ស្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​សុខចិត្ត​ទ្រាំ​លំបាក​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​បន្ត​ជីវភាព​នយោបាយ

ដោយ ជីវិតា
2020-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​គណបក្ស​ប្រឆាំង ៧គ្រួសារ ដែល​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​រឿង​នយោបាយ ទៅ​នៅ​ប្រទេស​ថៃ។
ស្ត្រី​គណបក្ស​ប្រឆាំង ៧គ្រួសារ ដែល​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​រឿង​នយោបាយ ទៅ​នៅ​ប្រទេស​ថៃ។
រូប៖ RFA

ស្ត្រី​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ និង​ជា​អ្នក​គាំទ្រ​គណបក្ស​នេះ​ជិត ១០នាក់ បាន​ភៀសខ្លួន​ចេញ​ពី​ផ្ទះសម្បែង​ទៅ​រស់​នៅ​ប្រទេស​ថៃ ដោយ​នាំ​គ្នា​ជួល​បន្ទប់​ស្នាក់​នៅ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​ក្នុង​អាគារ​តែ​មួយ ដើម្បី​បន្ត​ជីវភាព​នយោបាយ។ ស្ត្រី​ទាំង​នោះ​អ្នក​ខ្លះ​មាន​ប្ដី និង​កូន​តូច​អាយុ​ក្រោម ១០ឆ្នាំ។

ស្ត្រី​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចំនួន ៧គ្រួសារ​នេះ ខ្លះ​ភៀស​ខ្លួន​ជា​មួយ​ប្ដី និង​កូន ហើយ​ខ្លះ​ទៀត ចាក​ចេញ​ពី​ស្រុក​កំណើត​ម្នាក់​ឯង ដោយ​សារ​រឿង​នយោបាយ។ ពួកគេ​បាន​ជួល​បន្ទប់​ស្នាក់​នៅ​ក្បែរ​គ្នា​ក្នុង​អាគារ​កម្ពស់ ៤ជាន់ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ប្រទេស​ថៃ។

អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​បាន​ទៅ​ដល់​អគារ ដែល​ពួកគេ​រស់​នៅៗ ជាយ​ក្រុង​បាងកក ចំ​ពេល​សកម្មជន​ទាំង​នោះ​កំពុង​ទទួល​អាហារ​ថ្ងៃ​ត្រង់​ជុំ​គ្នា ហើយ​មាន​អ្នកខ្លះ​ក៏​មក​ពី​តំបន់​ឆ្ងាយ​ដែរ ដើម្បី​មក​ជួប​ជុំ​គ្នា​ម្ដងម្កាល​ជជែក​គ្នា​ពី​រឿង​នយោបាយ​ស្រុក​ទេស។ បើ​ទោះ​ជា​បន្ទប់​តូច​ចង្អៀត​ក្ដី ពួក​គេ​ទទួល​ទាន​អាហារ​ជជែក​គ្នា​ប្រកប​ដោយ​បរិយាកាស​សប្បាយ​រីករាយ និង​សាមគ្គីភាព។

សម្បុរ​ស្រអែម​រាង​ស្គម​បន្តិច ​សក់​វែង​ប្រាស់​ស្មា​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ប៉ៃលិន លោក ស្រី លន់ សៅ​បុត្រ ​រៀបរាប់​ថា លោក​ស្រី​នាំ​កូន ២នាក់​ភៀស​ខ្លួន​តាម​ប្ដី ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​ មក​រស់​នៅ​ទីក្រុង​បាងកក​ចំនួន ៥ខែ​ហើយ គឺ​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ២០១៩ បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ក្រុម​គ្រួសារ​របស់​លោក​ស្រី​ដល់​ផ្ទះ​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​ស្រី​បន្ថែម​ថា ការ​ភៀស​ខ្លួន​នេះ​ ក្រោយពី​ប្ដី​របស់​លោក​ស្រី គឺ​លោក ឈុន សិទ្ធី ចេញ​ពី​ពន្ធនាគារ​បាន ១១ខែ។ ប្ដី​របស់​លោក​ស្រី​បាន​ជាប់​ពន្ធនាគារ​អស់ពេល១ឆ្នាំ ដោយសារ​តែ​គាត់​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច កាល​ពី​ចុង​ឆ្នាំ២០១៨។ លោក​ស្រី បន្ថែម ថា ពួកគាត់​រស់​នៅ​សព្វ​ថ្ងៃ​គ្មាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​​ទេ គឺ​រស់​ដោយ​សារ​បាន​អំណោយ​អង្ករ ត្រីខ​កំប៉ុង ប្រេងឆា ​ទឹក​ត្រី​ និង​ស្ករស​បន្តិច​បន្តួច ដែល​អង្គការ​ជា​ដៃ​គួរ​របស់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ហៅ​កាត់​ថា (UNHCR) ជួយ​ឧបត្ថម្ភ​ដល់​ពួក​គាត់ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​នោះ​ទេ៖ «ទៅ​មុខ​ទៅ​ខ្ញុំ​សង្ឃឹម​ថា ប្រទេស​ខ្មែរ​វា​អាច​ប្រសើរ​ឡើង​វិញ ដោយសារ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ពេល​ឆាប់ៗ ខាង​មុខ ។ហេតុ​អី​បាន​រំពឹង​ថា​មក​បើ​ពេល​មុន​ម្ដង​ហើយ​ចូល​ស្រុក​អត់​បាន ខ្ញុំ​រំពឹង​ថា គាត់​នឹង​ចូល​ស្រុក​បាន»

ស្ត្រី​ទាំង ៧គ្រួសារ​នេះ​​​​​​ខ្លះ​​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ខ្លះ​ទៀត​ជា​សកម្មជន​គណបក្ស​​នេះ​​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ផ្សេង​គ្នា។ ស្ត្រី​មួយ​ក្រុម​នេះ​​មាន​កូន​តូច​អាយុ​ក្រោម ១០ចំនួន ៣នាក់ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាប់​គ្នា ទទឹង ៣កន្លះ បណ្ដោយ ៥ម៉ែត្រ។ ក្នុង​ថ្ងៃ​ដែល​អ្នក​ភៀស​ខ្លួន​ទាំង​នេះ​ជួប​ជុំ​គ្នា​នោះ កូនៗ របស់​ពួក​គេ​រត់​ប្រលែង​គ្នា​លេង​យ៉ាង​សប្បាយ​ ហាក់​ពុំ​ដឹង​ថា ​ឪពុក​ម្ដាយ​របស់​ពួកគេ​កំពុង​ភៀស​ខ្លួន​នយោបាយ​យ៉ាង​កម្សត់​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ​ ស្ត្រី​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ឧត្ដរមានជ័យ​ គឺ​លោកស្រី ប៊ុន អឿយ ថ្លែង​ថា លោកស្រី និង​សមាជិក​គ្រួសារ​ចំនួន ១១នាក់ បាន​ភៀស​ខ្លួន​តាម​ប្ដី​ទៅ​ទីក្រុង​បាងកក​តាំង​ពី​ឆ្នាំ២០១៨ រហូត​មក ​ដោយសារ​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​តាម​យាយី​ដល់​ផ្ទះ​របស់​ខ្លួន​ជា​ច្រើន​លើក​​ច្រើន​សារ។ ស្ត្រី​វ័យ ៥០ឆ្នាំ​ប្លាយ​រូប​នេះ បន្ត​ដោយ​សំដី​មួយៗ ទៀត​ថា មូលហេតុ​ដែល​ពួកគាត់​បន្ត​ភៀស​ខ្លួន​តាម​ប្ដី ព្រោះ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​តែង​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ជា​ពិសេស​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ ដូច​ជា​អ្នក​គាំទ្រ​​គណបក្ស​ប្រឆាំង​ជា​ដើម។ លោក​ស្រី​បញ្ជាក់​ថា ​ក្នុង​ពេល​រស់​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ លោក​ស្រី​តែង​ដើរ​ប្រមូល​ពលករ ដើម្បី​ត្រៀម​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ៖ «តម្រួត​ថៃ​ដេញ​ចាប់​ខ្ញុំ​តាំង​ពី​ម៉ោង១១ រហូត​ដល់​ម៉ោង ៧យប់ ខ្ញុំ​រត់​អត់​បាន​ស្បែក​ជើង និង​ខោ​អាវ​ទាំង​អស់ រត់​ចេញ​ពី​ផ្សារ​តាឡាត​ថៃ​ដល់​ស៊ីមុំមឿង។ ៣ថ្ងៃ​ក្រោយ​តម្រួត​ថៃ​តាម​ខ្ញុំ​ដល់​ផ្សារ​ស៊ីមុំមឿង​ទៀត ។ហេតុ​អី​បាន​ជា​តម្រួត​ថៃ​ដេញ​ចាប់ ព្រោះ​ខ្ញុំ​ហៅ​កម្លាំង​ប្រជុំ​ច្រើន​ដើម្បី​អម​ដំណើរ​វិល​ចូល​ស្រុក​ក៏​ត្រូវ​គេ​ដេញ​ចាប់»

សព្វ​ថ្ងៃ​សមាជិក​គ្រួសារ​របស់​ស្ត្រី​ភៀស​ខ្លួន​ទាំង ១១នាក់​នេះ មិន​ទាន់​ជាប់​ជា​ជន​ភៀស​ខ្លួន​ពេញ​សិទ្ធ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ពួកគាត់​នៅ​តែ​មាន​បំណង​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ។

ចំណែក​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​ត្បូងឃ្មុំ ​កញ្ញា ទ្រីស៊ាង អ៊ី វិញ ថ្លែង​ថា កញ្ញា​ភៀស​ខ្លួន​មក​ដល់​ប្រទេស​ថៃ​ជាង ៣ខែ​ហើយ គឺ​បន្ទាប់​ពី​កញ្ញា​ចេញ​ពី​ពន្ធនាគារ​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​បក្ស​ប្រឆាំង​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ២០១៩។ មាន​សម្បុរ​ស​ដូច​កូន​កាត់​ចិន កញ្ញា ទ្រីស៊ាង អ៊ី ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង ១ខែ ដោយសារ​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (Face Book) គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ដោយ​សំដី​ម៉ឺងម៉ាត់​ទៀត​ថា កញ្ញា​គេច​ខ្លួន​នេះ​ ដោយសារ​​អាជ្ញាធរ​នៅ​ខេត្ត​ត្បូងឃ្មុំ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ជា​ញឹក​ញាប់​ ដើម្បី​បង្ខំ​ឱ្យ​ឈប់​ធ្វើ​នយោបាយ​ជា​មួយ​​លោក សម រង្ស៊ី។ ប៉ុន្តែ​កញ្ញា​និយាយ​ថា ខ្លួន​មិន​អាច​​ឈប់​ធ្វើ​នយោបាយ​ជា​មួយ​គណបក្ស​នេះ​បាន​ទេ ​ព្រោះ​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «អ្វី​ដែល​ខ្ញុំ​រត់​គេច​មក ដើម្បី​បន្ត​ឆន្ទៈ​របស់​ខ្ញុំ ព្រោះ​បើ​ខ្ញុំ​នៅ​ទីនោះ​យើង​អត់​អាច​ធ្វើអ្វី​កើត​ទេ អ៊ីចឹង​បើ​សិន​ជា​យើង​មក​ដល់​ទី​នេះ​យើង​មាន​សិទ្ធិ​ខ្លះ មាន​សិទ្ធិ​អាច​និយាយ​ស្ដី​អី​បាន​ដោយ​គេ​មិន​អាច​មក​យើង​ភ្លាមៗ​បានទេ មិន​មែន​នៅ​ស្រុក​ថៃ​នេះ​មាន​សុវត្ថិភាព ១០០ភាគ​រយ​ទេ។ ប៉ុន្តែ វា​គ្រាន់​តែ​ជា​កន្លែង​មួយ​ដែល​យើង​អាច​បញ្ចេញ​នូវ​ទស្សនៈ​យើង​បាន ដោយ​មិន​មាន​អ្នកណា​មក​រក​រឿង​រំខាន​យើង និង​លប​តាម​ស្ដាប់​យើង»

ស្ត្រី​វ័យ​ជាង ៣០ឆ្នាំ​រូប​នេះ បន្ថែម​ថា ​ទោះ​បី​ជា​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លំបាក​យ៉ាង​ណា​ក្ដី​ ក៏​កញ្ញា​នៅ​តែ​បន្ត​​​ស្នាក់​នៅ​ប្រទេស​ថៃ​ទៅ​មុខ​ទៀត រហូត​​មាន​ដំណោះ​ស្រាយ​នយោបាយ។

កន្លង​មក ថ្នាក់​ដឹកនាំ​ក្រុង​ភ្នំពេញ​តែងតែ​ចាត់​ទុក​ក្រុម​អ្នក​ភៀស​ខ្លួន​របស់​បក្ស​ប្រឆាំង​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ មាន​បំណង​កៀរគរ​កម្លាំង ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ និង​តាម​យាយី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ ព្រម​ទាំង​ចាប់​ពួកគេ​ដាក់​ពន្ធនាគារ ដែល​បង្ខំ​ឱ្យ​ពួក​គេ​ត្រូវ​តែ​រត់​ចោល​ស្រុក។ ក្រៅ​ពី​ជួប​ជីវភាព​លំបាក និង​រស់​នៅ​ក្នុង​បន្ទប់​ជួល​តូច​ចង្អៀត​នៅ​ក្នុង​ប្រទេស​គេ​នេះ កូនៗ របស់​ពួកគេ​ក៏​មិន​មាន​ឱកាស​រៀន​សូត្រ​អក្សរខ្មែរ​ដែរ។ ហេតុដូច្នេះ សម្រាប់​ឪពុកម្ដាយ​ខ្លះ ក្រៅ​ពី​ទំនេរ​ពី​ការងារ​នយោបាយ ក៏​ឆ្លៀត​បង្រៀន​ភាសា​ខ្មែរ​ដល់​កូនៗ របស់​ពួកគេ។

ស្ត្រី​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត មក​ពី​ក្រុង​ប៉ោយប៉ែត គឺ​លោក​ស្រី ឡេង សុទ្ធារី ថ្លែង​ថា អំឡុង​ពេល​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩ នោះ លោក​ស្រី​បាន​លះបង់​ការងារ​គ្រប់យ៉ាង​ ដើម្បី​ជួយ​រៀបចំ​សម្រួល​ដល់​សកម្មជន​ និង​អ្នកគាំទ្រ​គណបក្ស​នេះ​ក្នុង​ការ​ត្រៀម​ខ្លួន​ចូល​ប្រទេស​កម្ពុជា​វិញ។

ស្ត្រី​វ័យ​ជាង ៣០ឆ្នាំ​រូប​នេះ ក៏​ជា​អ្នក​ភៀស​ខ្លួន​ដែរ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត​ចាប់​ខ្លួន​ ដោយសារ​លោក​ស្រី​​​ជួយ​នាំ​ផ្លូវ​សកម្មជន​បក្ស​ប្រឆាំង​ ឱ្យ​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ទំនង​ដោយសារ​ចេះ​និយាយ​ភាសា​ថៃ​យ៉ាង​ស្ទាត់​ជំនាញ ទើប​ស្ត្រី​សម្បុរ​ជ្រះ​​​ញញឹម​ស្រស់​រូប​នេះ ​​​អាច​នាំ​ផ្លូវ​សកម្មជន​គណបក្ស​ប្រឆាំង​ឱ្យ​ឆ្លងដែន​​ដោយ​សុវត្ថិភាព​។

ក្នុង​ឱកាស​ទទួល​ទាន​អាហារ​ជុំ​គ្នា​នៃ​សកម្មជន និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៤កុម្ភៈ​នោះ​ដែរ លោក​ស្រី ឡេង សុទ្ធារី និយាយ​ថា អាហារ​មួយ​ពេល​នោះ ជា​អាហារ​សាមគ្គី ដែល​បញ្ជាក់​ពី​ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ខ្មែរ ខណៈ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​គេ៖ «ម្ហូប​ឆ្ងាញ់​ទើប​តែ​ថ្ងៃ​នេះ​ម្ដង ដែល​យើង​ទើប​តែ​រៃ​លុយ​គ្នា​ម្នាក់​តិចៗ ហើយ​អ្នក​លក់​សាច់​ជ្រូក​លក់​អី​ហ្នឹង​សុទ្ធតែ​ខ្មែរ ដោយសារ​តែ​សាច់​ឈាម​ខ្មែរ​ទៅ​ដល់​កន្លែង​ណា ស្រឡាញ់​គ្នា​មែន»

ស្ត្រី​បក្ស​ប្រឆាំង​ភៀស​ខ្លួន​ទាំង​នេះ បញ្ជាក់​ជំហរ​ស្រដៀង​គ្នា​ថា ពួក​គាត់ ថ្វី​បើ​បាត់​បង់​ការងារ មក​រស់​នៅ​យ៉ាង​លំបាក​លំបិន​នៅ​ក្រៅ​ប្រទេស​បែប​នេះ​ក្ដី ក៏​ពួកគាត់​មិន​តូច​ចិត្ត​នឹង​វាសនា​របស់​ខ្លួន​ដែរ ហើយ​​នៅ​តែ​មាន​កម្លាំង​ចិត្ត​រឹងមាំ​ ដើម្បី​បន្ត​ដំណើរ​របស់​ខ្លួន​ទៅ​មុខ​ជា​និច្ច​ ដោយ​មិន​រាថយ​ឡើយ។​ ក្រុម​ស្ត្រី​ទាំង​នេះ​សង្ឃឹម​ថា កម្លាំង​សាមគ្គី​របស់​ពួកគាត់​នឹង​អាច​ជា​ចំណែក​ជួយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល