មេធាវី​ជន​ជាតិ​ដើម​ភាគតិច លោក លូត សាំង តាំងចិត្ត​​ជួយ​សហគមន៍​​រងគ្រោះ

ដោយ វ៉ែន សុមេធ
2020-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក លូត សាំង ធ្វើ​សច្ចាប្រណិធាន​ជា​មេធាវី​ពេញ​សិទ្ធិ នៅ​ថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០២០។
លោក លូត សាំង ធ្វើ​សច្ចាប្រណិធាន​ជា​មេធាវី​ពេញ​សិទ្ធិ នៅ​ថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០២០។
រូបថត​ដោយ លោក លូត សាំង

សកម្មជន​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​​ជន​ជាតិ​ដើម​​ភាគតិច​មួយ​រូប បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​មេធាវី​ពេញ​សិទ្ធិ នៅ​ពេល​ថ្មីៗនេះ ក្រោយ​​ប្រឹង​ប្រែង​អស់​រយៈពេល​ជិត ១០ឆ្នាំ។ យុវជន​រូប​នោះ តាំង​ចិត្ត​ថា លោក​នឹង​ប្រើ​វិជ្ជាជីវៈ​មេធាវី​នេះ​ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ពិសេស​ជន​ជាតិ​ដើម​ភាគតិច ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​​អំណាច។

ស្ថិត​ក្នុង​វ័យ ៣៣ឆ្នាំ លោក លូត សាំង បាន​ក្លាយ​ជា​មេធាវី​ដំបូង​គេ​នៅ​កម្ពុជា ​ដែល​មាន​ឈាម​ជ័រ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ។ លោក​បាន​ធ្វើ​សច្ចាប្រណិធាន​ជា​មេធាវី​ពេញ​សិទ្ធិ​នៅ​​ថ្ងៃ​ទី៧ ឧសភា ជាមួយ​មេធាវី​មួយ​ចំនួន​​ទៀត​ ក្នុង​នោះ​ក៏​រួម​មាន​ទាំង អ្នក​ស្រី យុន ម៉ាណេ ដែល​ជា​ជន​ជាតិ​ដើម​ភាគតិច​ព្នង​ មកពី​ខេត្ត​មណ្ឌលគិរី​ផង​ដែរ។

លោក លូត សាំង រៀប​រាប់​ថា មូល​ហេតុ​ដែល​ជំរុញ​ឱ្យ​លោក​ឈោង​ចាប់​យក​វិជ្ជាជីវៈ​មេធាវី​នេះ ពីព្រោះ​លោក​មើល​ឃើញ​ថា ពលរដ្ឋ​ក្រីក្រ ជាពិសេស​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច ច្រើនតែ​​ជួប​ប្រទះ​​ភាព​អយុត្តិធម៌​នៅ​ពេល​តតាំង​ក្តី​នៅ​តុលាការ ហើយ​ពួក​គាត់​ភាគ​ច្រើន​មាន​ចំណេះដឹង​ទាប​ផ្នែក​ច្បាប់៖ «បង​ប្អូន​ជន​ជាតិ​ដើម​ភាគតិច គាត់​រង​គ្រោះ​ជាង​គេ ហើយ​អត់​សូវ​មាន​អ្នក​រៀន​បាន​ដិត​ដល់​ខ្ពស់​ខ្ពស់​ទេ អ៊ីចឹង​ការ​សម្រេច​ចិត្ត​របស់ខ្ញុំ​ហ្នឹង គឺ​ខ្ញុំ​ធ្វើ​ម៉េច​បន្ត​ការ​សិក្សា​ផ្នែក​ច្បាប់។ អ៊ីចឹង​នៅ​ពេល​ថ្ងៃ​ណាមួយ យើង​នឹង​មាន​ឱកាស​ដូច​ករណី​ជាក់​ស្ដែង ដូច​ប្រឡង​ ដូច​អ្វី​ជាដើម គឺ​យើង​បាន​ដាក់​ពាក្យ​ ដាក់​អ្វី​ជាមួយ​នឹង​គេ​ទៅ គឺ​យើង​បាន​ជាប់​ជាក់​ស្ដែង​មែន»

លោក លូត សាំង មាន​ស្រុក​កំណើត នៅ​ភូមិ​ស្រែព្រាង ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ ខេត្ត​ព្រះវិហារ ទី​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​កួយ និង​ក្រុមហ៊ុន​ស្ករស​របស់​ចិន។ លោក​ជា​កូន​ទី៣ ក្នុង​ចំណោម​បងប្អូន​សរុប ៦នាក់ នៃ​ត្រកូល​កសិករ​ជន​ជាតិ​កួយ។ លោក​រៀន​ចប់​ថ្នាក់​​វិទ្យាល័យ​នៅ​ឆ្នាំ២០០៨ រួច​ក៏​ឡើង​មក​ខេត្ត​សៀម​រាប​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ប៉ុន្តែ​រៀន​បាន​តែ​កន្លះ​ឆ្នាំ លោក​ក៏​សម្រេច​ចិត្ត​ផ្អាក​ការ​សិក្សា និង​វេច​បង្វេច​ទៅ​​ស្រុក​​វិញ ព្រោះ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ រត់​មិន​រួច។

ទោះ​ជា​យ៉ាងណា ដោយ​ស្រឡាញ់​ការងារ​សង្គម​ លោក​បាន​ចូល​ធ្វើ​ការ​ជា​អ្នក​ស្ម័គ្រចិត្ត​ឱ្យ​អង្គការ​ពន្លក​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ ចាប់​ពី​​ឆ្នាំ២០០៩ រហូត​ដល់​ឆ្នាំ២០១១ រួច​ក៏បាន​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ក្នុង​អង្គការ​នេះ មក​ទល់​នឹង​​ឆ្នាំ២០១៨។ ដោយសារ​តែ​មាន​ការ​ងារ​ជាប់​លាប់​ជា​មន្ត្រី​អង្គការ​​សង្គម​ស៊ីវិល​នេះ​ហើយ ទើប​លោក​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​​​តាម​ក្ដី​បំណង។ លោក​បាន​បំពេញការងារ​ជា​មន្ត្រី​សម្របសម្រួល​សហគមន៍​នៅ​អង្គការ​ពន្លក​ខ្មែរ ចាប់​ពី​ថ្ងៃច័ន្ទ ដល់​ថ្ងៃសុក្រ ហើយ​បាន​ឆ្លៀត​ពេល​ថ្ងៃសៅរ៍-អាទិត្យ ដើម្បី​ឡើង​មក​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់​ធំ រហូត​ដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ នៅ​ឆ្នាំ២០១៦។

នៅមុន​ពេល​ធ្វើការ​ជា​អ្នក​ការពារ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច លោក លូត សាំង ​មិន​បាន​ប៉ង​ធ្វើ​ជា​មេធាវី​នោះ​ទេ ប៉ុន្តែ​អ្វីៗ បាន​ប្រែប្រួល​នៅ​ពេល​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ឃុំ​ប្រមេរ និង​ក្រុមហ៊ុន​ស្ករស​ ហេងហ្វូ (Hengfu) របស់​ចិន បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ២០១១ និង​អូស​បន្លាយ​រហូត​ដល់​បច្ចុប្បន្ន។ លោក​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​​បាន​បាត់បង់​ដីធ្លី ដែល​ធ្លាប់​បង្កបង្កើន​ផល​តាំង​ពី​ដូន​តា បាត់​បង់​ព្រៃឈើ​ដែល​ជា​ធ្លាប់​អាស្រ័យ​ផល ហើយ​រង​ការ​ប្ដឹង​ផ្ដល់​ពី​ក្រុមហ៊ុន​ថែម​ទៀត សូម្បី​តែ​រូបលោក​ផ្ទាល់​ក៏​ជាប់​ក្នុង​បណ្ដឹង​នោះ​ដែរ។ ទើបតែ​ថ្មីៗ នេះ​ទេ ដែល​តុលាការ​ខេត្ត​ព្រះវិហារ​ទម្លាក់​បទ​ចោទ​លើ​រូបលោក និង​មនុស្ស​មួយ​ចំនួន​ទៀត។

យុវជន​ជន​ជាតិ​ដើម​ភាគតិច​កួយ​រូប​នេះ ប្ដេជ្ញា​ថា លោក​នឹង​ជួយ​ការពារ​ក្ដី​ឱ្យ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច៖ «អ្នក​មាន​លុយ​ទទួល​បាន (យុត្តិធម៌) ពេញលេញ​ទៅ គ្នា​អ្នក​ក្រ​ពេល​កាត់​ក្តីមួយ​ចំនួន​ហ្នឹង ធ្វើ​ឱ្យ​គាត់​ចាញ់​ អត់​មាន​ដំណោះស្រាយ​ជាក់ស្ដែង។ ខ្ញុំ​គិត​ថា ពេល​ខ្ញុំ​ជាប់​ជា​មេធាវី​ ខ្ញុំ​បាន​ជួយ​ពួក​គាត់​ទាក់ទង​នឹង​ការ​ការ​ពារ​ក្ដី​មួយ​ចំនួន នៅ​តាម​សហគមន៍​មូលដ្ឋាន ដោយសារ​យើង​បាន​យល់​ដឹង​ពី​ច្បាប់»

ទីប្រឹក្សា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ លោកស្រី នួន ម៉ុន មាន​ប្រសាសន៍​ថា លោកស្រី និង​អ្នក​ភូមិ​ដទៃ​ទៀត មាន​អារម្មណ៍​ត្រេក​អរ​នៅ​ពេល​ដឹង​ថា លោក លូត សាំង បាន​ជាប់​ជា​មេធាវី។ លោក​ស្រី​ថា ជាច្រើន​ឆ្នាំ​មក​នេះ យុវជន​រូប​នេះ​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​អប់រំ​ពលរដ្ឋ​ឃុំ​ប្រមេរ និង​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​យក​ដីធ្លី។ លោក​ស្រី​ថា ភាព​ជោគជ័យ​របស់​ លូត សាំង ក៏​ជា​ការ​បំផុស​ឱ្យ​កូន​ចៅ​របស់​អ្នក​ភូមិ ប្រឹង​ប្រែង​រៀន​សូត្រ​បន្ថែម​ទៀត ដើម្បី​ត្រឡប់​មក​ជួយ​ភូមិ​កំណើត​វិញ៖ «បង​ប្អូន​កូនចៅ​នៅ​ក្នុង​ឃុំ​ប្រមេរ​ជន​ជាតិ​ដើម​​ភាគតិច ក៏​បាន​ទៅ​រៀន​នៅ​ភ្នំពេញ រៀន​បាន​ខ្ពង់ខ្ពស់​ដែរ ដូច្នេះ​ខ្ញុំ​ក៏​អាច​នឹង​រំពឹង​ចំពោះ លូត សាំង ដែល​គាត់​បានជា​​ធ្វើ​មេធាវី បាន​ធ្វើច្បាប់​ការពារ​ស្រុក​ភូមិ​របស់​ខ្លួន»

លោកស្រី នួន ម៉ុន (ឆ្វេង) ទីប្រឹក្សា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ និង​លោក លូត សាំង ធ្វើ​សច្ចាប្រណិធាន​ជា​មេធាវី​ពេញ​សិទ្ធិ នៅ​ថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០២០។ រូបថត​ដោយ លោក លូត សាំង
លោកស្រី នួន ម៉ុន (ឆ្វេង) ទីប្រឹក្សា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ និង​លោក លូត សាំង ធ្វើ​សច្ចាប្រណិធាន​ជា​មេធាវី​ពេញ​សិទ្ធិ នៅ​ថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០២០។ រូបថត​ដោយ លោក លូត សាំង

ស្រដៀង​គ្នា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​​ខ្មែរ លោក ប៉ឹក សោភ័ណ ឱ្យ​ដឹង​ថា អង្គការ​របស់​លោក​មាន​មោទនភាព​ជា​ខ្លាំង​​ដែល​អតីត​បុគ្គលិក​រូប​នេះ បាន​​​ជម្នះ​ការ​លំបាក​ជាច្រើន​ដើម្បី​សម្រេច​គោល​ដៅ​ក្លាយ​ជា​មេធាវី។ លោក​ថា លោក លូត សាំង ជា​បុគ្គល​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​ជួយ​សង្គម​​ និង​​ថាមពល​ធ្វើ​ការងារ​មិន​ខ្លាច​នឿយ​ហត់ ទោះ​ជា​នៅ​ទីណា​ក៏​ដោយ។ លោក​រំពឹង​ថា អតីត​សហការី​របស់​លោក​រូប​នេះ​នឹង​ក្លាយ​​ជា​ដៃគូ​ជាមួយ​អង្គការ​ពន្លក​ខ្មែរ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដើម្បី​ជួយ​​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន៖ «យើង​មាន​មោទនភាព​ខ្លាំង​មែន​ទែន ហើយ​ក៏​បាន​ជា​ដៃគូ​ទៅ​ថ្ងៃ​អនាគត ដើម្បី​ធ្វើ​ការ​គាំទ្រ​ និង​លើក​កម្ពស់​សិទ្ធិ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ និង​​សហគមន៍​ផ្សេងៗ​ទៀត»

អតីត​អ្នក​ការពារ​សិទ្ធិជន​ជាតិ​ដើម​ភាគតិច លោក លូត សាំង ឱ្យ​ដឹង​ថា ថ្វី​ដ្បិត​តែ​លោក​​បាន​ជាប់​ជា​មេធាវី​ហើយ​ក៏​ដោយ ក៏​ដំណាក់​កាល​នេះ លោក​មិន​ទាន់​អាច​កាន់​សំណុំ​រឿង​បាន​នៅឡើយ ព្រោះ​ត្រូវ​ធ្វើ​កម្មសិក្សា​រយៈពេល ១ឆ្នាំ​សិន ដើម្បី​​ដឹង​ពី​នីតិវិធី​បែបបទ និង​បច្ចេកទេស​របស់​មេធាវី។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ក្រោយ​ចប់​កម្មសិក្សា លោក​នឹង​ទៅ​​បំពេញ​វិជ្ជាជីវៈ​ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ ដែល​ជា​ស្រុក​កំណើត​របស់​លោក៖ «ខ្ញុំ​នឹង​ចុះ​ទៅ​ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ។ យើង​ធ្វើ​ពីរ ទាក់ទង​នឹង​រឿង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី។ យើង​ជួយ​ដល់​សហគមន៍​នៅ​មូលដ្ឋាន​តែ​ម្តង ដែល​គាត់​ងាយ​រង​គ្រោះ»

លោក លូត សាំង ជំរុញ​ឱ្យ​យុវជន​ទូទៅ ពិសេស​កូន​ចៅ​ជន​ជាតិ​ដើម​ភាគតិច ឱ្យ​ប្រឹង​ប្រែង​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​ក្លាយ​ជា​បញ្ញវន្ត​ អាច​ជួយ​ដល់​សហគមន៍​របស់​ខ្លួន​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល