លក្ខខណ្ឌ​នៃ​ការ​អនុគ្រោះ​ពន្ធ EBA និង​នីតិវិធី​ដក ឬ​ព្យួរ

ដោយ មួង ណារ៉េត
2019-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទង់ជាតិ សហគមន៍អឹរ៉ុប។
ទង់ជាតិ សហគមន៍អឹរ៉ុប។
Facebook

ថ្ងៃ​ឱសានវាទ ក្នុង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។ របប​លោក ហ៊ុន សែន កាន់តែ​បង្កើន​សន្ទុះ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​។ កិច្ចព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ មាន​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​នីមួយៗ ត្រូវ​គោរព​។ ដោយហេតុថា កម្ពុជា​ខកខាន​មិនបាន បំពេញ​តាម​លក្ខខណ្ឌ​ទាំង​នោះ​ទេ សហភាព​អឺរ៉ុប ត្រូវ​ចាប់ផ្ដើម​នីតិវិធី​ដក ឬ ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។ តើ​អ្វីខ្លះ ជា​លក្ខខណ្ឌ​នៃ​ការ​អនុគ្រោះ​ពន្ធ EBA និង នីតិវិធី​ដក ឬ​ព្យួរ​វា?

កម្មវិធី​អនុគ្រោះ​ពន្ធ​លើ​«​ទំនិញ​គ្រប់មុខ លើកលែងតែ​គ្រឿង​សព្វាវុធ» Everything But Arms ឬ​ហៅ​កាត់​ថា EBA នេះ​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ឱ្យ​តែ​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ។ គោលបំណង​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ចង់​ឱ្យ​ប្រទេស​ក្រីក្រ​ទាំងនោះ មាន​ឱកាស​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​រីក​លូតលាស់ ផ្នែក​សេដ្ឋកិច្ច ប្រកបដោយ​ចិរភាព។

ស្ថាប័ន​ដែល​កំណត់​ថា ប្រទេស​ណាមួយ ជា​ប្រទេស​ក្រីក្រ គឺ​គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍ របស់​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន​នេះ មាន​ប្រទេស​ក្រីក្រ​ចំនួន ៤៨ នៅ​ទូទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង ដែល​កំពុង​ទទួល​បាន​ផលប្រយោជន៍ ពី​ការ​អនុគ្រោះ​ពន្ធ​នេះ។

នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ មាន​ប្រទេស​តែ​បី​ប៉ុណ្ណោះ ដែល​ចាត់​ទុក ថា​ជា​ប្រទេស​ក្រីក្រ រួមមាន​ប្រទេស​កម្ពុជា ឡាវ និង ភូមា (​ឬ​មីយ៉ាន់ម៉ា) ដែល​សុទ្ធតែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ។

ប្រទេស​ដែល​បានការ​អនុគ្រោះ​ពន្ធ​នេះ អាច​នាំចេញ​ផលិតផល​គ្រប់មុខ លើកលែងតែ​គ្រឿង​សព្វាវុធ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​មាន ២៨​ប្រទេស ដោយ​មិន​ចាំបាច់​បង់ពន្ធ និង​ដោយ​គ្មាន​កូតា​កំណត់។ តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ ប្រទេស​ដែល​នាំ​ទំនិញ​ចេញ ចំណេញ​ពន្ធ​រហូតដល់ ២០% លើ​មុខទំនិញ​នីមួយៗ។

ទោះជា​យ៉ាង​នេះ​ក្តី ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មាន​ភ្ជាប់​លក្ខខណ្ឌ​ធំៗ​មួយ​ចំនួន ដែល​ប្រទេស​នីមួយៗ ត្រូវ​បំពេញ​ឱ្យ​បានជា​ដាច់ខាត។ លក្ខខណ្ឌ​ទាំងនោះ រួមមាន​ការ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​ការងារ ដែល​មាន​ចែង​នៅ​ក្នុង​គោលការណ៍​ជា​មូលដ្ឋាន នៃ​អនុសញ្ញា​ទាំងឡាយ ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ។

បើ​ប្រទេស​ណាមួយ បំពាន​ធ្ងន់ធ្ងរ​ទៅលើ​លក្ខខណ្ឌ​មួយ ឬ​ច្រើន តាម​មាត្រា ១៩ នៃ​បទប្បញ្ញត្តិ ស្ដីពី​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សហភាព​អឺរ៉ុប នឹង​ដក ឬ ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​។ ប៉ុន្តែ មុននឹង​ឈាន​ដល់​ដំណាក់​ការ​ដក ឬ​ព្យួរ​នេះ សហភាព​អឺរ៉ុប ជូនដំណឹង​ទៅ​ប្រទេស​សាមី​ឱ្យ​ដឹងខ្លួន​ជា​មុន​សិន។

ដូច​ក្នុង​ករណី​ប្រទេស​កម្ពុជា ក្រោយ​របប​លោក ហ៊ុន សែន ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​សហជីព​កម្មករ ចាប់​សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស និង សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​រៀបចំ​ការបោះឆ្នោត ដោយ​ផាត់​ចោល​គណបក្ស​ប្រឆាំង សហភាព​អឺរ៉ុប​បាន​ថ្កោលទោស និង​ព្រមាន​របប​នេះ ជាច្រើន​សា​ឱ្យ​ស្ដារ​ស្ថានភាព​នេះ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

សហភាព​អឺរ៉ុប ចាត់​ទុក​ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ថា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ ដែល​កម្ពុជា​ត្រូវតែ​គោរព ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

ជា​លទ្ធផល កាលពី​ថ្ងៃទី១២ ខែ​កុម្ភៈ សហភាព​អឺរ៉ុប បាន​ប្រកាស​ចាប់ផ្ដើម​អនុវត្ត​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​។ នីតិវិធី​នេះ ចាប់ផ្ដើម​ក្រោយ​សហភាព​អឺរ៉ុប បាន​បញ្ជូន​គណៈប្រតិភូ​ស្វែងរក​ការពិត​មួយ​ក្រុម ទៅ​កម្ពុជា កាលពី​ដើមខែ​កក្កដា ឆ្នាំ​២០១៨​។ សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​របប​លោក ហ៊ុន សែន កាលពី​ដើមខែ​តុលា ឆ្នាំ​២០១៨ ដែរ​ថា បើ​របប​នេះ នៅតែ​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ យ៉ាង​យូរ ៦​ខែក្រោយ សហភាព​អឺរ៉ុប នឹង​អនុវត្ត​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

ក្រោម​សម្ពាធ​នេះ របប​លោក ហ៊ុន សែន បាន​បន្ធូរបន្ថយ​ស្ថានការណ៍​ខ្លះ​ដែរ ដូចជា​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​ដីធ្លី និង​អ្នកសារព័ត៌មាន ជា​ទ្រង់ទ្រាយ​ធំ ចាប់​ផ្តើម​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨​។ ក្រោយមក​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ពន្លឿន​នីតិវិធី​តុលាការ លើ​រឿង​ក្តី​មេ​សហជីព​កម្មករ និង​ផ្ទេរ​ការ​ឃុំខ្លួន​លោក កឹម សុខា ពី​គុក​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម មក​ឃុំខ្លួន​ក្នុង​ផ្ទះ​គាត់ នៅ​ភ្នំពេញ​វិញ។

 

នាយករង​ទទួលបន្ទុក ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថា​របប​ភ្នំពេញ​ដឹងខ្លួន ថា​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ចាប់ផ្ដើម​ចរចា ជាមួយ​សហភាព​អឺរ៉ុប ជិត​មួយ​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពីមុន​សហភាព​អឺរ៉ុប ចាប់ផ្ដើម​នីតិវិធី​ដក ឬ ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​មក​ម្ល៉េះ៖ «ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ មិន​ត្រឹមតែ​អាក្រក់​ទេ គឺ​វា​កំពុងតែ​យ៉ាប់យ៉ឺន​ជា​លំដាប់​។ ស្ថានភាព​នេះ​នឹង​ប្រសើរ​ឡើង គឺ​អាស្រ័យ​លើ​សហភាព​អឺរ៉ុប ដែល​ចាប់​ផ្ដើម​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ យើង​ដឹង​ហើយ​ថា ការ​អនុគ្រោះ​ពន្ធ​នេះ ចងភ្ជាប់​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​។ កម្ពុជា​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​នេះ​ទេ​។ ឥឡូវនេះ យើង​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ យើង​សង្ឃឹមថា នឹង​មាន​ការកែទម្រង់ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស​ឡើងវិញ»

ប៉ុន្តែ សហភាព​អឺរ៉ុប ចាត់​ទុក​ចំណាត់ការ​ប៉ុណ្ណេះ នៅ​តិចតួច មិន​គ្រប់គ្រាន់ ថា​បាន​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដែល​រង​ការរំលោភ​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក​នេះ នោះ​ទេ​។ សហភាព​អឺរ៉ុប ទាមទារ​ឱ្យ​ទម្លាក់​ចោល រាល់​ការចោទប្រកាន់​លើ​លោក កឹម សុខា ផ្ដល់​នីតិសម្បទា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ដែល​របប​នេះ​ហាមឃាត់​សិទ្ធិ​នយោបាយ ទាំងអស់​វិញ អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បើក​ដំណើរការ​ឡើងវិញ និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាដើម។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន មិន​ភ្ញាក់ផ្អើល​នឹង​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ទេ ព្រោះ​អ្វី​ដែល​របប​លោក ហ៊ុន សែន ធ្វើ​នោះ​គឺ​អេះ​មិនទាន់​ចំ​រមាស់៖ «ប៉ុន្តែ ជា​អកុសល រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​តិចតួច ដែល​មិន​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ប្ដូរ​ចិត្ត​ទេ​។ អ្វី​ដែល​សហភាព​អឺរ៉ុប មិន​អាច​ប្ដូរ​ចិត្តបាន​នេះ គឺ​ដោយសារតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​កំណត់​ច្បាស់ ថា​កម្ពុជា​ត្រូវតែ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ទើប​អាច​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ។ ប៉ុន្តែ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​របប​លោក ហ៊ុន សែន មិនបាន​បំពេញ​តាម។ ទាំងអស់​នេះ គឺជា​កំហុស​របស់​លោក ហ៊ុន សែន។ សហភាព​អឺរ៉ុប សម្រេច​ផ្អែកលើ​តថភាព​ជាក់ស្ដែង មិនមែន​ដោយសារ​រឿង​នយោបាយ​ទេ»

ឥឡូវនេះ ដោយសារតែ​សហភាព​អឺរ៉ុប បាន​ចាប់ផ្ដើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ របប​លោក ហ៊ុន សែន តាមពិត មាន​ពេល​តែ ១២​ខែ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំនេះ ដើម្បី​ស្ដារ​ស្ថានភាព​អាក្រក់​នេះ​ឱ្យ​ទាន់​។ នីតិវិធី​ក្នុង​រយៈពេល ១២ ខែ​នេះ ចែកចេញជា​បី​ដំណាក់កាល។

ដំណាក់កាល​ទី​មួយ គឺ​ប្រាំ​មួយ​ខែ ដំបូង ពី​ខែ កុម្ភៈ ដល់​ខែ កក្កដា គឺ​ដំណាក់កាល​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ស៊ីជម្រៅ ថា​តើ​កម្ពុជា​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​កែប្រែ​ស្ថានការណ៍​បច្ចុប្បន្ន​។ សហភាព​អឺរ៉ុប ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ក្នុង​ការចរចា និង​ចូលរួម​សហការ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំបាច់។

ដំណាក់កាល​ទី​ពីរ គឺ​បី​ខែ​បន្ទាប់ រាប់​ពី​ខែ​​​​សីហា ដល់​ខែ​តុលា គឺជា​ពេល​សរសេរ​របាយការណ៍ សរុប​លទ្ធផល​នៃ​ដំណាក់កាល​តាមដាន ៦​ខែ​ដំបូង​នោះ។

ដំណាក់កាល​ទី​បី គឺ​បី​ខែ​បន្ទាប់​មក​ទៀត គិត​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដល់​ខែ​មករា ឆ្នាំ ២០២០ គណៈកម្មការ​អឺរ៉ុប នឹង​បិទ​បញ្ចប់​នីតិវិធី ១២​ខែ​នេះ ដោយ​ចេញ​សេចក្ដី​សម្រេច​ស្ថាពរ​មួយ ថា​តើ​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នោះ ដែរ​ឬ​យ៉ាងណា។

បើ​គណៈកម្មការ​នេះ សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​ថ្ងៃខែ​មករា ឆ្នាំ ២០២០ នោះ​មែន ប្រសិទ្ធិ​នៃ​ការអនុវត្ត ត្រូវ​រង់ចាំ​ប្រាំ​មួយ​ខែ​បន្ទាប់​ទៀត មានន័យថា ការ​ដក​ការ​អនុគ្រោះ​ពន្ធ នឹង​ចាប់ផ្ដើម នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២០។

ជាង​មួយ​ខែ ក្រោយ​ដាក់​ចេញ​នូវ​រយៈពេល​កំណត់ ជុំវិញ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA តំណាង​សហភាព​អឺរ៉ុប ដឹកនាំ​ដោយ​នាយករង ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​សហភាព​អឺរ៉ុប លោកស្រី ផៅឡា ផែមផាឡូនី (Paola Pampaloni) បាន​ចុះទៅ​ស្រុក​ខ្មែរ ពីរ​ថ្ងៃ កាលពី​ថ្ងៃ​ទី ១៩ និង ២០ ខែ មីនា​កន្លងទៅ ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស គ្មាន​ភាព​ប្រសើរ​ឡើង តុលាការ​របប​លោក ហ៊ុន សែន ចេញ​ដីកាចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ៨ រូប​បន្ថែម​ទៀត រួមមាន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​នេះ លោក ហូ វ៉ាន់ លោក ឡុង រី លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក តុ វ៉ាន់ចាន់ ដែល​ជា​តំណាងរាស្ត្រ​។ ដីកា​នេះ​ចេញ មួយ​សប្ដាហ៍​ប៉ុណ្ណោះ មុន​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ របស់​គណបក្ស​ប្រតិភូ​សហភាព​អឺរ៉ុប​នេះ។

ជាង​នេះ​ទៅ​ទៀត បី​ថ្ងៃមុន​ដំណើរ​ទស្សនកិច្ច​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ទៅ​កម្ពុជា​នោះ តុលាការ​នៃ​របប​លោក ហ៊ុន សែន បាន​ចេញ​ដីកាកោះ​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​កោះហៅ​មន្ត្រី​ជាប់ឆ្នោត​ឃុំ​-​សង្កាត់ និង មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ ជុំវិញ​សកម្មភាព​នយោបាយ​របស់​ខ្លួន​។ គិត​មក​ត្រឹម​ថ្ងៃទី២៤ ខែ ឧសភា តុលាការ​ខេត្ត​បាត់ដំបង​ចេញ​ដីកា​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ៣៥ រូប ឱ្យ​ចូល​ទៅ​បំភ្លឺ ជុំវិញ​ការ​ហូប​នំ​បញ្ចុក​ជុំ​គ្នា និង ការ​ថ្លែង​សារ​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​ស្រុក​ខ្មែរ​វិញ ក្នុង​នោះ​ក៏​មាន​ដីកា​សម្រាប់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត មេឃុំ​ជាប់ឆ្នោត​នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ដែល​តែងតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត ពី​របប​លោក ហ៊ុន សែន ផង​ដែរ​។ ក្នុង​ខែ​ឧសភា ដដែល​នេះ មន្ត្រី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ស្រុក​ខណ្ឌ និង​ខេត្ត របស់​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ​ចំនួន ៣៥ នាក់​ដែរ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន កោះហៅ​ទៅ​សាកសួរ​ជា​បន្តបន្ទាប់​ដែរ។

ជុំវិញ​ស្ថានភាព​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ កាលពី​ថ្ងៃទី២ ខែ​ឧសភា ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ សរសេរ​លិខិត​មួយ​បន្ថែម​ទៀត ជូន​ទៅ​លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឱ្យ​របប​នេះ ឆ្លើយតប​ទៅ​នឹង​លិខិត​មុនៗ​របស់​ពួកគេ ថា​តើ​របប​នេះ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​សហភាព​អឺរ៉ុប ជុំវិញ​ក្តី​កង្វល់​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​នោះ​។ ក្រុមហ៊ុន​ធំៗ​ទាំងនេះ បារម្ភ​ថា បើ​ស្ថានភាព​អាក្រក់​នេះ មិន​ប្រសើរ​ឡើងវិញ​ទេ កម្ពុជា នឹង​ប្រឈម​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ជាក់​ជាមិនខាន។

មន្ត្រី​សិទ្ធិមនុស្ស ថា ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន រឹតតែ​រុញ​ស្ថានការណ៍​អាក្រក់ ឱ្យ​កាន់តែ​អាប់អួ និង ប្រឈម​ហានិភ័យ​កាន់តែ​ខ្ពស់ នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

តាម​ទិន្នន័យ​ចុងក្រោយ របស់​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ ទំហំ​នាំចេញ​ទំនិញ​ពី​កម្ពុជា តាមរយៈ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក គ្រាន់តែ​ឆ្នាំ ២០១៨ កន្លងទៅ មាន​ទឹកប្រាក់ ៩,៥ ពាន់​លាន​ដុល្លារ ឬ ស្មើនឹង​ជាង ៤៣% នៃ​ផលទុន​ក្នុងស្រុក​សរុប (​GDP)​។ នេះ​មានន័យថា ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ពឹងផ្អែក​ជាង ១/៣ ឬ ស្ទើរតែ​ពាក់​កណ្តាល លើ​ការ​អនុគ្រោះ​ពន្ធ​ទាំងនេះ។

ពេល​ដែល​បាត់​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កម្ពុជា​មិនមែន​ខាតបង់ ត្រឹមតែ​ប្រាក់​ប្រហែល ៧០០ លាន​ដុល្លារ ដែល​ចំណេញ​ពី​ការ​រួច​ពន្ធ​នោះ​ទេ ប៉ុន្តែ កម្ពុជា​នឹង​បាត់បង់​កម្លាំង​ប្រកួតប្រជែង ផ្នែក​ពាណិជ្ជកម្ម យ៉ាង​សម្បើម​។ ឧទាហរណ៍​ជាក់ស្ដែង ពេល​សហភាព​អឺរ៉ុប​យកពន្ធ​លើ​អង្ករ​ខ្មែរ ទំហំ​នៃ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប ធ្លាក់​ចុះ​យ៉ាង​គំហុក។

តាំងពី​សហភាព​អឺរ៉ុប​ចាប់ផ្ដើម​យកពន្ធ​មក ក្នុង​រយៈពេល​បី​ខែ​ដើម​ឆ្នាំ ២០១៩​នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ បានតែ​ជាង​ប្រាំ​ម៉ឺន​តោន (៥១.៥៥២) ប៉ុណ្ណោះ ទៅកាន់​ទីផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប​។ ចំនួន​នេះ ថយ​ចុះ ៣៣% បើ​ប្រៀបធៀប​ទៅ​នឹង​ការនាំចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​ដូចគ្នា​នេះ កាលពី​ឆ្នាំ​២០១៨ កាល​នៅ​មាន​ការ​អនុគ្រោះ​ពន្ធ។

អ្នកស្រី រ៉ូណា ស្មីត ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​។ អ្នកស្រី​សង្កេត​ឃើញ​ថា បញ្ហា​សិទ្ធិមនុស្ស គឺជា​បញ្ហា​ពិសេស​មួយ ដែល​ទាមទារ​ឱ្យ​មានការ​កែ​លម្អ​៖ «ខ្ញុំ​គិត​ថា ការសម្រេចចិត្ត វា​អាស្រ័យ​លើ​កម្ពុជា ថា​តើ​ចង់​ចូលរួម ពិភាក្សា​អំពី EBA នេះ ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ណាមួយ និង​មាន​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ណាមួយ។ ដូច្នេះ​វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ​។ នៅ​ក្នុង​ច្បាប់​អន្តរជាតិ​កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​គោរព​ការពារ និង​បំពេញ​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​នេះ»

ចំណែក​ឯ​លោក ហ្វ៊ីល រ៉ូប៊ឺតសុន ថា​នាឡិកា​ម៉ោង កំណត់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ចាប់ផ្ដើម​ទៅហើយ​។ រយៈពេល ១២ ខែ​នោះ ក៏​សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ទៅ​របប​លោក ហ៊ុន សែន រួច​ហើយ​ដែរ​។ នៅ​ទីបំផុត បើ​លោក ហ៊ុន សែន កែប្រែ និង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ សហភាព​អឺរ៉ុប អាច​សម្រេច​មិន​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​។ ទោះជា​យ៉ាង​នេះ​ក្តី អ្វីៗ​គឺ​ស្ថិតនៅ​លើ​លោក ហ៊ុន សែន ថា​តើ​គាត់​មាន​សុ​ឆន្ទៈ ក្នុង​ការចរចា ដោយ​ស្មោះ​ត្រង់​ជាមួយ​សហភាព​អឺរ៉ុប ឬ​យ៉ាងណា​"​។ លោក​បន្ត​ទៀត​ថា បើ​លោក ហ៊ុន សែន នៅតែ​លេងល្បិច​នយោបាយ មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ កម្ពុជា​ចៀស​មិន​ផុត​ពី​ទទួល​ទណ្ឌកម្ម​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល