ការ​គ្រប់គ្រង​ពេល​វេលា​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា

ដោយ យ៉ង ចាន់តារា
2015-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា សារៈ អាលីហ្សា បេក្ខជន​និទ្ទេស​អេ (A) មក​ពី​ខេត្ត​ព្រះវិហារ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
កញ្ញា សារៈ អាលីហ្សា បេក្ខជន​និទ្ទេស​អេ (A) មក​ពី​ខេត្ត​ព្រះវិហារ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Rann Samnang

ក្រសួង​អប់រំ គ្រូបង្រៀន និង​សិស្ស​ប្រឡង​ជាប់​បាក់ឌុប បាន​និទ្ទេស អេ (A) យល់​ឃើញ​ស្រប​គ្នា​ថា ការ​ចេះ​គិតគូរ និង​បែងចែក​ពេល​វេលា​សិក្សា​ទៅ​តាម​កាលវិភាគ គឺ​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ​ដែល​សិស្សានុសិស្ស​ម្នាក់ៗ ត្រូវ​អនុវត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា។ ទន្ទឹម​នឹង​នេះ សិស្សានុសិស្ស​ក៏​ត្រូវ​បែងចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​ការ​សិក្សា​នៅ​សាលា ការ​សិក្សា​ដោយ​ខ្លួនឯង និង​ការ​កម្សាន្ត​ផង​ដែរ ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​របស់​ខ្លួន។

ក្រសួង​អប់រំ ​យុវជន និង​កីឡា ចង់​ឱ្យ​សិស្សានុសិស្ស​ទាំង​អស់​ចេះ​គ្រប់គ្រង​ពេលវេលា​របស់​ខ្លួន​ដោយ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ដើម្បី​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បាន​បញ្ជាក់​ថា ការ​សិក្សា​គឺ​ជា​កាតព្វកិច្ច​ផ្ទាល់​ខ្លួន​មួយ​យ៉ាង​សំខាន់ ដែល​សិស្សានុសិស្ស​គ្រប់រូប​ត្រូវ​ចងចាំ។ លោក​បន្ត​ថា សិស្សានុសិស្ស​គប្បី​គ្រប់គ្រង​ពេល​វេលា​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្នែក​ធំៗ​ទាំង​បី គឺ​ពេល​វេលា​សម្រាប់​ការ​សិក្សា​ក្នុង​សាលា ពេល​វេលា​សម្រាប់​ស្វ័យ​សិក្សា និង​ពេល​វេលា​កម្សាន្ត និង​កីឡា៖ «បើសិនជា​យុវជន​អាច​គ្រប់គ្រង​ពេល​វេលា​បាន​ល្អ ចំពោះ​ពេលវេលា​សិក្សា ពេលវេលា​កីឡា និង​កម្សាន្ត ពេលវេលា​ក្នុង​ការ​អាន និង​កិច្ចការ​ស្រាវជ្រាវ​ផ្សេងៗ ពេល​នោះ​គាត់​នឹង​មើល​ឃើញ​ភាព​ខុស​ប្លែក​គ្នា។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គាត់​អាច​សម្លឹង​បក​ក្រោយ​វិញ​ឃើញ​ថា សមត្ថភាព និង​ការ​យល់​ដឹង​មាន​ការ​អភិវឌ្ឍ​ខ្លាំង»

​ស្រដៀង​គ្នា​នេះ សាស្ត្រាចារ្យ​គណិតវិទ្យា​នៃ​វិទ្យាល័យ​បាក់ទូក លោក នាង បូ ដែល​មាន​បទពិសោធន៍​ជាង ២០​ឆ្នាំ ក្នុង​ការ​អប់រំ យល់​ឃើញ​ថា ការ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ នឹង​ជំរុញ​ឱ្យ​សិស្សានុសិស្ស​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ។

សម្រាប់​លោកគ្រូ នាង បូ ការ​មិន​ចេះ​គ្រប់គ្រង​ពេល​វេលា​របស់​សិស្ស អាច​នឹង​ផ្ដល់​មក​វិញ​នូវ​ភាព​បរាជ័យ​ក្នុង​ការ​សិក្សា ហើយ​លោក​បាន​លើក​ឡើង​នូវ​គន្លឹះ​ខ្លះៗ​ក្នុង​ការ​បែងចែក​កាលវិភាគ​សិក្សា៖ «ទី​មួយ ត្រូវ​ធ្វើ​កាលវិភាគ​រៀន​ទាំង​ពេល​ថ្ងៃ ទាំង​ពេល​យប់។ ពេល​ណា​ដែល​យើង​នៅ​សល់​ពេល​ទំនេរ យើង​ត្រូវ​បែងចែក​ពេល​វេលា​ហ្នឹង។ យើង​អាច​ដឹង​ខ្លួន​ឯង​ហើយ ថា​រៀន​សាលា​រដ្ឋ​អស់​ពេល​ប៉ុន្មាន ហើយ​សល់​ពេល​ប៉ុន្មាន យើង​អនុវត្ត​ខ្លួន​ឯង​ហ្នឹង។ ទី​ពីរ ត្រូវ​អភិវឌ្ឍ​ឱ្យ​បាន​នូវ​ពាក្យស្លោក​មួយ​ឃ្លា​ថា "រៀន​ជាមួយ​គ្រូ​សន្សំ​គន្លឹះ បាន​ជា​គ្រឹះ​សម្រាប់​រៀន​ខ្លួន​ឯង"។ ទី​បី ត្រូវ​ស្រាវជ្រាវ​រក​ឯកសារ»

ការ​ចេះ​គ្រប់គ្រង​ពេលវេលា​ការ​បង្កើត​កាលវិភាគ​សិក្សា​ផ្ទាល់ខ្លួន និង​ភាព​ជោគជ័យ​ក្នុង​ការ​អនុវត្ត​ផែនការ សុទ្ធតែ​កើត​ចេញ​មក​ពី​ឈ្លាសវៃ និង​ការ​តាំង​ចិត្ត​របស់​សិស្ស​ម្នាក់ៗ។

ដើម្បី​ជា​ទឡ្ហីករណ៍​គាំទ្រ​អំណះអំណាង កញ្ញា សារៈ អាលីហ្សា បេក្ខជន​និទ្ទេស​អេ មក​ពី​ខេត្ត​ព្រះវិហារ បាន​បង្ហាញ​ពី​លទ្ធផល​គាប់​ប្រសើរ​ចេញ​ពី​ការ​គ្រប់គ្រង​ពេល​វេលា។ អាលីហ្សា ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​គ្រប់គ្រង​ពេល​វេលា​របស់​ខ្លួន។ នាង​ក្រោក​ពី​គេង​នៅ​ម៉ោង ៥​ព្រឹក ដើម្បី​រៀបចំ​ខ្លួន និង​ឆ្លៀត​ពេល​ខ្លះ​អាន​មេរៀន។ នាង​ចាប់​ផ្ដើម​ចូល​រៀន​គួរ ពី​ម៉ោង ៦ ដល់ ៧​ព្រឹក មុន​នឹង​បន្ត​ការ​សិក្សា​នៅ​សាលា​រដ្ឋ​ពី​ម៉ោង ៧ ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់។

អាលីហ្សា ចាប់​ផ្ដើម​រៀន​គួរ​ម្ដង​ទៀត​ចាប់​ពី​ម៉ោង ១២ ដល់​ម៉ោង ២​រសៀល មុន​នឹង​ចូល​រៀន​សាលា​រដ្ឋ​ពី​ម៉ោង ២ ដល់ ម៉ោង ៤​រសៀល។ អា​លីហ្សា​ចំណាយ​ពេល ៣ ម៉ោង​បន្ថែម​ទៀត ក្នុង​ការ​រៀន​បំប៉ន​មុន​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម៉ោង ៧​យប់។ សម្រាក​បាន ១​ម៉ោង នាង​ចាប់​ផ្ដើម​រៀន​ដោយ​ខ្លួន​ឯង​រហូតដល់​ម៉ោង ១០​កន្លះ​យប់ ទើប​ចូល​គេង។ ក្នុង​រយៈពេល ២​ម៉ោង​កន្លះ នៃ​ស្វ័យ​សិក្សា អាលីហ្សា ចំណាយ​ពេល ១​ម៉ោង ធ្វើ​លំហាត់​គណិតវិទ្យា ៤៥​នាទី សម្រាប់​មុខវិជ្ជា​រូបវិទ្យា និង​ជីវវិទ្យា ហើយ ៤៥​នាទី ដែល​នៅ​សល់​នាង​រំលឹក​មេរៀន​ផ្សេងទៀត។ អាលីហ្សា បាន​អនុវត្ត​តាម​កាលវិភាគ​នេះ ៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ តាំង​ពី​នាង​ចូល​រៀន​ថ្នាក់​ទី​១២ ហើយ​មិន​យូរប៉ុន្មាន​វា​ក៏​ក្លាយ​ជា​ទម្លាប់។

ក្រៅ​ពី​មមាញឹក​ក្នុង​ការ​សិក្សា កញ្ញា សារៈ អាលីហ្សា ក៏​សកម្ម​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែរ។ នាង​ចំណាយ​ពេល​ប្រហែល ៣០​នាទី​ក្នុង​មួយ​ថ្ងៃ ទៅ​លើ​គណនេយ្យ​ហ្វ៊េសប៊ុក របស់​ខ្លួន ហើយ​ការ​ប្រើប្រាស់​ទៀតសោត គឺ​ក្នុង​គោលបំណង​សិក្សា​បន្ថែម​ទៅ​លើ​មេរៀន​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​បង្ហោះ។ ជា​សរុប កញ្ញា សារៈ អាលីហ្សា ចំណាយ​ពេល ៦​ម៉ោង​សម្រាប់​ការ​សិក្សា​នៅ​សាលា ៣​ម៉ោង សម្រាប់​ស្វ័យ​សិក្សា ៦​ម៉ោង សម្រាប់​ការ​សម្រាក និង ៣០​នាទី​សម្រាប់​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម។ អាលីហ្សា ប្រើ​ពេល​វេលា​នៅ​សេសសល់ រួម​ទាំង​ថ្ងៃ​អាទិត្យ សម្រាប់​កិច្ចការ​ផ្ទះ និង​ជួយ​ឱ​ពុក​ម្ដាយ​ក្នុង​របរ​លក់​គ្រឿង​សំណង់។ អាលីហ្សា ចែក​រំលែក​នូវ​គំនិត​មួយ​ចំនួន​សម្រាប់​សិស្សានុសិស្ស ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដូច​នាង។

កញ្ញា សារៈ អាលីហ្សា៖ «ខ្ញុំ​ចង់​ផ្ដាំ​ផ្ញើ​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​ថា កំពុងតែ​វ៉ាកង​អ៊ីចឹង​ឱ្យ​ខំប្រឹង​ឱ្យ​ហើយ កុំ​គិត​ថា អត់​រៀន​អ៊ីចឹង​គិតតែ​សប្បាយ​ដើរ​លេង ជាពិសេស ផ្ដាំផ្ញើ​ដល់​ប្អូនៗ​ដែល​ត្រូវ​រៀន​ទី​១២ ឱ្យ​ខិតខំ​ប្រឹងប្រែង ព្រោះ​ក្រសួង​ធ្វើ​កំណែទម្រង់​លើ​ការ​ប្រឡង​សញ្ញាប័ត្រ ដូច្នេះ​ការ​ប្រឡង​ហ្នឹង​ទាល់​តែ​អ្នក​ចេះ​ទើប​ជាប់។ ខ្ញុំ​ក៏​ចង់​ឱ្យ​ពួកគេ​គិត​ថា តើ​ពួកគេ​បាន​បំពេញ​តួនាទី​ជា​អ្នក​សិក្សា​ហើយ ឬ​នៅ»

ប​វេន​កាល​ថ្មី សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦ នឹង​ចាប់​ផ្ដើម​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ខាង​មុខ។ ដើម្បី​ជា​ទុន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី លោក​សាស្ត្រាចារ្យ នាង បូ ណែនាំ​ដល់​សិស្សានុសិស្ស​ទាំង​អស់​ឱ្យ​អនុវត្ត​កាលវិភាគ​របស់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ចូល​រៀន​ដំបូង៖ «សិស្សានុសិស្ស​ទាំង​អស់​ត្រូវ​តែ​ចាប់​ផ្ដើម​បែងចែក​ពេល​វេលា​តាំង​ពី​ថ្ងៃ​បើក​បវេសនកាល​តែម្ដង មិន​អាច​រង់ចាំ​ថា​ពេល​នេះ ចាំ​ខែ​នេះ ចាំ​ប្រឡង​ឆមាស​ហើយ ឬ​ចាំ​ចូល​ឆ្នាំ​ហើយ មិន​អាច​ធ្វើ​ដូច្នេះ​បាន​ឡើយ។ បើសិនជា​មាន​គំនិត​អ៊ីចឹង ភាព​ជោគជ័យ​មិន​អាច​រត់​មក​រក​យើង​បាន​ឡើយ ដូច្នេះ​សិស្សានុសិស្ស ត្រូវតែ​ចាប់​ផ្ដើម​ពី​ពេល​ចូល​កង​ភ្លាម​តែម្ដង គឺ​ត្រូវ​បែងចែក​ពេល​វេលា ហើយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល