រដ្ឋធម្មនុញ្ញ ក្លាយ​ជា​ឧបករណ៍​នយោបាយ ជាង​​​ការពារ​​ភាព​សុខសាន្ត​ជាតិ

ដោយ ថន ថារ៉ូ
2019-09-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

រដ្ឋ​ធម្មនុញ្ញ​​ ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ១៩៩៣។ មក​ទល់​នឹង​ឆ្នាំ​២០១៩ ច្បាប់​កំពូល​​មួយ​នេះ មាន​អាយុកាល ២៦ឆ្នាំ​ហើយ។ ខ្លឹមសារ​ នៃ​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុង​បារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ជា​គ្រឹះ​នៃ​រដ្ឋ​ធម្មនុញ្ញ។ ២៦​ឆ្នាំ​មក​នេះ រដ្ឋធម្មនុញ្ញ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​៩​លើក​ហើយ។ ​ទាំង​​ខ្លឹម​សារ​​២៣​តុលា និង​អត្ថន័យ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហាក់​បាត់បង់ ឬ​នៅ​តែ​ឈ្មោះ​ប៉ុណ្ណោះ​ មក​ដល់​ខួប ២៦ឆ្នាំ​នេះ។

រដ្ឋ​ធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល​របស់​ជាតិ ដែល​កើត​ចេញ​ពី​សភា​ធម្មនុញ្ញ​នោះ បាន​ធានា​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ អធិបតេយ្យ និង​យុត្តិធម៌​សង្គម ក៏​ប៉ុន្តែ​រដ្ឋ​ធម្មនុញ្ញ​ ពេល​បច្ចុប្បន្ន​នេះ ​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ច្បាប់ អះអាង​ថា របប​ក្រុង​ភ្នំពេញ បាន​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ជាច្រើន​លើក​ច្រើន​សារ។

បើ​ទោះ​ រដ្ឋធម្មនុញ្ញ ចែង​ថា ​ជា​ច្បាប់​កំពូល តាក់​តែង​ក្នុង​បំណង​រក​ភាព​សុខសាន្ត​សង្គម​សម្រាប់​ឲ្យ​ពលរដ្ឋ​ជា​ទូទៅ​ក្ដី ​តែ​ខ្លឹមសារ​នៃ​ច្បាប់​កំពូល​នោះ មិន​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ យក​មក​ការពារ​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​ទេ។ ចុង​ក្រោយ​នេះ របប​ក្រុង​ភ្នំពេញ និង​សភា​ឯក​បក្ស​ បាន​កែប្រែ​ច្បាប់​មួយ​ចំនួន ផ្ទុយ​ពី​ស្មារតី​រដ្ឋ​ធម្មនុញ្ញ គាបសង្កត់ រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​ឲ្យ​ធ្វើ​នយោបាយ មិន​ឲ្យ​តវ៉ា​ មិន​ឲ្យ​បោះពុម្ព​ផ្សាយ និង​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី​ទេ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ និង​ឃ្លាំមើល​សិទ្ធិ​មនុស្ស នៃ​សមាគម អាដហុក លោក នី សុខា និយាយ​ថា មាត្រា​ភាគច្រើន​ក្នុង​រដ្ឋធម្មនុញ្ញ​ ចែង​បាន​ល្អ តែ​ការ​ផ្សព្វផ្សាយ និង​អនុវត្ត​ មិន​ល្អ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋ​ធម្មនុញ្ញ ​ដែល​ចែង​ពី​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា នៅ​ចំពោះ​មុខ​ច្បាប់។ សព្វ​ថ្ងៃ​​ ពលរដ្ឋ​មិន​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​ សេរីភាព​ ដែល​ធម្មនុញ្ញ​ចែង​ឲ្យ​ប្រើ​សិទ្ធិ​តវ៉ា ឬ ​ធ្វើ​ប្រើ​ប្រាស់​​សិទ្ធិ​ធ្វើ​នយោបាយ​ទេ ព្រោះ​ស្ថិត​ក្នុង​បរិយាកាស​នយោបាយ​រឹតត្បិត គំរាម​កំហែង៖ «ដោយ​ឡែក​ គឺ​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ មាន​ច្រើន​ណាស់​ចែង​ល្អ ការ​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង តែ​ការ​ប្រើប្រាស់​ ការ​អនុវត្ត​ជាក់​ស្ដែង យក​រដ្ឋធម្មនុញ្ញ យក​ទៅ​ប្រើ​ប្រាស់យើង​ឃើញ​មាន​ការ​ប្រើប្រាស់​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ​ទេ។ វា​អាច​ពាក់​ព័ន្ធ​នឹង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ ក៏​វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ អាជ្ញាធរ​រដ្ឋ​កំពុង​ធ្វើ​ការ​រឹត​ត្បិត​ទៅ​លើ​សេរីភាព​មួយ​ចំនួន​ មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ហ្នឹង បាន​ទូលំទូលាយ»

បំណង​បង្កើត​រដ្ឋ​ធម្មនុញ្ញ ឆ្នាំ​១៩៩៣

អតីត​ទីប្រឹក្សា​អនុ​ប្រធាន​ទី​១​រដ្ឋសភា និង​ជា​អតីត​សាស្ត្រាចារ្យ​​ច្បាប់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​ថា ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​បារីស ប្រាប់​ឲ្យ​​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត និង​បង្កើត​ធម្មនុញ្ញ​ ដោយ​ខ្លួន​ឯង។ តែ​ទាមទារ​​​ឲ្យ​បញ្ចូល​សន្ធិសញ្ញា​ទីក្រុង​បារីស ​ជា​គ្រឹះ ដើម្បី​ធានា​ឲ្យ​​បាន​គោលការណ៍​ធំៗ ពិសេស​គឺ​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ​ អំណាច​បែង​ចែក​ពី​គ្នា តុលាការ​ឯករាជ្យ ធានា​អធិបតេយ្យ​ភាព​ បូរណភាព​ទឹក​ដី។ គោលការណ៍​ទាំង​នេះ ជា​ភាព​សុខសាន្ត​របស់​កម្ពុជា មិន​រង​ការ​ឈ្លាន​ពាន​ពី​បរទេស ដណ្ដើម​អំណាច​គ្នា​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​សន្មត​ថា អំណាច​ជា​របស់​ពលរដ្ឋ​ខ្មែរ។

ប្រវត្តិ​នៃ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​គឺ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​នៃ​អង្គការ​សហ​ប្រជាជាតិ (UNTAC) បាន​គ្រប់គ្រង​រដ្ឋបាល​ក្នុង​ប្រទេស​កម្ពុជា ជា​បណ្ដោះ​អាសន្ន។ ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៩៣ អាជ្ញាធរ​បណ្ដោះ​អាសន្ន បាន​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌​មួយ​ឡើង។ បន្ទាប់មក គឺ​រៀបចំ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន សភា​ធម្មនុញ្ញ បាន​ជ្រើសរើស​បង្កើត​រដ្ឋាភិបាល​ជាតិ​កម្ពុជា​បណ្ដោះ​អាសន្ន​មួយ និង​បាន​រៀបចំ​រដ្ឋ​ធម្មនុញ្ញ។ នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ១៩៩៣ សភា​ធម្មនុញ្ញ​បាន​អនុម័ត ដោយ​ការ​បោះឆ្នោត​ជា​សម្ងាត់ ​បង្កើត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ នៅ​ថ្ងៃ​ទី២៤ កញ្ញា ប្រមុខ​រដ្ឋ​បាន​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ការ​ធ្វើ​សច្ចា​ប្រណិធាន​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ សម្ដេច​ព្រះ​ នរោត្តម សីហនុ។ សភា​ធម្មនុញ្ញ បាន​ក្លាយ​ទៅ​ជា​រដ្ឋសភា តាម​សំណើ​​របស់​​ប្រធាន និង​អនុ​ប្រធាន​សភា។

វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ

រដ្ឋធម្មនុញ្ញ កំណត់​នូវ​មូលដ្ឋាន​សំខាន់ៗ ​នូវ​របៀប​ ដែល​រដ្ឋ​មួយ​ត្រូវ​ដំណើរការ ហើយ​ការ​សើរើ ឬ​ធ្វើ​វិសោធនកម្ម​ណា​មួយ​នោះ ត្រូវតែ​ឆ្លងកាត់​នីតិវិធី​ដ៏​តឹងរ៉ឹង និង​ម៉ត់ចត់​បំផុត​ ដើម្បី​ពិនិត្យ​មើល​ថា តើ​ការ​កែប្រែ​នោះ​ស្របច្បាប់​ឬ​មិន​ស្រប​ច្បាប់​នោះ។ រដ្ឋធម្មនុញ្ញ​ ​មាត្រា​១៥១ ចែង​ថា៖ «ការ​ផ្ដើម​គំនិត​សើរើ ឬ​ការ​ផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ត្រី និង​របស់​ប្រធានរដ្ឋសភា តាម​សេចក្ដីស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល»

ចំនួន​សមាជិក​រដ្ឋសភា​បច្ចុប្បន្ន ដែល​មាន​មក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ តំណាងរាស្ត្រ​ចំនួន​ ៣១រូប អាច​ស្នើសុំ​សើរើ ឬ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បាន​​ហើយ។ គិត​មក​ទល់​ពេល​នេះ រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ១៩៩៣ ដែល​មាន​អាយុ​ ២៦ឆ្នាំ បាន​ឆ្លងកាត់​ការ​សើរើ ឬ​វិសោធនកម្ម​ប្រមាណ ​១០លើក​រួច​ទៅ​ហើយ ដែល​វិសោធនកម្ម​មួយ​ចំនួន​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ក្នុង​​នោះ មាន​​វិសោធនកម្ម​លើក​ទី៤ ឆ្នាំ២០០៤ ស្ដីពី​ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ក្នុង​រដ្ឋសភា បង្កើត​ថ្នាក់​ដឹក​នាំ​រដ្ឋសភា និង​រដ្ឋាភិបាល​ក្នុង​ពេល​តែមួយ ឬ​ហៅថា បោះឆ្នោត​ជា​កញ្ជប់។ វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នៅ​ឆ្នាំ២០១៨ សំដៅ​ដល់​ការ​ហាមឃាត់​ពលរដ្ឋ​កម្ពុជា​ពី​សកម្មភាព​​​ណា​មួយ ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្ទាល់​ក្តី ដោយ​ប្រយោល​ក្តី។ ប៉ុន្តែ​វិសោធនកម្ម​ចុង​ក្រោយ​នេះ ត្រូវ​អង្គការ​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ជា​ការ​រឹតត្បិត​សិទ្ធ និង​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ បន្ថែម​ទៀត​ទៅ​វិញ​ទេ។

បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​កែប្រែ​ធម្មនុញ្ញ វិវត្តន៍​ទៅ​រក​ទាំង​ភាព​អាក្រក់​ និង​ល្អ។ អាក្រក់ គឺ​បង្កើត​ធម្មនុញ្ញ​បន្ថែម បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា ជា​ស្ថាប័ន​អត់​ប្រយោជន៍ និង​វិសោធនកម្ម​ ឆ្នាំ២០១៧ ​បើក​ផ្លូវ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង បិទ​សិទ្ធិ​នយោបាយ ធ្វើ​ឲ្យ​អំណាច​ទាំង​អស់ ប្រមូល​ផ្ដុំ​លើ​បុគ្គល​នាយក​រដ្ឋ​មន្ត្រី។

ចំណែក​វិសោធនកម្ម​ វិវត្តន៍​ទៅ​រក​ស្ថានភាព​ល្អ​វិញ គឺ ការ​ដាក់​បញ្ចូល​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត (..) ជា​ស្ថាប័ន​កំពូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ​បើ​ទោះ​ស្ថាប័ន (..) និង អំណាច​តុលាការ​ ស្ថិត​ក្នុង​ធម្មនុញ្ញ ហើយ​ចែក​ដាច់​ថា ឯករាជ្យ ក៏​នៅ​តែ​ស្ថិត​ក្រោម​អំណាច​ប្រមូល​ផ្ដុំ​របស់​នីតិប្រតិបត្តិ​ដែរ៖ «ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​សំដៅ​ទៅ​លើ​ការ​តម្រូវ​មួក កាត់​ក្បាល។ ទី២ គឺ​រំលាយ​អង្គ​សង្គ្រោះ​ជាតិ​​ទាំង​មូល ទី៣ គឺ​ចែក​អាសនៈ​​ទៅ​គណបក្ស​​ប្រឆាំង​ទៅ​ឲ្យ​បក្ស​ដទៃ​ទៀត ដែល​មិន​បាន​ជាប់​ឆ្នោត។ ប៉ុន្តែ​អា​ល្អ​មួយ​ទៀត គឺ​យក​ គ..ប គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដំឡើង​​ទៅ​ជា​ស្ថាប័ន​រដ្ឋធម្មនុញ្ញ ស្មើ​នឹង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រដ្ឋាភិបាល​ សភា តុលាការ​ហ្នឹង​ទៅ»

ច្បាប់​ពិសេស ​បង្កើត​ឡើង​បញ្ច្រាស​រដ្ឋ​ធម្មនុញ្ញ

មិន​ត្រឹម​ការ​អនុវត្ត​​តាម​ធម្មនុញ្ញ​ធូរ​ទេ ​ច្បាប់​​ពិសេស​ ជាច្រើន ​ក៏​ត្រូវ​បាន​​របប​ក្រុង​ភ្នំពេញ ព្រាង​ឲ្យ​សភា​ឯក​បក្ស​អនុម័ត ដើម្បី​ធ្វើ​បាប​​គាប​សង្កត់​ដៃគូ​​នយោបាយ និង​ក្រុម​សំឡេង​រិះគន់។ ឧទាហរណ៍ ជំពូក​ទី៣ ចាប់​ពី​មាត្រា៣១ ដល់​មាត្រា៥០ ស្ដីពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចែង​ក្នុង​ន័យ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​ស្គាល់​ និង​ គោរព​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ និង​ កតិកាសញ្ញា​ ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិមនុស្ស​ សិទ្ធិ​នារី​ និង សិទ្ធិ​កុមារ។

វាក្យ​ខណ្ឌ​បន្ត​ សរសេរ​ថា ប្រជាពលរដ្ឋ​ខ្មែរ ​មាន​ភាព​​ស្មើគ្នា ​ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរីភាព​ និង​ ករណីយកិច្ច​ដូច​គ្នា​ទាំង​អស់​​ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ ​ភាសា​ ជំនឿ​ សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ ស្ថានភាព​ឯ​ទៀត​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ។

តែ​នៅ​វាក្យ​ខណ្ឌ​ចុងក្រោយ នៃ​មាត្រា៣១ បាន​ភ្ជាប់​សិទ្ធិ​សេរីភាព​ទាំង​នេះ ទៅ​នឹង​ច្បាប់​ពិសេស ដែល​រដ្ឋសភា​ឯក​បក្ស បង្កើត​ឡើង​ក្នុង​អត្ថន័យ​ផ្ទុយ​ពី​ខ្លឹម​សារ​ដើម។ ជាក់ស្ដែង គឺ​ច្បាប់​ស្ដីពី​វិសោធន​កម្ម​ច្បាប់ ​ស្ដីពី​គណបក្ស​នយោបាយ ឆ្នាំ២០១៧ ​បាន​បង្ខាំង​សិទ្ធិ​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​នយោបាយ និង​ថ្មីៗ​នេះ​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ពលរដ្ឋ​មិន​ឲ្យ​មាន​ជំនឿ គាំទ្រ អ្នក​នយោបាយ​លោក សម រង្ស៊ី ជា​ដើម ដែល​នេះ ជា​ការ​មិន​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​លើ​ជំនឿ និន្នាការ​នយោបាយ ​ស្មើ​គ្នា​រវាង​ពលរដ្ឋ​ផ្សេង​ទៀត។

ច្បាប់​​ពិសេស​ ៣ទៀត​ ពាក់ព័ន្ធ​អំណាច​តុលាការ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ក៏​មាន​អត្ថន័យ​បញ្ច្រាស​ធម្មនុញ្ញ​ដែរ។ រដ្ឋ​ធម្មនុញ្ញ ក្នុង​ជំពូក​ទី១១​ មាត្រា​១២៨​ថ្មី ចែង​ថា តុលាការ​ជា​អំណាច​ឯករាជ្យ។ អំណាច​តុលាការ​ ធានា​រក្សា​អនាគតិ និង​ការពារ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ។ ប៉ុន្តែ ​ច្បាប់​ពិសេស​ទាំង ៣ខាង​លើ​ ត្រូវ​រដ្ឋសភា​អនុម័ត កាល​ឆ្នាំ២០១៤ ចែង​ក្នុង​​ន័យ​ ដើម្បី​ប្រគល់​សិទ្ធិ​អំណាច​តុលាការ​ទាំង​អស់ ស្ថិត​ក្រោម​អំណាច​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ស្ថិត​ក្រោម​បង្គាប់​របស់​​នាយក​រដ្ឋ​មន្ត្រី នៃ​អំណាច​នីតិ​ប្រតិបត្តិ​​។ ដូច្នេះ​អំណាច​តុលាការ​ គឺ​ស្ថិត​ក្រោម​អំណាច​នីតិ​ប្រតិបត្តិ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​​រដ្ឋសភា​ឯក​បក្ស លោក ឡេង ប៉េងឡុង បាន​ទេ ​​ថ្ងៃ​ទី​២៣​ កញ្ញា​។ ចំណែក​អ្នក​នាំ​ពាក្យ​ និង​ជា​អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក តាំង រតនា ​​សុំ​​មិន​អត្ថាធិប្បាយ​ទេ នៅ​ថ្ងៃ​ទី​២៣ កញ្ញា ដោយសារ​ លោក​កំពុង​ នៅ​ក្រៅ​ការិយាល័យ​អង្គភាព។

របប​ក្រុង​ភ្នំពេញ ​មិន​អាច​អនុវត្ត​តាម​​រដ្ឋ​ធម្មនុញ្ញ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​​​ កន្លង​មក​ថា រដ្ឋាភិបាល​គោរព​រដ្ឋ​ធម្មនុញ្ញ បាន​យ៉ាង​ខ្ជាប់ខ្ជួន។ តែ​កាល​ពី​ឆ្នាំ២០១៨ លោក​លើក​ឡើង​ថា មាន​តែ​ចំណុច​មួយ​​ប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​​មិន​អាច​អនុវត្ត​បាន គឺ​ការ​បង្កើត​សមាជ​ជាតិ ដោយសារ​ព្រឹត្តិ​ការណ៍​​នេះ ​មាន​លក្ខណៈ​ស្មុគស្មាញ និង​គ្មាន​រចនាសម្ព័ន្ធ​រៀប​ចំ​ត្រឹម​ត្រូវ។ យ៉ាង​ណា លោក ផៃ ស៊ីផាន ថា គោល​បំណង​​នៃ​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ធំ​បំផុត​ គឺ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​កម្ពុជា៖ «ដូច្នេះ​គោល​បំណង​របស់​រដ្ឋធម្មនុញ្ញ​ គឺ​រក្សា​សន្តិភាព ស្ថិរភាព នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង»

ជំពូក​ទី​ ១៤​ ថ្មី ស្ដីពី​​សមាជជាតិ ចាប់​ពី​មាត្រា​១៤៧​ថ្មី ដល់​​មាត្រា​១៤៩​ថ្មី ចែង​ថា សមាជជាតិ​ គឺ​ បើក​ឱ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​ អំពី​កិច្ច​ការ​ផ្សេងៗ​ ដែល​ជា​ប្រយោជន៍​ជាតិ​ និង​លើក​បញ្ហា​​​សំណូម​ពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ។ ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​សមាជ​ជាតិ​។

សមាជជាតិ​ ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​ គឺ​នៅ​ដើម​ខែ​ធ្នូ​ តាម​ការ​កោះ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី។សមាជជាតិ​ ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជ​អធិបតីភាព​ នៃ​ព្រះមហាក្សត្រ។ សមាជជាតិ​ អនុម័ត​សំណូម​ពរ​ជូន​ព្រឹទ្ធសភា​ ជូន​រដ្ឋសភា​ និង​ជូន​រដ្ឋ​អំណាច​ពិចារណា។ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជជាតិ​ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។ ច្បាប់​ពិសេស​ស្ដីពី​សមាជ​ជាតិ​នេះ មិន​ទាន់​​បាន​តាក់​តែង​ទេ។

បណ្ឌិត ឡៅ ម៉ុងហៃ ​ប្រាប់​ថា ​សមាជជាតិ​ជា​សន្និបាត​ពលរដ្ឋ​ ដើម្បី​ទប់​ស្កាត់​អំណាច​ផ្ដាច់ការ។ លោក​បណ្ឌិត រំលឹក​ថា សម័យ​សង្គម​រាស្ត្រ​និយម គឺ​កម្ពុជា​ដឹកនាំ​ដោយ​របប​ឯក​បក្ស​ដូច​សព្វ​ថ្ងៃ។ តែ​នាយក​រដ្ឋ​មន្ត្រី​ពេល​នោះ គឺ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ធ្វើ​សមាជ​ជាតិ​ ១ឆ្នាំ ២ដង​ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មក​ជួប​ជុំ​សួរ​សំណួរ បង្ហាញ​ទុក្ខ​កង្វល់​ ដោយ​សេរី នៅ​​វាល​មេន ក្បែរ​ព្រះ​បរម​រាជវាំង ហើយ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​នាយក​រដ្ឋ​មន្ត្រី។ លោក ថា កាល​ណោះ រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​​ច្រើន​នាក់ ត្រូវ​បាន​​​ សម្ដេច សីហនុ ដក​តំណែង​ នៅ​ក្នុង​សមាជ​ជាតិ ក្រោយ​ស្ដាប់​ទុក្ខ​កង្វល់​ពលរដ្ឋ​ហើយ៖ «សមាជ​ជាតិ​ហ្នឹង​​ ក្នុង​កម្មវិធី ដាក់​ទៅ គឺ​ដូចជា របង​យ៉ាង​ក្រាស់ ហើយ​យ៉ាង​មាំ​មួយ​ ទប់ទល់​នឹង​អំណាច​ផ្ដាច់ការ​។ បើ​យើង​អត់​មាន​ហ្នឹង អត់​មាន​អ្វី​ទប់​ទល់​នឹង​អំណាច​ផ្ដាច់​ការ​ពី​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​​ហ្នឹង​ទៅ»

និស្សិត​​ កំពុង​សិក្សា​ជំនាញ​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា មួយ​ផ្នែក​នៃ​រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​បាន​រដ្ឋាភិបាល កាឡៃ​​ឲ្យ​ក្លាយ​​ជា​ឧបករណ៍​បម្រើ​​នយោបាយ ឯ​មួយ​ផ្នែក​ទៀត​ គឺ​ផាត់​ចោល មិន​គោរព​តាម​។ លោក ថា រដ្ឋ​ធម្មនុញ្ញ​ សព្វ​ថ្ងៃ​ ហាក់​​គ្រាន់​ជា​ច្បាប់​ទន្ទេញ​ជាប់​មាត់​ របស់​មន្ត្រី​ទាំង​នោះ​ តែ​ពលរដ្ឋ​មិន​អាច​ពឹង​អាស្រ័យ​បាន​ទេ គឺ​មន្ត្រី​ទាំង​នោះ ​គោរព​តែ​តាម​អនុសាសន៍​មេដឹកនាំ​ជាជាង​ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ៖ «មួយ​ផ្នែក​​ត្រូវ​បាន​​អ្នក​នយោបាយ​ដក​ស្រង់​យក​រដ្ឋ​ធម្មនុញ្ញ​បម្រើ​ផល​ប្រយោជន៍​នយោបាយ។ មួយ​ផ្នែក​ទៀត រដ្ឋ​ធម្មនុញ្ញ​ គឺ​មិន​ត្រូវ​បាន​អ្នក​នយោបាយ​​យក​មក​អនុវត្ត​តែ​ម្ដង​ ផាត់​ចោល»

ការ​វិវត្តន៍​ចុង​ក្រោយ ក្រោយ​ពី​ការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​រយៈ​ពេល ​២៦ឆ្នាំ​មក​នេះ របប​ក្រុង​ភ្នំពេញ ផាត់​ចោល​រដ្ឋ​ធម្មនុញ្ញ​ដែរ​នោះ គឺ​ការ​បន្សាប​អំណាច​តុលាការ អង្គ​នីតិ​ប្រតិបត្តិ ឬ​រដ្ឋាភិបាល កាន់​មាន​ឥទ្ធិពល​គ្រប​សង្កត់​ខ្លាំង​ឡើងៗ ទៅលើ​ចៅក្រម និង​ព្រះរាជអាជ្ញា តាមរយៈ​លើក​ទឹក​ចិត្ត និង​បង្ខំ​ពួក​គេ​ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ ពោល​គឺ​បក្ស​កាន់​អំណាច និង​តាម​រយៈ​បង្កើត​ច្បាប់​មួយ​ចំនួន កាត់​បន្ថយ​អំណាច​តុលាការ អោយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រសួង​យុត្តិធម៌​ ដែល​សាខា​របស់​អំណាច​អង្គ​នីតិប្រតិបត្តិ​ទៅ​វិញ ទោះ​ជា​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ឲ្យ​នៅ​ដាច់​ពី​គ្នា​រវាង អង្គ​នីតិ​​ប្រតិបត្តិ នីតិ​​បញ្ញត្តិ និង​តុលាការ​ក្ដី។

ព្រះ​មហាក្សត្រ ជា​អ្នក​ធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ផ្សះផ្សា​ជាតិ

ជំពូក​ទី២ ចែង​ក្នុង​ន័យ​ថា ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​និរន្តរភាព​ជាតិ។ ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។ ព្រះមហាក្សត្រ​ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។ អង្គ​ព្រះ​មហាក្សត្រ មិន​​អាច​​នរណា​រំលោភ​​​បំពាន​បាន​ឡើយ។

បណ្ឌិត ឡៅ ម៉ុង​ហៃ ​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង កុំ​បោះបង់​រដ្ឋធម្មនុញ្ញ​ចោល ហើយ​គោរព​រដ្ឋ​ធម្មនុញ្ញ ដោយ​ប្រើ​ប្រាស់​យន្ត​ការ ដោះស្រាយ​វិបត្តិ​នយោបាយ តាម​រដ្ឋ​ធម្មនុញ្ញ ​ដែល​ចែង​ឲ្យ​អង្គ​ព្រះ​មហាក្សត្រ​ ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញ​លេញ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល