អ្នក​ឯកទេស​ពន្យល់​ពី​មូលហេតុ​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​របស់​យុវជន​និង​ដំណោះស្រាយ

ដោយ យ៉ង ចាន់តារា
2016-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​វេជ្ជបណ្ឌិត មុនី សុត្ថារ៉ា សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​វិកលវិទ្យា និង​ជា​ប្រធាន​ផ្នែក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​នៃ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
លោក​វេជ្ជបណ្ឌិត មុនី សុត្ថារ៉ា សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​វិកលវិទ្យា និង​ជា​ប្រធាន​ផ្នែក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​នៃ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA

យុវជន​ស្ថិត​ក្នុង​វ័យ​មួយ​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ខ្លាំង ទាំង​ផ្នែក​រូប​រាង​កាយ ប្រាជ្ញា ស្មារតី និង​ផ្លូវ​ចិត្ត។ បន្លាស់​ប្ដូរ​ទាំង​នេះ ធ្វើ​ឲ្យ​យុវជន​ត្រូវ​ប្រឈម​នឹង​សម្ពាធ​ជាច្រើន​នៅ​ក្នុង​ការ​សិក្សា ឬ​ការងារ សម្ពាធ​ពី​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​សង្គម។ ប្រការ​នេះ ទាមទារ​ឲ្យ​ក្រុម​គ្រួសារ ស្ថាប័ន​រដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​យុវជន បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​អាច​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ។

អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា និង​ចិត្ត​វិទ្យា យល់​ឃើញ​ស្រប​គ្នា​ថា បញ្ហា​ចិត្តសាស្ត្រ​ជា​រឿង​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ចំពោះ​យុវជន ដោយសារ​ពួក​គេ​ងាយ​រងគ្រោះ​ពី​បញ្ហា​វិបត្តិ​ផ្លូវ​ចិត្ត​ជាង​មនុស្ស​ចាស់។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត មុនី សុត្ថារ៉ា គ្រូពេទ្យ​ឯកទេស​វិកល​វិទ្យា​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​ជា​ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត មាន​ប្រសាសន៍​ថា មូលហេតុ ៣​យ៉ាង​ដែល​នាំ​ឲ្យ​យុវជន​មាន​វិបត្តិ​ផ្លូវ​ចិត្ត គឺ​មូលហេតុ​ជីវសាស្ត្រ ចិត្តសាស្ត្រ និង​បញ្ហា​សង្គម៖ «រាល់​កត្តា​ទាំងឡាយ​ណា​ដែល​រារាំង​ដល់​ការ​លូតលាស់​ទៅ​រក​ឯករាជ្យ​ភាព នោះ​អាច​ជា​បញ្ហា​បង្ក​ឲ្យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​កើត​ឡើង។ បញ្ហា​ចិត្តសាស្ត្រ​វិញ គឺ​យុវជន​ត្រូវ​ការ​ការ​លូតលាស់ ត្រូវ​ការ​ការ​សម្រួច​មាំ​ទាំ​ខាង​ផ្លូវ​ចិត្ត។ យុវជន​រង​ឥទ្ធិពល​ពី​សង្គម។ បើ​សិន​ជា​សង្គម​បង្ក​លក្ខណៈ​ឲ្យ​យុវជន​បាន​ទទួល​តម្រូវ​ការ​របស់​ខ្លួន​បាន​ល្អ ដោយ​មិន​មាន​ការ​រារាំង ដូចជា​សេរីភាព​ក្នុង​ការ​ចេះ​ដឹង សេរីភាព​ទទួល​ព័ត៌មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​អ៊ីចឹង​ជាដើម គឺ​ជា​តម្រូវ​ការ​របស់​យុវជន​ដែល​ត្រូវ​ការ​ក្នុង​ការ​លូតលាស់»

លោក​វេជ្ជបណ្ឌិត មុនី សុត្ថារ៉ា បន្ត​ទៀត​ថា យុវជន​ដែល​ទទួល​បាន​ព័ត៌មាន​ច្រើន និង​បាន​ចូលរួម​សកម្មភាព​ក្នុង​កិច្ច​ការងារ​សង្គម មាន​កម្រិត​ជំងឺ​ផ្លូវ​ចិត្ត​តិច​ជាង​យុវជន​ដែល​មិន​សូវ​ចូលរួម​ក្នុង​ការងារ​សង្គម។

មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ស្ដីពី​ចំនួន​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត ក្នុង​ចំណោម​យុវជន​ទាំង​ជាង ៤​លាន​នាក់​នៅ​កម្ពុជា នៅ​ឡើយ​ទេ។

ស្ត្រេស (Stress) គឺ​ជា​អារម្មណ៍​ដែល​ប្រៀប​ដូចជា​មាន​អ្វី​មក​ដាក់​សម្ពាធ គាប​សង្កត់ ធ្វើ​ឲ្យ​លំបាក​ឈឺ​ចាប់ ខ្វល់ខ្វាយ កើត​ទុក្ខ ធ្វើ​អ្វី​ក៏​មិន​ត្រូវ ដោះស្រាយ​អ្វី​ក៏​មិន​ចេញ។

សៀវភៅ​ចិត្ត​វិទ្យា​វ័យ​ជំទង់​របស់​អ្នក​រៀបរៀង គឹម ចាន់ណា កត់ត្រា​ថា បញ្ហា​វិបត្តិ​ផ្លូវ​ចិត្ត​របស់​យុវជន​វ័យ​ជំទង់​មាន​ពីរ​យ៉ាង​សំខាន់ គឺ​ជំងឺ​ស្ត្រេស (Stress) និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត (Depression)។

ស្ត្រេស (Stress) គឺ​ជា​អារម្មណ៍​ដែល​ប្រៀប​ដូចជា​មាន​អ្វី​មក​ដាក់​សម្ពាធ គាប​សង្កត់ ធ្វើ​ឲ្យ​លំបាក​ឈឺ​ចាប់ ខ្វល់ខ្វាយ កើត​ទុក្ខ ធ្វើ​អ្វី​ក៏​មិន​ត្រូវ ដោះស្រាយ​អ្វី​ក៏​មិន​ចេញ។ យុវជន​វ័យ​ជំទង់ អាច​កើត​ជំងឺ​ស្ត្រេស​ទាំង​ក្នុង​អំឡុង​ពេល​សិក្សា និង​ទាំង​ការ​ចង់​បំពេញ​តាម​តម្រូវ​ការ​របស់​ខ្លួន ដែល​មាន​ទំនាស់​ទៅ​នឹង​ក្តី​រំពឹង​ទុក​របស់​ឪពុក​ម្ដាយ និង​អ្នក​នៅ​ជុំវិញ​ខ្លួន។ បញ្ហា​ទំនាស់​ជាមួយ​មិត្តភ័ក្ដិ ការ​ស្វែងរក​គូ​ស្នេហ៍ ការ​បែក​បាក់​គូ​ស្នេហ៍ ការ​រំខាន​ពី​ក្មេង​ទំនើង និង​ការ​រង​សម្ពាធ​ពី​ក្រុម​មិត្តភ័ក្ដិ ក៏​សុទ្ធតែ​ជា​មូលហេតុ​នៃ​ជំងឺ​ស្ត្រេស​នេះ​ដែរ។ ក្រៅ​ពី​នេះ ជំងឺ​ស្ត្រេស​កើត​ឡើង​នៅ​ពេល​មនុស្ស​វ័យ​ជំទង់ មាន​គំនិត និង​អារម្មណ៍​វិលវល់​ទៅ​រក​ផ្លូវ​អាក្រក់ ដូចជា​ការ​ស្រពាប់ស្រពោន ឯកោ ការ​ភ័យ​ខ្លាច ដែល​ជា​កត្តា​ផ្ទាល់​ខ្លួន។ រីឯ​កត្តា​ខាង​ក្រៅ មាន​ដូចជា ឪពុក​ម្ដាយ​លែង​លះ​គ្នា មនុស្ស​ជិតស្និទ្ធ​បាត់បង់​ជីវិត មាន​គ្រោះថ្នាក់ មាន​ជំងឺ​រ៉ាំរ៉ៃ ការ​ផ្លាស់ប្ដូរ​ផ្ទះ​សម្បែង ផ្លាស់ប្ដូរ​សាលា​រៀន ការ​ខំ​ប្រឹង​រៀន​ច្រើន​ពេក ឬ​មាន​កិច្ចការ​ច្រើន​ហួស​ប្រមាណ មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​រស់នៅ​ក្នុង​បរិយាកាស​ដែល​គ្មាន​សុវត្ថិភាព ជាដើម។

ដោយឡែក​ជំងឺ​បាក់​ទឹក​ចិត្ត (Depression) វិញ សៀវភៅ​ចិត្ត​វិទ្យា​វ័យ​ជំទង់ កត់ត្រា​ថា សំដៅ​ទៅ​ដល់​ការ​មាន​អារម្មណ៍​តក់ស្លុត ក្រៀមក្រំ មិន​ស្វាហាប់ មិន​រវៀសរវៃ គ្មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​កើត​ឡើង​ជា​ប្រចាំ​ក្នុង​រយៈពេល​មួយ​ដ៏​យូរ។ អាការៈ​យុវជន​វ័យ​ជំទង់​ដែល​មាន​ជំងឺ​បាក់​ទឹក​ចិត្ត គឺ​មាន​ភាព​ស្រពាប់​ស្រពោន​ខ្លាំង សរសេរ​អត្ថបទ​ពាក់ព័ន្ធ​នឹង​សេចក្តី​ស្លាប់ ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​ទាក់ទង​នឹង​ក្តី​វិនាស មើល​ទូរទស្សន៍​មិន​ឈប់​ព្រោះ​ដេក​មិន​លក់ ក្រោក​ទៅ​រៀន​មិន​ទាន់ ងោក​ទាំង​ថ្ងៃ គ្មាន​ថាមពល និង​គ្មាន​ចិត្ត​ចង់​ទៅ​រៀន ហើយ​ខាន​រៀន​ញឹកញាប់ គ្មាន​សមាធិ​ក្នុង​ការ​គិត​ទៅ​លើ​រឿង​អ្វី​មួយ គិត​យឺត រៀន​ខ្សោយ ឬ​ធុញ​ទ្រាន់​ច្រើន។

ជំងឺ​បាក់​ទឹក​ចិត្ត (Depression) វិញ សៀវភៅ​ចិត្ត​វិទ្យា​វ័យ​ជំទង់ កត់ត្រា​ថា សំដៅ​ទៅ​ដល់​ការ​មាន​អារម្មណ៍​តក់ស្លុត ក្រៀមក្រំ មិន​ស្វាហាប់ មិន​រវៀសរវៃ គ្មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​កើត​ឡើង​ជា​ប្រចាំ​ក្នុង​រយៈពេល​មួយ​ដ៏​យូរ។

សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក កៅ សុវណ្ណតារា កត់​សម្គាល់​ថា យុវជន​កម្ពុជា ភាគ​ច្រើន​មិន​បាន​យល់​ដឹង​ច្រើន​ទេ​អំពី​បញ្ហា​ផ្លូវ​ចិត្ត​នេះ ដោយសារ​ពួក​គេ​ឲ្យ​តម្លៃ​សុខភាព​ផ្លូវ​កាយ​ជាង ហើយ​ម្យ៉ាង​ទៀត គឺ​ដោយសារ​កង្វះ​ខាត​ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត៖ «ការ​យល់​ដឹង​ពី​បញ្ហា​ហ្នឹង គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​នៅ​កម្ពុជា យើង ដោយសារ​តែ​យើង​អត់​ទាន់​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ហើយ​គោល​នយោបាយ​ជាតិ​ខាង​សុខភាព​ផ្លូវ​ចិត្ត ថវិកា​ដែល​គាំទ្រ​មាន​ចំនួន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​សុខភាព​ផ្លូវ​កាយ»

លោក កៅ សុវណ្ណតារា មើល​ឃើញ​ថា វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​បញ្ចូល​មេរៀន​ស្តី​អំពី​សុខភាព​ផ្លូវ​ចិត្ត​ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ និង​បង្កើត​ឲ្យ​មាន​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​នៅ​តាម​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត៖ «រដ្ឋាភិបាល​គួរ​តែ​ដាក់​បញ្ចូល​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត ជាពិសេស​ឲ្យ​មាន​អ្នក​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​នៅ​តាម​មន្ទីរពេទ្យ និង​សាលា​រៀន។ នេះ​ហើយ​ជា​កត្តា​មួយ ដែល​ធ្វើ​ឲ្យ​គាត់​ចាប់​ផ្តើម​ផ្សព្វផ្សាយ។ ឧទាហរណ៍​នៅ​តាម​សាលា​រៀន មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង សុទ្ធតែ​ត្រូវ​ការ​អ្នក​ចិត្តសាស្ត្រ​ដើម្បី​ជួយ​ពួក​គាត់»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន អះអាង​ថា ក្រសួង​អប់រំ បាន​ដាក់​បញ្ចូល​ខ្លឹមសារ​ខ្លះ​ទាក់ទង​នឹង​មេរៀន​ចិត្ត​វិទ្យា និង​ទស្សនវិជ្ជា ចូល​ទៅ​ក្នុង​មុខវិជ្ជា​សិក្សា​សង្គម​សម្រាប់​សិស្ស​ថ្នាក់​បឋម​សិក្សា។ រីឯ​ថ្នាក់​មធ្យម​សិក្សា​វិញ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​មុខវិជ្ជា​សីលធម៌ និង​ពលរដ្ឋវិទ្យា។ ដោយឡែក​ចំពោះ​អ្នក​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​វិញ លោក រស់ សាលីន បញ្ជាក់​ថា នេះ​ជា​កិច្ចការ​របស់​ក្រុមប្រឹក្សា​កុមារ និង​យុវជន ដែល​មាន​នៅ​តាម​សាលា​នីមួយៗ៖ «អ្នក​ជំនាញ​នៅ​ក្នុង​សាលា​ក៏​មាន​ដែរ។ លោកគ្រូ​អ្នកគ្រូ​ដែល​គាត់​មាន​ជំនាញ​ខាង​ចិត្តវិទ្យា ទស្សនវិជ្ជា ដែល​ចេញ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​នានា​ហ្នឹង ក៏​អាច​ចូលរួម​ជួយ​បាន ហើយ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ហ្នឹង គឺ​គ្រូ​នៅ​ទីនោះ​មាន។ អ៊ីចឹង​ទេ អ្វី​ដែល​សំខាន់ គឺ​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កិច្ច​ទំនាក់ទំនង​ជាមួយ​គ្នា​ឲ្យ​មាន​ជា​ប្រចាំ ហើយ​ឲ្យ​មាន​ការ​ប្រឹងប្រែង និង​ការ​ចូលរួម»

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​នៅ​តែ​អះអាង​ថា ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ជាដើម ត្រូវ​បង្កើន​សកម្មភាព​របស់​ខ្លួន​ឲ្យ​បាន​ច្រើន និង​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​យុវជន​កម្ពុជា មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត សម្រាប់​ស្នង​អនាគត​ប្រទេស​ជាតិ​នៅ​ថ្ងៃ​មុខ។

សម្រាប់​អ្នក​ដែល​ចាប់​ផ្តើម​មាន​បញ្ហា​ផ្លូវ​ចិត្ត​វិញ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទៅ​ជួប​ប្រឹក្សា​យោបល់ ឬ​ទទួល​យក​ការ​ព្យាបាល​ពី​អ្នក​ចិត្តសាស្ត្រ ឬ​បើ​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ខាង​វិកល​វិទ្យា  ចៀសវាង​ការ​ទុក​បណ្តោយ​ឲ្យ​ជំងឺ​នៅ​រ៉ាំរ៉ៃ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល