ក្រសួង​អប់រំ​លើក​ទឹក​ចិត្ត​បេក្ខជន​ប្រឡង​បាក់​ឌុប​ត្រូវ​មាន​ក្តី​សង្ឃឹម​ចំពោះ​កិច្ចការ​របស់​ខ្លួន

ដោយ យ៉ង ចាន់តារា
2015-09-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខជន​បេក្ខនារី​ចេញ​ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​សន្ធរ​មុខ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
បេក្ខជន​បេក្ខនារី​ចេញ​ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​សន្ធរ​មុខ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Sireymuny

លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០១៤-២០១៥ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ត្រឹម​ពាក់​កណ្ដាល​ខែ​កញ្ញា នេះ។ ក្រៅ​ពី​មាន​សុទិដ្ឋិនិយម​ថា បេក្ខជន​ជាច្រើន​នឹង​ជាប់​ការ​ប្រឡង ក្រសួង​ក៏​បាន​ស្នើ​ដល់​បេក្ខជន​ទាំងអស់​ឲ្យ​រៀបចំ​ផែនការ​ផ្ទាល់​ខ្លួន ដើម្បី​អនាគត​ពួក​គេ​ដែរ។ តើ​បេក្ខជន​មាន​ជម្រើស​បែប​ណា​នៅ​ពេល​ពួក​គេ​ជាប់ ឬ​ធ្លាក់​ការ​ប្រឡង​លើក​នេះ?

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប បាន​កន្លង​ផុត​ទៅ​ជាង ១០​ថ្ងៃ​មក​ហើយ។ ការ​ប្រឡង​នៅ​ឆ្នាំ​២០១៥ នេះ មាន​បេក្ខជន​អវត្តមាន ១.៥៨៩​នាក់​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​សរុប​ជាង ៨​ម៉ឺន​នាក់ (៨៤.៩៣០​នាក់)។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចប់​ដំណើរ​ការ​កែ​វិញ្ញាសា​រួច​ហើយ និង​បាន​បន្ត​នីតិវិធី​បូក​ស្រង់ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​ប្រឡង​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៣ កញ្ញា។ ដោយសារ​តែ​ការ​ប្រឡង​នៅ​ឆ្នាំ​នេះ​កំណត់​ថា ២៣៧​ពិន្ទុ​ជា​ពិន្ទុ​ជាប់​អប្បបរមា បេក្ខជន​ជាច្រើន​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ការ​រំពឹង​ទុក។ តាំង​ពី​ប្រឡង​រួច​មក មាន​បេក្ខជន​ខ្លះ​កំពុង​សិក្សា​បន្ថែម​ដើម្បី​ប្រឡង​ចូល​មហាវិទ្យាល័យ ខ្លះ​កំពុង​តាមដាន​ព័ត៌មាន​នៃ​ការ​សិក្សា និង​អាហារូបករណ៍ ខណៈ​ដែល​បេក្ខជន​មួយ​ចំនួន​ទៀត កំពុង​សម្រាក​លំហែ​កាយ​រង់ចាំ​លទ្ធផល៖ «ពេល​ប្រឡង​ហើយ មាន​អារម្មណ៍​ថា​ធូរ​ស្បើយ​ជាង​មុន ដោយសារ​ថា​យើង​បាន​ឆ្លង​កាត់​ការ​ប្រឡង​ហើយ។ ម្យ៉ាង​វិញ​ទៀត ឥឡូវ​កំពុង​តែ​មើល​សាលា​រៀន ហើយ​និង​ត្រៀម​ប្រឡង​ចូល​នៅ ឌី.អឹម.ស៊ី (DMC)។ ខ្ញុំ​ចង់​រៀន​បន្ថែម ព្រោះ​ខ្ញុំ​ចង់​រៀន ឌី.អឹម.ស៊ី ដល់​ពេល​ចឹង​ខ្ញុំ​ត្រូវ​រៀន​បន្ថែម​ខ្លួន​ឯង។ ខ្ញុំ​ឥឡូវ​កំពុង​តែ​រៀន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ហើយ​ដើរ​មើល​ក្នុង​វែបសាយ (Website) រក​មើល​អាហារូបករណ៍​ដូចជា​គេ​បង្ហោះ​មក​តាម​ហ្វេសប៊ុក​អី​អ៊ីចឹង»

បើ​ទុក​ជា​បេក្ខជន​ខ្លះ​ហាក់​មាន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធផល​របស់​ខ្លួន​ក៏ដោយ ក៏​មាន​អ្នក​ខ្លះ​ទៀត​បង្ហាញ​ក្តី​អស់​សង្ឃឹម​នឹង​កិច្ចការ​របស់​ខ្លួន​ដែរ។ តាម​រយៈ​សន្លឹក​កិច្ចការ​ដែល​ឆ្លើយ​មិន​អស់​សំណួរ និង​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​ចម្លើយ​របស់​ខ្លួន ញ៉ាំង​ឲ្យ​បេក្ខជន​ខ្លះ​ដើរ​ចេញ​ពី​បន្ទប់​ប្រឡង​ដោយ​ទឹក​មុខ​ក្រៀមក្រំ។

ក្រសួង​អប់រំ នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ចំណែក​បណ្ដា​ខេត្ត​ផ្សេងៗ​វិញ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​បន្ទាប់។ បើ​សិន​ជា​បេក្ខជន​ខកខាន​មិន​បាន​ទៅ​មើល​លទ្ធផល​របស់​ខ្លួន​នៅ​មណ្ឌល​ប្រឡង ពួក​គេ​អាច​ចូល​ទៅ​កាន់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ ដើម្បី​ដឹង​លទ្ធផល។

នៅ​ក្នុង​អន្តរកាល​នៃ​ការ​ប្រកាស​លទ្ធផល​នេះ ក្រសួង​អប់រំ បាន​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​ទាំងអស់ ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​លទ្ធផល​របស់​ខ្លួន។ លើស​ពី​នេះ មន្ត្រី​ក្រសួង​អប់រំ បាន​បង្ហើប​ថា អ្នក​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​នឹង​មាន​ចំនួន​ច្រើន បើ​ប្រៀបធៀប​នឹង​ការ​ប្រឡង​ឆ្នាំ​មុន។

នាយ​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បាន​បញ្ជាក់​ថា ការ​ប្រឡង​នៅ​ឆ្នាំ​នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​សមត្ថភាព​ពិត​របស់​បេក្ខជន ត្បិត​ក្រសួង​ពុំ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ នៅ​លើ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​នោះ​ឡើយ។ ឆ្លៀត​ឱកាស​នៃ​ការ​រង់ចាំ​លទ្ធផល លោក​ចង់​ឲ្យ​បេក្ខជន​ទាំងអស់​ទុក​ពេលវេលា​ខ្លះ​ដើម្បី​សម្រាក និង​គិតគូរ​អំពី​ផែនការ​អនាគត​របស់​ខ្លួន។ ផែនការ​នោះ សំដៅ​ដល់​ការ​សិក្សា​បន្ត​ទៅ​ថ្នាក់​ឧត្តម ការ​សិក្សា​ជំនាញ​បច្ចេកទេស ឬ​ក៏​ការ​សិក្សា​ថ្នាក់​ទី​១២ ម្តង​ទៀត​សម្រាប់​បេក្ខជន​ណា​ដែល​ប្រឡង​ធ្លាក់៖ «ពេល​ដែល​គាត់​ជឿជាក់​លើ​ខ្លួន​ឯង​ថា​ជាប់ អ៊ីចឹង​គាត់​សម្លឹង​មើល​ថា តើ​គួរ​តែ​រើស​ជំនាញ​អ្វី​ដែល​ត្រូវ​តាម​ទេពកោសល្យ​ខ្លួន​ផង ត្រូវ​តាម​បរិបទ​នៃ​តម្រូវ​ការ​ទីផ្សារ និង​បរិបទ​នៃ​សេដ្ឋកិច្ច​របស់​យើង​ផង។ ចំពោះ​បេក្ខជន​ដែល​មិន​មាន​ការ​ជឿជាក់​ថា​ជាប់ អ៊ីចឹង​គាត់​មាន​លទ្ធភាព​គិត​ថា គួរ​តែ​រៀន​មួយ​ឆ្នាំ​ឡើង​វិញ​ដើម្បី​ពង្រឹង​សមត្ថភាព ឬ​មួយ​គាត់​អាច​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​តែ​ម្តង ឬ​មួយ​គាត់​ត្រៀម​ដើម្បី​ទៅ​បរិញ្ញាបត្រ​រង​តាម​កម្រិត​ជំនាញ​គាត់ តាម​ចំណង់​ចំណូល​ចិត្ត និង​អ្វី​ដែល​ជា​តម្រូវ​ការ​និន្នាការ​ទីផ្សារ​របស់​យើង​នា​ពេល​អនាគត»

ជំនាញ​ដែល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​នៅ​កម្ពុជា រួម​មាន​ជំនាញ​កសិកម្ម បច្ចេកវិទ្យា និង​ជំនាញ​អេឡិចត្រូនិក។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម។ លោក​ក៏​ចង់​ឃើញ​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត រៀបចំ​យន្តការ​ច្បាស់លាស់​ដើម្បី​ផ្តល់​ភាព​ប្រាកដ​ប្រជា​ដល់​អនាគត​នៃ​សិស្ស​ដែល​ជាប់ ឬ​ធ្លាក់​បាក់​ឌុប៖ «បើ​សិន​ជា​យើង​អត់​មាន​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ជំរុញ​ការងារ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ទម្រង់​នៃ​ការ​អប់រំ​នៅ​ពេល​ដែល​គាត់​ធ្លាក់​បាក់​ឌុប គាត់​ត្រូវ​ទៅ​ណា​ឲ្យ​បាន​ច្បាស់លាស់ វា​អាច​ចាល់ ធ្វើ​ឲ្យ​អត្រា​អត់​ការងារ​ធ្វើ​ច្រើន។ ទី​១ គាត់​អាច​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន។ ទី​២ កាល​ណា​យើង​អត់​មាន​ការងារ​ធ្វើ ហើយ​យើង​ក្រីក្រ​ទៀត ជា​ឧទាហរណ៍ វា​មាន​ភាព​ផុយ​ស្រួយ ព្រោះ​យើង​អត្រា​គ្រឿង​ញៀន​ក៏​ច្រើន ចោរ​លួច​ចោរ​ប្លន់​ក៏​ច្រើន យើង​ខ្លាច​អា​អ្នក​រក​ស៊ី​ខាង​ហ្នឹង វា​ពូកែ​ទាក់ទាញ​ដើម្បី​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​អា​ហ្នឹង»

កាល​ពី​ឆ្នាំ​២០១៤ អ្នក​ជាប់​បាក់​ឌុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​តែ​ជាង ២​ម៉ឺន​នាក់ (២៣.១២៦​នាក់) ប៉ុណ្ណោះ ក្នុង​ចំណោម​បេក្ខជន​សរុប​ជិត ៧​ម៉ឺន​នាក់ (៦៨.០០០​នាក់) ប៉ុន្តែ​ដោយ​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​អប់រំ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​លើក​ទី​២ ដែល​មាន​អ្នក​ជាប់​ជាង ១​ម៉ឺន​នាក់ (១២.១៩៩​នាក់) បន្ថែម​ទៀត។ ដោយឡែក​នៅ​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​ប្រកាស​ថា នឹង​មិន​មាន​ការ​ប្រឡង​លើក​ទី​២ ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សូមលោករដ្ឋមន្រី្តពង្រឹងផ្នែកសិក្សាថ្នាក់បឋមផង

Sep 05, 2015 08:42 AM

គេហទំព័រ​ទាំងមូល