សង្គម​ស៊ីវិល​និង​អ្នក​ជំនាញ​ជំរុញ​ឱ្យ​យុវជន​ចាប់​អារម្មណ៍​នឹង​គោលនយោបាយ​របស់​បក្ស​នីមួយៗ

ដោយ យ៉ង ចាន់តារា
2017-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ហៅ​កាត់​ថា វាយ.អ.ឌី.ភី (YRDP) លោក ជាង សុខា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ហៅ​កាត់​ថា វាយ.អ.ឌី.ភី (YRDP) លោក ជាង សុខា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Khe Sonorng

ខណៈ​ដែល​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ជំរុញ​ឱ្យ​យុវជន​ពិនិត្យ និង​តាមដាន​ឱ្យ​បាន​ដិត​ដល់​ចំពោះ​គោលនយោបាយ ឬ​របៀបវារៈ​នយោបាយ​របស់​គណបក្ស​នីមួយៗ ថា​តើ​ពួកគេ​បាន​ដាក់​បញ្ចូល​នូវ​រាល់​បញ្ហា​ជា​អាទិភាព​របស់​យុវជន​ហើយ ឬ​នៅ? ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ពួកគេ​អាច​សម្រេច​ចិត្ត​ជ្រើសរើស​មេដឹកនាំ​មួយ​ដ៏​ត្រឹមត្រូវ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ​បាន។

នៅ​រៀងរាល់​ការ​បោះឆ្នោត​ម្ដងៗ គណបក្ស​នយោបាយ​នីមួយៗ តែង​អូសទាញ​យុវជន​ឱ្យ​ក្លាយ​ជា​កម្លាំង​គាំទ្រ​របស់​ខ្លួន​ដោយ​ប្រកាស​ថា ពួកគេ​គិតគូរ​អំពី​យុវជន​ឱ្យ​តម្លៃ​ចំពោះ​សក្តានុពល​យុវជន ឬ​ក៏​ថា​គណបក្ស​របស់​ពួកគេ​ដាក់​បេក្ខភាព​យុវជន​ចូល​ក្នុង​សមាសភាព​នៃ​ថ្នាក់ដឹកនាំ​របស់​គណបក្ស។

នៅ​ក្នុង​បរិបទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដ៏​ស្រួចស្រាល់​ដែល​នឹង​មក​ដល់​នៅ​ដើម​ខែ​មិថុនា ខាង​មុខ​នេះ អ្នក​ជំនាញ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​យុវជន​ជំរុញ​ឱ្យ​យុវជន​យក​ចិត្ត​ទុក​ដាក់​លើ​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ ហើយ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគេ​មាន​សំឡេង និង​ការ​សម្រេច​ចិត្ត​ក្នុង​គណបក្ស​ដែល​ពួកគេ​គាំទ្រ។

មន្ត្រី​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា កត់សម្គាល់​ថា ការ​បោះឆ្នោត​លើក​មុនៗ ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មិន​សូវ​មាន​បេក្ខភាព​យុវជន​ច្រើន​នោះ​ទេ។ លោក​ថា នេះ​គឺ​ជា​ចំណុច​សំខាន់​ដែល​យុវជន​ត្រូវ​ចាប់​អារម្មណ៍ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គណបក្ស​នយោបាយ​ណា​ដែល​អះអាង​ថា ខ្លួន​គិតគូរ​អំពី​យុវជន ហើយ​សំខាន់​ជាង​នេះ យុវជន​ត្រូវ​ពិនិត្យ​មើល​គោលនយោបាយ​របស់​គណបក្ស​ទាំង​នោះ ថា​តើ​មាន​ដាក់​បញ្ចូល​នូវ​បញ្ហា​ប្រឈម​របស់​យុវជន​ក្នុង​របៀបវារៈ​នយោបាយ​របស់​ខ្លួន​ហើយ ឬ​នៅ? ហើយ​បើ​មាន តើ​ការ​អនុវត្ត​ជាក់ស្ដែង​បាន​ដល់​កម្រិត​ណា«គណបក្ស​នយោបាយ​ហ្នឹង គាត់​ត្រូវ​តែ​បង្កើន​ជំនឿ​ចិត្ត ព្រោះ​នេះ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ។ អាច​ថា​ទី​មួយ គោល​នយោបាយ។ ទី​ពីរ ការ​អនុវត្ត ថា​តើ​គោល​នយោបាយ​ដែល​គាត់​ដាក់​ចេញ​ហ្នឹង ការ​អនុវត្ត​របស់​គាត់​ឆ្លើយតប​គ្នា​ដែរ​ឬ​អត់ និង​ក្នុង​កម្រិត​ណា។ បើ​សិន​ជា​គាត់​ដាក់​ចេញ​មក ការ​អនុវត្ត​របស់​គាត់​អត់​មាន​ឆ្លើយតប​គ្នា វា​អាច​ធ្វើ​ឲ្យ​ក្រុម​យុវជន​បាត់​ជំនឿ​ចិត្ត​លើ​គណបក្ស​នយោបាយ​ហ្នឹង​ដែរ»

លោក​បន្ត​ថា ចំនួន​យុវជន​ជាង ២​លាន​នាក់ ឬ​ស្មើ​នឹង​ជាង ៣៤​ភាគរយ​នៃ​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ជា​​បរិមាណ​មួយ​ដ៏​ច្រើន​ដែល​គណបក្ស​នយោបាយ​មិន​ត្រូវ​មើល​រំលង​សំឡេង​ឆ្នោត​របស់​យុវជន។ លោក​ថា លទ្ធផល​ឆ្នោត​អាច​នឹង​មាន​ការ​ប្រែប្រួល បើសិនជា​ពួកគេ​បាន​ចេញ​ទៅ​បោះឆ្នោត​ទាំង​អស់​គ្នា«គណបក្ស​នយោបាយ​មិន​ត្រូវ​មើល​រំលង​ការ​ចូលរួម​របស់​យុវជន​ទេ​នៅ​ក្នុង​ការ​បោះឆ្នោត​ហ្នឹង​ទេ មិន​ត្រឹម​តែ​ផ្សារភ្ជាប់​ពួក​គាត់​ឲ្យ​ទៅ​ជា​អ្នក​គាំទ្រ​ទេ គឺ​ត្រូវ​តែ​ផ្តល់​ប្រយោជន៍ ដូចជា ឋានៈ និង​តួនាទី ឬ​ក៏​មាន​គោល​នយោបាយ​ជាក់លាក់ ដើម្បី​ដោះស្រាយ​បញ្ហា​យុវជន ព្រោះ​ទៅ​មុខ​ទៀត គេ​នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង។ បើ​សិន​ជា​អត់​មាន​ការ​បណ្តុះបណ្តាល​យុវជន​ហ្នឹង​ជា​ថ្នាល​មួយ​ឲ្យ​បាន​រឹងមាំ​ទេ នៅ​ពេល​ពួក​គេ​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ហ្នឹង ពួក​គេ​នឹង​មិន​បាន​រឹងមាំ​នោះ​ទេ»

យុវជន​មាន​បញ្ហា​ប្រឈម​ជា​អាទិភាព​ចំនួន ៣ បើ​តាម​ការ​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ កាល​ពី​ឆ្នាំ ២០១៥។ នោះ​គឺជា​បញ្ហា​ការ​អប់រំ ការងារ និង​បញ្ហា​សន្តិសុខ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ និង​ជានា​យក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា សង្កេត​ឃើញ​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​បាន​ដើរ​មក​ដល់​ចំណុច​របត់​ថ្មី​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ ត្រូវ​ចាប់​ផ្ដើម​ដាក់​ចេញ​នូវ​គោលនយោបាយ​ណា​ដែល​ជា​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ និង​យុវជន។

លោក​ថា គណបក្ស​នយោបាយ​នីមួយៗ មិន​ត្រូវ​តាក់​តែង​របៀបវារៈ​នយោបាយ​ដោយ​ផ្អែក​លើ​ទស្សនៈ​របស់​ខ្លួន​តែមួយ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​បាត់បង់​ការ​គាំទ្រ«ពេល​នេះ​គឺ​ជា​ឱកាស​ដែល​គណបក្ស​នយោបាយ​ត្រូវ​ផ្ដោត​ទៅ​លើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ។ មាន​ន័យ​ថា របៀបវារៈ​នយោបាយ​មិន​មែន​តាក់តែង​ឡើង ឬ​ក៏​បង្កើត​ឡើង​ដោយ​គណបក្ស​នយោបាយ​ខ្លួន​ឯង​ទេ គឺ​របៀបវារៈ​នយោបាយ​ត្រូវ​បាន​ដឹក​មុខ​ដោយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ។ អ៊ីចឹង​បើ​សិន​ជា​គណបក្ស​នយោបាយ​ណា​ក៏ដោយ ឲ្យ​តែ​យក​តម្រូវការ​របស់​ប្រជាពលរដ្ឋ​មក​ដឹក​មុខ​ក្នុង​ការ​តាក់តែង​របៀបវារៈ​នយោបាយ​សម្រាប់​ការ​ឃោសនា​បោះឆ្នោត ខ្ញុំ​សង្ឃឹម​ថា​គណបក្ស​នយោបាយ​នោះ​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​ប្រជាពលរដ្ឋ»

​លោក ជាង សុខា កត់សម្គាល់​ថា ការ​ងាក​មក​ចាប់​អារម្មណ៍ និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​យុវជន​ក្នុង​បរិបទ​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ នេះ ហាក់​ដូចជា​បាន​កម្រើក​ឡើង​នៅ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ក៏​ប៉ុន្តែ​លោក​យល់​ឃើញ​ថា នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​នៃ​ការ​កៀរគរ​រក​សំឡេង​គាំទ្រ​តែប៉ុណ្ណោះ តែ​ធាតុ​ពិត តម្រូវការ​របស់​យុវជន​នៅ​មិន​ទាន់​ត្រូវ​បាន​លើក​ឡើង​ឱ្យ​មាន​ភាព​ប្រាកដប្រជា​នៅ​ឡើយ«យើង​បាន​ជួប​ជាមួយ​គណបក្ស​នយោបាយ ៤ ទៅ ៥ ដើម្បី​ស្វែង​យល់ និង​រៀន​សូត្រ​អំពី​គណបក្ស ថា​តើ​គណបក្ស​មាន​ធ្វើ​គោល​នយោបាយ​ពិត​ប្រាកដ​ដែរ​ឬ​ទេ? អ៊ីចឹង​ហើយ​យើង​មិន​ទាន់​ឃើញ​មាន​គណបក្ស​នយោបាយ​ណា​មួយ​មាន​ភាព​ជាក់លាក់​ទេ ហាក់បីដូចជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​យុវជន​មិន​ទាន់​មាន​ការ​ជឿជាក់។ វា​ហាក់​ដូចជា​ជា​ការ​កៀរគរ​យុវជន ជា​ជាង​យក​ចិត្ត​ទុក​ដាក់​លើ​យុវជន ដើម្បី​ឲ្យ​យុវជន​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត ដែល​ធ្វើ​ឲ្យ​គាត់​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី​ដែល​បញ្ហា​រួម​របស់​យុវជន»

​និស្សិត​ផ្នែក​នីតិសាស្ត្រ កញ្ញា សាំង លីណែត ចាប់​អារម្មណ៍​ថា គោលនយោបាយ​របស់​គណបក្ស​នីមួយៗ បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​យុវជន ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​បែរ​ជា​ផ្សេង​ពី​នេះ។ នាង​កត់សម្គាល់​ថា អ្នក​នយោបាយ​មួយ​ចំនួន​នៅ​ប្រកាន់​ទស្សនៈ​ថា យុវជន​គ្រាន់តែ​ក្មេង មិន​មាន​បទពិសោធន៍​ដូច​ខ្លួន​ជា​មនុស្ស​ចាស់ ដូច្នេះ​មិន​អាច​កាន់​ការងារ​ធំដុំ​បាន​ឡើយ។ នាង​គិត​ថា នេះ​ជា​ទស្សនៈ​មួយ​ដែល​ខុស​ឆ្គង ព្រោះ​យុវជន​គឺ​អ្នក​ដែល​មាន​កម្លាំងកាយ​រឹងមាំ មាន​ចំណេះ​ដឹង និង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់។ នាង​ចង់​ឃើញ​គ្រប់​គណបក្ស​ដាក់​បញ្ចូល​បេក្ខភាព​យុវជន​ឱ្យ​បាន​ច្រើន ព្រម​ទាំង​ផ្ដោត​លើ​បញ្ហា​ប្រឈម​របស់​យុវជន គឺ​ការ​អប់រំ ការងារ និង​សន្តិសុខ«សន្លឹក​ឆ្នោត​របស់​ខ្ញុំ​មាន​តម្លៃ។ ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​គាត់​មាន​គោល​នយោបាយ​ត្រឹមត្រូវ ហើយ​មួយ​ទៀត​វិញ មេ​ដឹកនាំ​មាន​តម្លាភាព ស្មោះ​ត្រង់ ហើយ​គាត់​អាច​បំពេញ​នូវ​អ្វី​ដែល​គាត់​បាន​សន្យា ហើយ​គាត់​យល់​ពី​តម្រូវការ​របស់​យុវជន ក្នុង​នាម​ខ្ញុំ​ជា​យុវជន និង​ម្ចាស់​សន្លឹក​ឆ្នោត»

​អ្នក​ជំនាញ​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​សក្ដានុពល​របស់​ខ្លួន និង​ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​អាច​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​របស់​ខ្លួន ហើយ​ចាំបាច់​ណាស់​យុវជន​ត្រូវ​តែ​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ ក្រោយ​ពេល​បោះឆ្នោត យុវជន​ត្រូវ​ខិតខំ​សង្កេត និង​តាមដាន​សកម្មភាព​អនុវត្ត​របស់​មន្ត្រី​ជាប់ឆ្នោត ឬ​រដ្ឋាភិបាល ដើម្បី​ចូលរួម​វាយ​តម្លៃ​លទ្ធផល​នៃ​សកម្មភាព​ទាំង​នោះ ហើយ​ផ្ដល់​ព័ត៌មាន​ទាំង​នេះ​ទៅ​ដល់​អ្នក​បោះឆ្នោត​ដទៃ​ទៀត សម្រាប់​ធ្វើជា​ទុន​ពិចារណា​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​លើក​ក្រោយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល