ស្ថាប័ន​ពាក់ព័ន្ធ​ជំរុញ​ឱ្យ​យុវជន​ចូល​រួម​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ដោយ​គោរព​ច្បាប់​និង​ក្រមសីលធម៌

ដោយ យ៉ង ចាន់តារា
2017-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​សន្ទនា​យុវជន​ស្ដីពី “សន្តិសុខ​សម្រាប់​យុវជន​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧” ដែល​​រៀបចំ​ដោយ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yang Chandara
កិច្ច​សន្ទនា​យុវជន​ស្ដីពី “សន្តិសុខ​សម្រាប់​យុវជន​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧” ដែល​​រៀបចំ​ដោយ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yang Chandara
RFA/Yang Chandara

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក្រសួង​មហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​យុវជន​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ប្រកប​ដោយ​ក្រមសីលធម៌  និង​កុំ​ងប់ងុល​នឹង​អ្នក​នយោបាយ ដែល​អាច​នាំ​ឱ្យ​ខ្លួន​ប្រព្រឹត្ត​ទង្វើ​ប្រាសចាក​ពី​ច្បាប់។ ការ​ថ្លែង​បែប​នេះ​របស់​ភាគី​ពាក់ព័ន្ធ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​យុវជន​ស្ដីពី “សន្តិសុខ​សម្រាប់​យុវជន​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧” ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ កន្លង​ទៅ។

ស្រប​ពេល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាន់​តែ​ខិត​ជិត​មក​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្រសួង​មហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ដំណើរការ​បោះឆ្នោត។ ស្ថាប័ន​ទាំង​នេះ ចាត់​ទុក​តួនាទី​របស់​យុវជន​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ជា​រឿង​មិន​អាច​ខ្វះ​បាន ក៏ប៉ុន្តែ​ស្នើ​ឱ្យ​ការ​ចូល​រួម​នេះ ត្រូវ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ក្រម​សីលធម៌។

ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក កែវ ផល្លា ថ្លែង​ថា យុវជន​​គឺ​ជា​អ្នក​ដែល​មាន​ឆន្ទៈ​ស្រួចស្រាល់ ប៉ុន្តែ​ងាយ​នឹង​រអិល​ធ្លាក់​ក្នុង​ការ​អូស​ទាញ និង​ងប់ងុល​នឹង​មនោគមវិជ្ជា​នយោបាយ ដែល​អាច​ឱ្យ​ពួកគេ​សម្ដែង​សិទ្ធិ​របស់​ខ្លួន​លើស​ពី​ច្បាប់ ដូចជា​ការ​ជេរ​ប្រមាថ និង​ការ​គំរាម​កំហែង​អ្នក​គាំទ្រ​គណបក្ស​ដទៃ​ជាដើម។

លោក​ស្នើ​ឱ្យ​យុវជន​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ទាំង​អស់ ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​រង្វង់​ច្បាប់ និង​ក្រម​សីលធម៌ ដើម្បី​ចៀសវាង​ការ​ជាប់​ទោស​ដោយសារ​ឆន្ទៈ​គាំទ្រ​គណបក្ស​នយោបាយ​របស់​ខ្លួន៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន​ទាំង​អស់ មិន​ថា​យុវជន​គាំទ្រ​គណបក្ស​ណា​ទេ គឺ​ថា​សូម​ឱ្យ​នាំ​គ្នា​ងាក​មក​គោរព​ក្រមសីលធម៌​សម្រាប់​គណបក្ស​នយោបាយ ក៏​ដូច​អ្នក​សង្កេតការណ៍​ដែរ ហើយ​គោរព​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ បទបញ្ជា និង​នីតិវិធី​របស់ គ.ជ.ប ដើម្បី​ចៀសវាង​ការ​ផុង​ខ្លួន​ទៅ​ដល់​ជេរប្រមាថ ឬ​ក៏​គាំទ្រ​ជ្រុល ធ្វើ​ឱ្យ​ស្ថានភាព​ផ្ទាល់​ខ្លួន​ឯង​ឈាន​ដល់​ការ​ជាប់​ទោស​ទណ្ឌ»

ចំណែក​អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ នៃ​ក្រសួង​មហាផ្ទៃ លោក មិន ស៊ីថា បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ទាំង​អស់​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត ហើយ​សមត្ថកិច្ច​មាន​ភារកិច្ច​ក្នុង​ការ​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទូទៅ​មុន​ពេល​បោះឆ្នោត អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​ការ​បោះ​ឆ្នោត៖ «កាល​ណា​យុវជន​មាន​កម្លាំង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺ​ថា​ប្រសើរ​ណាស់។ អ៊ីចឹង​ដើម្បី​ឱ្យ​មាន​ការ​អភិវឌ្ឍ ពលរដ្ឋ​ដែល​ក្នុង​ពលរដ្ឋ​ហ្នឹង​មាន​បង្កប់​ន័យ​យុវជន​ហើយ​ស្រេច​ហើយ ត្រូវ​យក​ចំណេះដឹង​ដែល​មាន​ស្រាប់​ហ្នឹង យក​មក​វិភាគ មក​គិត ហើយ​ធ្វើ​ម៉េច​គោរព​ច្បាប់។ បើ​ក្នុង​ការ​បោះឆ្នោត គឺ​គោរព​ច្បាប់​បោះ​ឆ្នោត គឺ​អត់​មាន​អី​ខុស​ទេ។ កុំ​ទៅ​អុកឡុក កុំ​ទៅ​ប្រព្រឹត្តិ​បទ​អី​ដែល​វា​ខុស​ឆ្គង​នឹង​ច្បាប់»

​ឯកសារ​ជំនួយស្មារតី​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) បញ្ជាក់​ថា យុវជន​គឺ​ជា​អ្នក​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ធ្វើ​ឱ្យ​សំឡេង​ឆ្នោត​មាន​ការ​ប្រែប្រួល។ យុវជន​ត្រូវ​បង្ហាញ​ដល់​ថ្នាក់ដឹកនាំ​ថា ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ​ក្រុម​មនុស្ស​ដទៃ​ទៀត ដូចជា មនុស្ស​ជំទង់ ឬ​មនុស្ស​ចាស់ ព្រោះ​ខ្លួន​គឺ​ជា​អ្នក​មាន​ចំណេះ​ដឹង និង​កម្លាំង​កាយ​រឹង​មាំ ហើយ​អាច​ធ្វើ​ការ​អប់រំ និង​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត។ ក៏ប៉ុន្តែ​កិច្ចការ​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​យុវជន​មាន​សំឡេង​រួម​គ្នា។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ (YCUD) លោក យង់ គិមអេង កត់សម្គាល់​ថា ចាប់​ពី​ឆ្នាំ​២០១៣ មក យុវជន​កាន់​តែ​ច្រើន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត ដែល​នេះ​គឺ​សារ​មួយ​ដល់​មេដឹកនាំ​នយោបាយ​គ្រប់រូប​ឱ្យ​គិតគូរ និង​បង្កើត​គោលនយោបាយ​ដែល​មាន​ប្រយោជន៍​សម្រាប់​យុវជន។ បើ​មិន​ដូច្នេះ​ទេ គណបក្ស​នយោបាយ​នោះ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​យុវជន៖ «យុវជន​គឺ​ជា​អតិថិជន​ដ៏​មាន​សក្ដានុពល​នៃ​ទំនិញ​នយោបាយ។ អ៊ីចឹង​សម្រាប់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​ក៏​ដូចគ្នា​ដែរ អ៊ីចឹង​បើសិនជា​អ្នក​ដែល​មិន​គិតគូរ​ពី​យុវជន អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ពី​យុវជន​ទៅ​លើ​យុវជន គឺ​បាន​ន័យ​ថា អ្នក​ហ្នឹង​អត់​ស្គាល់​អំពី​ការវិវឌ្ឍន៍​នៃ​ចរន្ត​នយោបាយ​កម្ពុជា​ទេ»

របាយការណ៍​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ (YCUD) បង្ហាញ​ថា បញ្ហា​ប្រឈម​ជា​អាទិភាព​របស់​យុវជន​មាន​បី​សំខាន់ គឺ​ការងារ សន្តិសុខ និង​ការអប់រំ។

ឯកសារ​ជំនួយ​ស្មារតី​ទាក់ទង​នឹង​ការ​បោះឆ្នោត​របស់​អង្គការ​ខុមហ្វ្រែល បញ្ជាក់​ថា យុវជន​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​មាន​តម្លៃ​នៅ​ក្នុង​សង្គម តាម​រយៈ​ការ​ប្រកាន់​អត្តចរិត​ឱ្យ​សម​ជា​ពលរដ្ឋ​ល្អ ទោះ​បី​ជា​ពួកគេ​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ តិចតួច ឬ​មិន​មាន​ក្តី។ យុវជន​ត្រូវតែ​តាម​ដាន​រាល់​ការ​ដឹក​នាំ​របស់​អ្នក​នយោបាយ ហើយ​ត្រូវ​ចេះ​លើក​យក​បញ្ហា ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ មក​ធ្វើ​ការ​ជជែក​ពិភាក្សា​ជាមួយ​ក្រុម ឬ​អង្គការ​សមាគម​យុវជន​ដទៃ​ទៀត ឬ​ជាមួយ​អ្នក​នយោបាយ​តាម​គ្រប់​រូបភាព ដូចជា​ចូល​រួម​ក្នុង​វេទិកា​នានា ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​រដ្ឋាភិបាល​ជាដើម។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។ យុវជន​មាន​ចំនួន​ជាង ៣០​ភាគរយ ឬ​ប្រមាណ​ជា​ជាង ២​លាន​នាក់ នៃ​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប​ជាង ៧​លាន ៨​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Hun Sen does not obey the law why people need to obey the law!

Feb 22, 2017 02:21 AM

គេហទំព័រ​ទាំងមូល