សារសំខាន់​នៃ​ពិព័រណ៍​ជំនាញ​សិក្សា​និង​ការងារ

ដោយ យ៉ង ចាន់តារា
2016-06-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​កំពុង​បំពេញ​ពាក្យ​ការងារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នា​សាល​ពិព័រណ៍​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
យុវជន​កំពុង​បំពេញ​ពាក្យ​ការងារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នា​សាល​ពិព័រណ៍​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara

សមាគម​និស្សិត​អាហារូបករណ៍​អាមេរិក (FUSSAC) រៀបចំ​ព្រឹត្តិការណ៍​មួយ​មាន​ឈ្មោះ​ថា ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ ២០១៦ នៅ​ថ្ងៃ​ទី​៥ មិថុនា។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​សាលា​តិចណូ។ អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា ពិព័រណ៍​នេះ​មាន​សារសំខាន់​សម្រាប់​យុវជន​ក្នុង​ការ​ស្វែង​យល់​បន្ថែម​អំពី​ជំនាញ​សិក្សា និង​ឱកាស​ការងារ​ក្រោយ​បញ្ចប់​ការ​សិក្សា។

ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​និស្សិត​អាហារូបករណ៍​អាមេរិក ដែល​គាំទ្រ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។ នេះ​ជា​ឆ្នាំ​ទី​៧ ហើយ​ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ទី​១០ ដល់​ទី​១២ និង​និស្សិត​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដឹង​បាន​កាន់​តែ​ច្បាស់ អំពី​មុខវិជ្ជា​នៅ​ថ្នាក់​មហាវិទ្យាល័យ និង​ទីផ្សារ​ការងារ​នៅ​ថ្ងៃ​មុខ។

ប្រធាន​សម្របសម្រួល​គម្រោង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ លោក ហាហ្សាន់ អ៊ីលយ៉ាសគ្គិ បញ្ជាក់​ថា កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​មួយ​ឆ្នាំ​ម្តង ចាប់​ពី​ឆ្នាំ​២០០៩ មក ហើយ​នៅ​ឆ្នាំ​២០១៦ លោក​រំពឹង​ថា មាន​អ្នក​ចូលរួម​ជាង ២​ពាន់​នាក់៖ «គោល​បំណង​សំខាន់ គឺ​យើង​ចង់​ឲ្យ​សិស្ស​ដែល​គាត់​កំពុង​រៀន​ថ្នាក់​ទី​១០ ដល់​ទី​១២ ហើយ​និង​និស្សិត​ឆ្នាំ​ទី​១ ទី​២ មាន​វេទិកា​មួយ​ដែល​គាត់​បាន​យល់​ច្បាស់​ពី​មុខ​ជំនាញ​ដែល​គាត់​សិក្សា ឬ​ក៏​គាត់​ចង់​សិក្សា ថា​តើ​មុខ​ជំនាញ​ហ្នឹង​ពេល​រៀន​ចប់​ទៅ គេ​ធ្វើ​អ្វី​ខ្លះ ហើយ​ពេល​រៀន គេ​រៀន​របៀប​ម៉េច

កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង ៧​កន្លះ​ព្រឹក ដល់​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​៥ មិថុនា។ អ្នក​ចូលរួម​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ដែល​មាន​តម្លៃ ១​ម៉ឺន​រៀល ដែល​នឹង​យក​ទៅ​ចំណាយ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ និង​ទឹក។

លោក ហាហ្សាន់ អ៊ីលយ៉ាសគ្គិ បញ្ជាក់​ថា របៀបវារៈ​ជាច្រើន​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ជាអាទិ៍ ការ​ស្វែង​យល់​ពី​ខ្លួន​ឯង បទ​បង្ហាញ​ពី​មុខវិជ្ជា​នៅ​សាកលវិទ្យាល័យ ការ​តាំង​ពិព័រណ៍​អាហារូបករណ៍ និង​កិច្ច​ពិភាក្សា​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ ជាដើម។

លោក អ៊ីលយ៉ាសគ្គិ កត់​សម្គាល់​ថា សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​កម្ពុជា ភាគ​ច្រើន​តែង​ខ្វះខាត​ព័ត៌មាន​ស្ដីពី​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ។ ការ​បន្ត​ការ​សិក្សា​នៅ​ឧត្ដមសិក្សា ច្រើន​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តល់​យោបល់​ពី​គ្រួសារ មិត្តភ័ក្ដិ និង​ទៅ​តាម​ទំនោរ​សង្គម ដែល​មិន​មែន​ចេញ​មក​ពី​អ្នក​ជំនាញ​នោះ​ឡើយ។ លោក​ជំរុញ​ឲ្យ​សិស្ស​និស្សិត​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​សម្រាប់​ការ​សិក្សា និង​ការងារ​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ៖ «ក្រោយ​ពេល​ចូលរួម​កម្មវិធី​នេះ កូន​សិស្ស​ទាំងអស់​ចេញ​ទៅ​គាត់​ដឹង​ថា គាត់​ចង់​រៀន​អ្វី? ចំណង់​ចំណូល​ចិត្ត​គាត់​ស្អី​គេ? ហើយ​ច្បាស់​ថា​មុខវិជ្ជា​ណា​ដែល​គាត់​គួរ​រៀន។ ការ​ស្តាប់​វាគ្មិន​និយាយ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​សិស្ស​អាច​សម្រេច​ចិត្ត​បាន​ដោយ​ត្រឹមត្រូវ ថា​ឥឡូវ​គាត់​ដឹង​ព័ត៌មាន​ទាំងអស់​ហ្នឹង​ហើយ ថា​តើ​គាត់​នៅ​ចង់​រៀន​មុខវិជ្ជា​អ្វី​ដែល​គាត់​បាន​គិត​ពី​មុន​មក​ដែរ​ឬ​អត់? ឬ​ក៏​តើ​មុខវិជ្ជា​ដែល​គាត់​គិត​ហ្នឹង ត្រូវ​នឹង​គាត់​ខ្លាំង​ប៉ុណ្ណា

ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា កម្ពុជា ជួប​ប្រទះ​បញ្ហា​សំខាន់​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ខ្លួន។ នោះ គឺ​ជា​ភាព​មិន​ស៊ី​គ្នា​រវាង​តម្រូវ​ការ​ការងារ និង​ការ​ផ្គត់ផ្គង់​ការងារ។ មុខ​ជំនាញ​ដែល​មាន​តម្រូវ​ការ​ច្រើន មិន​សូវ​មាន​អ្នក​សិក្សា និង​អ្នក​អាច​ធ្វើ​បាន។ ផ្ទុយ​ទៅ​វិញ មុខ​ជំនាញ​ដែល​មាន​តម្រូវ​ការ​តិច បែរ​ជា​មាន​អ្នក​សិក្សា​ច្រើន​ទៅ​វិញ។

ជា​ឧទាហរណ៍ ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​កុំព្យូទ័រ វិស័យ​ផលិត​អាហារ និង​ភេសជ្ជៈ វិស័យ​ដឹក​ជញ្ជូន វិស័យ​ផលិត​កៅស៊ូ និង​ប្លាស្ទិក ព្រម​ទាំង​វិស័យ​សណ្ឋាគារ ជាដើម កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​ជំនាញ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​សាធារណជន​នៅ​ឡើយ។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា នៅ​ចំពោះ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​មាន​ការ​ផ្លាស់ប្ដូរ វា​មិន​ត្រឹម​តែ​ចាំបាច់​សម្រាប់​កម្ពុជា ក្នុង​ការ​ស្រូប​យក​កម្លាំង​ពលកម្ម​ដែល​កំពុង​កើន​ឡើង​នោះ​ទេ តែ​វា​ក៏​ចាំបាច់​ក្នុង​ការ​បំពាក់​បំប៉ន​ប្រជាជន​វ័យ​ក្មេង​របស់​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត​ផង​ដែរ។

នៅ​ក្នុង​បរិបទ​បែប​នេះ អ្នក​ស្រាវជ្រាវ​អះអាង​ថា ការ​តម្រង់​ទិស​សម្រាប់​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា និង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ គឺ​ជា​រឿង​មួយ​ចាំបាច់​មិន​អាច​មើល​រំលង​បាន ដើម្បី​កម្ពុជា អាច​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​អប់រំ និង​ការងារ​របស់​ខ្លួន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល