅ​ប្រទេស​ហ្នឹង គេ​ទាញ​យក​ហេតុផលផ្សេងៗរបស់សហព័ន្ធ ហើយគេពន្យល់ថា សហព័ន្ធ​ធ្វើ​ហ្នឹង ដើម្បី​ប្រឆាំង​ប្រទេស​វៀតណាម ដើម្បី​រំដោះ​ទឹក​ដី»

សហព័ន្ធខ្មែរកម្ពុជា កាលពីខែមិថុនាកន្លងទៅ បានរៀបចំបុណ្យរំលឹកការបាត់បង់ទឹក​ដី​ខ្មែរ​ក្រោម លើក​ទី ៧០ឆ្នាំ ហើយប្រកាសនឹងធ្វើយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេច​ឲ្យ​ខ្មែរ​ក្រោម​ទៅ​ថ្ងៃ​អនាគត។

ការបង្ខំរបស់វៀតណាមឲ្យពលរដ្ឋខ្មែរក្រោម ដែលមានលិខិតឆ្លងដែនអាមេរិកធ្វើកិច្ចសន្យាមិន​ប្រឆាំង​នឹង​វៀតណាមនេះ កើតឡើងប៉ុន្មានថ្ងៃក្រោយពេល វៀតណាមបានរឹបអូសលិខិតឆ្លងខ្មែរពី ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលនិមន្តពីកម្ពុជាទៅចូលរួមមង្គលការបងប្អូន។

កាលពីពាក់កណ្តាលខែកុម្ភៈនេះ ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ព្រះនាម សឺន ទី ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះ​ត្រពាំង ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​បទ​ល្មើស​ប្រឆាំង​ច្បាប់​អ៊ិនធឹណែត (Cyber law) ដោយ​សារ​តែ​ព្រះអង្គ បាន​ចែក​ចាយ​ព័ត៌មាន​ស្ដីពី​ការ​ប្រារព្ធ​ខួប ៧០ឆ្នាំ នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម​ទៅ​ឲ្យ​វៀតណាម និង​ខ្លឹម​សារ​កិច្ច​សម្ភាសន៍​មន្ត្រី​សហព័ន្ធ​ខ្មែរ​ក្រោម​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​តាម​បណ្ដាញ​សង្គម (Facebook) ពេល​ព្រះ​អង្គ​គង់​នៅ​កម្ពុជា។ ប៉ុន្តែ​ដោយសារ​តែ​ព្រះអង្គ សឺន ទី និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ ទើប​អាជ្ញាធរ​វៀតណាម ប្រគល់​លិខិត​ឆ្លង​ដែន​ព្រះ​អង្គ​វិញ និង​សូម​ទោស​ព្រះអង្គ ដោយ​អាជ្ញាធរ​វៀតណាម​អះអាង​ថា ការ​រឹប​អូស​លិខិត​ឆ្លង​ដែន​នេះ ធ្វើ​ឡើង​ដោយសារ​តែ​ការ​យល់​ច្រឡំ។ ព្រះអង្គ សឺន ទី មាន​ថេរ​ដីកា​ថា វៀតណាម​ចង់​បំបាក់​ស្មារតី​ខ្មែរ​ក្រោម ទើប​ធ្វើ​យុទ្ធនាការ​បង្ខំ​ឲ្យ​ខ្មែរ​សារភាព និង​ធ្វើ​កិច្ច​សន្យា​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម។

ព្រះភិក្ខុ សឺង យ៉ឹងរតនា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់ កុំ​ចាញ់​សម្លុត​របស់​វៀតណាម ហើយ​បន្ត​តស៊ូ​មតិ ដើម្បី​សិទ្ធិ​សេរីភាព​ទៅ​ថ្ងៃ​អនាគត៖ «យើង​កុំ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​អ្វី​មួយ ដែល​រដ្ឋ​អំណាច ដែល​រដ្ឋ​អំណាច​យួន​គេ​ចោទ​ប្រកាន់»

សហព័ន្ធ​ខ្មែរ​ក្រោម​ធ្លាប់ ព្រមាន​រដ្ឋាភិបាល​វៀតណាម​ថា ខ្មែរ​ក្រោម​នឹង​តវ៉ា​ទៅ​ប្រទេស មហា​អំណាច​សេដ្ឋកិច្ច​នៅ​លើ​ពិភព​លោក កុំ​ឲ្យ​បន្ត​ជួយ​សេដ្ឋកិច្ច​វៀតណាម ប្រសិន​បើ​ប្រទេស​មួយ​នេះ បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ថា វៀតណាម​នឹង​បាត់​បង់​ផល​ប្រយោជន៍​ធំ​ប្រសិនបើ​ប្រទេស​នេះ បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ទៅ​លេង​ស្រុក​កំណើត​ជា​បន្ត​ទៀត។

រដ្ឋាភិបាល​វៀតណាម​កំពុង​តែ​ព្យាយាម​ចាប់​ដៃ​នឹង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ដោយ​មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល ជា​ថ្នូរ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស។ កាល​ពី​សប្ដាហ៍​សហភាព​អឺរ៉ុប បាន​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​វៀតណាម​ឲ្យ​អនុគ្រោះ​ពន្ធ ៩៩ភាគ​រយ​លើ​ទំនិញ​នាំ​ចូល​របស់​វៀតណាម។ ចំណែក​សហរដ្ឋ​អាមេរិក ក៏​គ្រោង​នឹង​បើក​វេទិកា សន្ទនា​អាមេរិក​និង​វៀតណាម ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ ២០២០​ខាងមុខ​ ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​វៀតណាម ដើម្បី​អាច​ធានា​វៀតណាម អាច​ធ្វើ​ពាណិជ្ជកម្ម​នឹង​អាមេរិក​លុះ​ត្រា​តែ ការ​គោរព​សិទ្ធិ​មនុស្ស​មាន​លក្ខណៈ​រីក​ចំរើន។ ទោះ​បី​យ៉ាង​ណា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​រិះគន់​ថា វៀតណាម​មិន​សម​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នោះ​ទេ ដោយសារតែ វៀតណាម​មិន​បាន​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឲ្យ​ល្អ​ប្រសើរ​នោះ​ទេ ពិសេស ការ​បន្ត​ឃុំ​ខ្លួន​អ្នកទោសនយោបាយប្រមាណ៣ រយ​នាក់​ក្នុង​ពន្ធនាគារ គាប​សង្កត់​សេរីភាព​បញ្ចេញ​មតិ​ជា​ដើម។ អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ថា ស្ថានភាព​អាក្រក់​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​វៀតណាម នឹង​ជំរុញ​ឲ្យ​សភា​សហភាព​អឺរ៉ុប​នឹង​ដក​សេចក្ដី​ទុក​ចិត្ត​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប និង​វៀតណាម​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល