និយោជក​អះអាង​ថា​នៅ​តែ​ពិបាក​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់

ដោយ យ៉ង ចាន់តារា
2015-11-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​កំពុង​បំពេញ​ពាក្យ​ការងារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នា​សាល​ពិព័រណ៍​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
យុវជន​កំពុង​បំពេញ​ពាក្យ​ការងារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នា​សាល​ពិព័រណ៍​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara

យុវជន និង​សិស្ស​និស្សិត​ជាច្រើន បាន​ទៅ​ចូលរួម​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​៥ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​សាកសួរ​ព័ត៌មាន​ការងារ និង​ដាក់​ពាក្យ​ធ្វើ​ការ កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា។ ក្រុមហ៊ុន សហគ្រាស និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​៧៥ បាន​ផ្តល់​ឱកាស​ការងារ​ប្រមាណ ៧.០០០​កន្លែង​ដល់​យុវជន​នា​ឱកាស​នោះ។ យ៉ាង​ណា​ក៏ដោយ និយោជក​មួយ​ចំនួន​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​ពិបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ដែល​អាច​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ដើម្បី​ចូល​ធ្វើ​ការ​បាន។

តើ​មូលហេតុ​អ្វី​ខ្លះ បាន​ជា​និយោជក​អះអាង​ដូច​នេះ?

កង្វះ​ខាត​ចំណេះ​ដឹង​ផ្នែក​ភាសា​បរទេស ផ្នែក​បច្ចេកវិទ្យា​កុំព្យូទ័រ និង​ផ្នែក​ជំនាញ​ទន់ សុទ្ធតែ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​និយោជក ពិបាក​សម្រេច​ចិត្ត​ជ្រើសរើស​បេក្ខជន​ឲ្យ​ក្លាយ​ជា​បុគ្គលិក​របស់​ខ្លួន។

ប្រធាន​ផ្នែក​គ្រប់គ្រង​បុគ្គលិក​នៃ​ក្រុមហ៊ុន​សែលកាត (Cellcard) លោក ច័ន្ទ វិបុល ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​ពិបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក ដោយសារ​តែ​អ្នក​ដាក់​ពាក្យ​មួយ​ចំនួន​មិន​សូវ​ចេះ​ភាសា​អង់គ្លេស និង​មាន​ចំណេះ​ដឹង​ទាប​ផ្នែក​កុំព្យូទ័រ។ ចំពោះ​ជំនាញ​ទន់ ដូចជា​ទំនាក់ទំនង ការ​ដោះស្រាយ​ទំនាស់ និង​ការ​រៀបចំ​ផែនការ​វិញ លោក ច័ន្ទ វិបុល បញ្ជាក់​ថា វា​មិន​ចាំបាច់​នោះ​ទេ​សម្រាប់​អ្នក​ដែល​ទើប​ចូល​ធ្វើ​ការ​ថ្មីៗ​មិន​ទាន់​មាន​បទពិសោធន៍។ លោក ច័ន្ទ វិបុល យល់​ថា ការងារ​នៅ​កម្ពុជា មាន​ច្រើន ប៉ុន្តែ​សមត្ថភាព​របស់​បេក្ខជន​ទៅ​វិញ​ទេ​ដែល​ជា​បញ្ហា​សំខាន់៖ «ក្រៅ​ពី​ជំនាញ​គោល​ដែល​គាត់​មាន​ហើយ ខ្ញុំ​សំណូមពរ​គាត់​ឲ្យ​ចំណាយ​ពេល​ផ្សេង​ទៀត​រៀន​ភាសា​អង់គ្លេស ដើម្បី​បង្កើន​ចំណេះ​ខាង​ផ្នែក​នេះ និង​ខាង​កុំព្យូទ័រ​ផង​ដែរ»

ចំណែក​ប្រធាន​ផ្នែក​ប្រតិបត្តិ​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ស្មាត (Smart Axiata) លោក គី ដូណេ វិញ​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ជ្រើសរើស​បុគ្គលិក​ជាង ១០០​នាក់​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​បេក្ខជន​ដែល​ដាក់​ពាក្យ​មក ហាក់​មិន​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​ចំពោះ​ការងារ​នោះ​នៅ​ឡើយ។ ភាសា​បរទេស និង​ការ​ប្ដេជ្ញា​ចិត្ត ជា​អ្វី​ដែល​ក្រុមហ៊ុន​របស់ លោក គី ដូណេ ត្រូវ​ការ​ជា​ចាំបាច់ ប៉ុន្តែ​ជា​ចំណុច​ខ្សោយ​របស់​បេក្ខជន​ដែល​ដាក់​ពាក្យ​ធ្វើ​ការ៖ «គឺ​យើង​ត្រូវ​ការ​ភាសា​របស់​គាត់ ប៉ុន្តែ​ភាគ​ច្រើន​យើង​សង្កេត​ឃើញ​ភាសា​នៅ​មាន​ការ​ខ្វះខាត​ច្រើន។ គាត់​មិន​ទាន់​អាច​ប្រើ​ក្នុង​កម្រិត​មួយ​ដែល​យើង​អាច​ទទួល​យក​បាន និង​ចំណុច​មួយ​ទៀត ការ​តាំង​ចិត្ត​របស់​គាត់។ ពេល​ដែល​គាត់​តាំង​ចិត្ត​មក​ធ្វើ​ការ ជួន​កាល​គាត់​ធ្វើ​បាន​មួយ​រយៈពេល​ខ្លី គាត់​មាន​ការ​ផ្លាស់ប្ដូរ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ។ នេះ​ជា​បទពិសោធន៍​មួយ​មិន​ល្អ ហើយ​ជា​ទម្លាប់​មួយ​មិន​ល្អ​បញ្ជាក់​ពី​ការ​មិន​តាំង​ចិត្ត​ធ្វើ​ការងារ​របស់​គាត់។ អ៊ីចឹង​យើង​ក៏​អត់​អាច​ទទួល​យក​គាត់​បាន​ដែរ»

ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ បង្ហាញ​ថា ភាព​អត់​ការងារ​ធ្វើ គឺ​ជា​បញ្ហា​អាទិភាព​ទី​១ ដែល​យុវជន​កំពុង​ប្រឈម​ខ្លាំង​ជាង​គេ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​យុវជន​គ្មាន​ការងារ​ធ្វើ គឺ​បណ្ដាល​មក​ពី​គុណភាព​អប់រំ​នៅ​មាន​កម្រិត ប្រាក់​ខែ​ទាប ខ្វះ​ជំនាញ​ដែល​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ ខ្វះ​ឱកាស​ការងារ​សមស្រប និង​បញ្ហា​បក្ខពួក​និយម។

ទាក់ទង​ទៅ​នឹង​ការ​ស្វែងរក​ការងារ យុវជន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​ពី​គ្នា ដោយ​អ្នក​ខ្លះ​យល់​ថា ការងារ​នៅ​ពេល​បច្ចុប្បន្ន​មាន​តិច​ពិបាក​រក ខ្លះ​គិត​ថា សមត្ថភាព​ទាប​ទើប​មិន​អាច​រក​ការងារ​ល្អ​បាន និង​មួយ​ចំនួន​ទៀត​មើល​ឃើញ​ថា ការងារ​នៅ​ក្នុង​ស្រុក​មាន​ភាព​សម្បូរ​បែប៖ «ប្រទេស​កម្ពុជា យើង និស្សិត​ដែល​គាត់​បញ្ចប់​ការ​សិក្សា​មាន​ចំនួន​ច្រើន ប៉ុន្តែ​ឱកាស​ការងារ​របស់​ពួក​គាត់​មាន​ចំនួន​តិច ពីព្រោះ​ភាគ​ច្រើន​តាម​តំបន់ ឬ​សាលា​នីមួយៗ អ្នក​ចេះ​វា​មាន​កម្រិត។ បើ​យើង​ដាក់​ខ្លួន​យើង​ថា យើង​នឹង​រក​ការងារ​ធ្វើ​ឲ្យ​បាន យើង​នឹង​រក​បាន។ ខ្ញុំ​មាន​គំនិត​មួយ​សុទិដ្ឋិនិយម​ចំពោះ​ការ​រក​ការងារ​ធ្វើ។ ការងារ​នៅ​កម្ពុជា យើង ទាំង​ឯកជន​ទាំង​រដ្ឋ គឺ​មាន​ច្រើន​សម្រាប់​ឲ្យ​និស្សិត​យើង​រក។ អ្នក​ខ្លះ​គាត់​ថា​ធ្វើ​នៅ​ខ្មែរ​យើង​បាន​ប្រាក់​ខែ​តិចតួច។ អ៊ីចឹង​គាត់​ទៅ​ធ្វើ​នៅ​ក្រៅ​ទៅ គាត់​បាន​ទៅ​ស្គាល់​គេ​នៅ​ក្រៅ​ផង ហើយ​បាន​បទពិសោធន៍​ថ្មីៗ ហើយ​បាន​ប្រាក់​ខែ​ច្រើន​ផង»

សុន្ទរកថា​របស់ លោក ពេជ សោភ័ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​៥ ឆ្នាំ​២០១៥ បញ្ជាក់​ថា «ទីផ្សារ​ការងារ​កម្ពុជា ​បច្ចុប្បន្ន​ជួប​ប្រទះ​នូវ​បញ្ហា​កង្វះ និង​ភាព​មិន​ស៊ី​គ្នា​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវ​ការ​ជំនាញ»។ លោក ពេជ សោភ័ន សង្កត់​ធ្ងន់​ទៅ​លើ​ជំនាញ​ទន់ ដែល​ជា​បញ្ហា​កំពុង​កើត​មាន​ឡើង​ក្នុង​ចំណោម​កម្លាំង​ពលកម្ម​គ្រប់​ប្រភេទ ទាំង​មាន និង​ទាំង​គ្មាន​ជំនាញ​បច្ចេកទេស។

សុន្ទរកថា​របស់​រដ្ឋមន្ត្រី​ស្តីទី​រូប​នេះ​បញ្ជាក់​ទៀត​ថា «កង្វះ​ជំនាញ​ទន់​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​នៅ​ក្នុង​ការ​ធ្វើ​ការងារ ដូចជា​ការ​បង្ក​ការ​យល់​ច្រឡំ ការ​កើត​ជម្លោះ ការ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ប្រព្រឹត្ត​កំហុស ការ​បម្រើ​អតិថិជន​មិន​បាន​ល្អ ការ​ធ្លាក់​ចុះ​ផលិតភាព អត្រា​ចាក​ចេញ​របស់​កម្មករ​និយោជិត​ខ្ពស់ និង​ចំណាយ​មិន​ចាំបាច់​ជាច្រើន។ ចំពោះ​យុវជន​វិញ កង្វះ​ជំនាញ​ប្រភេទ​នេះ បាន​បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ការ​ជ្រើសរើស​ចូល​ធ្វើ​ការ និង​ជោគជ័យ​ក្នុង​ជីវិត​ការងារ»

ជុំវិញ​ការ​ពង្រឹង​សមត្ថភាព​របស់​យុវជន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ក្រសួង​អប់រំ ក្នុង​ការ​បំពាក់បំប៉ន​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​ដល់​សិស្ស​និស្សិត​គ្រប់​រូប ដើម្បី​បើក​ឱកាស​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ដែល​មាន​សមត្ថភាព អាច​ជ្រោង​ប្រទេស​ជាតិ​បាន​ទៅ​ថ្ងៃ​មុខ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​វីដេអូ​សុន្ទរកថា​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥-២០១៦ ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​លោក៖ «លើក​ទឹក​ចិត្ត​ចំពោះ​ក្រុម​ស្រាវជ្រាវ​អប់រំ ដែល​ជា​ធនាគារ​ខួរ​ក្បាល​នៃ​ការ​កែ​ទម្រង់​ការ​អប់រំ អភិវឌ្ឍ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​សម្រាប់​យុវជន និង​ការ​កែ​ទម្រង់​ការ​អប់រំ​កាយ និង​កីឡា ហើយ​សូម​បន្ត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​យើង​ឲ្យ​ឈាន​ឆ្ពោះ​ទៅ​មុខ​ទៀត»

ជំនាញ​ទន់​ដែល​យុវជន​កម្ពុជា ខ្វះខាត រួម​មាន ជំនាញ​ដែល​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង ការ​ដោះស្រាយ​បញ្ហា ការ​បំពេញ​ការងារ​ជា​ក្រុម ការ​ទទួល​ខុស​ត្រូវ ភាសា​បរទេស ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា សេវា​អតិថិជន ការ​រៀបចំ​ផែនការ និង​ការ​ចាត់​ចែង​ការងារ ជាដើម។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បញ្ជាក់​ថា ដើម្បី​ឲ្យ​យុវជន​ទទួល​បាន​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​គ្រប់គ្រាន់ លុះ​ណា​តែ​ក្រសួង​អប់រំ ចាប់​ផ្តើម​អនុវត្ត​សកម្មភាព​នៅ​ថ្នាក់​វិទ្យាល័យ រួច​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ។ ចំពោះ​ការងារ​វិញ លោក កែម ឡី អះអាង​ថា រដ្ឋាភិបាល​អាច​ពង្រីក​ការងារ​ក្នុង​វិស័យ​កសិកម្ម បង្កើន​ការងារ​ក្នុង​ចំណោម​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ការ​វិនិយោគ​បន្ថែម​លើ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ព្រម​ទាំង​បង្កើន​ឱកាស​ការងារ​ក្នុង​ចំណោម​មន្ត្រី​សាធារណៈ​របស់​រដ្ឋ៖ «ខ្ញុំ​គិត​ថា យើង​មើល​ផ្នែក​អង្គការ​សង្គម​ស៊ីវិល យើង​មើល​អាជ្ញាធរ​ដែនដី យើង​មើល​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​យើង​មើល​សហគ្រាស​ខ្នាត​តូច​ខ្នាត​មធ្យម រួច​យើង​រុញ​អា​ហ្នឹង​ជា​យុទ្ធសាស្ត្រ។ យើង​មាន​គោល​នយោបាយ​ការងារ​មែន ប៉ុន្តែ​គ្រាន់​ថា​យើង​នៅ​រក​មើល​ប្រព័ន្ធ រក​មើល​យន្តការ រក​មើល​កត្តា​ជំរុញ​ផ្សេង​ទៀត​ទើប​បាន ព្រោះ​អី​រដ្ឋាភិបាល​មាន​ច្បាប់​មាន​គោល​នយោបាយ។ បង្កើត​ងាយ​ណាស់ ប៉ុន្តែ​ធ្វើ​វិញ​យក​អា​ហ្នឹង​ទៅ​អនុវត្ត ការ​អនុវត្ត​នេះ​នៅ​ខ្សោយ»

ដើម្បី​ក្លាយ​ខ្លួន​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ពេញលេញ និង​អាច​ទទួល​បាន​ការងារ​ល្អ​តាម​បំណង លោក កែម ឡី លើក​ឡើង​ពី​ចំណុច​ប្រាំ​ប្រការ ដែល​យុវជន​ត្រូវ​មាន គឺ​ជំនាញ​ឯកទេស ជំនាញ​វិជ្ជាជីវៈ ជំនាញ​អន្តរ​វប្បធម៌ ភាសា​បរទេស និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល