យុវជន​កម្ពុជា​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​អត់​មាន​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​មហាវិទ្យាល័យ

ដោយ យ៉ង ចាន់តារា
2015-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​កំពុង​បំពេញ​ពាក្យ​ការងារ​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នា​សាល​ពិព័រណ៍​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
យុវជន​កំពុង​បំពេញ​ពាក្យ​ការងារ​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នា​សាល​ពិព័រណ៍​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara

កំណើន​សេដ្ឋកិច្ច​ជាង ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ បាន​បង្កើត​ការងារ​ជាច្រើន​សម្រាប់​ពលរដ្ឋ​កម្ពុជា នៅ​ក្នុង​វិស័យ​កសិកម្ម សេវាកម្ម និង​ឧស្សាហកម្ម។ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ឆ្នាំ​២០១៥ បង្ហាញ​ថា អត្រា​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​កម្ពុជា មាន​ចំនួន ២,៤​ភាគរយ ដែល​តួលេខ​នេះ​ហាក់​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។ យ៉ាង​ណា​មិញ យុវជន​ជាច្រើន​នៅ​តែ​មាន​ក្តី​ព្រួយ​បារម្ភ​ពី​បញ្ហា​អត់​ការងារ​ធ្វើ​ដដែល ជាពិសេស​និស្សិត​ថ្នាក់​ឧត្តម​សិក្សា​ដែល​បារម្ភ​ថា ពួក​គេ​អាច​នឹង​គ្មាន​ការងារ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។

យុវជន​មួយ​ចំនួន​លើក​ឡើង​ថា ក្តី​បារម្ភ​ធំ​បំផុត​របស់​ពួក​គេ​នៅ​ពេល​បច្ចុប្បន្ន គឺ​ភាព​អត់​ការងារ​ធ្វើ។ ក្តី​បារម្ភ​នេះ កើត​ឡើង​ចំពោះ​និស្សិត​កំពុង​សិក្សា និង​អ្នក​ដែល​បាន​បញ្ចប់​មហាវិទ្យាល័យ ព្រម​ទាំង​យុវជន​ដែល​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​វិទ្យាល័យ៖ «ខ្ញុំ​គិត​ថា ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា យើង គឺ​អត់​គ្រប់គ្រាន់​ទេ ពីព្រោះ​តាម​ដែល​ខ្ញុំ​មើល មិន​មែន​តែ​ផ្នែក​ខ្ញុំ​ទេ អ្នក​រៀន​មុខវិជ្ជា​ផ្សេងៗ​ទៀត រៀន​ចប់ គឺ​អត់​មាន​ការងារ​ធ្វើ។ អ៊ីចឹង​ហើយ​ក៏​ពួក​គេ​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ឬ​ក៏​ប្រទេស​ជិត​ខាង​អី​អ៊ីចឹង។ ឥឡូវ​នេះ ចំនួន​អ្នក​រៀន​សូត្រ​មាន គឺ​ច្រើន ចំណែក​ឯ​ការងារ​មាន​តិច។ ដូច​អ្វី​ដែល​យើង​មើល​ឃើញ​ជាក់ស្តែង​អ៊ីចឹង និស្សិត​ខ្លះ​គាត់​ព្យាយាម​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រ​ទេស​ទៅ​វិញ។ អ៊ីចឹង​បាន​ន័យ​ថា ការងារ​ក្នុង​ស្រុក​អត់​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​និស្សិត​ដែល​នៅ​ឡើយ។ ខ្លាច​ពេល​ដែល​យើង​រៀន​ចប់​ហើយ​អត់​មាន​ការងារ​ធ្វើ ព្រោះ​យើង​អត់​ដែល​ធ្វើ​ការ​សោះ យើង​អត់​មាន​បទពិសោធន៍ ខ្លាច​ដល់​ពេល​រៀន​ចប់ គឺ​ពិបាក»

របាយការណ៍​ស្រាវជ្រាវ​ថ្នាក់​ជាតិ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ បង្ហាញ​ថា ភាព​អត់​ការងារ​ធ្វើ ប្រាក់​ខែ​ទាប និង​កង្វះ​ខាត​ជំនាញ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ គឺ​ជា​បញ្ហា​អាទិភាព​សម្រាប់​យុវជន។

ចំណែក​ឯ​អង្គការ​សហប្រជាជាតិ ក៏​បាន​រក​ឃើញ​ដែរ​ថា ភាព​គ្មាន​ការងារ​ធ្វើ គឺ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​យុវជន​នៅ​កម្ពុជា។ របាយការណ៍​វិភាគ​ស្ថានភាព​យុវជន​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា ឆ្នាំ​២០០៩ បង្ហាញ​ថា កម្លាំង​ពលកម្ម​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់ ៣០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​និង​ឈាន​ដល់ ៤០​ម៉ឺន​នាក់​នៅ​ពេល​ខាង​មុខ ប៉ុន្តែ​ឧស្សាហកម្ម​កាត់​ដេរ ទេសចរណ៍ និង​សំណង់ ជាដើម មិន​ទាន់​បាន​កើន​ឡើង​គ្រប់គ្រាន់ ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ទាំង​នោះ​នៅ​ឡើយ។

ឆ្លើយ​តប​បញ្ហា​នេះ លោក គួច សុមៀន អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ដែល​ជា​ស្ថាប័ន​រដ្ឋ​បំពេញ​ភារកិច្ច​ក្នុង​ការ​ប្រមូល និង​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ បញ្ជាក់​ថា អត្រា​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​ព្រួយ​បារម្ភ គឺ​ជា​គុណភាព​នៃ​ការ​ធ្វើ​ការ​ទៅ​វិញ៖ «ភាព​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា យើង ប៉ុន្តែ​បើ​យើង​មើល​ពី​គុណភាព​ការងារ​វិញ ភាគ​ច្រើន​គាត់​ត្រូវ​បាន​គេ​ជួល​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​នៅ​ឡើយ​ទេ។ អ៊ីចឹង​ភាគ​ច្រើន​ដែល​យើង​ត្រូវ​ព្រួយ​បារម្ភ​ហ្នឹង គឺ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​ចេញ​ពី​វិស័យ​មិន​រៀបរយ ទៅ​វិស័យ​រៀបរយ​វិញ។ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​ឥឡូវ គាត់​ដាក់​ចេញ​ជា​គោល​នយោបាយ​ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ហើយ​ថ្មីៗ​នេះ គាត់​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ស្ដីពី​មុខ​របរ និង​ការងារ»

គោល​នយោបាយ​ជាតិ​ស្ដីពី​មុខ​របរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ របស់​ក្រសួង​ការងារ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្កើន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិត​ភាព​ការងារ​ខ្ពស់ លើក​កម្ពស់​ការ​អភិវឌ្ឍ​ជំនាញ និង​ធនធាន​មនុស្ស ព្រម​ទាំង​ពង្រឹង​អភិបាល​កិច្ច​ទីផ្សារ​ការងារ។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី វាយ​តម្លៃ​ថា គោល​នយោបាយ​នេះ​មិន​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ ដោយ​ផ្ដោត​តែ​ទៅ​លើ​វិស័យ​ឯកជន​ក្នុង​ការ​បង្កើត​ការងារ និង​ដោះស្រាយ​បញ្ហា​ការងារ​ជូន​ពលរដ្ឋ។ លោក កែម ឡី បន្ត​ថា គោល​នយោបាយ​នេះ គួរ​ដាក់​បន្ថែម​អំពី​ការ​បង្កើត​ឱកាស​ការងារ​ក្នុង​វិស័យ​សាធារណៈ និង​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​អនុវត្ត​ព្រម​គ្នា​ជាមួយ​ការ​បង្កើត​ឱកាស​ការងារ ការ​ពង្រឹង​គុណភាព​ការងារ ការ​ពង្រឹង​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ៖ «រៀន​ចប់​ឌីប្លូម​ថ្នាក់​ទី​៩ ឡើង​ថ្នាក់​ទី​១០ ត្រូវ​បែង​ចែក​ជា​បី​តែ​ម្តង។ ទី​មួយ អ្នក​ណា​ទៅ​រៀន​វិជ្ជាជីវៈ រៀន​វិជ្ជាជីវៈ​ទៅ។ អ្នក​ណា​រៀន​វិទ្យាសាស្ត្រ​សង្គម ទៅ​វិទ្យាសាស្ត្រ​សង្គម​ទៅ។ អ្នក​ណា​មក​រៀន​វិទ្យាសាស្ត្រ​ពិត រៀន​វិទ្យាសាស្ត្រ​ពិត​ទៅ។ ត្រូវ​ចែក​ជា​បី ហើយ​ប្រឡង​បាក់​ឌុប​ដូច​គ្នា។ ធ្វើ​របៀប​នេះ ក្មេងៗ​នឹង​រត់​មក​រក​វិជ្ជាជីវៈ នៅ​ពេល​នោះ​គាត់​មិន​ចាំបាច់​រៀន​ដល់ ៣​ឆ្នាំ​ទេ តែ​មួយ​ឆ្នាំ​គាត់​អាច​មាន​ការងារ​ធ្វើ​រួច​ស្រេច។ នៅ​ពេល​ដែល​គាត់​ប្រឡង​បាក់​ឌុប គាត់​មាន​ការងារ​ធ្វើ​សឹង​គ្រប់​គ្នា ពីព្រោះ​គាត់​រៀន​វិជ្ជាជីវៈ»

របាយ​ការណ៍​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ឆ្នាំ​២០១៤ បង្ហាញ​ថា វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ទាន់​បាន​ផលិត​ធនធាន​មនុស្ស​ដែល​មាន​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​កម្មករ​ជំនាញ​បាន​គ្រប់គ្រាន់​នៅ​ឡើយ។ និយោជក​មួយ​ចំនួន​ត្អូញត្អែរ ដោយ​ពួក​គេ​ពិបាក​ស្វែងរក​បុគ្គលិក​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ អាច​បំពេញ​មុខ​ងារ​បាន។

ជា​ឧទាហរណ៍ ប្រធាន​ផ្នែក​ប្រតិបត្តិ​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ស្មាត (Smart Axiata) លោក គី ដូណេ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​តែង​ជ្រើស​រើស​បុគ្គលិក​ជាង ១០០​នាក់​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​បេក្ខជន​ដែល​ដាក់​ពាក្យ​មក ហាក់​មិន​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ចំពោះ​ការងារ​នោះ​នៅ​ឡើយ៖ «គឺ​យើង​ត្រូវ​ការ​ភាសា​របស់​គាត់ ប៉ុន្តែ​ភាគ​ច្រើន​យើង​សង្កេត​ឃើញ​ភាសា​នៅ​មាន​ការ​ខ្វះខាត​ច្រើន។ គាត់​មិន​ទាន់​អាច​ប្រើ​ក្នុង​កម្រិត​មួយ​ដែល​យើង​អាច​ទទួល​យក​បាន និង​ចំណុច​មួយ​ទៀត ការ​តាំង​ចិត្ត​របស់​គាត់។ ពេល​ដែល​គាត់​តាំង​ចិត្ត​មក​ធ្វើ​ការ ជួនកាល​គាត់​ធ្វើ​បាន​មួយ​រយៈពេល​ខ្លី គាត់​មាន​ការ​ផ្លាស់ប្ដូរ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ។ នេះ​ជា​បទពិសោធន៍​មួយ​មិន​ល្អ ហើយ​ជា​ទម្លាប់​មួយ​មិន​ល្អ បញ្ជាក់​ពី​ការ​មិន​តាំង​ចិត្ត​ធ្វើ​ការងារ​របស់​គាត់។ អ៊ីចឹង​យើង​ក៏​អត់​អាច​ទទួល​យក​គាត់​បាន​ដែរ»

យុវជន និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ​នៅ​កម្ពុជា ភាគ​ច្រើន​ខ្វះ​ខាត​នូវ​ជំនាញ​ទន់ ដែល​ជា​ជំនាញ​ចាំបាច់​សម្រាប់​បំពេញ​មុខ​ងារ ដូចជា ជំនាញ​អនុវត្ត​ជាក់ស្តែង ភាសា​បរទេស ចំណេះ​ដឹង​ផ្នែក​ព័ត៌មានវិទ្យា ជំនាញ​ក្នុង​ការ​ទំនាក់ទំនង និង​ដោះស្រាយ​បញ្ហា ព្រម​ទាំង​ជំនាញ​រៀបចំ​យុទ្ធសាស្ត្រ ជាដើម។

ម្យ៉ាង​វិញ​ទៀត កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ ក៏​ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា បណ្ដាល​ឲ្យ​មាន​ភាព​មិន​ស៊ី​គ្នា​នៃ​អ្នក​ស្វែងរក និង​អ្នក​ផ្គត់ផ្គង់​ការងារ។ ជា​ឧទាហរណ៍ ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​កុំព្យូទ័រ វិស័យ​ផលិត​អាហារ និង​ភេសជ្ជៈ វិស័យ​ដឹក​ជញ្ជូន វិស័យ​ផលិត​កៅស៊ូ ​និង​ប្លាស្ទិក ព្រម​ទាំង​វិស័យ​សណ្ឋាគារ ជាដើម ដែល​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​ជំនាញ មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​សាធារណជន​នៅ​ឡើយ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក កែម ឡី ចង់​ឲ្យ​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ចំពោះ​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ៖ «ជា​រួម ត្រូវ​ធ្វើ​បដិវត្ត​កម្មវិធី​សិក្សា​ឲ្យ​ស្រប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ធ្វើ​ដូច​នេះ​ទើប​អាច​ជួយ​បាន។ តាំង​ពី​ថ្នាក់​បឋម​សិក្សា​ទៅ​ដល់​ថ្នាក់​សាកលវិទ្យាល័យ ត្រូវ​រៀបចំ​កម្មវិធី​សិក្សា​ថ្មី។ ផ្ទះ​ចាស់​ហើយ យើង​អត់​អាច​ប៉ះ ឬ​ត​សំយាប​ទៀត​ទេ ត្រូវ​បុក​គ្រឹះ​ឡើង​វិញ ហើយ​ឲ្យ​ទាន់​ទីផ្សារ​ការងារ។ នេះ​ទើប​អាច​ទៅ​រួច។ បើ​សិន​គ្រាន់​តែ​ធ្វើ​កំណែ​ទម្រង់​លេងៗ អត់​អាច​ស្រូប អត់​អាច​ធ្វើ​ឲ្យ​ស៊ី​គ្នា​រវាង​ការ​អប់រំ និង​ទីផ្សារ​ការងារ​បាន​ទេ។ ឧទាហរណ៍ យើង​មាន​រោងចក្រ​កាត់​ដេរ ៧ ទៅ ៨០០ តើ​យើង​មាន​សាកលវិទ្យាល័យ​ជួសជុល​ម៉ាស៊ីន​កាត់​ដេរ​ឬ​ទេ? យើង​នាំ​មក​ពី​ចិន ស្ទើរ​តែ​ទាំង​ស្រុង»

គោល​នយោបាយ​ជាតិ​ស្ដីពី​មុខ​របរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ របស់​ក្រសួង​ការងារ បញ្ជាក់​ថា កំណើន​ការងារ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​ស្រូប​យក​ដោយ​វិស័យ​កសិកម្ម និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ចំណែក​ឯ​កំណើន​សេដ្ឋកិច្ច​កម្ពុជា វិញ ឈរ​លើ​មូលដ្ឋាន​នៃ​វិស័យ​សំណង់ កសិកម្ម វាយនភណ្ឌ កាត់​ដេរ​សម្លៀកបំពាក់ ផលិត​ស្បែក​ជើង និង​ទេសចរណ៍។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​អន្តរជាតិ​ខាង​ការងារ រក​ឃើញ​ថា ប្រាក់​ខែ​សម្រាប់​កម្មករ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ដែល​រុញ​ច្រាន​យុវជន​កម្ពុជា ជាច្រើន ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ដែល​មាន​លក្ខខណ្ឌ​ការងារ​មិន​ល្អ និង​ទទួល​បាន​កម្រៃ​តិច មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ខែ ហើយ​កម្មករ​ក្នុង​វិស័យ​កសិកម្ម​វិញ កាន់​តែ​ទទួល​បាន​ការ​អប់រំ​តិច និង​មាន​ឱកាស​ស្តួចស្តើង ឬ​ក៏​គ្មាន​ឱកាស​តែ​ម្តង ដើម្បី​ទទួល​បាន​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ពួក​គេ​ជា​ញឹក តែង​ជួប​ប្រទះ​បញ្ហា​អសន្តិសុខ​ស្បៀង។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា នៅ​ចំពោះ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​មាន​ការ​ផ្លាស់ប្ដូរ វា​មិន​ត្រឹម​តែ​ចាំបាច់​សម្រាប់​កម្ពុជា ក្នុង​ការ​ស្រូប​យក​កម្លាំង​ពលកម្ម​ដែល​កំពុង​កើន​ឡើង​នោះ​ទេ តែ​វា​ក៏​ចាំបាច់​ក្នុង​ការ​បំពាក់​បំប៉ន​ប្រជាជន​វ័យ​ក្មេង​របស់​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល