ក្រុមយុវតី​រងការរំលោភបំពាន​ពីក្រុមសន្តិសុខ​មិនហ៊ាន​ដាក់បណ្ដឹង​ព្រោះ​គ្មានជំនឿ​លើប្រព័ន្ធ​យុត្តិធម៌

ដោយ សុជីវី
2020-08-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលរដ្ឋ​​ភាគច្រើន​ជា​យុវជន សហជីព កម្មករ​រោងចក្រ និង​គ្រូបង្រៀន ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ទាមទារ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ២០២០ ឱ្យ​ដោះលែង លោក រ៉ុង ឈុន។
សកម្មភាព​ពលរដ្ឋ​​ភាគច្រើន​ជា​យុវជន សហជីព កម្មករ​រោងចក្រ និង​គ្រូបង្រៀន ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ទាមទារ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ២០២០ ឱ្យ​ដោះលែង លោក រ៉ុង ឈុន។
រូប​ពី​ហ្វេសប៊ុក Ma Chettra

ក្រុមយុវតី ដែល​សកម្ម​ចូលរួមការតវ៉ាអោយដោះលែង​លោក រ៉ុង ឈុន ថាពួកគេ នឹងមិន ដាក់បណ្ដឹង​ណាមួយ​ទៅសា្ថប័នរដ្ឋ និង​តុលាការ​ឡើយ​ព្រោះពួកគេគ្មាន​ជំនឿលើ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា។ មន្រ្តីរដ្ឋាភិបាល​ថា​ប្រព័ន្ធយុត្តិធម៌​គ្មានបញ្ហា ដែលជាទីមិនទុកចិត្ត​ដូចការចោទប្រកាន់ទេ ផ្ទុយ​ទៅវិញ​ក្រុមយុវជន​មិនហ៊ានប្ដឹង​ដោយសារ តែមិនច្បាស់ថា​ខ្លួនឯង​បាន​ធ្វើតែ​អំពើ​ស្របច្បាប់។

ក្រុមយុវតីអ្នកតវ៉ា​នៅតែ​ប្រកាន់ជំហរ​ថ្កោលទោស​ចំពោះទង្វើ​របស់អាជ្ញាធរ​ជាពិសេស​គឺ​ក្រុមសន្តិសុខ​សាលាខណ្ឌ៧មករា ដែលបាន​រំលោភបំពាន​លើរាងកាយពួកគេ​នៅក្នុងពេល​បំបែក​ការតវ៉ាទាមទារ​អោយដោះលែងលោក រ៉ុង ឈុន ប៉ុន្តែពួកគេគ្មានជំនឿ​ចំពោះអាជ្ញាធរ​ថានឹង​ផ្ដល់យុត្តិធម៌​បានឡើយ​ប្រសិនបើ​ពួកគេដាក់​ពាក្យប្ដឹង។

អ្នកតវ៉ាម្នាក់ កញ្ញា យិន ម៉ូលីនី អោយដឹងថា​ក្រុមរបស់នាង​បានព្រមព្រៀងគ្នា​ហើយថា​ពុំដាក់បណ្ដឹង​ទៅអាជ្ញាធររដ្ឋ​ណាមួយឡើយ​ក្នុងកាលៈទេសៈនេះ ព្រោះតែ​ពុំមាន​ទំនុកចិត្ត​ថាបាន​យុត្តិធម៌។

«យើងប្រាកដជា​មិនបាន​ភាពយុត្តិធម៌​មកវិញទេ។ មូលហេតុ​ដែល​ខ្ញុំមិនទុកចិត្តហ្នឹង​គឺដោយសារតែ​យើង​ឃើញ​ស្ថានភាពរាល់ថ្ងៃ​គឺយើងគ្មានសន្តិភាព​អ្វីដែល​ពេញលេញ​នោះទេបង។ បើដាក់​ពាក្យបណ្ដឹង​ទៅថា​តើគេនឹង​វែកមុខពិតប្រាកដ​អោយខ្ញុំ ឬគ្រាន់តែនិយាយ​យកមុខទេ។ បើសិនជា​គាត់មាន​កាតាព្វកិច្ច មានតួនាទី​ការពារ​ប្រជាពលរដ្ឋ​ហេតុអីក៏ខាង​សមត្ថកិច្ច​សន្តិសុខ​ទាំងអស់នោះ​គាត់មាន​ការរំលោភបំពាន ឬក៏វាយដំ​មកលើ​ប្រជាពលរដ្ឋ?»

ក្រុមយុវជនខ្មែរថាវរៈភាគ​ច្រើនជាយុវតី​ដែល​តែងប្រមូលផ្តុំគ្នា​តវ៉ានៅ​ខាងមុខតុលាការ​រាជធានីភ្នំពេញ​បានបង្ហាញ​រូបភាព និងវីដេអូជាច្រើន​នៅតាមបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញ​អោយ​ឃើញ​ក្រុមសន្តិសុខ​សុទ្ធសឹងជាបុរស រុញច្រាន ឆក់យកកាបូប វាយតប់ ទាត់ធាក់ អូសទាញ ក្ដិចក្រចៅ លូកលាន់រាងកាយ​ក្មេងស្រីជាអ្នកតវ៉ា។

យុវតីម្នាក់ស្រែកឡើង​នៅក្នុង​ការបំបែក​ការតវ៉ានោះថា អ្វីដែល​នាងឈឺចាប់ខ្លាំង​នោះ​គឺការលួច​លូកលាន់​រាងកាយ​របស់នាង។

«ហេតុអីក៏ធ្វើបាប​ប្រជាពលរដ្ឋទន់ខ្សោយ? អ្នកឯងអាងអី? ខ្ញុំត្រូវដៃតិចតួច​ត្រូវជើងតិចតួច តែ​អត់អី​ទេ​អ្វីដែលសំខាន់គឺ​ពួកវាបំពាន​លើរាងកាយ​របស់ខ្ញុំ​អត់ដឹងណាគេខ្លះទេ។ វាច្រានខ្ញុំ វាបំពាន​លើរាងកាយ​របស់ខ្ញុំ​មិនមែន​មានតែម្នាក់ទេ។»

ជាមួយគ្នានេះកញ្ញា ជា គន្ធីន និយាយ​ថា​នាងបានសន្លប់​ភ្លាមៗ​នៅពេល​មាន​ការរុញច្រាន និង​ទាត់ធាក់​ពីក្រុមអ្នកចុះទៅបំបែក​ក្រុមយុវជន​កាលពី​ថ្ងៃទី៥ ខែសីហា។

«គាត់ទាត់ខ្ញុំ​២ទៅ៣ជើង ហើយចាប់ទាញ​ចាប់អូស។ គាត់ចាប់ទាញដៃខ្ញុំ​ហើយអូស​មកទង្គិច​លើថ្ម​កន្លែងម៉ូតូ​គេជិះហ្នឹង ហើយ​ត្រគាករបស់ខ្ញុំ​ក៏ត្រូវជាមួយដំថ្មក៏គ្រេច ពេលហ្នុង​វាអត់អីទេ អត់ទាន់ឈឺ​អីប៉ុន្មានទេ។ ពេលខ្ញុំដើរម៉ោ​យកស្បែកជើង​យកអីហើយ ខ្ញុំស្រែកសម្លុត​អាជ្ញាធរថា​ អាជ្ញាធរ​ធ្វើបាបពលរដ្ឋ​ធ្វើបាបស្រ្តីអីចឹង ពេលហ្នុង​ក៏ទន់ដៃទន់ជើងសន្លប់ទៅហ្មង ដូចជាវាថប់ដង្ហើម ហើយ​ដឹងខ្លួន​នៅពេលដែល​មីងគាត់យក​ប្រេងកូឡាយកអីរឹត។»

អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់សារព័ត៌មាន​ក្នុងស្រុក​ កាលពីថ្ងៃទី១៤សីហាថា លោកលើកទឹកចិត្ត​អោយ​ក្រុមយុវតី​ដាក់ពាក្យប្ដឹង​ទៅសមត្ថកិច្ច ប្រសិនបើ​ក្រុមយុវតីខ្មែរថាវរៈ​ត្រូវបាន​ក្រុមកងសន្តិសុខ​ឆក់កាបូប និងបៀតបៀនកេរ្តិ៍ខ្មាស់ ដើម្បីស្រាវជ្រាវ​ចាប់អ្នកប្រព្រឹត្ត។

អ្នកតវ៉ា​ម្នាក់ទៀត កញ្ញា សូ មេត្តា លើកឡើងថា នាងមិនអាចជឿជាក់បានថា​អាជ្ញាធរ​អាចនឹងផ្ដល់យុត្តិធម៌​ដល់​ក្រុមរបស់នាងទេ នៅពេលដែល​សមាជិកក្រុមចំនួន​២​នាក់ គឺ​យុវជន ហ៊ុន វណ្ណៈ និង​អ្នកនាង ឈឿន ដារ៉ាវី ត្រូវអាជ្ញាធរចាប់ខ្លួន ដោយចោទប្រកាន់ពីបទបង្ក​ភាព​វឹកវរ​និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។ កញ្ញា​ជឿជាក់ថា​សន្តិសុខ​សាលាខណ្ឌ​គឺជាក្រុមដៃជើង​របស់​អាជ្ញាធរ ដែលមិនមានសីលធម៌ គ្មានបុគ្គលិកលក្ខណៈជាអាជ្ញាធរសមត្ថកិច្ចទេ គឺ​គេប្រើ ដើម្បី​អោយ​ធ្វើបាបពលរដ្ឋ។

«ពួកក្រុមនាងឯង មីឯង ហងឯង គាត់ហៅពាក្យចឹងណាបង គាត់ហៅបងវី(ឈឿន ដារ៉ាវី)​ថាមីនេះ​មីនោះ ហើយហៅខ្ញុំថា​មីមួយហ្នឹង​មីហ្នឹង។ ទង្វើអស់ហ្នឹង​គឺបើតាមខ្ញុំមើលទៅ​គឺមិន​សក្ដិសមថាជា​អាជ្ញាធរដែល​ម៉ោកាន់ការ មានតួនាទី​ការពារ​ពួកយើងទេ គឺគេយកបុគ្គលណា​ដែលគេអាច​បង្គាប់ប្រើបាន​ចង្អុលទៅណា​ទៅហ្នុងហ្មង។»

ឆ្លើយតប​រឿងនេះ​អ្នកនាំពាក្យ​អគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ក៏ប្រាប់​អាស៊ីសេរី​ដែរថា ក្នុង​ការបំបែក​ការជួប្រជុំ និង​ការចាប់ខ្លួន​យុវជន ដែលតវ៉ានោះ​អាជ្ញាធរ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី។

ចំពោះការលើកឡើង​ពីការមិនដាក់បណ្ដឹង​ដោយសារតែ​មិនរំពឹងយុត្តិធម៌ ដោយ​ការមិនទុកចិត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជាវិញ រដ្ឋលេខធិការ​ក្រសួងយុត្តិធម៌ និង​ជាអនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់រដ្ឋាភិបាល លោក ជិន ម៉ាលីន ឆ្លើយតបថា​មិនហ៊ានដាក់ពាក្យ​ប្ដឹង​គឺដោយសារ ក្រុមយុវជន​មិនច្បាស់ថាខ្លួនឯងបាន​ធ្វើតែអំពើស្របច្បាប់។

«ក៏ប៉ុន្តែដោយសារសាមីខ្លួនឯង​មានចន្លោះប្រហោង​បានន័យថា​មានពិរុទ្ធ​ដែលគ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុងការប្តឹងផ្ដល់តវ៉ា​ជាមួយគេហ្នឹង​អ៊ីញ្ចឹងបានសម្រេចចិត្តថា​មិនប្ដឹង​ផ្ដល់ ក្រែងលោ​ជាប់​អន្ទាក់​ធ្លាក់ទៅ​ខ្លួនឯងវិញ ដោយ​យកលេសថា​មិនទុកចិត្តអ្នកនេះ​មិនទុកចិត្តអ្នកនោះ។ នេះជា​រឿងធម្មតា​ជាចិត្តសាស្ត្រ​ជនល្មើស​តែប៉ុណ្ណឹង។»

បើទោះជាយ៉ាងណាករណីមិនជឿជាក់ប្រព័ន្ធយុត្តិធម៌នេះ​មិនមែន​កើតមាន​តែនៅ​លើអ្នកតវ៉ា អោយដោះលែង លោក រ៉ុង ឈុន នេះទេ បញ្ហានេះ​បាន​កើតមាន​ស្ទើគ្រប់ទីកន្លែងក្នុង​ប្រទេស ដែល​អ្នកសិទ្ធិមនុស្ស​មើលឃើញថា​កំពុងក្លាយជាបទពិសោធន៍​អាក្រក់​ធ្វើអោយពលរដ្ឋសម្ងំស្ងៀម​មិនហ៊ាន​ចេញ​មុខប្ដឹង ឬ​ក៏​ប្ដឹងផ្ដល់ទៅ​ជាជនរងគ្រោះសោះ​ក៏ទៅ​ជាជាប់ទោសទៅវិញ។

នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស​នៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ដែល​ធ្លាប់រងគ្រោះ​ដោយសារកងសន្តិសុខសាលាខណ្ឌដូនពេញ វាយតប់នៅពេល​លោកចុះអង្កេត​ការហែក្បួន​របស់ពលរដ្ឋ​កាលពីឆ្នាំ២០១៦ អោយដឹងថា​គំរូនៃភាពអយុត្តិធម៌ក្នុងដំណើរក្ដី​ប្ដឹងប្រឆាំង​ក្រុមអាជ្ញាធរ ដែលប្រព្រឹត្ត​ផ្ទុយពីច្បាប់ គឺ​ជាផ្នែកមួយដែលនាំអោយពលរដ្ឋមានការខ្លាចរអា។ តែលោកថា​ករណី​រំលោភបំពាន​លើបូរណភាពរាងកាយពលរដ្ឋ គឺជាបទល្មើព្រហ្មទណ្ឌ ដែល​គួរតែ​ព្រះរាជអាជ្ញា​ចេញមុខចោទប្រកាន់។

«ចោទថាតវ៉ាមិនបានជូនដំណឹង​មិនបានអីគឺជារឿងមួយ ការតវ៉ាដោយអហិង្សាអីក៏​ជារឿងមួយទៀត ប៉ុន្តែប្រសិនបើ​មានរឿងរំលោភបំពាន​លើបូរណភាពរាងកាយ ទៅលើបុគ្គល​របស់គាត់​គឺជារឿង​បទល្មើសព្រហ្មទណ្ឌ​មួយទៀត ដែលគាត់អាច​ស្វែងរកយុត្តិធម៌​តាមរយៈដំណើរការ​យុត្តិធម៌​តាមផ្លូវច្បាប់។»

អាស៊ីសេរីបានព្យាយាមទាក់ទង​សុំការឆ្លើយតបពី​អ្នកនាំពាក្យអយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង តែលោកមិនទាន់អាចឆ្លើយបាន​ដោយលោកជាប់​រវល់កាលពីថ្ងៃទី១៩ ខែសីហា។

ងាកមកការបំបែក​អ្នកតវ៉ា ដែល​ភាគច្រើន​ជាស្រ្តីវិញ អតីត​នាយកប្រតិបត្តិ​នៃ​អង្គការ ខុមហ្រ្វែល(COMFREL)លោក គល់ បញ្ញា អោយដឹងថា ចាំបាច់ណាស់ ដែល​អាជ្ញាធរត្រូវ​មាន​ការប្រុងប្រយ័ត្ន និងត្រូវ​តែឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវហ្មត់ចត់ ព្រោះក្នុង​ហេតុការណ៍​នោះ​ងាយនឹងកើតមាន​ករណី​លួចរំលោភបំពាន​លើ​រាយកាយ​អ្នកតវ៉ា។

បើតាមលោក គល់ បញ្ញា លោកមើលឃើញ​ថាពលរដ្ឋទន់ខ្សោយ​នឹង​មិន​ទទួលបានយុត្តិធម៌ឡើយ​នៅពេល​ដែល​តុលាការ ដែល​ជាស្ថាប័នឯករាជ្យ​បែរជាស្ថិតក្រោមឥទ្ធិពលរបស់​អ្នកនយោបាយ។

ទាំងអង្គការជាតិ និង​អន្តរជាតិ រួម​នឹង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិផង តែងស្នើអោយ​អាជ្ញាធរក្រុងភ្នំពេញ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បី​អោយ​បានការទុកចិត្ត​ពីពលរដ្ឋទូទៅគ្រប់និន្នាការ នឹងបញ្ឈប់ការចាប់ចង ការចោទប្រកាន់ពលរដ្ឋតាមទំនើងចិត្ត ដោយសារតែអនុវត្តសិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​ពួកគេ។ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​រំលោភច្បាប់​ជាងគេ​បំផុត ឈរនៅ​លេខ១២៧ ជាប់​បាតតារាង ក្នុងចំណោម១២៨ប្រទេស​នៅលើ​ពិភពលោក ក្នុង​សន្ទស្សន៍​នៃការគោរព​ច្បាប់​ឆ្នាំ២០២០ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល