កម្ពុជាបានការអនុគ្រោះពន្ធទូទៅផ្នែកពាណិជ្ជកម្ម ឬ GSP ពីសហរដ្ឋអាមេរិក ដើម្បីនាំផលិតផលជាច្រើនមុខ ទៅលក់នៅផ្សារអាមេរិក ដោយបង់ពន្ធតិចតួច ឬមិនចាំបាច់បង់ពន្ធសោះ ដោយសារតែអាមេរិកចង់ជួយដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។ ទោះបីជាយ៉ាងនេះក៏ដោយ ប្រសិនបើកម្ពុជាចង់ទទួលបានផលប្រយោជន៍នេះ ទៅថ្ងៃអនាគត រដ្ឋាភិបាលត្រូវតែគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ដែលបានភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួន។
ថ្មីៗនេះ សមាជិកសភា និង សមាជិកព្រឹទ្ធសភាអាមេរិក បានស្នើច្បាប់ ឲ្យព្យួរការអនុគ្រោះពន្ធនេះ ដោយសារតែការបំពានលក្ខខណ្ឌមួយចំនួន។
តើអ្វីខ្លះ ជាលក្ខខណ្ឌនៃការអនុគ្រោះពន្ធទូទៅ ឬ GSP និង នីតិវិធីដក ឬ ព្យួរវា?
កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ Generalized System Preferences ឬហៅកាត់ថា GSP របស់អាមេរិកនេះ បង្កើតឡើងតាំងពីឆ្នាំ ១៩៧៦ ជួយប្រទេសក្រីក្រ ឲ្យបង្កើនទំហំប្រាក់ចំណូលក្នុងការនាំចេញទំនិញ ជួយពង្រឹងវិស័យឧស្សាហកម្ម និង ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច។
ប្រទេសដែលរាប់ថា ជាប្រទេសក្រីក្រ គឺប្រទេសដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ឬ (GDP) របស់ពលរដ្ឋម្នាក់ៗ តិចជាង ១,០២៥ ដុល្លារ តិចជាងបីដុល្លារក្នុងមួយថ្ងៃ។ ស្ថាប័នដែលកំណត់ថាប្រទេសណាមួយ ជាប្រទេសក្រីក្រ គឺគណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍ របស់អង្គការសហប្រជាជាតិ។
កម្ពុជាចាប់ផ្ដើមទទួលបានការអនុគ្រោះពន្ធ GSP នៅឆ្នាំ ១៩៩៧។ តាមរយៈការអនុគ្រោះនេះ ក្នុងមួយឆ្នាំៗ កម្ពុជានាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ជាង ១៨០លានដុល្លារ។ កាលពីខែមេសា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បន្តផ្ដល់ការអនុគ្រោះពន្ធនេះ ដល់កម្ពុជា រហូតដល់ឆ្នាំ ២០២០។
ទោះជាយ៉ាងនេះក្ដី តាមច្បាប់ស្ដីពីពាណិជ្ជកម្មឆ្នាំ ១៩៧៤ របស់សហរដ្ឋអាមេរិក ការផ្តល់ការអនុគ្រោះពន្ធនេះ គឺមានភ្ជាប់លក្ខខណ្ឌធំៗ មួយចំនួន ដែលប្រទេសនីមួយៗ ត្រូវបំពេញឲ្យបានជាដាច់ខាត។ លក្ខខណ្ឌទាំងនោះ រួមមានការគោរពសិទ្ធិការងារ និង សិទ្ធិមនុស្ស។
ក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ពីឆ្នាំ ២០១៥ ដល់ ២០១៨ រកឃើញថា កម្មករជាពិសេសស្ត្រី នៅតែរងការរំលោភសិទ្ធិការងារ ទាំងរងការបង្ខំឲ្យធ្វើការលើសម៉ោង រើសអើងពេលផ្ទៃពោះ និងថៅកែកាត់ប្រាក់ខែពេលសម្រាក ដើម្បីសម្រាលកូនជាដើម។ សិទ្ធិសេរីភាពរបស់សហជីពកម្មករ ក៏រងការរំលោភបំពានដែរ ដោយសារតែការប្រើយុទ្ធសាស្ត្រ យកសហជីពកាងថៅកែ ដើម្បីទប់ទល់សហជីពឯករាជ្យ ដែលការពារប្រយោជន៍កម្មករពិតប្រាកដ។ អាជ្ញាធរ ក៏បានធ្វើទុក្ខបុកម្នេញសហជីពឯករាជ្យ ដោយប្រើប្រាស់ប្រព័ន្ធតុលាការ ដែលជាឧបករណ៍បម្រើនយោបាយរបស់បក្សកាន់អំណាច។
អង្គការសិទ្ធិមនុស្សដដែល ក៏រកឃើញនូវបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្នុងរយៈពេលជាង ១៨ ខែចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរបបលោក ហ៊ុន សែន ចាប់ប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ រម្លាយគណបក្ស សង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារ និងរៀបចំការបោះឆ្នោត ដោយផាត់គណបក្សប្រឆាំង។
មូលហេតុទាំងនេះ ធ្វើឲ្យតំណាងរាស្ត្រសហរដ្ឋអាមេរិក ទាំងនៅសភា និងព្រឹទ្ធសភា ផ្ដួចផ្ដើមស្នើច្បាប់ ដើម្បីព្យួរការអនុគ្រោះពន្ធទូទៅ GSP ពីកម្ពុជា។
សមាជិកសភាមកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត្រ (Steve Chabot) ពីខាងគណបក្សសាធារណរដ្ឋ បានស្នើច្បាប់ស្ដីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ដើម្បីឲ្យរដ្ឋាភិបាលអាមេរិកពិចារណាឡើងវិញ លើប្រព័ន្ធអនុគ្រោះពន្ធទូទៅ ផ្នែកពាណិជ្ជកម្មនេះ។
លោក អាឡែន ឡូវ៉ិនស្សល បញ្ជាក់ថា របបលោក ហ៊ុន សែន បំផ្លាញពន្លកត្រួយប្រជាធិបតេយ្យ ដែលកំពុងដុះនៅអាស៊ីអាគ្នេយ៍៖ «លោក ហ៊ុន សែន រម្លាយឆន្ទៈរបស់ពលរដ្ឋខ្មែរ ដោយបំផ្លាញការសន្យា ក្នុងការរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងបន្តដណ្ដើមក្រាញអំណាច ដោយរបៀបផ្ដាច់ការ។ របបនេះប្រើប្រាស់ការគំរាមកំហែង សម្លុតបំភ័យ អំពើហិង្សា និងការសម្លាប់មនុស្សផង ធ្វើជាឧបករណ៍ក្នុងការបន្តក្រាញអំណាចនេះ។ ដូច្នេះ ទាំងលោក ហ៊ុន សែន និងរបបនេះ ត្រូវតែទទួលទណ្ឌកម្ម ចំពោះអំពើដែលខ្លួនបានសាង»។
សមាជិកព្រឹទ្ធសភាអាមេរិកឯណោះ គឺលោក ថិត គ្រូស (TED Cruz) ពីខាងគណបក្សសាធារណរដ្ឋ និងលោក គ្រីស ឃូនស៍ (Chris Coons) ពីខាងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី៩ ខែមករា ក៏បានដាក់សេចក្ដីស្នើច្បាប់ស្ដីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩នេះដែរ។ លោក ថិត គ្រូស បញ្ជាក់ថា “សហរដ្ឋអាមេរិក ចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស ទើបផ្ដល់ការអនុគ្រោះពន្ធបែបនេះ។ ប៉ុន្តែ លោក ហ៊ុន សែន បានកេងប្រវ័ញ្ចប្រព័ន្ធអនុគ្រោះពន្ធនេះ៖ «លោក ហ៊ុន សែន មិនបានបំពេញទៅតាមលក្ខខណ្ឌជាមូលដ្ឋាន នៃបទដ្ឋានសិទ្ធិការងារ បំផ្លាញសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និង ផ្ដេកផ្ដួលខ្លាំងទៅរកប្រទេសចិនកុម្មុយនិស្ត។ ប្រទេសដែលបំផ្លាញប្រជាធិបតេយ្យ និងរំលោភបទដ្ឋានការងារ និងសិទ្ធិមនុស្ស មិនសមទទួលបានការអនុគ្រោះពន្ធនេះទេ»។
ដោយសារអំណាច ក្នុងការសម្រេចព្យួរការអនុគ្រោះពន្ធ គឺស្ថិតក្នុងដៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទើបតំណាងរាស្ត្រអាមេរិក ប្រើប្រាស់យន្តការសភា ដើម្បីស្នើច្បាប់ដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មនេះឡើង។
ដំណើរការនៃការអនុម័តច្បាប់នេះ គឺប្រព្រឹត្តទៅតាមនីតិវិធីទូទៅនៃសេចក្ដីស្នើច្បាប់របស់រដ្ឋសភា និង ព្រឹទ្ធសភា។
សេចក្ដីស្នើច្បាប់នេះ ត្រូវឆ្លងកាត់បួនដំណាក់កាល។ ដំណាក់កាលដំបូង គឺដាក់ស្នើច្បាប់។ ដំណាក់ទីពីរសភាអនុម័ត។ ដំណាក់កាលទីបី ព្រឹទ្ធសភាអនុម័ត។ ចុងក្រោយប្រធានធិបតីចុះហត្ថលេខា ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
ឥឡូវនេះ ច្បាប់នេះឆ្លងផុតដំណាក់កាលទីមួយហើយ។ ដំណាក់កាលទីពីរ និងទីបី អាចប្រព្រឹត្តទៅឆាប់ ឬយូរអាស្រ័យទៅលើការជំរុញពីតំណាងរាស្ត្រ ដែលស្នើច្បាប់ និងតំណាងរាស្ត្រដែលគាំទ្រសេចក្តីស្នើច្បាប់នេះ។ ក្នុងពេលជាមួយគ្នានេះ ពលរដ្ឋខ្មែរ-អាមេរិកទូទៅ អាចជួយជំរុញឲ្យច្បាប់នេះចេញឆាប់ ដោយសរសេរញត្តិទៅកាន់តំណាងរាស្ត្រប្រចាំរដ្ឋ ឬតំបន់របស់ខ្លួន ឬណាត់ជួបតំណាងរាស្រ្តទាំងនោះ ដោយបញ្ជាក់អំពីគោលបំណង ដែលចង់ឲ្យប្រញាប់អនុម័តច្បាប់នេះ។
ក្រោយពីស្ថាប័នសភា និង ព្រឹទ្ធសភាអនុម័តរួច ច្បាប់នេះនឹងត្រូវបញ្ជូនទៅប្រធានាធិបតីសហរដ្ឋអាមេរិក។ ប្រធានាធិបតីមានជម្រើសបីគឺ ទីមួយ ចុះហត្ថលេខាលើច្បាប់នោះ ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ ទីពីរជំទាស់ច្បាប់នោះ ដោយប្រើសិទ្ធិវ៉េតូ (veto) រួចបញ្ជូនវាត្រឡប់ទៅសភា និងព្រឹទ្ធសភាវិញ។ បើមតិពីរភាគបីនៃរដ្ឋសភា និងព្រឹទ្ធសភា នៅតែគាំទ្រច្បាប់នេះ ការជំទាស់របស់ប្រធានាធិបតីគ្មានប្រសិទ្ធភាព។ ច្បាប់នោះនឹងចូលជាធរមាន។ ទីបី ប្រធានាធិបតី មិនចាំបាច់ធ្វើអ្វីសោះ។ ក្នុងករណីដែលប្រធានាធិបតីមិនធ្វើអ្វីសោះនេះ ក្រោយពីច្បាប់នេះបានដល់ដៃប្រធានាធិបតី ១០ថ្ងៃ វានឹងចូលជាធរមានដោយស្វ័យប្រវត្តិ។
សហរដ្ឋអាមេរិក គឺជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេស ១៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនោះ គឺដើម្បីរកដំណោះស្រាយរួម បិទបញ្ចប់ជម្លោះរ៉ាំរ៉ៃ នៃសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយកម្ពុជាសន្យាស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមូលដ្ឋាន ដោយរៀបចំឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងនាមជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងនោះ សហរដ្ឋអាមេរិកមានករណីយកិច្ច ជួយស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយ និងការអនុគ្រោះពន្ធ GSP នេះ។ ប៉ុន្តែ កម្ពុជាខកខានមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលធ្វើឲ្យសហរដ្ឋអាមេរិក ត្រូវពិចារណាឡើងវិញ ចំពោះជំនួយ និងការអនុគ្រោះពន្ធនេះ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក អារិន ឆ្វាតចេស (Arend Zwartjes) ថា ជាអកុសល រដ្ឋាភិបាលកម្ពុជា មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ដើម្បីការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ។
សហរដ្ឋអាមេរិក មានយន្តការច្បាប់ជាច្រើន ដើម្បីដាក់សម្ពាធលើរបបលោក ហ៊ុន សែន ឲ្យងាកមករកគន្លងនៃការគោរពសិទ្ធិការងារ សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។ យន្តការច្បាប់ទាំងនោះ រួមមានទាំងច្បាប់ស្ដីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ នេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។