ទស្សនៈ​យុវជន​មួយ​ចំនួន​​ជុំវិញ​រឿង​វប្បធម៌​នយោបាយ​ថ្មី

ដោយ ជុន ច័ន្ទបុត្រ
2019-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(រាប់​ពី​ខាង​ឆ្វេង) ទី១ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង (ទី​២) លោក គៀន ពន្លក អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា (ទី៣) លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (ទី៤) លោក ហេង គីមហុង និស្សិត​ផ្នែក​ច្បាប់។
(រាប់​ពី​ខាង​ឆ្វេង) ទី១ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង (ទី​២) លោក គៀន ពន្លក អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា (ទី៣) លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (ទី៤) លោក ហេង គីមហុង និស្សិត​ផ្នែក​ច្បាប់។
រូប៖ ហ្វេសប៊ុក

មួយ​រយៈពេល​ចុងក្រោយ​នេះ ​បញ្ញវន្ត​មួយ​ក្រុម​បាន​ផ្ដួចផ្ដើម​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​មួយ​នៅ កម្ពុជា។ វប្បធម៌​នយោបាយ​ថ្មី​នេះ គឺ​ដើម្បី​បន្សាប​វប្បធម៌​នយោបាយ​ចាស់​ដែល​មាន​លក្ខណៈ​មិន​ស្អាតស្អំ និង​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ។ ​វប្បធម៌​នយោបាយ​ថ្មី​នេះ នឹង​ផ្ដោត​អំពី​ការ​រក​ដំណោះស្រាយ​ ជាជាង​ការ​លើក​ឡើង​អំពី​បញ្ហា។ តើ​យុវជន​មាន​ទស្សនៈ​បែប​ណា​ដែរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ?

យុវជន​​បង្ហាញ​ការ​យល់​ឃើញ​ផ្សេងៗ គ្នា​ជុំវិញ​រឿង​វប្បធម៌​នយោបាយ​ថ្មី ដែល​ផ្ដួចផ្ដើម​គំនិត​ដោយ​ក្រុម​បញ្ញវន្ត​ និង​ថ្នាក់​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។ អ្នក​ខ្លះ​យល់​ថា នេះ​ជា​រឿង​ចាំបាច់ ខ្លះ​ថា ជា​រឿង​មិន​ចាំបាច់ និង​ខ្លះ​ទៀត​ថា ជារឿង​សំខាន់​ ប៉ុន្តែ​មិនមែន​ជា​អាទិភាព។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ ថ្លែង​ថា វប្បធម៌​នយោបាយ​ថ្មី​នេះ គឺ​ជា​គំរូ​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​ ក្នុង​ការ​រួម​គ្នា​​កសាង​ប្រទេស​ជាតិ។ កញ្ញា​គាំទ្រ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ ចំពោះ​វប្បធម៌​នយោបាយ​ថ្មី​នេះ ដើម្បី​លុប​បំបាត់​វប្បធម៌​នយោបាយ​ចាស់​ដែល​មាន​ការ​ប្រើ​ឧបាយកល​ទុច្ចរិត ដើម្បី​តែ​អំណាច។ ក៏​ប៉ុន្តែ​កញ្ញា​យល់​ថា ការ​សាប​ព្រួស​វប្បធម៌​នយោបាយ​ថ្មី​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ ពោល​គឺ​ត្រូវ​ចំណាយ​ពេល​យូរ និង​មាន​សកម្មជន​ច្រើន​ ហើយ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​លំបាក​មិន​តិច​ផង​ដែរ​។ កញ្ញា​បន្ថែម​ថា វប្បធម៌​នយោបាយ​ថ្មី​នេះ​អាច​កើត​មាន​ទៅ​បាន​ លុះត្រាតែ​មាន​ការ​បណ្ដុះ​ពលរដ្ឋ​ខ្មែរ ​ឱ្យ​មាន​គំនិត​បែប​ត្រិះរិះ​ពិចារណា​ និង​ការ​អប់រំ​មនុស្ស​ឱ្យ​មាន​សីលធម៌៖ «សព្វ​ថ្ងៃ​នេះ យុវជន​ខ្លួន​​ឯង​ដែល​គាត់​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​គំនិត​ថ្មី​ហ្នឹង ក៏​គាត់​កំពុង​តែ​ធ្វើ​សកម្មភាព​បែប​ហ្នឹង​ដូចគ្នា។​ អ៊ីចឹង​ទោះ​បី​ជា​វា​មាន​ផល​លំបាក​ ប៉ុន្តែ​ខ្ញុំ​គិត​ថា បើ​បញ្ញវន្ត​នីមួយៗ គាត់​មាន​គោលការណ៍​បែបនេះ​ទាំង​អស់​គ្នា ហើយ​យើង​ទៅ​ទាំង​អស់​គ្នា បណ្ដុះ​ ឬក៏​ធ្វើ​តាម​លទ្ធភាព​ដែល​យើង​មាន​ នោះ​ខ្ញុំ​គិត​ថា វា​អាច​ធ្វើ​ឱ្យ​សង្គម​យើង​ហ្នឹង​ឆាប់​ទទួល​បាន​នូវ​វប្បធម៌​ថ្មី»

អ្នក​ផ្ដួចផ្ដើម​គំនិត​ចង់​ឱ្យ​មាន​វប្បធម៌​នយោបាយ​ថ្មី និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ថ្លែង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ពេល​ថ្មីៗ នេះ​ថា វប្បធម៌​នយោបាយ​ថ្មី​នេះ​ឈរ​លើ​គោលការណ៍​សាមគ្គី​ជាតិ សុចរិត​ភាព ការ​អនុគ្រោះ ការ​ជជែក​គ្នា​លើ​គោល​នយោបាយ ការ​គោរព​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ លោក​បកស្រាយ​ថា ការ​បណ្ដុះ​វប្បធម៌​នយោបាយ​ថ្មី​នេះ គឺ​ជា​រឿង​ចាំបាច់ ដើម្បី​បំបាត់​វប្បធម៌​នយោបាយ​ចាស់ ដែល​កំពុង​បង្ក​មហន្តរាយ​ដល់​ប្រទេស​ជាតិ៖ «យើង​ឃើញ​ថា មាន​ការ​ចោទ​ប្រកាន់​ មួល​បង្កាច់ ហើយ​ប្រើ​ភាសា​ធ្ងន់ៗ ដូចជា ពាក្យ​ថា​ក្បត់​ជាតិ​ជា​ដើម។ ការ​ប្រើ​សម្ដី​បង្ក​ឱ្យ​មាន​ការ​ស្អប់​ បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ហើយ​ក៏​មាន​ការ​លាប​ពណ៌ ឬក៏​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ហ្នឹង​ រីក​ដុះដាល។ ការ​ជេរប្រមាថ​ ការ​ប្រើ​ភាសា​អសុរោះ ធ្វើ​ឱ្យ​មាន​ជន​រងគ្រោះ​ដោយ​សារ​តែ​បញ្ហា​នេះ​ជាច្រើន»

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​រូប​នេះ​អះអាង​ថា ពួក​លោក​នឹង​មិន​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​សាប​ព្រួស​វប្បធម៌​នយោបាយ​ថ្មី​ឡើយ ហើយ​ក៏​មិន​បង្កើត​ខ្លឹម​សារ​​នេះ​ដោយ​ខ្លួន​ឯង​ដែរ។ លោក​បញ្ជាក់​ថា ពួក​លោក​នឹង​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ទូទាំង​ប្រទេស​​​​ ដើម្បី​ទទួល​យក​មតិ និង​ការ​ចង់​បាន​របស់​ពលរដ្ឋ​អំពី​វប្បធម៌​នយោបាយ​ថ្មី​នេះ។ លោក​មាន​ជំនឿ​ថា ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​នឹង​ចូលរួម​ក្នុង​វប្បធម៌​នយោបាយ​ថ្មី ដែល​នឹង​លេចចេញ​ជា​សកម្មភាព​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ៖ «យើង​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ទូទាំង​ប្រទេស​ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់ ឱ្យ​មាន​ការ​ជួប​ប្រជុំ​ ឱ្យ​មាន​ការ​ធ្វើ​វេទិកា​ផ្សេងៗ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​ថា គាត់​ចង់​បាន​អី​ដែល​ជា​វប្បធម៌​នយោបាយ​​ថ្មី ចំណុច​អី​ខ្លះ​ដែល​គាត់​ចង់​យក​មក​ជំនួស​វប្បធម៌​បច្ចុប្បន្ន​ ហើយ​អាទិភាព​អី​ខ្លះ​ដែល​ជា​បញ្ហា​ជាតិ ដែល​គាត់​ចង់​ឃើញ​មាន​ដំណោះស្រាយ»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ព្រាប កុល និស្សិត​ផ្នែក​នីតិសាស្ត្រ​មួយ​រូប​ លោក ហេង គីមហុង យល់​ឃើញ​ថា ការ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​នេះ មិន​មែន​ជា​រឿង​ចាំបាច់​សម្រាប់​ពលរដ្ឋ​កម្ពុជា​នោះ​ឡើយ។ លោក​មើល​ឃើញ​ថា គោល​គំនិត​នៃ​វប្បធម៌​នយោបាយ​ថ្មី​​នេះ គឺ​ស្រប​ទៅ​នឹង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ទៅ​ហើយ។ លោក​បន្ត​ថា វប្បធម៌​នយោបាយ​ថ្មី​នេះ នឹង​មិន​អាច​​ដំណើរ​ការ​ទៅ​មុខ​បាន​​ឡើយ បើ​ក្រុម​អ្នក​កាន់​អំណាច​គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​តាម​គោលការណ៍​​ប្រជាធិបតេយ្យ​ទេ​នោះ។ លោក​បន្ថែម​ទៀត​ថា គម្រោង​របស់​ក្រុម​បញ្ញវន្ត​នេះ មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ ព្រោះ​កន្លងមក​ក៏​ធ្លាប់​មាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ខ្លះ​ បាន​សាក​ល្បង​ធ្វើ​រឿង​នេះ​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ដោយ​សារ​ក្រុម​អ្នក​​​កាន់​អំណាច​យល់​ឃើញ​ផ្សេង​ពី​នេះ​បាត់​ទៅ​ហើយ៖ «អ្វី​ដែល​ចង់​ឱ្យ​មានការ​ជួប​ជុំ​ ចង់​ឱ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​អី​ជា​ដើម​ហ្នឹង នោះ​ហើយ​ជា​សិទ្ធិពលរដ្ឋ​។ សិទ្ធិពលរដ្ឋ​ គឺ​ជា​សិទ្ធិ​មួយ​នៃ​ចំណែក​យ៉ាង​ចាំបាច់​របស់​លទ្ធិ​ប្រជាធិបតេយ្យ។ បើ​នៅ​ក្នុង​សង្គម​មួយ​ដែល​អ្នក​នយោបាយ​គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ផង ទោះបី​ជា​ពួក​គាត់​ទៅ​ធ្វើ​ ក៏​មិន​មាន​ប្រយោជន៍​អី​ដែរ ព្រោះ​អី​ យើង​ឃើញ​ថា អ្នក​នយោបាយ​កាន់​អំណាច​​បច្ចុប្បន្ន​ បើ​យើង​និយាយ​អ្វី​ទាំងអស់​ហ្នឹង គឺ​ពួក​គាត់​និយាយ​ថា ពួក​គាត់​កំពុង​តែ​ធ្វើ​ហើយ។ ប៉ុន្តែ ខ្ញុំ​គាំទ្រ​ បើ​គាត់​ចាត់​ទុក​សកម្មភាព​របស់​ពួកគាត់​ជា​ចំណែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​មាន​ភាព​សកម្ម​នៅ​ក្នុង​សង្គម​វិញ។"​

គំនិត​ផ្ដួច​ផ្ដើម​ស្ដីពី​វប្បធម៌​នយោបាយ​ថ្មី​នេះ ត្រូវ​បាន​លើក​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ មិន​ទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ​ទេ។ មក​ដល់​ពេល​នេះ ​របប​ក្រុង​ភ្នំពេញ​មិន​ទាន់បាន​​បង្ហាញ​ពី​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​ស្ថាន​ការណ៍​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នោះ​ឡើយ បើ​ទោះ​បី​ជា​របប​នេះ​បាន​ក្រសោប​យក​អំណាច​រដ្ឋ​ទាំង​អស់​មក​កាន់​កាប់​ផ្ដាច់​មុខ​តែម្នាក់​ឯង​រួច​ហើយ​ក៏​ដោយ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​គំនិត​ផ្តួ​ច​ផ្ដើម​ស្ដីពី​វប្បធម៌​នយោបាយ​ថ្មី​នេះ ក៏​ប៉ុន្តែ​លោក​យល់​ថា រឿង​អាទិភាព​ដែល​ក្រុម​បញ្ញវន្ត​គួរ​ធ្វើ​នៅ​ពេល​នេះ គឺ​​ជួយ​ជំរុញ​យ៉ាងណា​ឱ្យ​គណបក្ស​កាន់​អំណាច​វិល​មក​រក​តុ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​វិញ។ លោក​បន្ត​ថា ការ​បណ្ដុះ​វប្បធម៌​នយោបាយ​ថ្មី​ អាច​​ធ្វើ​ទៅ​​បាន​ ទាល់​តែ​មាន​ដំណោះស្រាយ​នយោបាយ​ជា​មុន​សិន បើ​ពុំ​ដូច្នេះ​ទេ​គំនិត​ផ្ដួច​ផ្ដើម​នេះ នឹង​មិន​អាច​ដំណើរ​ការបាន​ឡើយ​ នៅ​ក្នុង​បរិបទ​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នា​ពេល​បច្ចុប្បន្ន៖ «បើ​កើត​ឡើង​នៅ​ពេល​ឥលូវ​នេះ ខ្ញុំ​គិត​ថា មិន​អាច​ទៅ​រួច​ទេ ព្រោះ​ឥលូវ​នេះ​ប្រទេស​កម្ពុជា​កំពុង​តែ​បិទ​សិទ្ធិ​សេរីភាព​ ការ​បញ្ចេញ​មតិ ការ​ជួប​ជុំ​គ្នា។ យើង​ឃើញ​ស្រាប់​ហើយ គ្រាន់​តែ​ជួបជុំ​គ្នា​ហូប​នំបញ្ចុក​ ក៏​មាន​​តុលាការ​កោះ​ហៅ​រហូត​ដល់ ១៤៧នាក់​ដែរ អ៊ីចឹង​ហើយ​ទម្រាំ​ចុះ​ទៅដល់​មូលដ្ឋាន​ទៀត។ ​សួរ​ថា​តើ​នៅ​ពេល​ហ្នឹង​ អាជ្ញាធរ​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ យល់​ព្រម​ឱ្យ​ប្រមូល​យុវជន​ទាំង​អស់​ហ្នឹង​ទេ ទាំងពីរ​ចរន្ត​នយោបាយ​យ​ហ្នឹង? អ៊ីចឹង​ហើយ​បើ​បង្កើត​​មុន​ដំណោះស្រាយ​នយោបាយ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​បរាជ័យ»

យុវជន​រូប​នេះ​​បន្ថែម​ថា វប្បធម៌​នយោបាយ​ថ្មី​នេះ គួរ​តែ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​វប្បធម៌​សន្ទនាកាល​ពីមុន ហើយ​និង​ដាក់​បញ្ចូល​​នៅ​ក្នុង​របៀប​វារៈ​នៃ​ការ​ជជែក​រក​ដំណោះស្រាយ​រវាង​គណបក្ស​ទាំងពីរ​នៅ​ពេល​ខាង​មុខ។ ក្រៅ​ពី​នេះ លោក​ស្នើ​ឱ្យ​ក្រុម​បញ្ញវន្ត​កុំ​យក​ពាក្យ "វប្បធម៌​នយោបាយ​ថ្មី” ទៅ​បង្កើត​ជា​​គណបក្ស​នយោបាយ​មួយ​ទៀត​ឱ្យ​សោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល