សមាគម​ខ្មែរ​កម្ពុជា​​ក្រោមត្រៀម​ហ្វឹក​ហាត់​រៀន​អុំ​ទូកង​ដើម្បី​ចូលរួម​ពិធី​អុំ​ទូកង​នៅ​ខាង​វិច្ឆិកា​២០១៩

ដោយ យន់ សាមៀន
2019-10-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈកម្មការ និង​កីឡា​អុំទូក​របស់​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០១៧។
គណៈកម្មការ និង​កីឡា​អុំទូក​របស់​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០១៧។
រូបភាព របស់​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម

មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា កំពុង​ស្វែងរក​កីឡាករ​ប្រណាំង​ទូកង ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ​។ សមាគម​កំពុង​ពិបាក​រក​កីឡាករ​ដោយសារតែ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន បណ្ដាល​ឱ្យ​កីឡាករ​ខ្មែរ​ក្រោម​មួយ​ចំនួន​មិន​ហ៊ាន​ចូលរួម ដោយ​បារម្ភ​ពី​សុវត្ថិភាព។

មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ស្វែងរក​កីឡាករ​អុំ​ទូកង ខ្មែរ​ក្រោម​ឱ្យ​គ្រប់​ចំនួន ២២​នាក់ ដើម្បី​អុំ​ទូកង​ខ្មែរ​ក្រោម​មួយ​ឈ្មោះថា ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក។

នាយក​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ លោក ប៊ុន មុន្នី មាន​ប្រសាសន៍​ថា សមាគម​ត្រូវ​ការ​ថវិកា​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ​ដើម្បី​រៀបចំ ការ​ប្រណាំង​ទូកង​។ លោក​ថា បច្ចុប្បន្ន លោក​កំពុង​ជួបប្រទះ​បញ្ហា​ស្វែងរក​កីឡាករ​ឱ្យ​គ្រប់​ចំនួន​ដោយសារតែ​កីឡាករ​ខ្មែរ​ក្រោម​កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខ្លាច​សមត្ថកិច្ច​យល់​ច្រឡំ​ថា ពួកគេ​ទៅ​ចូលរួម​អម​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​របស់ លោក សម រង្ស៊ី នៅ​ដើមខែ​វិច្ឆិកា​នេះ។ មក​ទល់​នឹង​ថ្ងៃ​ទី១៤ តុលា​នេះ មាន​កីឡាករ​ជាង ១០​នាក់​តែប៉ុណ្ណោះ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ហាត់​ដើម្បី​ប្រណាំង​ទូក៖ «ពេល​យើង​ទៅ​ប្រមូល​ផ្តុំ​ហើយ អាជ្ញាធរ​មូលដ្ឋាន​គេ​មិន​ឱ្យ​យើង​ប្រមូល​ផ្តុំ​ដោយសារតែ​ស្ថានភាព​នយោបាយ​ក្នុងស្រុក»

ទូក​ខ្មែរ​កម្ពុជា​ក្រោម បាន​ផលិត​ជា​លើកដំបូង​នៅ​លើ​ទឹក​កម្ពុជា កាល​ពី​ឆ្នាំ ២០០២ កាលណោះ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម អាច​ដាក់​បាន​កីឡាករ​រហូតដល់ ៦៨​នាក់ ប៉ុន្តែ​ដោយសារតែ ចំនួន​កីឡាករ​ចូលរួម​អុំទូក​បន្ត​ធ្លាក់ ទើប​គណៈកម្មការ​រៀបចំ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​សម្រេច​ធ្វើ​ទូក​ថ្មី​ដែល​មាន​ចំណុះ​ត្រឹម ២២​នាក់ កាល​ពី​ឆ្នាំ ២០០៧ ហើយ​ក្រោយ​មក​ទៀត កាលពី​ឆ្នាំ​២០១៧ គណៈកម្មការ​រៀបចំ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម បាន​ក៏​សម្រេច​ផលិត​ទូកង​មួយទៀត ដើម្បី​ប្រើប្រាស់ ក្នុង​ការ​ប្រណាំង​ទូកង​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។ ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​ធ្លាប់ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ​៣ ក្នុង​ការ​ប្រណាំង​កាល​ពី​ពេល​កន្លងមក។

ទូកង​ខ្មែរ​កម្ពុជា​ក្រោម បច្ចុប្បន្ន​កំពុង​រក្សាទុក​នៅ​វត្ត​សាមគ្គីរង្សី ហើយ ​គណៈកម្មការ​រៀបចំ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ចាប់​ផ្ដើម​ហាត់​ប្រណាំង​ទូកង​នេះ នៅ​ដើមខែ​វិច្ឆិកា ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រណាំង​ទូក​ជា​ផ្លូវការ។

លោក ប៊ុន មុន្នី មានប្រសាសន៍​បន្ថែម​ទៀត​ថា ការចូលរួម​ប្រណាំង​ទូកង​នេះ ក្រៅពី​ដើម្បី​បង្ហាញ​សាមគ្គីភាព​រវាង​ពលរដ្ឋ​ខ្មែរ​កណ្ដាល​និង​ខ្មែរ​ក្រោម​នោះ ការ​ប្រណាំង​ទូកង ក៏​ដើម្បី​បង្ហាញ​ពលរដ្ឋ​ទូទៅ​ដែល​មិនទាន់​យល់​ស្គាល់​អំពើ​ប្រវត្តិ​ខ្មែរ​ក្រោម ឱ្យ​ឈប់​រើស​អើ​ស នឹង​ខ្មែរ​ក្រោម ពីព្រោះ​លោក​ថា ខ្មែរលើ និង​ខ្មែរ​ក្រោម​ជា​ខ្មែរ​តែមួយ៖ «ការណ៍​ដែល​យើង​បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ម្តងៗ​ដើម្បី​បង្ហាញ​ថា ខ្មែរ​ក្រោម​បាន​រក្សា​អត្តសញ្ញាណ និង​រក្សា​វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់ ហើយ​ទី​ពីរ​ទៀត​យើង​ចង់​បង្ហាញ​ថា វប្បធម៌​ប្រពៃណី​គឺ​តែមួយ​ទេ»

ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ដើមកំណើត ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក ដូច​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១២ វិច្ឆិកា​។ រៀងរាល់​ឆ្នាំ ពលរដ្ឋ​ខ្មែរ​ក្រោម តែង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ចំ​ពេល​រដូវ​ទឹក​សម្រក​ក្នុង​ខែ​កត្តិក ឬ​ខែ​វិច្ឆិកា។ ទីតាំង​ប្រារព្ធ​ព្រះរាជ ពិធីបុណ្យ​អុំទូក ដែល​មាន​ប្រវត្តិ​កកើត​ដំបូង​ឡើយ​នៅ​កម្ពុជា​ក្រោម មាន ២​ទីតាំង គឺ​នៅ​ខេត្ត​ឃ្លាំង និង ខេត្ត​ព្រះ​ត្រពាំង។ ព្រះរាជ​ពិធី​បុណ្យ​​អុំទូក​នៅ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរ​ក្រោម​នាំគ្នា​ប្រមូលផ្ដុំ​ទូក​ង តាម​វត្ត​អារាម​នានា គ្រប់​ខេត្ត​ទាំងអស់ ដឹក​តាម​ផ្លូវគោក និង ផ្លូវទឹក បញ្ជូន​យក​ទៅ​អុំ​ប្រណាំង​គ្នា ក្នុង​ទន្លេបាសាក់ នៃ​ខេត្ត​ឃ្លាំង និង ខេត្ត ព្រះ​ត្រពាំង​ទាំងអស់​។ ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​ខេត្ត ព្រះ​ត្រពាំង មាន​ថេរដីកា ខ្មែរ​ក្រោម​តែងតែ​ប្រារព្ធ​ពិធី​អុំទូក​មិនដែល​ខកខាន​ឡើយ ដើម្បី​រក្សា​ប្រពៃណី​ខ្មែរ មិន​ឱ្យ​បាត់បង់​នៅ​ទឹកដី​កំណើត​។ ព្រះអង្គ​បន្ត អាជ្ញាធរ​វៀតណាម​កំពុង​ព្យាយាម​កេងប្រវ័ញ្ច​ពិធីបុណ្យ​អុំទូក តាមរយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​របស់​វៀតណាម ដោយ​មិនបាន​ផ្ដល់​ថវិកា​ជួយ​រៀបចំ​បុណ្យអុំទូក​ឡើយ៖ «វៀតណាម​ដែល​កេង​ចំណេញ​ពី​ពិធីបុណ្យ​អុំ​ទូកង​ហ្នឹង​មាន ផ្ដល់​រង្វាន់​លេខ​មួយ ទីពីរ​លេខ​បី​ហ្នឹង គឺ​ថវិកា​ហ្នឹង​តិចតួច​បំផុត ដោយសារ​តែ​មាន​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ឧបត្ថម្ភ​ដោយសារតែ​ចង់​បាន​ផ្សាយ​ពាណិជ្ជកម្ម​ហ្នឹង​គេ​ឧបត្ថម្ភ​យើង​ណាស់​តែ​ដល់​លុយ​ដែល​បាន​មកដល់​កីឡាករ​វា​បាន​តិច»

កាល​ពី​ខែ​តុលា តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​សំណូមពរ​ឱ្យ​ខ្មែរ​ក្រោម ​និង​ព្រះសង្ឃ​កំពុង​រស់នៅ​លើទឹក​ដី​កំណើត ធ្វើ​ញតិ្ត​ដាក់​ទៅ​រដ្ឋាភិបាល​វៀតណាម​ ដើម្បី​អាច​បង្កើត​ជា​សមាគម​ព្រះសង្ឃ និង​សហជីព​ខ្មែរ​ក្រោម ដើម្បី​ទាមទារ​អាច​ប្រតិបត្តិ​សាសនា​ដោយ​គ្មាន​ការគាបសង្កត់ ពី​ព្រះសង្ឃ​វៀតណាម ចំណែក​​សហជីព​ខ្មែរ​ក្រោម​អាច​ទាមទារ​ថ្ងៃ​ឈប់​សំរាក ក្នុង​ពេល​បុណ្យទាន​ប្រពៃណី​ជាតិ​សំខាន់ៗ​។ បច្ចុប្បន្ន រដ្ឋាភិបាល​វៀតណាម​បាន​ចាត់​ឱ្យ​ព្រះសង្ឃ​វៀតណាម គ្រប់គ្រង​ព្រះសង្ឃ​ខ្មែរ​ក្រោម ទោះ​ការប្រតិបត្តិ​សាសនា​ខុសគ្នា​ក៏ដោយ​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​កំពុង​ធ្វើ​យុទ្ធនា​ការស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ ដើម្បី​ឱ្យ​វៀតណាម​ទទួល​ស្គាល់​ខ្មែរ​ក្រោម ជា​ជនជាតិ​ដើម​កំណើត ដើម្បី​អាច​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​បាន។ មក​ទល់​នឹង​ឆ្នាំ​២០១៩​នេះ វៀតណាម​បាន​ត្រួតត្រា​ទឹកដី​កម្ពុជា​ក្រោម​បាន ៧០​ឆ្នា​ហើយ ក្រោយ​ពេល​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​ក្រោម​ទាំង​ខុសច្បាប់​ទៅ​ឱ្យ​វៀតណាម។

ចំពោះ​ការ​ត្រៀម​ចូលរួម​ប្រណាំង​ទូកង​វិញ គណៈកម្មការ​រៀបចំ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​លោក ប៊ុន មុន្នី ស្នើ​ឱ្យ​ខ្មែរ​ក្រោម​នៅ​កម្ពុជា សូម​ជួយ​ស្ម័គ្រចិត្ត​ចូលរួម​ប្រណាំង​ទូក ប្រសិនបើ​ទូក​ខ្មែរ​ក្រោម​មិន​មាន​ចំនួន​កីឡាករ​គ្រប់​ចំនួន​នោះ​ទេ ទូក​នេះ នឹង​មិន​អាច​ចូលរួម​អុំ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល