សង្ឃ​ខ្មែរ​ក្រោម​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សហ​ប្រជា​ជាតិ

ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ព្រះអង្គ គង់​នៅ​វត្ត​សាមគ្គី​រង្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ កំពុង​ភ័យ​ប៉ូលិស​ចាប់​ខ្លួន។
ដោយ ទីន ហ្សាការីយ៉ា
2011-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១១ នៅ​កម្ពុជា បាន​ផ្ញើ​របាយការណ៍​រួម​គ្នា​ទៅ​ការិយាល័យ​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១១។

របាយការណ៍​រួម​គ្នា ដែល​ផ្ញើ​ទៅ​កាន់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរ​ជាតិ​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ ធ្វើ​អន្តរាគមន៍​ជួយ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះ​នាម សៀង សុវណ្ណរា ដែល​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​និមន្ត​សាក​សួរ​កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១១ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស​ជា​អាទិ៍។ និង​ករណី​ព្រះ​ចៅ​អធិការ​វត្ត​មួយ​អង្គ​ទៀត ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​វត្ត​នៅ​ខែត្រ​កណ្ដាល កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដោយ​គ្មាន​មូលហេតុ។

នាយក​កម្ម​វិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជំជួន មាន​ប្រសាសន៍​ថា ការ​ធ្វើ​របាយការណ៍​ទៅ​ឧត្ដម​ស្នងការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នេះ មាន​គោល​បំណង​ពីរ​សំខាន់ ទី​១ សុំ​ឲ្យ​ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះ ជួយ​អន្តរាគមន៍​ឲ្យ​ព្រះ​សង្ឃ​ដើម​កំណើត​ខ្មែរ​ក្រោម ព្រះ​នាម ជា សុវណ្ណភូមិ មាន​សិទ្ធិ​គង់​នៅ​វត្ត​ព្រែក​ឫស នៅ​ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល ខែត្រ​កណ្ដាល ដែល​គេ​បាន​បណ្ដេញ​ព្រះ​អង្គ​ចេញ​ពី​វត្ត​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។

ទី​២ សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លើក​លែង​ការ​ចោទ​ប្រកាន់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ព្រះ​នាម សៀង សុវណ្ណារា ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ព្រះ​អង្គ​ថា​ជាប់​ពាក់ព័ន្ធ​ជា​មួយ​ក្រុម​របស់​លោក សួន សេរីរដ្ឋា នៅ​សហ​រដ្ឋ​អាមេរិក ៖ "ដោយ​សារ​ធ្វើ​កន្លង​មក​ហ្នឹង​មិន​មាន​ការ​សម្រេច​ណា​មួយ​ច្បាស់​លាស់​ពី​គណៈ​សង្ឃ​ខែត្រ​ទេ ហើយ​ការ​បណ្ដេញ​ព្រះ​អង្គ ជា សុវណ្ណភូមិ ហ្នឹង ឲ្យ​ចេញ​មិន​ឲ្យ​គង់​នៅ​វត្ត​ណា​ៗ ទាំង​អស់ ឲ្យ​តែ​ស្ថិត​នៅ​ខែត្រ​កណ្ដាល ខ្ញុំ​គិត​ថា ការ​ធ្វើ​ដូច្នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក ហើយ​ឥឡូវ​នេះ មិន​ដឹង​ថា​ព្រះ​អង្គ​គង់​នៅ​ទី​ណា​ផង"

លោក សួន សេរីរដ្ឋា ជា​ប្រធា​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដើម្បី​យុត្តិធម៌ និង​សមធម៌ ដែល​លោក​បាន​ប្រឆាំង​និង​រដ្ឋាភិបាល​កម្ពុជា។ ហើយ​កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១១ នោះ ក្រឡា​បញ្ជី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សេង សុខា បាន​សាក​សួរ​ព្រះ​តេជ​គុណ សៀង សុវណ្ណារា ទាក់ទង​ទៅ​នឹង​ករណី​លោក សួន សេរីរដ្ឋា នេះ តែ​ព្រះ​តេជ​គុណ សៀង សុវណ្ណារា បាន​បដិសេធ ហើយ​អះអាង​ថា ព្រះ​អង្គ​មិន​ដែល​ស្គាល់​លោក សួន សេរីរដ្ឋា នោះ​ឡើយ។

ព្រះ​តេជ​គុណ សៀង សុវណ្ណារា មាន​ថេរដីកា​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​ព្រះ​អង្គ​បាន​លើក​ជា​ចម្ងល់​ថា ព្រះ​អង្គ​មិន​ដែល​ស្គាល់​លោក សួន សេរីរដ្ឋា ឬ​ក្រុម​របស់​លោក សួន សេរីរដ្ឋា នោះ​ទេ ប៉ុន្តែ​មូល​ហេតុ​អ្វី​បាន​ជា​តុលាការ​និមន្ត​ព្រះ​អង្គ​សួរ​អំពី​ករណី​នេះ​ទៅ​វិញ។ ទាក់​ទង​ទិង​បញ្ហា​នេះ ព្រះ​តេជ​គុណ សៀង សុវណ្ណារា មាន​ថេរដីកា​បញ្ជាក់​ថា ព្រះ​អង្គ​កំពង់​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច ៖ "បច្ចុប្បន្ន​នេះ អាត្មា​នៅ​តែ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​របស់​អាត្មា ដូច្នេះ​អាត្មា​សុំ​ឲ្យ​បញ្ចប់​ឲ្យ​បាន​ឆាប់ៗ ទៅ ដើម្បី​ឲ្យ​អាត្មា​គង់​នៅ​សុខ​ក្នុង​វត្ត​ផង កុំ​ឲ្យ​មាន​បញ្ហា​អី​កើត​ឡើង​ចំពោះ​អាត្មា​ទៀត"

រហូត​មក​ទល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១១ នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មិន​ទាន់​ផ្ដល់​ដំណឹង​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ទាក់​ទង​ទៅ​នឹង​ករណី​និមន្ត​សាក​សួរ​ព្រះ​តេជ​គុណ សៀង សុវណ្ណារា កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១១។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១១ នោះ បាន​សរសេរ​បញ្ជាក់​អំពី​ក្ដី​ព្រួយ​បារម្ភ​អំពី​ករណី​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​ពីរ​ព្រះ​អង្គ​នេះ​ថា ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​ចំពោះ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​ពីរ​ព្រះ​អង្គ ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ជូន​ព្រះ​អង្គ​ទេ នៅ​ថ្ងៃ​អនាគត ប្រហែល​នឹង​មាន​បញ្ហា​ដទៃ​ទៀត​កើត​ឡើង​ចំពោះ​ព្រះ​សង្ឃ និង​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ទៀត។

ទាក់​ទង​ទៅ​និង​បញ្ហា​នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សេដ្ឋា បាន​ពន្យល់​ថា សកម្មភាព​របស់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​មួយ​ចំនួន និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា គឺ​គ្មាន​សកម្មភាព​អ្វី​ក្រៅ​ពី​ធ្វើ​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព និង​ទាមទារ​សិទ្ធិ​កាន់​កាប់​ដី​ស្រែ​ចម្ការ​នៅ​ប្រទេស​វៀតណាម ពី​អាជ្ញាធរ​វៀតណាម នៅ​ខណៈ​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្ដង​ៗ នោះ។ ពួក​គាត់​គ្មាន​បំណង​ណា​មួយ​ធ្វើ​ការ​ប្រឆាំង​និង​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ ៖ "ដូច្នេះ​ខ្ញុំ​សូម​ជម្រាប​ជា​សាធារណៈ​ទៅ​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត​ឡើង​ដើម្បី​ការ​ពារ​សិទ្ធិ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម និង​វប្បធម៌ សាសនា ប្រពៃណី​របស់​ខ្មែរ​ក្រោម​នៅ​ទឹក​ដី​ខ្មែរ​ក្រោម​ទេ ដូច្នេះ​ការ​ចោទ​ប្រកាន់​ថា ខ្មែរ​កម្ពុជា​ក្រោម​ចង់​ផ្ដួល​រដ្ឋាភិបាល ដើម្បី​កាន់​អំណាច​អី អត់​មាន​ទាល់​តែ​សោះ ដូច្នេះ​ការ​លាប​ពណ៌​ចោទ​ប្រកាន់​ថា​ចង់​ប្រឆាំង​និង​រដ្ឋាភិបាល​អី ជា​ការ​លាប​ពណ៌​ចង់​បំបាក់​ស្មារតី​ខ្មែរ​កម្ពុជា​ក្រោម​ទេ"

លោក ថាច់ សេដ្ឋា បាន​លើក​ឡើង​ទៀត​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រួម​មាន​ព្រះ​សង្ឃ​ផង​នោះ កន្លង​មក​តែង​ទទួល​នូវ​ការ​បង្ក្រាប​ពី​អាជ្ញាធរ​កម្ពុជា នៅ​ពេល​ពួក​គេ​បាន​ធ្វើ​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព និង​បញ្ហា​ផ្សេងៗ រហូត​ដល់​មាន​ការ​សម្លាប់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទៀត​កន្លង​មក ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​រក​យុត្តិធម៌​ជួន​នៅ​ឡើយ ៖ "ដូច​ជា​ការ​តវ៉ា​អាជ្ញាធរ យួន​ចាប់​ប្រជា​ពល​រដ្ឋ និង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អី យើង​តែង​តែ​នាំ​គ្នា​បាតុកម្ម​ទាមទារ​សិទ្ធិ និង​ការ​រំលោភ​នៅ​ប្រទេស​កម្ពុជា យើង​ក៏​មាន​ការ​ធ្វើ​បាតុកម្ម ប៉ុន្តែ​តែង​តែ​មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​កម្ពុជា រហូត​ដល់​មាន​ការ​សម្លាប់​ព្រះ​សង្ឃ​ព្រះ​នាម អៀង សុខធឿន មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ"

លោក សឺន ជំជួន បាន​អះអាង​ថា តុលាការ​បាន​និមន្ត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះ​នាម សៀង សុវណ្ណារា ហើយ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​នោះ វា​ជា​រឿង​អយុត្តិធម៌ និង​បំបាក់​ស្មារតី​ទៅ​ដល់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​នៅ​កម្ពុជា ៖ "ខ្ញុំ​គិត​ថា ព្រះ​តេជ​គុណ សៀង សុវណ្ណារា ព្រះ​អង្គ​មិន​មែន​ដូច​ជា​តុលាការ​ចោទ​ប្រកាន់​នេះ​ទេ"

តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​លើក​ឡើង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​នៅ​កម្ពុជា​មួយ​ចំនួន បាន​ប្រឈម​នឹង​ការ​ធ្វើ​បាប​ផ្សេងៗ ដូច​ជា​ការ​ចាប់​ផ្សឹក​ព្រះ​តេជ​គុណ ទឹម សាខន កាល​ពី​ឆ្នាំ​២០០៧ ករណី​ចាប់​ខ្លួន និង​បណ្ដេញ​ព្រះ​ចៅ​អធិការ​វត្ត​​នៅ​ខែត្រ​កណ្ដាល ព្រះ​នាម ជា សុវណ្ណ​ភូមិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ និង​ករណី​តុលាការ​និមន្ត និង​ចោទ​ប្រកាន់​ព្រះ​តេជ​គុណ សៀង សុវណ្ណារា នេះ​ជា​ដើម។ ពួក​គេ​អះអាង​ថា សកម្មភាព​បែប​នេះ ជា​រឿង​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម។

មាត្រា​៣៤ សេចក្ដី​ប្រកាស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម​បាន​ចែង​ថា ជន​ជាតិ​ដើម​មាន​សិទ្ធិ​ក្នុង​ការ​លើក​កម្ពស់ បង្កើត និង​រក្សា​រចនាសម្ព័ន្ធ ទំនៀម​ទម្លាប់ សាសនា ប្រពៃណី និង​នីតិ​វិធី​ប្រតិបត្តិ​ជា​ពិសេស​របស់​ពួក​គេ ហើយ​ក្នុង​ករណី​ដែល​មាន​ប្រព័ន្ធ​វិនិច្ឆ័យ​ក្ដី ឬ​ការ​វិនិច្ឆ័យ​ក្ដី តាម​ទំនៀម​ទម្លាប់ ត្រូវ​ធ្វើ​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

អា ហ៊ុន សែនក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រ ។ មេសង្ឃក្រោមបញ្ជាហ៊ុន សែន ធ្វើតាមតែបញ្ជាយួន ។
មេសង្ឃ ឆ្កួត ល្ងីល្ងើ កម្ពុជាក្រោមជាបំណែកដីភាគខាងត្បូងកម្ពុជា ។
តស៊ូឡើងអ្នកស្នេហាជាតិទាំងអស់ ។

Jan 07, 2012 11:47 AM

គេហទំព័រ​ទាំងមូល