មន្ត្រី​រដ្ឋាភិបាល​និង​អ្នក​វិភាគ​ថា​វិស័យ​ការពារ​ជាតិ​នឹង​រីក​ចម្រើន​តាម​រយៈ​ការ​ចូលរួម​ពី​យុវជន

ដោយ យ៉ង ចាន់តារា
2017-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខជន​បេក្ខនារី​នាយ​ទាហាន​ប្រឡង​កាយ​សម្បទា​នៅ​ពហុកីឡដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ (ស្តាត​ចាស់) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Yang Chandara
បេក្ខជន​បេក្ខនារី​នាយ​ទាហាន​ប្រឡង​កាយ​សម្បទា​នៅ​ពហុកីឡដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ (ស្តាត​ចាស់) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

មន្ត្រី​រដ្ឋាភិបាល និង​អ្នក​វិភាគ​យល់​ឃើញ​ស្រប​គ្នា​ថា ការ​ចូលរួម​របស់​យុវជន បូក​រួម​នឹង​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ផង នឹង​ធ្វើ​ឲ្យ​វិស័យ​ការពារ​ជាតិ​កម្ពុជា រីក​ចម្រើន។ ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​ពួក​គេ​ឃើញ​យុវជន​រាប់​ពាន់​នាក់​ចូល​ប្រឡង​សាលា​នាយ​ទាហាន ហើយ​បេក្ខជន​ជាច្រើន​សុទ្ធតែ​បង្ហាញ​ឆន្ទៈ​បម្រើ និង​ការពារ​ជាតិ នៅ​ពេល​ពួក​គេ​ប្រឡង​ជាប់​ក្របខ័ណ្ឌ​មួយ​នេះ។

ក្រុម​យុវជន​លើក​ឡើង​ថា យោធា​ជា​វិស័យ​សំខាន់​មួយ​ដែល​មិន​គួរ​មើល​រំលង ព្រោះ​ជួយ​ឲ្យ​ប្រទេស​ជាតិ​រឹងមាំ អាច​ការពារ​ខ្លួន​ពី​ការ​ឈ្លាន​ពាន​របស់​បរទេស។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​ប្រឡង​ចូល​សាលា​នាយ​ទាហាន​កាល​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ធ្នូ កន្លង​ទៅ។

បេក្ខជន​នាយ​ទាហាន លោក ឌិន ប្រុស ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
បេក្ខជន​នាយ​ទាហាន លោក ឌិន ប្រុស ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

ថ្លែង​ក្នុង​ទឹក​មុខ​ស្វាហាប់ ក្រោយ​ប្រឡង​វិញ្ញាសា​កីឡា បេក្ខជន​ម្នាក់​ឈ្មោះ ឌិន ប្រុស បញ្ជាក់​ថា រូប​គេ​មិន​មាន​សាច់ញាតិ​ធ្វើ​ការ​ក្នុង​វិស័យ​ការពារ​ជាតិ​នោះ​ទេ ប៉ុន្តែ​រូប​គេ​ស្រមៃ​ចង់​ក្លាយ​ជា​មន្ត្រី​យោធា​តាំង​ពី​នៅ​វ័យ​កុមារ។ ក្តី​ស្រមៃ​នេះ គឺ​ដោយសារ​រូប​គេ​ឲ្យ​តម្លៃ​លើ​វិជ្ជាជីវៈ​យោធា ថា​អាច​លើក​ស្ទួយ​មុខ​មាត់​គ្រួសារ និង​ជួយ​ការពារ​ជាតិ​ពី​ការ​ឈ្លាន​ពាន​របស់​បរទេស។

យុវជន ឌិន ប្រុស ប្ដេជ្ញា​ចិត្ត​ថា បើ​សិន​ជា​រូប​គេ​បាន​ជាប់​ជា​មន្ត្រី​យោធា​មែន​នោះ រូប​គេ​នឹង​ខិតខំ​រៀន ហើយ​បំពេញ​តួនាទី​ជា​យោធា​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​ជាតិ​មាតុភូមិ៖ «ខ្ញុំ​តាំង​ចិត្ត​រួច​ហើយ មិត្តភ័ក្ដិ​ប្រាប់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​ទាហាន បើ​សិន​ជា​អត់​មាន​បង​ប្អូន​ធ្វើ​ទាហាន​ផង? អ៊ីចឹង តើ​យើង​ឡើង​ស័ក្តិ​ហ្នឹង​តាម​របៀប​ណា? ហើយ​ខ្ញុំ​ប្រាប់​គេ​ថា គ្នា​អត់​មាន​បង​ប្អូន​មែន តែ​គ្នា​ចង់​ធ្វើ​ទាហាន ទោះ​ជា​សមត្ថភាព​របស់​គ្នា​ធ្វើ​បាន​ប៉ុនណា គ្នា​យក​ប៉ុណ្ណឹង ឡើង​ស័ក្តិ​តាម​សមត្ថភាព​របស់​ខ្លួន ធ្វើ​ការ​ល្អ ទើប​យើង​បាន​ឡើង​ស័ក្តិ។ បើ​សិន​យើង​ធ្វើ​ការ​មិន​ល្អ មាន​ការ​សូកប៉ាន់​លុយ​ដើម្បី​ឡើង​ស័ក្តិ អ៊ីចឹង​ខ្ញុំ​អត់​ចង់​បាន​ទេ»

យុវជន ឌិន ប្រុស ដែល​បច្ចុប្បន្ន​ជា​និស្សិត​ផ្នែក​កសិកម្ម ក៏​ស្រមៃ​ចង់​ឃើញ​វិស័យ​ការពារ​ជាតិ​កម្ពុជា ក្លាយ​ជា​វិស័យ​មួយ​ដែល​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ គ្មាន​ការ​ដំឡើង​ឋានន្តរស័ក្តិ និង​តួនាទី​តាម​ក្រុម ឬ​បក្សពួក​និយម។

បក្ខជន​នាយ​ទាហាន​ម្នាក់​ទៀត គឺ​កញ្ញា រឿន ស្រីល័ក្ខ និយាយ​ថា ក្រុម​គ្រួសារ​របស់​នាង​បាន​ជំរុញ​ឲ្យ​នាង​ប្រឡង​ចូល​សាលា​នាយ​ទាហាន ដោយ​មូលហេតុ​ពីរ​យ៉ាង គឺ​ទី​មួយ​វា​ជា​កិច្ច​ការងារ​រដ្ឋ និង​ទី​ពីរ អាច​ជួយ​ការពារ​ជាតិ និង​បូរណភាព​ទឹកដី។ ស្រីល័ក្ខ ក៏​មិន​មាន​សាច់ញាតិ​ជា​យោធា​នោះ​ដែរ ប៉ុន្តែ​នាង​គិត​ថា បើ​យុវជន​ដទៃ​អាច​ធ្វើ​ការងារ​នេះ​បាន នាង​ក៏​ធ្វើ​បាន​ដូច​គ្នា។ និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​រូប​នេះ បាន​ដឹក​ដៃ​ពីរ​នាក់​ប្អូន​ស្រី​របស់​នាង ដើម្បី​មក​ប្រឡង​សាលា​នាយ​ទាហាន ដោយ​ក្តី​រំពឹង​ថា នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល សូម​ជួយ​ផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ទាំងអស់។ យើង​មិន​រើសអើង ផ្តល់​ឱកាស​ឲ្យ​គាត់​បាន​ចូលរួម​ប្រឡង​ទាំងអស់​គ្នា ហើយ​ការ​ប្រឡង​ហ្នឹង សូម​ឲ្យ​ធ្វើ​ដោយ​សុក្រឹត យុត្តិធម៌ ដើម្បី​ឲ្យ​អ្នក​ដែល​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​ហ្នឹង បាន​សម្រេច​គោលដៅ​របស់​គាត់»

បេក្ខនារី​នាយ​ទាហាន កញ្ញា រឿន ស្រីល័ក្ខ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
បេក្ខនារី​នាយ​ទាហាន កញ្ញា រឿន ស្រីល័ក្ខ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

ចំណែក​ឯ​បេក្ខជន​ម្នាក់​ទៀត​មក​ពី​រាជធានី​ភ្នំពេញ កញ្ញា ផាន់ សុខរី ថ្លែង​ដោយ​ទឹក​មុខ​ញញឹម​ថា នាង​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ចំពោះ​ការ​ប្រឡង​ចូល​សាលា​នាយ​ទាហាន​នេះ ព្រោះ​នាង​អាច​ធ្វើ​បាន​គ្រប់​វិញ្ញាសា​ទាំងអស់ រួម​មាន​ចំណេះ​ដឹង​ទូទៅ ភាសា​អង់គ្លេស និង​វិញ្ញាសា​កីឡា។ សុខរី បញ្ជាក់​ថា ឪពុក​របស់​នាង​ធ្លាប់​ធ្វើ​ជា​យោធា ប៉ុន្តែ​គាត់​បាន​លា​ឈប់​តាំង​ពី​នាង​នៅ​ក្មេង ហើយ​បច្ចុប្បន្ន​នាង​មិន​មាន​សាច់ញាតិ​ណា​ប្រកប​របរ​នេះ​ឡើយ។

បេក្ខនារី​នាយ​ទាហាន កញ្ញា ផាន់ សុខរី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
បេក្ខនារី​នាយ​ទាហាន កញ្ញា ផាន់ សុខរី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

សុខរី បន្ត​ថា មូលហេតុ​ដែល​នាង​ប្រឡង​ចូល​សាលា​នាយ​ទាហាន​នេះ ដោយសារ​តែ​ចង់​បញ្ចេញ​សមត្ថភាព និង​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​ការពារ​ជាតិ។ នាង​ថ្លែង​ថា​នឹង​មិន​រួញរា​ឡើយ​ក្នុង​ការ​ចូល​ប្រយុទ្ធ​នៅ​សមរភូមិ បើ​មាន​ករណី​ឈ្លាន​ពាន​ពី​បរទេស៖ «ថា​មាន​ប្រទេស​ផ្សេងៗ​ចង់​មក​ឈ្លាន​ពាន គឺ​ខ្ញុំ​នឹង​វាយ​សង្គ្រុប​ទៅ​វិញ ព្រោះ​និយាយ​ថា​ការពារ​ជាតិ គឺ​ការពារ​ទូទៅ សម្បត្តិ​វប្បធម៌​ជាតិ អរិយធម៌​ជាតិ​ទាំងអស់។ ការពារ​ទាំង​ខ្លួន​ឯង ការពារ​ប្រជាជន បើ​សិន​ជា​ខ្ញុំ​មាន​ថ្ងៃ​ហ្នឹង​មែន»

កាល​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ធ្នូ កន្លង​ទៅ ក្រសួង​ការពារ​ជាតិ បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​ជំនាន់​ថ្មី​ចំនួន ៦២០​នាក់ សម្រាប់​វគ្គ​សិក្សា​ចំនួន​៣ គឺ​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២១ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​៩ និង​វគ្គ​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១០។ ការ​ប្រឡង​នេះ​ចែក​ចេញ​ជា ៦​មណ្ឌល គឺ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ទឹងត្រែង កំពត បាត់ដំបង សៀមរាប និង​មណ្ឌល​កំពង់ចាម ហើយ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដូច​គ្នា​គ្រប់​មណ្ឌល​ទាំងអស់។

ទីប្រឹក្សា​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ថ្លែង​ថា លោក​មាន​មោទនភាព​ពេល​ឃើញ​យុវជន​ច្រើន គឺ​រហូត​ដល់​ជាង ៤​ពាន់​នាក់ (.០១០​នាក់) បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​សំណេរ និង​កាយ​សម្បទា​ដើម្បី​ក្លាយ​ជា​នាយ​ទាហាន​ជំនាន់​ថ្មី។ លោក​ថា ការ​គាំទ្រ​របស់​យុវជន​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​ការពារ​ជាតិ​កម្ពុជា មាន​ការ​រីក​ចម្រើន៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ក្នុង​មួយ​ឆ្នាំៗ​មាន​យុវជន​យុវនារី​យើង​ចាប់​អារម្មណ៍​នឹង​វិស័យ​ការពារ​ជាតិ។ ក្នុង​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កូន​សិស្ស​ដែល​បាន​ចូល​ទៅ​សាលា​ហ្វឹកហ្វឺន អាច​ទទួល​យក​បាន​អំពី​ចំណេះ​ដឹង​របស់​គាត់។ គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ខាង​ផ្នែក​ចំណេះ​ដឹង​ទូទៅ។ អ៊ីចឹង​កាលណា​គាត់​មាន​ចំណេះ​ដឹង​ទូទៅ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​សាលា​ទាំងអស់​របស់​កងទ័ព​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន។ ទី​ពីរ​ទៀត ប្អូនៗ​ក្មួយៗ​ដែល​ប្រឡង​ជាប់​ហើយ បង្រៀន​ទៅ​គាត់​ឆាប់​យល់ ព្រោះ​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​គាត់​ចេះ​បាន​ច្រើន»

ទីប្រឹក្សា​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
ទីប្រឹក្សា​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

ជា​រៀង​រាល់​ឆ្នាំ ក្រសួង​ការពារ​ជាតិ តែង​បង្កើត​កម្មវិធី​ប្រឡង​ដើម្បី​បើក​ឱកាស​ឲ្យ​យុវជន​អាយុ​ក្រោម ២៥​ឆ្នាំ ដែល​មាន​សញ្ញាបត្រ​បាក់​ឌុប អាច​ប្រឡង​ចូល​សិក្សា​វគ្គ​នាយ​ទាហាន​កម្រិត​បរិញ្ញាបត្រ និង​ជំនាញ​ឯកទេស​តាម​វគ្គ​សិក្សា​នីមួយៗ ដូចជា​វគ្គ​នាយ​ទាហាន​សកម្ម នាយ​ទាហាន​ទ័ព​ជើង​គោក និង​នាយ​ទាហាន​បន្ត​វេន។

នាយ​ទាហាន​សកម្ម​សិក្សា​រយៈពេល ៤​ឆ្នាំ ជា​ថ្នាក់​បរិញ្ញាបត្រ។ ក្រោយ​បញ្ចប់​ការ​សិក្សា និស្សិត​នាយ​ទាហាន​សកម្ម​នឹង​ទទួល​បាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ (ស័ក្តិ​២) ក្លាយ​ជា​នាយ​ទាហាន​ដឹកនាំ​បញ្ជា​នៅ​ក្នុង​កង​យោធពល​ខេមរភូមិន្ទ ដែល​រួម​មាន​ទ័ព​ជើង​គោក ជើង​ទឹក ទ័ព​អាកាស និង​កង​រាជ​អាវុធហត្ថ។ ចំណែក​នាយ​ទាហាន​ទ័ព​ជើង​គោក​វិញ ក៏​ត្រូវ​សិក្សា​រយៈពេល ៤​ឆ្នាំ​ជា​ថ្នាក់​បរិញ្ញាបត្រ​ដូច​គ្នា ហើយ​ក្រោយ​បញ្ចប់​ការ​សិក្សា និស្សិត​ក៏​ទទួល​បាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ (ស័ក្តិ​២) ដូច​និស្សិត​នាយ​ទាហាន​សកម្ម​ដូច​គ្នា ប៉ុន្តែ​នាយ​ទាហាន​ទ័ព​ជើង​គោក​ដឹកនាំ​បញ្ជា​តែ​នៅ​ក្នុង​កងទ័ព​ជើង​គោក​ប៉ុណ្ណោះ ដូចជា​កង​រថក្រោះ កង​កាំភ្លើង​ធំ កង​វិស្វកម្ម និង​វិទ្យុ​ទាក់ទង ជាដើម។ ដោយឡែក​នាយ​ទាហាន​បន្ត​វេន​វិញ ត្រូវ​សិក្សា​រយៈពេល ៦​ខែ និង​បន្ត​យក​ជំនាញ​ឯកទេស ២​ឆ្នាំ​ទៀត ដែល​ទាក់ទង​នឹង​វិស័យ​ដូចជា ជំនាញ​បើក​យន្តហោះ បើក​រថក្រោះ​ជាដើម ហើយ​ក្រោយ​បញ្ចប់​ការ​សិក្សា​និស្សិត​នឹង​ក្លាយ​ជា​នាយ​ទាហាន​រង។

ទីប្រឹក្សា​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បញ្ជាក់​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នៅ​ឆ្នាំ​នេះ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ។ បេក្ខជន​ដែល​មាន​ឈ្មោះ​ជាប់ ត្រូវ​ទៅ​ពិនិត្យ​សុខភាព និង​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​យុត្តិធម៌ ថា​មិន​ធ្លាប់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ នៅ​ពេល​ជាប់​ស្ថាពរ បេក្ខជន​នាយ​ទាហាន​សកម្ម នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​នាយ​ទាហាន​សកម្ម​នៅ​ត្មាត​ពង ខេត្ត​កំពង់ស្ពឺ។ ចំណែក​បេក្ខជន​នាយ​ទាហាន​ទ័ព​ជើង​គោក និង​បន្ត​វេន ត្រូវ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​នៅ​ថ្លុក​តា​សេក ខេត្ត​កំពង់ស្ពឺ។

មន្ត្រី​យោធា​មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​ជូន​កូន​មក​ប្រឡង​នាយ​ទាហាន លោក សុខ ពៅ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
មន្ត្រី​យោធា​មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​ជូន​កូន​មក​ប្រឡង​នាយ​ទាហាន លោក សុខ ពៅ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

មន្ត្រី​យោធា​ម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ គឺ​លោក សុខ ពៅ ដែល​ជូន​កូន​មក​ប្រឡង ថ្លែង​ថា លោក​សប្បាយ​ចិត្ត​នៅ​ពេល​កូន​ប្រុស​របស់​លោក​មក​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​យោធា បើ​ទោះ​បី​ជា​មាន​មតិ​រិះគន់​ថា ការងារ​ជា​ទាហាន​ជា​ការងារ​លំបាក នឿយ​ហត់ និង​ទទួល​បាន​ប្រាក់​ខែ​មិន​ច្រើន​ក្តី តែ​ចំពោះ​លោក វា​ជា​ការងារ​បម្រើ​ជាតិ​ដោយ​ផ្ទាល់។ ប៉ុន្តែ​មន្ត្រី​យោធា​រូប​នេះ​ចង់​ឃើញ​រដ្ឋាភិបាល​មាន​តម្លាភាព​ក្នុង​ការ​ដំឡើង​ឋានន្តរស័ក្តិ ព្រោះ​មន្ត្រី​ខ្លះ​ដូចជា​រូប​លោក​ជាដើម បម្រើ​ការងារ​រាប់​សិប​ឆ្នាំ​មក​ហើយ តែ​មាន​ឋានៈ​តូច​ទាប​ដដែល៖ «តាំង​ពី​ណា​ពី​ណី​មក អត់​មាន​ឡើង​ស័ក្តិ ឡើង​យស ឬ​លុយ​កាក់។ ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​កែតម្រូវ សម្របសម្រួល​អតីតភាព​តស៊ូ​យូរយារ។ អ្នក​ខ្លះ​អត់​ទាន់​មាន​ស័ក្តិ​សោះ។ ១០ ទៅ ២០​ឆ្នាំ នៅ​តែ​កូន​ចៅ​ដដែលៗ»

លោក​សំណូមពរ​ដល់​រដ្ឋាភិបាល ឲ្យ​ផ្តល់​តួនាទី និង​ឋានន្តរស័ក្តិ​នេះ​ដល់​យោធា​ជំនាន់​ក្រោយ​ឲ្យ​ស្រប​ទៅ​តាម​បទពិសោធន៍ សមត្ថភាព និង​ជំនាញ​របស់​បុគ្គល ដោយ​ចៀសវាង​នូវ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បក្សពួក​និយម។

ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​ការពារ​ជាតិ​កម្ពុជា នៅ​ពេល​ឃើញ​មាន​យុវជន​ច្រើន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រឡង​នាយ​ទាហាន។ លោក​ថា បើ​សិន​ជា​យុវជន​ពិត​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ និង​មាន​គោល​បំណង​ហាត់​ពត់​លត់​ដំ​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​របស់​ខ្លួន​មែន​នោះ វា​ជា​រឿង​មួយ​ដ៏​ប្រសើរ ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​គ្រាន់​តែ​ចង់​បាន​តួនាទី​ដើម្បី​យក​ទៅ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​វិញ​នោះ វា​នឹង​ក្លាយ​ជា​រឿង​អាក្រក់​ទៅ​វិញ៖ «ការ​ជំរុញ​បែប​ហ្នឹង​មាន​ការ​វិជ្ជមាន​ច្រើន​ក្នុង​វិស័យ​ហ្នឹង។ អ្វី​មួយ​ដែល​ខ្ញុំ​ចង់​ឃើញ​បំផុត​នោះ គឺ​ចាប់​ផ្ដើម​ការ​បែងចែក​តួនាទី​ទាហាន ប៉េអិម និង​ប៉ូលិស​ឲ្យ​ច្បាស់លាស់។ នេះ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​មើល​ទៅ​មាន​ការ​ខ្វះខាត​ខ្លះ ដោយ​ជួនកាល​តួនាទី​គាត់​មក​ដោះស្រាយ​រឿង​ចោរ​ប្លន់ រឿង​ស៊ីវិល គួរ​ទាក់ទង​ជាមួយ​ប៉ូលិស ប៉ុន្តែ​គាត់​លូក​ដៃ​ចូល​ជាន់​ព្រំដែន​គ្នា»

អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ទៀត​ថា ដើម្បី​ឲ្យ​វិស័យ​ការពារ​ជាតិ​រីក​ចម្រើន​ជាង​នេះ រដ្ឋាភិបាល​ត្រូវ​តែ​លុប​បំបាត់​អំពើ​ពុក​រលួយ និង​បញ្ហា​បក្សពួក​និយម​ទាក់ទង​នឹង​ការ​ដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​យោធា ហើយ​ក្រៅ​ពី​នេះ រដ្ឋាភិបាល​គួរ​ដំឡើង​ប្រាក់​សោធន​និវត្តន៍​ឲ្យ​បាន​ខ្ពស់ ដើម្បី​ឲ្យ​មន្ត្រី​យោធា​ចាស់ៗ​ចូល​និវត្តន៍ ទុក​ឱកាស​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​ស្វាហាប់​ជាង និង​មាន​សក្ដានុពល​បំពេញ​កិច្ចការ​ដ៏​សំខាន់​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល