មន្ត្រី៖ យុវជន​កម្ពុជា​បន្ត​រងគ្រោះ​ដោយសារ​បញ្ហា​គ្រឿង​ញៀន

ដោយ យ៉ង ចាន់តារា
2015-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រាប់ (WY) ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​បង្ក្រាប​បាន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។
គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រាប់ (WY) ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​បង្ក្រាប​បាន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។
RFA/Men Sothyr

បញ្ហា​គ្រឿង​ញៀន បាន​ក្លាយ​ជា​រឿង​ដ៏​ស្មុគស្មាញ​គ្រប់​ទីកន្លែង និង​កំពុង​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​ដល់​មជ្ឈដ្ឋាន​នានា តាម​រយៈ​ឥទ្ធិពល​អវិជ្ជមាន​របស់​វា។ ក្នុង​មួយ​ឆ្នាំៗ យុវជន​ខ្មែរ​រាប់​ម៉ឺន​នាក់ បាន​ធ្លាក់​ខ្លួន​ជា​អ្នក​ប្រើប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស​អភិវឌ្ឍ​ខ្លួន និង​ក្លាយ​ជា​កោសិកា​មិន​ល្អ​របស់​សង្គម។ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ចាត់​ទុក​ស្ថានភាព​គ្រឿង​ញៀន​នៅ​កម្ពុជា ពេល​នេះ ថា​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក​ឧត្តមសេនីយ៍ឯក មាស វិរិទ្ធិ បញ្ជាក់​ថា អ្នក​ប្រើ​បំពាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥ មាន​ប្រមាណ ១​ម៉ឺន ៦​ពាន់​នាក់។ តួលេខ​នេះ​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ប្រើ​បំពាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​ប្រមាណ ១​ម៉ឺន ១​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស។ ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ទាំង​នោះ ភាគ​ច្រើន​ជា​យុវជន​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ដល់ ៣៥​ឆ្នាំ ដែល​មាន​មុខ​របរ​មិន​ពិត​ប្រាកដ និង​ខ្លះ​ទៀត​ជា​សិស្ស​និស្សិត។

លោក មាស វិរិទ្ធិ ពន្យល់​ថា កំណើន​គ្រឿង​ញៀន​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​កម្ពុជា រង​ឥទ្ធិពល​ពី​ការ​ចរាចរ​គ្រឿង​ញៀន​ក្នុង​តំបន់ និង​អន្តរជាតិ ទាំង​តាម​ផ្លូវ​គោក ផ្លូវ​ទឹក ផ្លូវ​អាកាស និង​បញ្ជរ​ប្រៃសណីយ៍។ គ្រឿង​ញៀន​ច្រើន​ប្រភេទ ដូចជា មេតំហ្វេតាមីន​គ្រាប់ មេតំហ្វេតាមីន​ក្រាម​ម្សៅ និង​ហេរ៉ូអ៊ីន ជាដើម បន្ត​ហូរ​ចូល​មក​កម្ពុជា តាម​ច្រក​ព្រំដែន​គោក​នៃ​ខេត្ត​ភាគ​ឦសាន​ជាប់​ព្រំប្រទល់​ឡាវ ដែល​ជា​ប្រទេស​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​មាស ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។

លោក មាស វិរិទ្ធិ បន្ត​ទៀត​ថា យុវជន​កម្ពុជា បន្ត​រងគ្រោះ​ពី​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀន ដោយសារ​មូលហេតុ​សំខាន់​ពីរ​យ៉ាង គឺ​ការ​អូស​ទាញ​របស់​ឈ្មួញ និង​ភាព​សុទ្ធ​នៃ​គ្រឿង​ញៀន៖ «ពេល​នេះ​គឺ​ស្ថិត​ក្នុង​បរិយាកាស​សង្គម ស្ថិត​នៅ​លើ​ការ​អូស​ទាញ​របស់​ក្រុម​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​និង​កម្រិត​ភាព​សុទ្ធ​នៃ​គ្រឿង​ញៀន ដែល​ជះ​ឥទ្ធិពល។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន សារធាតុ​ញៀន​មាន​លក់​ដូច​គ្នា ប៉ុន្តែ​កម្រិត​ភាព​សុទ្ធ​វា​ទាប ហើយ​ឥឡូវ​នេះ​កម្រិត​ភាព​សុទ្ធ​វា​ខ្ពស់។ បើ​និយាយ​ឲ្យ​ចំ​ទៅ អតិថិជន​កំពុង​តែ​ប្រើប្រាស់​របស់​ដែល​មាន​គុណភាព​សុទ្ធ​ល្អ ល្អ​ក្នុង​វិស័យ​អាក្រក់»

គ្រឿង​ញៀន ត្រូវ​បាន​គេ​ឲ្យ​និយម​ន័យ​ថា ជា​រុក្ខជាតិ ឬ​សារធាតុ​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ ឬ​សារធាតុ​គីមី ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មុខងារ​ផ្សេងៗ​របស់​សារពាង្គកាយ​មនុស្ស ឬ​សត្វ ជាពិសេស​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ខួរ​ក្បាល​នៅ​ពេល​ប្រើ។ គ្រឿង​ញៀន ត្រូវ​បាន​បែង​ចែក​ជា​ពីរ គឺ​គ្រឿង​ញៀន​ធម្មជាតិ និង​គ្រឿង​ញៀន​សំយោគ។ គ្រឿង​ញៀន​ធម្មជាតិ រួម​មាន អាភៀន កញ្ឆា រុក្ខជាតិ​កូកា និង​ថ្នាំ​ជក់។ រីឯ​គ្រឿង​ញៀន​សំយោគ​វិញ រួម​មាន កូកាអ៊ីន​បាស អំហ្វេតាមីន មេតំហ្វេតាមីន អ៊ិចស្តាស៊ី និង​កាវ​ហិត ជាដើម។

ប្រភេទ​គ្រឿង​ញៀន​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា គឺ​មេតំហ្វេតាមីន​ក្រាម​ម្សៅ ឬ ម៉ា​ទឹក​កក (ICE) មាន​រហូត​ដល់​ទៅ ៧៩​ភាគរយ។ ការ​ចរាចរ​គ្រឿង​ញៀន​សព្វថ្ងៃ​នេះ កើត​មាន​សឹង​គ្រប់​ទីកន្លែង ទាំង​ទីប្រជុំជន និង​តាម​ជនបទ​គ្រប់​ច្រក​ល្ហក។

មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វិរិទ្ធិ ចាត់​ទុក​នេះ​ជា​សញ្ញា​ធ្ងន់ធ្ងរ​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​ទាមទារ​ការ​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​សាធារណជន ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ៖ «យើង​មាន​ក្តី​ព្រួយ​បារម្ភ​ច្រើន ដោយសារ​ថ្នាក់​ជាតិ​បាន​ខិតខំ​ប្រឹងប្រែង​ច្រើន ប៉ុន្តែ​ថ្នាក់​ក្រោម​ជាតិ​នៅ​មាន​ភាព​ឆក​ល្វែង​ក្នុង​ការ​ទទួល​ខុស​ត្រូវ។ ម្យ៉ាង​ទៀត តំបន់​កើត​មាន​បញ្ហា​ប្រើប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន ភាគ​ច្រើន​គឺ​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ស្ថានភាព​មិន​រៀបរយ ដែល​ពិបាក​នឹង​គ្រប់គ្រង។ អ៊ីចឹង​ហើយ វា​ជា​បុព្វហេតុ​មួយ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មាន​ការ​លំបាក ហើយ​ហេតុផល​លំបាក​ផ្សេងៗ​ទៀត​មាន​ដូចជា ការ​ឲ្យ​សញ្ញា ឬ​ក៏​រៀបចំ​ជា​ក្រុម​ក្នុង​ការ​ឃ្លាំ​មើល​សមត្ថកិច្ច»

ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ត្រង់​មាត្រា​៤៥ ចែង​ថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ដល់ ១​លាន​រៀល។ ក្នុង​ករណី​មិន​រាង​ចាល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ២​លាន​រៀល។

ដោយឡែក​ការ​រក្សា​ទុក ដឹក​ជញ្ជូន ឬ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ ១០​លាន​រៀល។ បើ​សិន​ជា​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ប្រព្រឹត្តិ អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ៤០​លាន​រៀល អាស្រ័យ​ទៅ​តាម​ស្ថាន​ទម្ងន់​ទោស។

បើ​ទោះ​បី​ជា​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​លក្ខណៈ​ចែង​ច្បាស់​ពី​ទោសទណ្ឌ​យ៉ាង​ណា​ក្តី ក៏​កន្លង​មក គេ​កម្រ​ឃើញ​មាន​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ធំៗ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ណាស់។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ព្រមាន​ថា ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​កើត​មាន​អសន្តិសុខ​សង្គម​ជាច្រើន ដូចជា អំពើ​ចោរកម្ម លួច ឆក់ ប្លន់ នៅ​ពេល​ដែល​យុវជន​ខ្មែរ​កាន់​តែ​ច្រើន​ផុង​ខ្លួន​ចូល​ក្នុង​អន្ទាក់​គ្រឿង​ញៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល