ក្រសួង​អប់រំ​គ្រោង​បង្កើន​ចំនួន​អាហារូបករណ៍​និស្សិត​ឱ្យ​ជិត​ដល់​៨​ពាន់​នាក់

ដោយ យ៉ង ចាន់តារា
2017-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ស្វែង​រក​ឱកាស​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស នៅ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ២០១៥។
យុវជន​ស្វែង​រក​ឱកាស​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស នៅ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ២០១៥។
RFA/Uon Chhin

ក្រសួង​អប់រំ​យុវជន និង​កីឡា គ្រោង​បង្កើន​ចំនួន​អាហារូបករណ៍​ច្រើន​ពាន់​កន្លែង​បន្ថែម​ទៀត​ដល់​សិស្ស​ជាប់​បាក់​ឌុប នៅ​ឆ្នាំ​សិក្សា ២០១៧ និង ២០១៨ ខាង​មុខ។ ការ​បង្កើន​ចំនួន​នេះ គឺ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​សិស្ស​ដែល​ប្រឡង​ជាប់​បាក់ឌុប អាច​ចូល​រៀន​កម្រិត​ឧត្ដម​សិក្សា​បាន​កាន់​តែ​ច្រើន។

អ្នក​ជំនាញ​ខាង​ការ​អភិវឌ្ឍ​សង្គម សាទរ​ចំពោះ​គម្រោងការណ៍​នេះ ប៉ុន្តែ​ថា ក្រសួង​គួរ​តែ​បង្កើត​ឱ្យ​មាន​ជា​កម្មវិធី​ប្រាក់​កម្ចី​របស់​រដ្ឋ​បន្ថែម​ទៀត ដើម្បី​ផ្តល់​ឱកាស​ស្មើភាព​គ្នា​ដល់​និស្សិត​ណា​ដែល​ចង់​បន្ត​ការ​សិក្សា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សាលីន បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ក្រសួង​គ្រោង​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​និស្សិត​ពី​ជិត ៥​ពាន់​នាក់ (៤.៨៤៤) ក្នុង​ឆ្នាំ​សិក្សា ២០១៦-​២០១៧ ដល់​ជិត ៨​ពាន់​នាក់ (៧.៧៩៧) ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ ខាង​មុខ។ លោក​ថ្លែង​ថា ការ​បង្កើន​ចំនួន​អាហារូបករណ៍​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ គឺ​ជា​បញ្ហា​អាទិភាព​របស់​ក្រសួង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​សិស្ស និង​កង្វះ​លទ្ធភាព​បន្ត​ការ​សិក្សា។

លោក រស់ សាលីន បន្ត​ថា ក្រៅ​ពី​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​ក្រសួង​អប់រំ មាន​អាហារូបករណ៍​ជា​ច្រើន​ទៀត​ដែល​សិស្ស​និស្សិត​អាច​ទទួល​បាន រួម​មាន​អាហារូបករណ៍​ផ្ដល់​ដោយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល អាហារូបករណ៍​គ្រឹះស្ថាន​សិក្សា និង​អាហារូបករណ៍​ពី​វិស័យ​ឯកជន​ជាដើម។

ទោះបីជា​យ៉ាង​ណា លោក រស់ សាលីន បញ្ជាក់​ថា ក្រសួង​មិន​ទាន់​អាច​អនុវត្ត​គម្រោង​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​បាន​នៅ​ឡើយ ដោយសារ​កិច្ច​ការងារ​នេះ​ទាមទារ​ឱ្យ​មាន​ការ​សិក្សា​ច្បាស់លាស់​អំពី​នីតិវិធី​ច្បាប់ បច្ចេកទេស និង​ការ​គ្រប់គ្រង​ហានិភ័យ៖ «ការ​គ្រប់គ្រង​ការ​រៀន​របស់​សិស្ស​ដែល​ខ្ចី​ហ្នឹង យ៉ាង​ដូច​ម្ដេច? ពេល​ដែល​ចេញ​សញ្ញាប័ត្រ អ្នក​ណា​ជា​អ្នក​ទទួល​អ្នក​ណា​ជា​អ្នក​គ្រប់គ្រង ហានិភ័យ​ចន្លោះ​ពេល​សិក្សា ហានិភ័យ​នៅ​ពេល​ដែល​គាត់​រៀន​ចប់​ចេញ​ធ្វើ​ការ ហើយ​សង​ត្រឡប់ និង​កិច្ច​សន្យា​ផ្សេងៗ ទាំង​នេះ​វា​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នៃ​ការ​គ្រប់គ្រង​ហានិភ័យ​ផង និង​ទិដ្ឋភាព​ផ្លូច​ច្បាប់​ផង។ ដូច្នេះ​ជា​ទិដ្ឋភាព​មួយ​ទៀត​ដែល​ទាមទារ​ឱ្យ​មាន​ការ​សិក្សា​ច្បាស់លាស់​មួយ»

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​រូប​នេះ​បញ្ជាក់​ថា ការ​ពង្រឹង​គុណភាព​នៃ​អភិបាលកិច្ច​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា ការ​ស្រាវជ្រាវ ការ​បង្កើន​គុណភាព​នៃ​ការ​បង្រៀន​ការ​សិក្សា​ផ្ដោត​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ គឺ​ជា​បញ្ហា​អាទិភាព​សំខាន់​ដែល​ក្រសួង​កំពុង​អនុវត្ត។ ដោយ​ឡែក អាទិភាព​ផ្សេងៗ​ទៀត ដូចជា​គម្រោង​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​ជាដើម មន្ត្រី​ជំនាញ​កំពុង​សិក្សា និង​វិភាគ​ឱ្យ​បាន​ល្អិតល្អន់​មុន​នឹង​ដាក់​ចេញ​ជា​វិធានការ​ណា​មួយ​ជាក់លាក់។

ទាក់ទង​រឿង​នេះ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី គាំទ្រ​ចំពោះ​គម្រោង​បន្ថែម​ចំនួន​អាហារូបករណ៍​សម្រាប់​សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ លោក​ថា ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ដែល​រៀន​ពូកែ និង​សិស្ស​ក្រីក្រ​ដែល​ខ្មីឃ្មាត​ក្នុង​ការ​សិក្សា គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគេ​ខំ​រៀន​បន្ថែម​ទៀត។

ទន្ទឹម​នឹង​នេះ បណ្ឌិត មាស នី យល់​ឃើញ​ថា ក្រសួង​អប់រំ គួរ​តែ​គិតគូរ​អំពី​គម្រោង​ផ្សេង​ទៀត ដូចជា​កម្ចី​សម្រាប់​និស្សិត​ជាដើម ព្រម​ទាំង​រុញ​គម្រោង​ប្រភេទ​នេះ ឱ្យ​ចេញ​ជា​ផ្លូវការ ដើម្បី​កាត់​បន្ថយ​គម្លាត​នៃ​ការ​សិក្សា​រវាង​កូន​អ្នក​មាន និង​កូន​អ្នក​ក្រ។

លោក​ថា សព្វថ្ងៃ​កូន​អ្នក​មាន​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ដែល​ថ្លៃៗ និង​ល្អៗ ផ្ទុយ​ពី​កូន​អ្នក​ក្រ​ដែល​បន្ត​ការ​សិក្សា​នៅ​តាម​សាលា​ដែល​មិន​សូវ​មាន​គុណភាព៖ «សិស្ស​ណា​ខ្លះ​ដែល​មិន​អាច​តោង​ទៅ​រៀន​នៅ​ថ្នាក់ខ្ពស់​បាន អា​ហ្នឹង​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ផែនការ​ធ្វើ​យ៉ាង​ម៉េច​អាច​មាន​ជា​កម្ចី​ការ​ប្រាក់​ទាប ឬ​គ្មាន​ការ​ប្រាក់ ឬ​ផ្ដល់​អាហារូបករណ៍​ពេញ​តែម្ដង។ រាល់​ថ្ងៃ​នេះ មាន​តែ​កូន​អ្នក​មាន​ទេ ដែល​អាច​រៀន​បាន​ដល់​ខ្ពស់ៗ រី​ឯ​កូន​អ្នក​ក្រ​ក្លាយ​ជា​កម្មករ ក្លាយ​ជា​អ្នក​បម្រើ​គេ អ៊ីចឹង​ធ្វើ​ឱ្យ​គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ​នេះ កាន់​តែ​ខ្ពស់​ទៅ ហើយ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ អ្នកដឹកនាំ អ្នក​គ្រប់គ្រង​ប្រទេស គឺ​សុទ្ធតែ​អ្នក​មាន អ៊ីចឹង​ពេល​គេ​ធ្វើ​គោលនយោបាយ​ណា​មួយ គេ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ចំណេញ​តែ​អ្នក​មាន រី​ឯ​អ្នក​ក្រ​វេទនា​ជាប់។ ប្រទេស​បែប​នេះ សុវត្ថិភាព និង​ស្ថិរភាព​សង្គម​មិន​សូវ​មាន​ទេ»

ទោះ​ជា​បែប​នេះ​ក្តី អ្នក​ស្រាវជ្រាវ​រូប​នេះ ថ្លែង​ថា ដើម្បី​ឱ្យ​គម្រោង​ប្រាក់កម្ចី​នេះ​ជោគជ័យ រដ្ឋ​ត្រូវ​បង្កើត​ឱ្យ​មាន​ជា​ប្រព័ន្ធ​គ្រប់គ្រង​ធនធាន​មនុស្ស​មួយ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ថា​ធនធាន​មនុស្ស​ទាំង​នោះ​នឹង​សង​បំណុល​ដែល​ខ្ចី​ពី​រដ្ឋ​ទាំង​ប៉ុន្មាន​ត្រឡប់​មក​វិញ ជា​ពិសេស​រដ្ឋ​ត្រូវ​រៀបចំ​ឱ្យ​មាន​បរិយាកាស​ការងារ​សម្បូរ​បែប និង​ទទួល​បាន​បៀវត្ស​សមរម្យ​សម្រាប់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​សង​ត្រឡប់​មក​រដ្ឋ​វិញ។

គ្រឹះស្ថាន​ឧត្ដម​សិក្សា​នៅ​កម្ពុជា ទាំង​រដ្ឋ និង​ឯកជន មាន​ប្រមាណ ១២០ គ្រឹះសា្ថន។ និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត ក្នុង​ឆ្នាំ​សិក្សា ២០១៦-​២០១៧ នេះ មាន​ចំនួន​ជាង ២,២​សែន​នាក់។

ការ​អប់រំ​កម្រិត​ឧត្ដមសិក្សា គឺ​ជា​បញ្ហា​អាទិភាព​មួយ​សម្រាប់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក។ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ រដ្ឋាភិបាល​រមែង​ចូល​អន្តរាគមន៍​បន្ធូរ​បន្ថយ​ការ​ចំណាយ​របស់​និស្សិត​តាម​រយៈ​ការ​ផ្ដល់​ជំនួយ ឬ​អាហារូបករណ៍ ឬ​ក៏​ចេញ​ថ្លៃ​សាលា​សម្រាប់​និស្សិត​តែម្ដង ហើយ​មាន​ប្រទេស​ខ្លះ​ទៀត អនុវត្ត​កម្មវិធី​ប្រាក់​កម្ចី​សម្រាប់​និស្សិត (Student Loan)។

កម្មវិធី​ប្រាក់​កម្ចី​សម្រាប់​និស្សិត គឺ​ជា​ទម្រង់​នៃ​ជំនួយ​ហិរញ្ញវត្ថុ​របស់​រដ្ឋ ដែល​និស្សិត​ខ្ចី​ពី​រដ្ឋ​សម្រាប់​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ។ ផ្ទុយ​ពី​កម្មវិធី​អាហារូបករណ៍​ដែល​និស្សិត​ទទួល​បាន​ការ​សិក្សា​ដោយ​ឥត​បង់​ថ្លៃ កម្មវិធី​ប្រាក់​កម្ចី​នេះ ទាមទារ​ឱ្យ​និស្សិត​ត្រូវ​សង​រដ្ឋ​វិញ នៅ​ពេល​ពួកគេ​បញ្ចប់​ការ​សិក្សា ហើយ​មាន​ការងារ​ធ្វើ។

នៅ​សហរដ្ឋអាមេរិក កម្មវិធី​កម្ចី​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់ ពីព្រោះ​និស្សិត​ប្រមាណ  ៦០​ភាគរយ​ក្នុង​មួយ​ឆ្នាំៗ ប្រើប្រាស់​ឥណទាន​នេះ ដើម្បី​យក​មក​ទប់ទល់​នឹង​ការ​ចំណាយ​នៅ​ថ្នាក់​ឧត្ដម​សិក្សា។

មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ធ្លាប់​បាន​បញ្ជាក់​កាល​ពី​ដើម​ឆ្នាំ​២០១៦ ថា ក្រសួង​បាន​លើក​យក​គម្រោង​ប្រាក់​កម្ចី​និស្សិត​នេះ ទៅ​ពិភាក្សា​ជាមួយ​ធនាគារ​ឯកជន និង​បាន​ដាក់​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ក៏ប៉ុន្តែ​មួយ​ឆ្នាំ​មក​នេះ គម្រោង​នេះ​មិន​ទាន់​មាន​ការវិវឌ្ឍន៍​អ្វី​ជា​ផ្លូវ​ការ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល