ស្ត្រី​វ័យក្មេង​ជា​មេដឹកនាំ​សហជីព​តស៊ូ​ដើម្បី​សិទ្ធិ​ការងារ​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល

ដោយ សុ ជីវី
2019-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ (NAGA World)។
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ (NAGA World)។
រូប៖ ហ្វេសប៊ុក Sithar Chhim

ប្រធាន​សហជីព​នៅ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) ស្ត្រី​វ័យក្មេង​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ក្រុមហ៊ុន​ព្យួរ​ការងារ​ជិត ១​ខែ​មក​ហើយ ទាក់ទង​នឹង​ការ​ទាមទារ​អត្ថប្រយោជន៍​សម្រាប់​បុគ្គលិក ដែល​ជា​សមាជិក​របស់​សហជីព​នេះ។ បុគ្គលិក​ជាង ១​ពាន់​នាក់​ បាន​រួម​គ្នា​ទាមទារ​ឱ្យ​ស្ត្រី​ជា​មេដឹកនាំ​សហជីព​រូប​នេះ​បាន​ចូល​ធ្វើ​ការងារ​វិញ ដើម្បី​បន្ត​ការពារ​សិទ្ធិ​បុគ្គលិក ដូច​ដែល​នាង​ធ្លាប់​ធ្វើ​កន្លង​មក។

តើក​ញ្ញា ឈឹម ស៊ីថរ បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ការពារ​អត្ថប្រយោជន៍​បុគ្គលិក និង​ហេតុអ្វី​ស្ត្រី​វ័យក្មេង​រូប​នេះ​ជ្រើសរើស​តួនាទី​ជា​ប្រធាន​សហជីព ដែល​ត្រូវ​ប្រឈមមុខ​ជាមួយ​ភាគី​ថៅកែ​ក្រុមហ៊ុន​ណាហ្គា វើលដ៍?

ក្នុង​វ័យ​២៦​ឆ្នាំ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ កំពុង​ជាប់​ផុង​ក្នុង​សំណុំរឿង​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​រក​ចំណូល​បាន​ខ្ពស់ និង​មាន​ឥទ្ធិពល​មួយ បន្ទាប់​ពី​នាង​ចាប់ផ្ដើម​ចេញមុខ​ដឹកនាំ​ក្រុម​បុគ្គលិក​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ។

កញ្ញា ស៊ីថរ ឱ្យ​ដឹង​ថា បើទោះជា​យ៉ាងណា​នាង​នឹង​មិន​បោះបង់​ការ​តស៊ូ ដើម្បី​អត្ថប្រយោជន៍​បុគ្គលិក​ជា​សមាជិក​របស់​នាង ពោល​គឺ​មិន​បោះបង់​គោលដៅ​នេះ​ឡើយ៖ «ចេតនា​ដែល​គេ​ធ្វើ​មើល​ថ្នាក់​ដឹកនាំ​សហជីព ដើម្បី​កុំ​ឱ្យ​មនុស្ស​ហ៊ាន​ងើប​តវ៉ា​ហ៊ាន​និយាយ ទាមទារ​អត្ថប្រយោជន៍​រស់នៅ​សមរម្យ ដើម្បី​កុំ​ឱ្យ​ថៅកែ​កេង​​ប្រវ័ញ្ច​កម្លាំង​របស់​កម្មករ។ គេ​ធ្វើ​អ៊ីចឹង ដើម្បី​កុំ​ឱ្យ​គេ​ហ៊ាន​ងើប​តវ៉ា​នឹង​រឿង​អស់ហ្នឹង អ៊ីចឹង​បើសិនជា​យើង​ខ្លាច​ជាមួយ​រឿង​អស់ហ្នឹង ធ្វើតាម​នូវ​អ្វី​ដែល​គេ​ចង់​បាន គឺ​នៅ​ស្ងៀម​អត់​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់»

ក្រុមហ៊ុន​កាស៊ីណូ និង​សណ្ឋាគារ ណាហ្គា វើលដ៍ បានសម្រេច​ព្យួរ​ការងារ​កញ្ញា ឈឹម ស៊ីថរ កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា។ ស្ត្រី​ជា​មេដឹកនាំ​សហជីព​វ័យ​ក្មេង​​រូប​នេះ​រៀបរាប់​ថា កាលណោះ​នាង​បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន​ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បាន​ឃើញ និង​បាន​ដកហូត​អាវយឺត ដែល​មាន​សរសេរ​ថា «ក្រុមហ៊ុន​រីកចម្រើន​បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ»។ ក្រុមហ៊ុន​ចោទ​ថា កញ្ញា​ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

កាលពីដើម​ខែ​តុលា​កន្លង​ទៅ ក្រសួង​ការងារ​បាន​ហៅ​តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព​ទៅ​ផ្សះផ្សា ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ ដោយ​ក្រុមហ៊ុន​នៅតែ​បដិសេធ​ទទួល​យក កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ​។ លើស​ពី​នេះ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​បាន​ចាត់​ទុក​ករណី​ព្យួរ​ការងារ​នេះ​ថា ពុំមែន​ជា​វិវាទ​រួម ឬ​វិវាទ​ដែល​កើត​ចេញ​ពី​ការ​ទាមទារ​ប្រយោជន៍​រួម​របស់​បុគ្គលិក​ឡើយ គឺ​ចាត់ទុកថា​ជា​វិវាទ​បុគ្គល​ទៅវិញ។

បុគ្គលិក​ក្រុមហ៊ុនណាហ្គា វើលដ៍ ជាង ​១​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៥​ តុលា ជួបជុំគ្នា​ពិភាក្សា​ពី​វិធីសាស្ត្រ និង​បែបបទ​ផ្លូវច្បាប់​ផ្សេងៗ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​កញ្ញា ស៊ីថរ ចូល​ធ្វើ​ការ​វិញ​។

សមាជិក​សហជីព​ម្នាក់ កញ្ញា ប៉ិច សាលាង ជា​បុគ្គលិក​ផ្នែក​សណ្ឋាគារ លើកឡើង​ថា ក្រុម​បុគ្គលិក​មិន​ចង់​បាត់បង់​ប្រធាន​សហជីព ដែល​ប្រឹងប្រែង​បំពេញ​ការងារ ដើម្បី​បុគ្គលិក​ដទៃ​ទៀត​ដូច​កញ្ញា ស៊ីថរ ឡើយ ហេតុនេះ​ពួកគេ​នឹង​តស៊ូ​ដើម្បី​ឱ្យ​នាង​បាន​ចូល​ធ្វើ​ការ​វិញ។

សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ នៅ​អាណត្តិ​ចុងក្រោយ​នេះ​គឺ​មាន​សមាសភាព​សុទ្ធ​តែ​ជា​ស្ត្រី​ទាំងអស់ ទាំង​ប្រធាន អនុប្រធាន និង​អគ្គលេខាធិការ​។ ប្រធាន​​សហជីព​គឺ​កញ្ញា ឈឹម ស៊ីថរ បាន​ចូលរួម​ការងារ​សហជីព​ដោយ​ចាប់ផ្ដើម​ពី​សមាជិក​ធម្មតា​នៅ​ក្នុង​ឆ្នាំ​២០០៧ គឺ​នៅ​មួយ​ឆ្នាំ​ក្រោយពេល​នាង​បាន​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ណាហ្គា វើលដ៍។

កញ្ញា ឈឹម ស៊ីថរ រម្លឹក​ថា នាង​ឈឺចាប់​នៅ​ពេល​ដែល​នាង​ឃើញ​សហជីព​ជំនាន់​មុន​នាង​នៅ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ត្រូវ​បញ្ឈប់​ពី​ការងារ​ទាំង​គ្មាន​កំហុស នៅ​ពេល​ពួកគេ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​សមរម្យ សម្រាប់​បុគ្គលិក​ដូច ដែល​នាង​កំពុង​ធ្វើ​នៅ​ពេល​នេះ​។ នាង​ថា​គឺ​ចិត្ត​ចង់​ជួយ​បុគ្គលិក​គ្នាឯង និង​សង្កេតឃើញ​ភាព​អយុត្តិធម៌​នេះ ហើយ​ដែល​ជំរុញ​ទឹកចិត្ត​ឱ្យ​នាង​ប្រឹងប្រែង​ក្នុង​តួនាទី​សហជីព​នេះ​រហូត​មក។

ក្រុម​សមាជិក​សហជីព​ឱ្យ​ដឹង​ថា តំណាង​សហជីព​របស់​ពួកគេ​ជា​ក្រុម​ស្ត្រី​នោះ​បាន​បំពេញ​ការងារ​ដោយ​ស្ម័គ្រចិត្ត និង​ប្រឹងប្រែង​អស់ពី​ចិត្ត​។​

បុគ្គលិក​ផ្នែក​សណ្ឋាគារ​ម្នាក់ទៀត​កញ្ញា សៀក ច័ន្ទណាគ្រី លើកឡើង​ថា ប្រធាន​សហជីព​របស់​ពួកគេ​ធ្វើការ​ដោយ​យក​ប្រយោជន៍​បុគ្គលិក​ជាធំ ហើយ​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​បុគ្គលិក​ជា​សមាជិក​។ កញ្ញា​បន្ត​ថា សមាជិក​ទាំង​អស់​ត្រូវការ​ប្រធាន​សហជីព​ឱ្យ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ដ្បិត​នៅ​ក្នុង​កន្លែង​ការងារ​របស់​ពួកគេ​ត្រូវការ​សហជីព ដើម្បី​ជួយ​ពួក​ទាមទារ​ឱ្យ​និយោជក​កែប្រែ​លក្ខខណ្ឌ​ការងារ និង​ដោះស្រាយ​រាល់​ការ​ទាមទារ​របស់​បុគ្គលិក។ ណាគ្រី​បញ្ជាក់​ថា កញ្ញា​ធ្វើ​ការងារ​ជាច្រើន​ឆ្នាំ​ហើយ​នៅតែ​មិន​ទាន់​បាន​ប្រាក់ខែ​សមរម្យ​នៅឡើយ ហើយ​នាង​ក៏​សង្កេត​ឃើញ​ថា ស្ត្រី​ជាច្រើន ដែល​បម្រើការ​នៅ​ផ្នែក​សណ្ឋាគារ​ដូច​នាង​ដែរ​នោះ​ក៏​មាន​ប្រាក់ខែ​ទាប បើ​ទោះ​បី​ជា​ពួកគេ​បាន​ធ្វើ​ការងារ​នៅ​ទី​នេះ​ខ្លះ​ជាង​២០​ឆ្នាំ​ហើយ​ក្ដី។ ណាគ្រី​បន្ត​ថា មានតែ​បុគ្គលិក​ដែល​មាន​តួនាទី​តំណែង​ខ្ពស់ៗ​ ប៉ុណ្ណោះ​ដែល​អាច​បាន​ប្រាក់ខែ​ល្អ៖ «ពួក​ខ្ញុំ​រស់នៅ​សព្វថ្ងៃ​នេះ​ខ្វះមុខខ្វះក្រោយ​ណាស់​បង ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ពាក្យ​ថា​ពួក​ខ្ញុំ​រស់នៅ​សមរម្យ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ខ្ញុំ​មិន​អាច​ទទួល​យក​ទេ»

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ (អាវ​ស​កណ្ដាល) ជា​ប្រធាន​សហជីព ចូល​ធ្វើការ​វិញ។ រូប៖ សង់ត្រា​ល់ (CENTRAL)
បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ (អាវ​ស​កណ្ដាល) ជា​ប្រធាន​សហជីព ចូល​ធ្វើការ​វិញ។ រូប៖ សង់ត្រា​ល់ (CENTRAL)

 

កញ្ញា ស៊ីថរ មាន​ស្រុកកំណើត​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ហើយ​បាន​មក​ធំធាត់​ក្នុង​ក្រុងភ្នំពេញ នៅ​ពេល​ឪពុក​ម្ដាយ ដែល​ជា​អ្នក​រកស៊ី​បាន​ផ្លាស់​ទីលំនៅ​ចេញពី​ខេត្ត​ព្រៃវែង​។ ស៊ីថរ​ធ្លាប់​ជា​សិស្ស​ក្នុង​ថ្នាក់​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ នាង​បាន​អាហារូបករណ៍​ផ្នែក​សេដ្ឋកិច្ច និង​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច។ ស៊ីថរ​ ថា នាង​ប្រាថ្នា​ក្លាយ​ជា​វិស្វករ​ម្នាក់ ប៉ុន្តែ​ដោយសារ​ជីវភាព​គ្រួសារ​នាង​មិនបាន​សម្រេច​តាម​ក្ដី​ប្រាថ្នា​នោះ​ទេ​។ បើ​ទោះ​ជា​យ៉ាងណា​នាង​ស្រឡាញ់​ការងារ និង​អាជីព​របស់​នាង។ នៅ​ពេល​នេះ ស៊ីថរ មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​ក្នុង​កាស៊ីណូ​ពោល​គឺ​ជា​ជំនាញ ដែល​ទាក់ទង​ទៅ​នឹង​អ្វី ដែល​នាង​បាន​រៀន​នៅ​មហាវិទ្យាល័យ​។ តាម​តួនាទី​នាង​ឋិត​ក្នុងចំណោម​អ្នក​ដែល​មាន​ប្រាក់ខែ​ល្អ​រួច​ទៅ​ហើយ ប៉ុន្តែ​នាង​ថា នាង​ជ្រើស​រើស​យក​ការ​ជួយ​ឈឺឆ្អាល និង​ជួយ​សម្រួល​ការ​លំបាក​របស់​មិត្ត​រួម​ការងារ​ទាំងអស់ ជាជាង​សន្សំ​សុខ​តែ​ម្នាក់​ឯង​។ ស៊ីថរ​ ថា នាង​ប្រកាន់យក​គោលការណ៍​មួយ ​គឺ​ជម្នះ​រាល់​ការ​លំបាក និង​កត្តា​រាំងស្ទះ​ ចំពោះ​អ្វី​ដែល​នាង​គិត​ថា ជា​រឿង​ត្រឹមត្រូវ និង​យុត្តិធម៌៖ «បើ​និយាយ​ឱ្យ​ធំ​ទៅ​ គឺ​ជនជាតិ​ខ្មែរ​យើង​ទាំងមូល​ ត្រូវ​នៅ​ធ្វើការ​ក្រោម​ការ​កេងប្រវ័ញ្ច​ក្រោម​ថៅកែ​បរទេស​របស់​ជន​បរទេស​ ដែល​គេ​មក​រក​ស៊ី ហើយ​គេ​កើប​ផល​ប្រយោជន៍​​យ៉ាង​ច្រើន​ស្រុក​យើង​ទៅវិញ។ ឯ​យើង​ជា​ម្ចាស់​ស្រុក ​ម្ចាស់​ប្រទេស​ ក្លាយ​​ជា​​ទាសករ​​ឱ្យ​​គេ​​កេង​​ប្រ​វ័ញ្ច​​កម្លាំង​​ពលកម្ម​​ទៅ​វិញ»

ណាហ្គា វើលដ៍ ជា​ក្រុមហ៊ុន ដែល​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដែល​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត​។ ក្រុមហ៊ុន​នេះ​មាន​មណ្ឌល​កម្សាន្ត សណ្ឋាគារ និង​កាស៊ីណូ ឬ​បន​ល្បែង ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រកស៊ី​រយៈពេល​ ៧០​ឆ្នាំ​នៅ​កម្ពុជា។ ណាហ្គា វើលដ៍ ក៏​មាន​អាជ្ញាប័ណ្ណ​ផ្ដាច់មុខ​ក្នុង​រយៈពេល ៤១​ឆ្នាំ ដែល​ធានា​ថា មានតែ​កាស៊ីណូ​ប្រភេទ​នេះ​តែមួយគត់​នៅ​នៅ​ក្នុង​រង្វង់​ចម្ងាយ ២០០​គីឡូ​ម៉ែត្រ​ជុំវិញ​ក្រុង​ភ្នំពេញ​។ ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​នេះ​កើន​ឡើង​យ៉ាង​ខ្លាំង គឺ​ចំណេញ​បន្ទាប់ពី​បង់ពន្ធ​រួច​មាន​រហូតដល់​ជិត ៤០០​លាន​ដុល្លារ (៣៩០,៦​លាន) កាល​ពី​ឆ្នាំ​២០១៨ កើន​ឡើង ៥៣​ភាគរយ។ ប្រាក់​ចំណេញ​​នេះ ស្ទើរតែ​ប្រហាក់ប្រហែល​នឹង​ប្រាក់ចំណេញ ១​ឆ្នាំ​ពេញ​របស់​គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ទាំងអស់​បូក​បញ្ចូល​គ្នា។

នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ដែល​បែក​ធ្លាយ​កាល​ពី​ឆ្នាំ​២០១៧ បង្ហាញ​ថា ម្ចាស់​កាស៊ីណូ​ណាហ្គា មាន​ទំនាក់ទំនង​ជាមួយ​ភរិយា និង​កូនលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កូន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន។ កូនៗ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង ៤​នាក់ ​ដែល​សារ​​បែក​ធ្លាយ​បង្ហាញ​ថា មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ ណាហ្គា រួម​មាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និង​អ្នកស្រី ហ៊ុន ម៉ាណា។

នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​ទាមទារ​របស់​សហជីព​នៅ​ក្រុមហ៊ុន ណាហ្គា វើលដ៏ មាន​ឥទ្ធិពល​នេះ ថ្នាក់​ដឹកនាំ​សហជីព​តែង​ត្រូវ​ធ្វើទុក្ខបុកម្នេញ​ដោយ​ការ​ព្យួរ​ការងារ និង​ចុងក្រោយ​គឺ​បណ្ដេញ​ចេញ​ពី​ការងារ​។​

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅថា សង់ត្រាល់​លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ពិតមែន​ថា សហជីព​នៅ​ណាហ្គា វើលដ៏ ដ៏​ធ្លាប់​ជួប​បទពិសោធន៍​អាក្រក់ ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ភាគី​និយោជក ប៉ុន្តែ​ពេលនេះ​លោក​រំពឹង​ថា និយោជក​នឹង​ងាក​មក​ដោះស្រាយ​បញ្ហា​ដោយ​យុត្តិធម៌ ក្រោម​ការ​សម្របសម្រួល​ដ៏​ត្រឹមត្រូវ​របស់​មន្ត្រី​ក្រសួង​។ លោក​ថា ចំណុច​ចម្បង ដែល​លោក​គិត​ថា អាច​នឹង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​គឺ​សាមគ្គីភាព​នៅ​ក្នុង​ចំណោម​បុគ្គលិក​ជា​សមាជិក​សហជីព ដែល​មាន​ចំនួន​ច្រើន​គឺ​ជាង ៤.០០០​នាក់​​នោះ៖ «កំឡុង​ពេល​កម្មករ​គាត់​ទាមទារ​ទៅទៀត សមាជិក​​មាន​ចូលរួម​បន្ថែម​ទៀត​។ អ៊ីចឹង​ទំហំ ដែល​គាត់​ចូលរួម​សហជីព​ហ្នឹង វា​ធំធេង ​ដែល​ក្រុមហ៊ុន​អា​បារម្ភ​ពី​ឥទ្ធិពល​របស់​សហជីព»

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​អ្នក​តំណាង​ឱ្យ​ក្រុមហ៊ុន​ ណាហ្គា វើលដ៏ អ្នកស្រី ឌី សីហា បាន​នៅឡើយ​ទេ។

សហជីព​របស់​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ ជាពិសេស ​គឺ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ៥០០​ដុល្លារ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ និង ​៣០០​ដុល្លារ សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​នៅ​ក្នុង​ក្រុមហ៊ុន ណាហ្គា វើលដ៍។

នៅ​ក្នុង​ការ​ទាមទារ​ប្រយោជន៍​របស់​ក្រុម​កម្មករ​នេះ​ដែរ កញ្ញា ឈឹម ស៊ីថរ កំពុង​ជាប់​បណ្ដឹង​រដ្ឋប្បវេណី​មួយ​នៅ​តុលាការ ដែរ​គឺ​នាង​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​ទាមទារ​សំណង​ចំនួន ១​លាន ៧​សែន​ដុល្លារ ដោយសារតែ​ការដឹកនាំ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៣។ ពេលនេះ​តុលាការ​ក៏​កំពុង​ដំណើរ​ការ​រឿងក្ដី​នេះ ចូល​ទៅ​ដល់​អង្គសេចក្ដី។

ករណី​នេះ ស៊ីថរ អះអាង​ថា នាង​បាន​ត្រៀមខ្លួន​ទុកជាមុន​រួចហើយ​ថា នាង​នឹង​ជួប​រឿងរ៉ាវ​ទាំងនេះ ​នៅ​ពេល​ដែល​សេរីភាព​សហជីព​នៅ​កម្ពុជា​មិន​ត្រូវ​បាន​ធានា​ឱ្យ​បាន​ពេញលេញ​នៅឡើយ​នេះ​។ កញ្ញា​បន្ត​ថា ក្នុង​នាម​សហជីព ដែល​ការពារ​ប្រយោជន៍​បុគ្គលិក​នាង​មិន​រាថយ​ឡើយ គឺ​ថែមទាំង​ចង់​បង្ហាញ​ថា ទៅ​យុវតី​ផ្សេង​ទៀត​ថា ត្រូវ​រឹងមាំ​ប្រឈមមុខ​នឹង​បញ្ហា ដែល​កើតឡើង​នៅ​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ ដើម្បី​ការពារ​យុត្តិធម៌។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣​ មក​ដល់​ពេល​នេះ មាន​បណ្ដឹង​ប្រឆាំង​សហជីព​ចំនួន​ជាង​ ១៣០​ករណី​ហើយ ក្នុង​នោះ​មាន​ទាំង​ករណី​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី​។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ក្រៅពី​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ផ្ទាល់​ទៅលើ​សហជីព បទដ្ឋាន​ច្បាប់​មួយ​ចំនួន​ក៏​កំពុង​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព និង​ការ​ចងក្រង​សហជីព​។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​មើល​ឃើញ​ថា ក្នុង​ពេល​ដែល​សេរីភាព​សហជីព​ត្រូវ​គណៈកម្មការ​សហភាព​អឺរ៉ុប​ចាត់​ចូល​ថា ជា​ចំណុច​ទាមទារ​មួយ ដើម្បី​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ឱ្យ​ប្រសើរ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើក​លែង​តែ​អាវុធ ឬ​EBA ក៏​ដោយ ក៏​រដ្ឋាភិបាល​នៅ​មិនទាន់​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ពិតប្រាកដ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល