សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​គ្រោង​ដាក់​របាយការណ៍​ស្ដីពី​ការ​រំលោភ​បំពាន និង​រើសអើង​ជូន​រដ្ឋាភិបាល

ដោយ យន់ សាមៀន
2020-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
រូប​ហ្វេសប៊ុក លោក ហ៊ុន សែន

សមាគម​ខ្មែរ​ក្រោម​មាន​មូលដ្ឋាន​នៅ​កម្ពុជា គ្រោង​នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ដាក់​របាយការណ៍​ស្ដីពី​ការ​រំលោភបំពាន និង​រើសអើង​ពី​សំណាក់ មន្ត្រី​រដ្ឋាភិបាល​ទៅលើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​កម្ពុជា​។ មន្ត្រី​សមាគម​ខ្មែរ​ក្រោម​រំពឹង​ថា កិច្ច​សន្ទនា​រវាង​មន្ត្រី​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម និង​តំណាង​រដ្ឋាភិបាល​នឹង​ជួយ​សម្រួល​ស្ថានភាព​រស់នៅ របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។

មន្ត្រី​សមាគម​ខ្មែរ​ក្រោម​ថា សំណើ​ជួប​មន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ គឺ​ដើម្បី​ដាក់​ភស្តុតាង​នៃ​ការ​រំលោភបំពាន​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​នេះ ដោយសារតែ មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ព័ត៌មាន​ក្នុង​របាយការណ៍​សមាគម​ខ្មែរ​ក្រោម ដែល​បាន​សរសេរ​យ៉ាង​លំអិត​នៃ​ការ​រើសអើង និង​ការ​ធ្វើទុក្ខបុកម្នេញ ពលរដ្ឋ​ខ្មែរ​ក្រោម​។ កាល​ពី​ចុងខែ​មករា បណ្ដុំ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បួន នៅ​កម្ពុជា បង្ហាញ​របាយការណ៍​ស្ដីពី​ស្ថានភាព​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​កម្ពុជា​សព្វថ្ងៃ ក្នុង​សិក្ខាសាលា​មួយ​។ របាយការណ៍​នោះ រក​ឃើញ​ថា អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​កំពុង​ឃ្លាំមើល និង​បំបិទ​បំភ័យ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ដូចជា​តាម​ស៊ើបអង្កេត ថតរូប សំឡេង សាកសួរ និង​រារាំង​សកម្មជន​ខ្មែរ​ក្រោម​មិន​ឱ្យ​បញ្ចេញមតិ​ជាដើម​។ អាជ្ញាធរ​កម្ពុជា ក៏​បន្ត​រឹតត្បិត​មិន​ឱ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​រំលឹក​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម រៀងរាល់​ថ្ងៃ​ទី​៤ មិថុនា ហើយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​នៅតែ​គ្មាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​មានកម្ម​សិទ្ធិ​លើ​ដី​ធ្លី និង​ផ្ទះសម្បែង ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទទួលស្គាល់​ថា ខ្មែរ​ក្រោម ជា​ជនជាតិ​ខ្មែរ​។ របាយការណ៍​ក៏​រក​ឃើញ​ថា ស្ត្រី​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ប្រមាណ ៩៥​ភាគរយ​មិន​ចេះ​អក្សរ។

ក្រោយ​របាយការណ៍​ត្រូវ​បាន​សមាគម​ខ្មែរ​ក្រោម​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចមក មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ច្រានចោល​ព័ត៌មាន​ក្នុង​របាយការណ៍​នោះ ហើយ​ពួកគេ របាយការណ៍​មិន​ឆ្លុះបញ្ចាំង​ការ​ពិត។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា ជាទូទៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ស្មើគ្នា៖ «ជា​ការពិត​រដ្ឋាភិបាល​មិនដែល​រើសអើង​បងប្អូន​ឯណា​។ លើកលែងតែ​បងប្អូន​មិន​ចូល​ក្នុង​ភូមិ​ឃុំ​របស់​ពួកគេ​។ បើ​រស់នៅ​ក្នុង​ភូមិ​ឃុំ​ទទួល​បាន​ការអប់រំ គាំពារ​ពី​រដ្ឋាភិបាល»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ RFA

លោក សុខ ឥសាន ក៏​ចោទប្រកាន់​ចំពោះ​អ្នក​លើកឡើង​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​យកចិត្ត​ទុក្ខ​ដាក់ និង​ស្រឡាញ់ ពលរដ្ឋ​ផ្សេង​មាន​ដូចជា ជនជាតិ​វៀតណាម ជាង​ខ្មែរ​ក្រោម​។ លោក​ថា ការ​ចោទប្រកាន់​នេះ ជា​ការ​ចោទប្រកាន់​នយោបាយ​។ ប៉ុន្តែ​ទោះបី​លោក សុខ ឥសាន លើកឡើង​ដូច្នោះ​ក៏ដោយ រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​វៀតណាម​ដែល​ធ្លាប់​រស់នៅ​លើ​បឹង​ទន្លេសាប ៤០ ហិកតារ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ គ្មាន​ផ្ទះសម្បែង និង​ដីធ្លី​រស់នៅ​។ ទោះ​បី​យ៉ាងណា លោក សុខ ឥសាន សំណូមពរ​ដល់​ខ្មែរ​ក្រោម ដែល​ទើប​ផ្លាស់ប្ដូរ​លំនៅឋាន ត្រូវ​ទៅ​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះឈ្មោះ​ទទួល​បាន​ប័ណ្ណ​គ្រួសារ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្សេងៗ។

ដោយឡែក អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ក៏​ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​គោលការណ៍​រើសអើង​នឹង​ខ្មែរ​ក្រោម​នោះ​ទេ​។ លោក​ទទួលស្គាល់​ថា ខ្មែរ​​​ក្រោម​ជា​ខ្មែរ៖ «គាត់​ជា​ខ្មែរ ខ្មែរ​ក្រោម​ចេះ​និយាយ​ខ្មែរ​ជាស្រេច​ហើយ»

អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។ រូប​៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ក៏ប៉ុន្តែ​កាល​ពី​ពេល​កន្លងមក មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​មិន​ទទួលស្គាល់​ខ្មែរ​ក្រោម​ថា ជា​ខ្មែរ​ទេ លុះត្រាតែ​ពួកគេ មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ រួមមាន​ដូចជា ឪពុកម្ដាយ​ពួកគេ​ត្រូវតែ​ជា​ខ្មែរ មាន​សំបុត្រកំណើត និង​ទីកន្លែង​កំណើត​នៅ​កម្ពុជា​។ លោក​បន្ត​ទៀត​ថា រដ្ឋាភិបាល​គ្មាន​ការយោគយល់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ​។ លោក ផៃ ស៊ីផាន ក៏​ធ្លាប់​អះអាង​ដែរ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​បង្កឡើង​ដោយ​អាជ្ញាធរ​វៀតណាម​ទៅលើ​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​នោះ​ទេ ដោយសារ​លោក​ចាត់ទុក​ថា ខ្មែរ​ក្រោម ជា​ជនជាតិ​វៀតណាម​។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA

ការ​លើកឡើង​របស់​លោក ផៃ ស៊ីផាន នេះ បង្ក​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារតែ ទឹកដី​ខ្មែរ​ក្រោម​ត្រូវ​បាន​បារាំង​កាត់​ឱ្យ​វៀតណាម​ទាំង​ខុសច្បាប់ កាល​ពី​ឆ្នាំ ១៩៤៩ ទើប​តែ​មាន​រយៈពេល ៧០​ឆ្នាំ​តែប៉ុណ្ណោះ។

អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មិនទាន់​អាច​ទទួលយក​ការ​បកស្រាយ​ពី​សំណាក់​មន្ត្រី​បក្ស​កាន់អំណាច និង​សមត្ថកិច្ច បាន​នៅឡើយ​ទេ ដោយសារតែ​លោក​មាន​ភស្តុតាង​នៃ​ការ​រើសអើង និង​ធ្វើទុក្ខបុកម្នេញ​ច្រើន​លើសលប់៖ «តាម​ធម្មតា​យើង​ជា​អ្នក​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ខ្មែរ​ក្រោម អ្វី​ដែល​យើង​និយាយ​មានការ​ស្រាវជ្រាវ។ យើង​កំពុង​ត្រៀម​របាយការណ៍​ដាក់​ទៅ​រដ្ឋាភិបាល​ផង​ដែរ»

អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែង​ក្នុង​កម្មវិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩។
អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែង​ក្នុង​កម្មវិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩។ Photo Provided

មិនមែន​តែ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ដែល​មើល​ឃើញ​​ថា ខ្មែរ​កម្ពុជា​ក្រោម​កំពុងតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ​។ កាលពី​ខែ​សីហា ឆ្នាំ ២០១៩ គណៈកម្មាធិការ​ដើម្បី​លុបបំបាត់​ការរើសអើង​ពូជសាសន៍ របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ បាន​ស្នើ​ដល់​ភាគី​កម្ពុជា ដោះស្រាយ​បញ្ហា​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​ដល់​ខ្មែរ​ក្រោម ដើម្បី​ពួកគេ​អាច​ទទួល​បាន​ការ​ទទួល​ស្គាល់​សញ្ជាតិ​របស់​ពួកគេ និង​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម ដាក់ឈ្មោះ និង​ទីកន្លែង​កំណើត​ពិតប្រាកដ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ​។ គណៈកម្មាធិការ​នេះ ក៏​ស្នើ​ដល់​កម្ពុជា​ឱ្យ​ធានា​ថា ខ្មែរ​ក្រោម​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​សិទ្ធិ​ដីធ្លី ការងារ អប់រំ សេវាកម្ម​សង្គមកិច្ច​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល