យុវតី​ចូល​ចិត្ត​ហាត់​រៀន​គុន​ល្បុក្កតោ​កើន​ឡើង

ល្បុក្កតោ ជា​ក្បាច់​គុន​ដ៏​ចំណាស់​មួយ​ប្រភេទ​របស់​កម្ពុជា ដែល​បាន​បន្សល់​ទុក​មក​ដល់​ពេល​បច្ចុប្បន្ន។ ចាប់​តាំង​ពី​ក្បាច់​គុន​នេះ​ត្រូវ​ចងក្រង​ជា​កីឡា​ក្បាច់​គុន​មក អ្នក​ចូល​ហាត់​កីឡា​នេះ ភាគ​ច្រើន គឺ​ជា​បុរស ហើយ​កម្រ​ឃើញ​មាន​ស្ត្រី​ចូល​រួម​ណាស់។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​យុវតី​កាន់​តែ​ច្រើន​ឡើង​បាន​ចាប់​អារម្មណ៍​ហាត់​គុន​ល្បុក្កតោ។ ការ​កើន​ឡើង​នេះ ត្រូវ​បាន​អះអាង​ថា កើត​ឡើង​ដោយសារ​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​បាន​យល់​ដឹង​ពី​អត្ថន័យ​ពិត​ប្រាកដ​នៃ​គុន​ខ្មែរ​ល្បុក្កតោ។
ដោយ សុ ជីវី
2013-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ខុស​ប្លែក​ពី​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ជាតិ​ល្បុក្កតោ កាល​ពី ២​ឆ្នាំ​មុន នៅ​ឆ្នាំ​២០១៣ នេះ យុវតី​ជា​ច្រើន​នាក់​បាន​បង្ហាញ​មុខ​នៅ​លើ​ឆាក​ប្រកួត​ប្រជែង។ ពួក​គាត់​ចូល​រួម​ប្រកួត​សម្ដែង​គុន ទាំង​ក្បាច់​ដៃ និង​គុន​ដំបង។

«សំឡេង​ភ្លេង​ល្បុក្កតោ​ពេល​ប្រកួត»

ក្នុង​វ័យ ១៨​ឆ្នាំ យុវតី ខៀវ ចន្ទដារ័ត្ន ជា​និស្សិត​ឆ្នាំ​ទី២ ផ្នែក​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ បាន​ថ្លែង​អោយ​ដឹង​ថា នាង​ទើប​ចូល​ហាត់​គុន​ល្បុក្កតោ​បាន​រយៈពេល​ជាង ១​ឆ្នាំ នៅ​ក្នុង​ក្លឹប​ល្បុក្កតោ នៅ​មហាវិទ្យាល័យ​របស់​នាង។ យុវតី​ដដែល​រំលឹក​ថា នាង​សម្រេច​ចិត្ត​រៀន​គុន​ល្បុក្កតោ គឺ​បន្ទាប់​ពី​មើល​ឃើញ​ថា វា​ជា​គុន​ខ្មែរ​ដែល​កូន​ខ្មែរ​អ្នក​ស្រឡាញ់​ការ​ហាត់​គុន​ត្រូវ​ងាក​មក​យក​ចិត្ត​ទុក​ដាក់។

តួលេខ​ពី​សម្ព័ន្ធ​ល្បុក្កតោ​កម្ពុជា អោយ​ដឹង​ថា ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ជាតិ​ល្បុក្កតោ ឆ្នាំ​២០១៣ មាន​បេក្ខជន​សរុប ១១៥​នាក់ ក្នុង​នោះ​មាន​ស្រី ២៥​នាក់។

ចំណែក​យុវតី​វ័យ ៣២​ឆ្នាំ កញ្ញា សំ ថារ័ត្ន មាន​ប្រសាសន៍​ថា នាង​បាន​ចូល​ហាត់​រៀន​គុន​ល្បុក្កតោ​តាំង​ពី​ឆ្នាំ​២០០៨ មក ដោយ​ចិត្ត​ស្រឡាញ់ និង​ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​ក្មេង​ស្រី ថា​អាច​ចូល​រួម​គ្រប់​សកម្មភាព​សង្គម​ដូច​ក្មេង​ប្រុស​ដែរ។

ក្មេង​ស្រី​ដែល​ចូល​ហាត់​គុន​ល្បុក្កតោ​ភាគ​ច្រើន​បាន​អះអាង​ថា ក្មេង​ស្រី​ជួប​ប្រទះ​ការ​លំបាក​មួយ​ចំនួន​ដែល​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​នេះ​បាន ជា​ពិសេស គឺ​កត្តា​សង្គម និង​គ្រួសារ។

កញ្ញា​រំលឹក​ថា ការ​ចូល​រួម​របស់​នាង​ក្នុង​ក្លឹប​ល្បុក្កតោ ធ្វើ​អោយ​គ្រួសារ​អាក់​អន់​ចិត្ត ពេល​ខ្លះ​បាន​ស្ដី​បន្ទោស។ ប៉ុន្តែ ការ​រៀន​គុន​ល្បុក្កតោ​បាន​អោយ​នាង​ជម្នះ​បាន​បញ្ហា​ទាំង​នោះ។

ល្បុក្កតោ ដែល​បច្ចុប្បន្ន​បាន​ដាក់​បញ្ចូល​ជា​ប្រភេទ​កីឡា​គុន​របស់​កម្ពុជា ត្រូវ​អះអាង​ថា ជា​ប្រភេទ​កីឡា​ដែល​មិន​ត្រឹម​តែ​ហ្វឹកហាត់​អោយ​មាន​សុខភាព​ល្អ​ផ្នែក​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ជួយ​ពង្រឹង​ផ្លូវ​ចិត្ត និង​សីលធម៌​ល្អ​របស់​អ្នក​ហាត់។

គ្រូ​បង្ហាត់​នៅ​ក្លឹប​ល្បុក្កតោ នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​កម្ពុជា លោក ឆេង អួ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​គំនិត​របស់​ពលរដ្ឋ​ក្នុង​សង្គម​ទៅ​លើ​ល្បុក្កតោ ជា​ផ្នែក​មួយ​ដែល​ជំរុញ​អោយ​មាន​ចំនួន​អ្នក​ចូល​ហាត់​គុន​នេះ​កើន​ឡើង។

បើ​ទោះ​ជា​មាន​ការ​កើន​ឡើង​ចំនួន​ស្ត្រី ឬ​យុវតី ក៏​នៅ​តែ​មាន​ចំនួន​តិចតួច​ដែរ បើ​ប្រៀប​ធៀប​នឹង​ចំនួន​ពួក​គេ​ដែល​ចូល​រួម​ហាត់​កីឡា​ប្រភេទ​ផ្សេង​ទៀត។

កញ្ញា សំ ថារ័ត្ន បាន​លើក​ឡើង​ដោយ​ជឿ​ជាក់​ថា អាច​នឹង​មាន​ក្មេង​ស្រី​ជា​ច្រើន​ទៀត​ចង់​ហាត់​កីឡា​គុន​នេះ​ដូច​នាង​ដែរ ប៉ុន្តែ​អាច​នឹង​ជួប​ឧបសគ្គ​ខ្លះៗ ដោយសារ​បរិយាកាស​រស់​នៅ​ជុំ​វិញ​ខ្លួន​នាង។ កញ្ញា ថារ័ត្ន អំពាវនាវ​ដល់​យុវតី​ដែល​ចូល​ចិត្ត​កីឡា​គុន ចូល​រួម​ហាត់​ល្បុក្កតោ ដ្បិត​កីឡា​នេះ​មាន​គុណ​ប្រយោជន៍​ច្រើន។

គ្រូ​បង្ហាត់​នៅ​ក្លឹប​ល្បុក្កតោ នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​កម្ពុជា លោក ឆេង អួ មាន​ប្រសាសន៍​បន្ថែម​ថា គ្រប់​ក្លឹប​ល្បុក្កតោ​ទាំងអស់ បាន​បន្ធូរ​បន្ថយ​តម្លៃ​ច្រើន​ដល់​សិស្ស​ស្រី ឬ​មិន​យក​ប្រាក់​តែ​ម្ដង។

មក​ដល់​ពេល​នេះ ក្លឹប​កីឡា​គុន​ល្បុក្កតោ ក៏​បាន​កើន​ចំនួន​ដែរ ក្នុង​នោះ​បាន​បោះ​ទីតាំង​នៅ​ក្នុង​វិទ្យាស្ថាន​សិក្សា និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា លោក ហុក ធានគីម មាន​ប្រសាសន៍​ថា កម្ពុជា មាន​គម្រោង​ជំរុញ​អោយ​ឆាក​អន្តរជាតិ​ទទួល​ស្គាល់​គុន​ល្បុក្កតោ​កម្ពុជា និង​ស្នើ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ (UNESCO)។ លោក​បន្ត​ថា ចំណុច​ស្នូល​នៃ​កីឡា​នេះ គឺ​ការ​ពង្រឹង​សុខភាព​ផ្លូវ​កាយ ផ្លូវ​ចិត្ត បញ្ញា​ស្មារតី និង​ការ​រក្សា​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ។

សម្រាប់​អ្នក​ហាត់​គុន​ល្បុក្កតោ ម្នាក់ កញ្ញា សំ ថារ័ត្ន បាន​ស្នើ​ឡើង​ថា គួរ​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​កីឡា​នេះ គឺ​សូម​អោយ​យក​ចិត្ត​ទុក​ដាក់​ទាំង​កម្លាំង និង​ថវិកា។

ការ​អះអាង​របស់​សហព័ន្ធ​ល្បុក្កតោ​កម្ពុជា បាន​អះអាង​ថា កីឡា​គុន​ល្បុក្កតោ​បាន​បាត់​ឈ្មោះ​មួយ​រយៈពេល ដោយសារ​ប្រទេស​បាន​ឆ្លង​កាត់​សង្គ្រាម​ជា​ច្រើន​ទសវត្ស ដោយ​បាន​បំផ្លាញ​ធនធាន​មនុស្ស និង​ឯកសារ​ពាក់ព័ន្ធ។ យ៉ាង​ណា សហព័ន្ធ​ល្បុក្កតោ​កម្ពុជា បាន​ប្រឹង​ប្រែង​ចងក្រង​កីឡា​ប្រភេទ​នេះ​ឡើង​វិញ ដោយ​ផ្អែក​លើ​ធនធាន​នៅ​សល់​តិចតួច ចម្លាក់​តាម​ប្រាសាទ​បុរាណ​នានា និង​ទ្រង់​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ចំនួន ដែល​មាន​ប្រើប្រាស់​គុន​ប្រភេទ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល