តំណាង​ខ្មែរ​ក្រោម​នៅ​អាមេរិក និង​កម្ពុជា ស្នើ​ឲ្យ​ខ្មែរ​ក្រោម​រស់​នៅ​លើ​ទឹក​ដី​កំណើត និង​កម្ពុជា​ប្រុង​ប្រយ័ត្ន​ជំងឺ covid-19

ដោយ យន់ សាមៀន
2020-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​ចៅ​អធិការ​វត្ដ​ខេមរង្សី ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា។
ព្រះ​ចៅ​អធិការ​វត្ដ​ខេមរង្សី ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា។
Provided

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត និង​កម្ពុជា​ឲ្យ​ប្រុង​ប្រយ័ត្ន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 ស្រប​ពេល​ដែល​ជំងឺ​នេះ កំពុង​រាតត្បាត​នៅ​កម្ពុជា និង​ប្រទេស​វៀតណាម។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ក្រោម ត្រូវ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ Covid-១៩។ ព្រះអង្គ​បន្ត​ទៀត​ថា មាន​វិធានការ​មួយ​ចំនួន​ដែល​ខ្មែរ​ក្រោម​អាច​អនុវត្ត​ដើម្បី​ចៀសវាង ការ​ឆ្លង​ជំងឺ​ថ្មី​នេះ៖ «អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង កុំ​ឲ្យ​ជួបជុំ​គ្នា​ច្រើន​ព្រោះ​ថា ការ​ជួបជុំ​គ្នា​ច្រើន​មិន​ដឹង​ថា អ្នក​ណា​កើត ក៏​អ្នក​ណា​អត់»

ព្រះអង្គ​បន្ត​ទៀត​ថា អាជ្ញាធរ​វៀតណាម​បាន​កោះហៅ​តំណាង​ព្រះសង្ឃ និង​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ តាម​តំបន់​និមួយៗ ដើម្បី​ទៅ​អប់រំ បង្ការ​កុំ​ឲ្យ​កើត​ជំងឺ covid-19។ មក​ទល់​នឹង​ពាក់​កណ្ដាល​ខែ​មីនា​នេះ មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ថា មាន​ខ្មែរ​ក្រោម​បាន​ឆ្លង​ជំងឺ covid -19ប៉ុន្មាន​នាក់ នៅ​ឡើយ​ទេ។ បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​លាន​នាក់ កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ក្នុង​ខេត្ត​ចំនួន

ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្ថែម​ទៀត​ថា ដើម្បី​ការពារ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ធ្លាក់​ខ្លួន​ឈឺ​នោះ ពួក​គេ​ត្រូវ​ស្វែង​រក​មន្ត្រី​សុខាភិបាល ដើម្បី​ប្រឹក្សា​យោបល់ ប្រសិន​បើ​ពួក​គេ មាន​រោគសញ្ញា​សង្ស័យ​ថា អាច​ឆ្លង​ជំងឺ Covid-19នេះ៖ «ប្រសិន​បើ​មាន​ករណី​ឆ្លង​ដោយ​ចៃដន្យ ឬ​យើង​អត់​ដឹង​ខ្លួន ហើយ​បើ​យើង​មាន​អាការៈ​ខុស​ពី​ធម្មតា​ហ្នឹង យើង​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​នៅ​តាម​ភូមិ​ស្រុក»

ថេរ​ដីកា​របស់​ព្រះអង្គ សឺង យ៉ឹងរតនា ចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) ធ្វើ​ឡើង ក្រោយ​ពេល​ដែល​វៀតណាម រក​ឃើញ​អ្នក​មាន​ជំងឺ Covid 19 កើន​ឡើង​រហូត​ដល់​ជិត ១០០នាក់។ កាល​ពី​ថ្ងៃ​ទី២២ មីនា រដ្ឋាភិបាល​វៀតណាម​បាន​ផ្អាក មិន​ឲ្យ​អ្នក​ដំណើរ​មក​ពី​បរទេស​ចូល​ប្រទេស លើកលែង ការ​មន្ត្រី​ការ​ទូត​បរទេស និង​អ្នកមាន​កិច្ចការ​សំខាន់ៗ មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ អ្នក​ដែល​អាជ្ញាធរ​វៀតណាម​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​ត្រូវ​អាជ្ញាធរ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក និង​ពិនិត្យ​សុខភាព។ វៀតណាម​ក៏​បាន​បិទ​ច្រក​ចេញ​ចូល​ផ្លូវ​គោក​នឹង​កម្ពុជា​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​ជំងឺ Covid-19នេះ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ នៅ​កម្ពុជា​ក្រោម​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម កំពុង​ព្រួយ​បារម្ភ ឆ្លង​ជំងឺ​ថ្មី​នេះ ជា​ពិសេស យុវជន និង​យុវនារី​ខ្មែរ​ក្រោម ដែល​ទៅ​ធ្វើ​ការងារ​នៅ​តាម​ទីប្រជុំជន និង​ទីក្រុង​វៀតណាម។

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ប្រាប់​អាស៊ី​សេរី​ថា ខ្មែរ​ក្រោម​មួយ​ចំនួន បាន​យល់​ដឹង​យល់​ពី​ប្រភេទ ជំងឺ​ប្រភេទ​ថ្មី​នេះ​ដែរ ដោយ​ពួក​គេ​ព្យាយាម​មិន​ចូលរួម​ទី​កន្លែង​ណា ដែល​មាន​មនុស្ស​ច្រើន ដូច​ជា ពិធីបុណ្យ និង​រៀបការ​ជា​ដើម៖ «ធម្មតា​ព្រួយ​ចេះ​តែ​ព្រួយ​ហើយ កូន​គេ​នៅ​ព្រៃ​នគរ ទៅ​ធ្វើ​រោងចក្រ​ចេះ​តែ​ព្រួយ»

ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត អះអាង​ថា ខ្មែរ​ក្រោម​ខ្លះ​ចេះ​ប្រើប្រាស់​ម៉ាស់​ការពារ ដើម្បី​បង្ការ កុំ​ឲ្យ​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ។ លោក​បន្ត​ថា ដោយសារ​តែ​បញ្ហា​ជីវភាព​ខ្មែរ​ក្រោម​ខ្លះ​បន្ត​ប្រកប​មុខ​របរ​ប្រចាំ ទោះ​បី​ពួក​គាត់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ ក៏​ដោយ។

ដោយ​ឡែក​នៅ​កម្ពុជា​វិញ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់​អាស៊ី​សេរី ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ក៏​កំពុង​មាន​ក្ដី​កង្វល់​ខ្លាំង​អំពី ការ​រាតត្បាត​នៃ​ជំងឺ covid-19ថ្មី​នេះ​ដែរ។ លោក​ថា អង្គការ​របស់​លោក បាន​ផលិត​ជា​ផលិត​វីដេអូ​អប់រំ​ខ្លី​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដើម្បី​អប់រំ​ខ្មែរ​ក្រោម ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​បាន​ផ្អាក​ប្រកប​មុខ​របរ​មួយ​រយៈ​ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​នៅ​តែ​បន្ត​ការងារ ដោយសារ​តែ​ជីវភាព​ខ្វះខាត៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ហ្នឹង ដោយសារ​តែ​ខ្លាច​ពាក់ព័ន្ធ​ទៅ​នឹង​ជីវភាព​រស់​នៅ​បន្ត​ដំណើរ។ ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​អាជីព​នៅ​តាម​ចិញ្ចើម​ថ្នល់»

លោក​បន្ត​ថា លោក​ពុំ​ឃើញ​អាជ្ញាធរ​ខ្មែរ​រើសអើង​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ការ​ផ្ដល់​សេវា​សុខភាព ជាពិសេស ករណី​ការ​អប់រំ​អំពី​ជំងឺcovid-19 នោះ​ទេ។

គិតត្រឹមយប់ថ្ងៃទី២២ មីនា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីត១៩ ចំនួន​ជិត ១០០នាក់​ហើយ។ កម្ពុជា បាន​ចាត់​វិធានការ​ហាម​ឃាត់​ពលរដ្ឋ​មក​ពី​ប្រទេស​មួយ​ចំនួន ដូច​ជា អាមេរិក អ៊ីតាលី ចូល​កម្ពុជា ដើម្បី​ការពារ​មិន​ឲ្យ​ជំងឺ covid 19 រាតត្បាត។ ទោះ​បី​ជា​យ៉ាង​ណា កម្ពុជា មិន​បាន​ហាម​ឃាត់​ជនជាតិ​ចិន ដែល​មក​ពី​កន្លែង​នៃ​ប្រភព​ជំងឺ Covid19 ចូល​កម្ពុជា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល