"បក្ខពួក​និង​អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​យុវជន​បាត់​ឱកាស​ទទួល​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ"

ដោយ ទីន ហ្សាការីយ៉ា
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ចូលរួម​សិក្ខាសាលា​ស្ដីពី​គន្លឹះ​កសាង​ខ្លួន​ក្លាយ​ជា​យុវជន​ឆ្នើម​សតវត្ស​ទី​២១ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥។
យុវជន​ចូលរួម​សិក្ខាសាលា​ស្ដីពី​គន្លឹះ​កសាង​ខ្លួន​ក្លាយ​ជា​យុវជន​ឆ្នើម​សតវត្ស​ទី​២១ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Sireymuny

ការ​បង្កើត​បក្ខពួក ឬ​បញ្ចូល​កូន​ចៅ​របស់​ខ្លួន​ទៅ​ក្នុង​ស្ថាប័ន​រដ្ឋ និង​អំពើ​ពុក​រលួយ ត្រូវ​បាន​គេ​ដឹង​ជាទូទៅ​ទៅ​ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា។ ក្រុម​យុវជន​លើក​ឡើង​ថា ការ​បង្កើត​បក្ខពួក និង​ការ​សូកប៉ាន់ ជា​ការ​បិទ​ឱកាស​ដល់​ពួក​គាត់ ដែល​គ្មាន​សែស្រឡាយ​ជា​អ្នក​ធំ និង​ជា​កូន​អ្នក​ក្រ​គ្មាន​លុយ​សូកប៉ាន់ ដើម្បី​ទទួល​បាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន​ជាតិ​នីមួយៗ​នោះ។

តើ​យុវជន​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​បំបាត់​បក្ខពួក​និយម និង​អំពើ​ពុក​រលួយ​នោះ?

ប្រព័ន្ធ​សុចរិត​ភាព​នៅ​កម្ពុជា មិន​ទាន់​រឹងមាំ​នៅ​ឡើយ ដើម្បី​ទ្រទ្រង់​នីតិរដ្ឋ និង​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​រស់នៅ​ប្រកប​ដោយ​គុណភាព សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ឡើយ។

ក្រុម​យុវជន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ក្រុម​មាន​សក្ដានុពល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ទប់ស្កាត់​ការ​បង្កើត​បក្ខពួក​នៅ​តាម​ស្ថាប័ន​រដ្ឋ​នីមួយៗ ដើម្បី​បើក​ឱកាស​ឲ្យ​បាន​ស្មើ​ភាព​ចំពោះ​យុវជន​ទូទៅ​ដែល​មាន​សមត្ថភាព។

យុវតី​សិក្សា​នៅ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា សាំង លីណែត រៀបរាប់​ថា អំពើ​ពុក​រលួយ​បាន​កើត​មាន​ជា​ប្រព័ន្ធ​នៅ​ក្នុង​សង្គម​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត ការ​សូកប៉ាន់​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ការ​បង្កើត​បក្ខពួក​ដាក់​កូន​ចៅ​របស់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​ខ្លួន​ធ្វើ​ការ​នោះ ក៏​ជា​ទម្លាប់​ទៅ​ហើយ​ដែរ​ដែល​បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុវជន​មួយ​ក្រុម​ទៀត​ដែល​គ្មាន​បក្ខពួក និង​គ្មាន​លុយ​សូកប៉ាន់ ដើម្បី​ទទួល​បាន​ការងារ​ធ្វើ៖ «អ្នក​ខ្លះ​គាត់​មាន​សមត្ថភាព​ហើយ ប៉ុន្តែ​មិន​អាច​ចូល​ទៅ​ធ្វើ​ការ​នៅ​ស្ថាប័ន​នោះ​បាន ព្រោះ​ថា គេ​ទុក​ឲ្យ​កូន​គេ​ឲ្យ​ក្មួយ​គេ ដែល​អ្នក​គ្មាន​ខ្សែ​មិន​អាច​ទៅ​ធ្វើ​ការ​បាន»

អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​រដ្ឋសភា លោក សុន ឆ័យ ធ្លាប់​បាន​បញ្ចេញ​ឯកសារ​មួយ​បង្ហាញ​ថា ក្រុម​គ្រួសារ​អគ្គលេខាធិការ​រង​រដ្ឋសភា លោក មិត្ត ការ៉េន ជា​អ្នក​ក្ដោបក្ដាប់​សិទ្ធិ​អំណាច​ផ្នែក​ចាត់​តាំង​បុគ្គលិក ផ្នែក​កាន់​លុយ និង​ត្រួត​ពិនិត្យ​ក្នុង​រដ្ឋសភា​ទាំង​មូល។ លើស​ពី​នេះ​ទៀត លោក មិត្ត ការ៉េន បាន​ដាក់​កូន​ចៅ​របស់​ខ្លួន​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ​ដែរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា នៅ​ក្នុង​វេទិកា «ប្រកួត​ជើង​ឯក​ជជែក​តស៊ូ​មតិ​ដើម្បី​តម្លាភាព» ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ហាម​ឃាត់​បុគ្គលិក​ដែល​ជាប់​សាច់​ឈាម​គ្នា​ជិតស្និទ្ធ ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ បើ​ទោះ​បី​ជា​បេក្ខជន​នោះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក៏ដោយ ព្រោះ​ថា ការ​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​តែ​មួយ​នេះ ជា​ប្រភព​មួយ​នៃ​ទំនាស់​ផល​ប្រយោជន៍ ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៤ នៅ​ខណៈ​ប្រទេស​នេះ​មាន​ពលរដ្ឋ​ប្រមាណ ២០% ឬ​ជិត ៣​លាន​នាក់ រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ហើយ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ផ្សេង​ទៀត កំពុង​រស់នៅ​កៀក​បន្ទាត់​ក្រីក្រ។

យុវ​សិស្ស សាំង លីណែត បន្ថែម​ថា យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ទប់ស្កាត់​អំពើ​ពុក​រលួយ​នេះ ពិសេស​ទៅ​ទៀត វប្បធម៌​សូកប៉ាន់​ត្រូវ​បញ្ឈប់​ដោយ​ផ្ដើម​ឡើង​ពី​ក្រុម​យុវជន​ខ្លួន​ឯង​មួយ​ចំនួន ដែល​គេ​ឃើញ​មាន​ច្រើន​នៅ​ពេល​ប្រឡង​យក​សញ្ញាបត្រ​ទុតិយ​ភូមិ​ម្ដងៗ៖ «ដូចជា​សិស្ស​ប្រឡង​ឆ្នាំ​នេះ​អ៊ីចឹង បើ​សិន​ជា​យុវជន​ខ្លួន​ឯង​ផ្ទាល់​កុំ​សូក​អនុរក្ស ឬ​គ្រូ​បន្ទុក​ថ្នាក់ គឺ​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ កុំ​ទិញ​ឯកសារ ចឹង​ការ​ធ្វើ​ដូច្នេះ អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​ធ្វើ​ឲ្យ​យុវជន​កាន់​តែ​មាន​សមត្ថភាព»

យុវជន​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​យុវ​សន្តិភាព កញ្ញា ទឹម ច័ន្ទតារា មាន​ប្រសាសន៍​ថា យុវជន​អាច​ចូលរួម​បាន​ច្រើន​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ នៅ​គ្រា​ដែល​យុវជន​ច្រើន​សន្ធឹកសន្ធាប់​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ហើយ​នោះ៖ «អ្វី​ដែល​យុវជន​អាច​ធ្វើ​បាន គឺ​យុវជន​អាច​ចូលរួម​តាម​ដាន​តាម​រយៈ​ការ​រៀន​សូត្រ​តាម​សាលា ហើយ​បើ​យុវជន​ដឹង​ពី​ព័ត៌មាន​ពុក​រលួយ ត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​អំពើ​ពុក​រលួយ ឬ​ខាង​សារព័ត៌មាន»

យុវជន​កម្ពុជា អាយុ​ពី ១៥​ឆ្នាំ ដល់ ៣០​ឆ្នាំ មាន​ចំនួន ៣៣% ស្មើ​នឹង​ជាង ៤​លាន​នាក់​នៃ​ប្រជាពលរដ្ឋ​កម្ពុជា សរុប។ យុវជន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គណបក្ស​នយោបាយ និង​រដ្ឋាភិបាល ព្រោះ​ថា យុវជន​ជា​កម្លាំង​ធំ​មួយ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នៅ​ពេល​បោះ​ឆ្នោត ខុស​ពី​កាល​ពី​មុន ដែល​យុវជន​មិន​សូវ​នាំ​គ្នា​ឈឺ​ឆ្អាល​អំពី​បញ្ហា​សង្គម​ទេ​នោះ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា ដោយ​យុវជន​មាន​ចំនួន​ច្រើន​នេះ យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ត្រូវ​ចេះ​ប្រើប្រាស់​សំឡេង​របស់​ខ្លួន ក្នុង​ការ​ទាមទារ​ឲ្យ​សង្គម​មាន​ភាព​ស្អាតស្អំ។ លោក​បញ្ជាក់​ថា យុវជន​មាន​មធ្យោបាយ​ជាច្រើន​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​នេះ៖ «យុវជន​អាច​ចូលរួម​បាន​ច្រើន​ក្នុង​ការ​បំបាត់​អំពើ​ពុក​រលួយ។ ទី​១ យុវជន​ខ្លួន​ឯង​កុំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ត្រូវ​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​រដ្ឋាភិបាល ត្រូវ​ហ៊ាន​សួរ​ទៅ​តំណាង​រាស្ត្រ និង​ការ​ចូលរួម និង​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​ជាតិ»

ក្រៅ​ពី​នេះ​ទៀត អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) បាន​ចែក​កាត​ប្រឆាំង​អំពើ​ពុក​រលួយ​ដាក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ នៅ​ថ្ងៃ​ទី​២៤ មិថុនា។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា កាត​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​អំពើ​ពុក​រលួយ តែ​អ្នក​ដែល​ទទួល​កាត​នេះ ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត ៥​យ៉ាង គឺ​ទី​១ ប្ដេជ្ញា​ចិត្ត​មិន​សូក ទី​២ ប្ដេជ្ញា​ចិត្ត​មិន​ទារ​សំណូក ទី​៣ ប្ដេជ្ញា​ចិត្ត​រាយការណ៍​អំពើ​ពុក​រលួយ ឬ​បទល្មើស​រំលោភ​អំណាច ទី​៤ ចូលរួម​ជាមួយ​សកម្មភាព​ដទៃ​ទៀត​ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ និង​ទី​៥ គាំទ្រ​ចំពោះ​មន្ត្រី​សាធារណៈ​ណា​ដែល​និយាយ​ថា ទេ​ចំពោះ​អំពើ​ពុក​រលួយ។

ក្រុម​យុវជន​សម្ដែង​ពី​ក្ដី​រំពឹង​ថា ពួក​គាត់​ចង់​ឃើញ​សង្គម​កម្ពុជា ក្លាយ​ជា​សង្គម​ស្អាតស្អំ​នៅ​ពេល​អនាគត។ កញ្ញា ទឹម ច័ន្ទតារា មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ​ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ៖ «ខ្ញុំ​ចង់​ឃើញ​សង្គម​មួយ​មាន​ការ​ដឹក​នាំ​ល្អ ការ​ដឹក​នាំ​តាម​បែប​ប្រជាធិបតេយ្យ​ទៅ​មុខ មិន​ចង់​ឃើញ​ការ​ដឹក​នាំ​មាន​ការ​ដេញ​ទាត់​ធាក់​ស្រេច​តែ​ចិត្ត នៅ​ពេល​ប្រជាពលរដ្ឋ​តវ៉ា​នោះ​ទេ»

របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា រក​ឃើញ​ថា អំពើ​ពុក​រលួយ​កម្រិត​ទាប​នៅ​តែ​កើត​ឡើង​ជា​ទូទៅ ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ។ ការ​ទាមទារ​សំណូក និង​ការ​ផ្ដល់​សំណូក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ និង​គណនេយ្យ​ភាព​របស់​អភិបាល​កិច្ច​ស្ថាប័ន​ទាំង​នេះ នឹង​កើត​ឲ្យ​មាន​ស្ថានភាព​មួយ​ចំនួន ក្នុង​នោះ​ជន​ណា​ដែល​មាន​លទ្ធភាព​អាច​ចំណាយ​ច្រើន​ជាង តែង​ទទួល​បាន​ការ​អនុគ្រោះ ដែល​បញ្ហា​នេះ នាំ​ឲ្យ​មាន​វិសមភាព​កាន់​តែ​ធ្ងន់ធ្ងរ និង​នាំ​ឲ្យ​មាន​និទ្ទណ្ឌភាព។

របាយការណ៍​របស់​អង្គការ​តម្លាភាព​ដដែល​រក​ឃើញ​ថា យុវជន ៩៨% យល់​ថា មនុស្ស​មាន​សុចរិត​ភាព គឺ​ជា​អ្នក​ដែល​មិន​ប្រព្រឹត្ត​ខុស​ច្បាប់ ទោះ​ក្នុង​ស្ថានភាព​ណា​ក៏ដោយ។ ប៉ុន្តែ ៤០% នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ ក៏​ជឿ​ដែរ​ថា មនុស្ស​មាន​សុចរិត​ភាព​អាច​ចូលរួម​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​មនុស្ស​ដទៃ​ទៀត​ច្រើន​តែ​ធ្វើ ដើម្បី​ដោះស្រាយ​បញ្ហា​លំបាក​ផ្ទាល់​ខ្លួន។

ក្រៅ​ពី​នេះ​ទៀត យុវជន ៦០% សុខ​ចិត្ត​បង់​ប្រាក់​សគុណ​ពី ១០ ទៅ ២០​ភាគរយ​នៃ​ប្រាក់​បៀវត្សរ៍​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដែល​ជួយ​រក​ការងារ​ឲ្យ​រូប​គេ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល