សហព័ន្ធខ្មែរក្រោម ស្នើ​ព្រះ​សង្ឃ និង​យុវជន​បង្កើត​សមាគម​ពុទ្ធ​សាសនា និង​​​សហជីព​ ដើម្បី​ទាមទារ​ការ​គោរព​សិទ្ធិ​សាសនា និង​ការងារ​

ដោយ យន់ សាមៀន
2019-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ និង​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​ការិយាល័យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ និង​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​ការិយាល័យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
Photo: RFA

សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិកស្នើឲ្យ ព្រះសង្ឃ និងយុវជនបង្កើត សមាគមព្រះពុទ្ធសាសនា និង​​សហជីព ដើម្បី​ទាមទារ​ការ​គោរព​សិទ្ធិ​សាសនា និង​ការងារ។ ព្រះសង្ឃ​ខ្មែរ​ក្រោម​ប្រតិបត្តិពុទ្ធសាសនាថេរវាទ (ហិនយាន) ចំណែក​ព្រះ​សង្ឃ​វៀតណាម គឺប្រតិបត្តិ​ពុទ្ធសាសនា​មហាយាន។ សំណើ​​នេះ​ធ្វើឡើងដោយសារតែ ព្រះសង្ឃ​ខ្មែរ​ក្រោម​បច្ចុប្បន្ន​កំពុង​រង​ការ​គ្រប់គ្រង​​ដោយ​ព្រះសង្ឃ និង​រដ្ឋាភិបាល​វៀតណាម ចំណែក​យុវជន​ខ្មែរ​ក្រោម ដែល​មាន​​ការងារ​​ធ្វើ មិន​​អាច​​ឈប់​​សម្រាក​​ថ្ងៃ​​បុណ្យ​​សាសនា និង​​ជាតិ តាម​​ប្រពៃណី​​ខ្មែរ​​បាន​​នោះ​​ទេ។

មន្រ្តីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា ព្រះសង្ឃវៀតណាម ប្រតិបត្តិសាសនាផ្សេងគ្នាពីព្រះសង្ឃខ្មែរក្រោម ដូច្នោះ​រដ្ឋាភិបាល​វៀតណាម ​ត្រូវ​អនុញ្ញាត​​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោមអាចបង្កើតសមាគមព្រះសង្ឃខ្មែរក្រោម ដើម្បី​អាច​ប្រតិបត្តិ​សាសនា​ខ្មែរ​ដោយ​ឯករាជ្យ។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​ក្រោម​កំពុង​ចលនា​​ការ​​គាំទ្រ​​ឲ្យ​​ព្រះ​សង្ឃ​​ខ្មែរ​ក្រោម​អាច​អនុវត្ត​សាសនា​ខ្លួន​ឯង​បាន ពី​សហរដ្ឋ​អាមេរិ និង​អង្គការ​សហប្រជាជាតិ។

នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា ការ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​វៀតណាម​គ្រប់គ្រង​ព្រះសង្ឃ​ខ្មែរ នឹងអាចបណ្តាល​ឲ្យ​មាន​គ្រោះថា្នក់ ដែល​អាច​ឈាន​ទៅ​ដល់​ការ​បែក​បាក់​សាមគ្គីភាព​ព្រះសង្ឃ​ខ្មែរ​ក្រោម៖ «ព្រះពុទ្ធសាសនា​យួន​វា នៅក្រោមរណសិរ្សមាតុភូមិ​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​​យួន។ វា​​គ្មាន​ឯកភាព​ ដូច្នេះ​យើង​មាន​បញ្ហា​ត្រង់​ថា ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​​វា​​អាច​​ខុស​​គ្នា​​ពី​​តំបន់​​មួយ​​ទៅ​​តំបន់​​មួយ​​​ទៀត»

លោក ត្រឹង ម៉ាន់រិន បន្តទៀតថា ព្រះសង្ឃគង់នៅលើទឹកដីកំណើត​ ត្រូវ​មាន​ទឹក​ចិត្ត​ក្លាហាន​​ហ៊ាន​​សរសេរ​​ញាត្តិ​ដាក់​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ទាមទារ​សិទ្ធិ​គោរព​សាសនា​​នេះ​​​មក​​វិញ។ មក​ទល់នឹងឆ្នាំ២០១៨ ខ្មែរ​ក្រោម​កសាង​វត្ត​បាន​ចំនួន ៤៦១វត្ត និង​​មាន​​ព្រះសង្ឃ​​ចំនួន​​ជាង ៨ពាន់ ៥រយ​​អង្គ។

ព្រះសង្ឃមួយអង្គគង់នៅខេត្ត​ព្រះត្រពាំង ស្វាគមន៍ចំពោះសំណើ​ឲ្យ​ព្រះសង្ឃខ្មែរ​អាច​​​ប្រតិបតិ្ត​​​សាសនា​​​ដោយ​​ឯករាជ្យ និង​មិន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ ទោះ​បី​ជា​យ៉ាង​ណា ព្រះ​អង្គ​មាន​សង្ឃឹមតិចតួចណាស់ ដែល​​រដ្ឋាភិបាល​​​វៀតណាម​​នឹង​​យល់​​ព្រម។​ ព្រះ​​អង្គ​​បន្ត​​ថា សព្វថ្ងៃ​​ព្រះ​សង្ឃ​វៀតណាម ក៏​គ្រប់គ្រង​ត្រា​វត្ត​ខ្មែរ​ក្រោម​ផង​ដែរ៖ «ក្នុង​នាម​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ដែរ។ អត្មា​ចង់​​ឲ្យ​​សហគម​​​ព្រះ​​សង្ឃ​​​ឯករាជ្យ ប៉ុន្តែ​​វា​​មិន​​ខុស​​នឹង​​រដ្ឋាភិបាល​​វៀតណាម​​ទេ»

កន្លងមកមានព្រះសង្ឃខ្មែរជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ព្រះកាយ ហើយ​ចាប់​ដាក់​​ពន្ធនាគារ​​ ដោយសារ​តែ​ហ៊ាន​បង្រៀន​​អក្សរ​ខ្មែរ​ដល់​​កូន​​ខ្មែរ​ក្រោម និងចង់បានសិទ្ធិ​សេរីភាពផ្នែក​សាសនា។ របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក ស្តីពី​សិទ្ធិ​សេរីភាព​សាសនា​អន្តរជាតិ ផ្សាយ​​កាល​​ពី​​ខែ​​មិថុនា ឲ្យ​ដឹង​​​ថា ​ច្បាប់​វៀតណាម​អនុញ្ញាត​ឲ្យ​​រដ្ឋាភិបាល​នេះ គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​​សេរីភាព​​ផ្នែក​សាសនា ដោយ​យក​លេស​រឿង​សន្តិសុខ​សង្គម និង​ជាតិ។ របាយការណ៍​​រក​ឃើញ​ថា មេ​ដឹក​នាំ​សាសនា​នៅ​វៀតណាម ដែល​អាជ្ញាធរ​មិន​ចុះ​បញ្ជី​ឲ្យ​តែងតែ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ រួម​មាន ការ​វាយ​ប្រហារ​រាង​កាយ ចាប់​ខ្លួន​​កាត់​ទោស ការ​ដាក់​កម្រិត​នៃ​ការ​ដើរ​ហើរ និង​រឹប​អូស​ទ្រព្យ​​សម្បត្តិ​​ជា​​ដើម។

ចំពោះការបង្កើតសហជីពវិញ លោក ត្រឹង ម៉ាន់រិន មាន​ប្រសាសន៍​ថា លោក​កំពុង​ស្វែង​រក​ជំនួយ​​ផ្នែក​​ច្បាប់​​ពី​មេធាវី និង​យុវជន ដើម្បី​ដាក់​សំណើ​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​​វៀតណាម ដើម្បី​ឲ្យ​ពួក​គេ​អាច​​បង្កើត​​សហជីព​តាម​កន្លែង​ការងារ​បាន។ លោក​ថា ការ​បង្កើត​សហជីព​នេះ ដើម្បី​ធានា​ថា ខ្មែរ​ក្រោម​​អាច​​ឈប់​សម្រាក​​ថ្ងៃ​បុណ្យ​សាសនា និង​ប្រពៃណី​ជាតិ​ខ្មែរ​បាន ពីព្រោះ​កន្លង​មក​វៀតណាម មិន​​អនុញ្ញាត​​ឲ្យ​​ខ្មែរ​ក្រោម​ឈប់​​ថ្ងៃ​​បុណ្យ​​ឡើយ៖ «កម្មករ​យើង​វា​ឡើង​រាប់​សែន មិនមែនរាប់ម៉ឺនទេ វា​ច្រើន​​មែនទែន ហើយ​បុណ្យ​សែន​ដូចតា ចូល​ឆ្នាំ យើង​អត់​បាន​ឈប់ ហេតុ​ដូច្នេះ​យើង​ចង់​ឲ្យ​មាន​សហជីព»។

កាលពីបុណ្យសែនដូនតា​កន្លងទៅ វៀតណាមមិនបានអនុញ្ញាតឲ្យខ្មែរក្រោមឈប់សម្រាក​មក​លេង​ស្រុក​កំណើត​ ជួប​ជុំ​គ្រួសារ​នោះ​ទេ។ វៀតណាម​ក៏​មិន​ឲ្យ​​ខ្មែរ​ក្រោម​​ឈប់​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែរ។ មន្រ្តីសហព័ន្ធខ្មែរក្រោម​ថា គោល​បំណង​វៀតណាម ដែលមិនទទួលស្គាល់បុណ្យជាតិខ្មែរនោះ គឺដោយសារតែ វៀតណាម​​​​ខ្លាច​​អន្តរជាតិ​​ថា វៀតណាម​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម​កំណើត ដូច្នេះ ខ្មែរក្រោម​អាចមានសិទ្ធិស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ ទឹក​​ដី​​ខ្មែរ​​ក្រោម ត្រូវ​​បាន​​បារាំង​កាត់​ទាំង​ខុស​ច្បាប់​ទៅ​ឲ្យ​វៀតណាម​កាល​ពី ៧០ឆ្នាំ​មុន។ សព្វថ្ងៃ​ខ្មែរ​ក្រោម​នៅ​លើ​ពិភព​លោក កំពុង​​ធ្វើ​​យុទ្ធនាការ ទាមទារ​​ឲ្យ​​វៀតណាម ​ផ្តល់​​សិទ្ធិ​ស្វ័យ​​សម្រេច​ដោយ​ខ្លួន​​ឯង​ជា​ជន​ជាតិ​ដើម​កំណើត​​ទៅ​​ថ្ងៃ​​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល