កុមារី​ម្នាក់​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា

ដោយ យ៉ង ចាន់តារា
2016-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារី សៅ ដាលីន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
កុមារី សៅ ដាលីន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Cheu Sideth

ថ្វីត្បិតតែ​ស្ថិត​នៅ​ក្នុង​ប្រទេស​តែមួយ​ក៏​ពិត​មែន ប៉ុន្តែ​ជោគវាសនា​នៃ​សិស្សានុសិស្ស​ខ្មែរ​មិន​មាន​សភាព​ដូចគ្នា​នោះ​ទេ។ អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ឬ​ជីវភាព​ធូរធារ  មាន​លទ្ធភាព​បញ្ជូន​កូនចៅ​ទៅ​សាលា​ឯកជន​ល្បីៗ ដែល​មាន​ស្តង់ដារ​អន្តរជាតិ។ ផ្ទុយ​ទៅ​វិញ អ្នក​មាន​ជីវភាព​មធ្យម ឬ​ក្រីក្រ បាន​ត្រឹមតែ​បញ្ជូន​កូនចៅ​ឱ្យ​ទៅ​រៀន​សាលា​រដ្ឋ ដែល​ភាគ​ច្រើន​មាន​តែ​ការ​អប់រំ​បែប​ទ្រឹស្ដី។ ប្រឈម​នឹង​បញ្ហា​បែប​នេះ កូន​សិស្ស​ម្នាក់ៗ​ត្រូវ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​ដើម្បី​អនាគត​របស់​គេ។

ខាង​ក្រោម​នេះ​ជា​សេចក្ដី​រាយការណ៍​អំពី​ក្មេង​ស្រី​ម្នាក់​ដែល​ចង់​ក្លាយ​ទៅ​ជា​អ្នក​ជំនួញ​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បន្ទាប់ពី​នាង​ទទួល​បាន​ការអប់រំ​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ៖

មាន​សម្បុរ​ស្រអែម ធ្មេញ​ច្រពើស ថ្ពាល់​ខួច កុមារី សៅ ដាលីន គឺ​ជា​សិស្ស​ពូកែ​ម្នាក់​នៅ​សាលា​អន្តរជាតិ​ឡាយហ្គ័រ (Liger) ដែល​មាន​ទីតាំង​នៅ​សង្កាត់​ព្រែកថ្មី ខណ្ឌ​មានជ័យ ជាយ​រាជធានី​ភ្នំពេញ។

ដាលីន មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ជា​កន្លែង​ដែល​ពលរដ្ឋ​ភាគ​ច្រើន​បញ្ជូន​កូនចៅ​របស់​ខ្លួន​ដែល​មាន​វ័យ​ក្មេង​ឱ្យ​មក​ធ្វើការ​ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ។

ដោយសារ​ជីវភាព​ក្រីក្រ ដាលីន ត្រូវ​បាន​ម្ដាយ​បញ្ជូន​ឱ្យ​ទៅ​នៅ​អង្គការ និង​សិក្សា​នៅ​សាលា​រដ្ឋ​ដូច​ក្មេង​ដទៃ​ដែរ ប៉ុន្តែ​ការ​សិក្សា​មិន​បាន​ជាប់​លាប់​នោះ​ទេ ពីព្រោះ​ក្រុម​គ្រួសារ​របស់​នាង​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ជា​ញឹកញាប់។

បើ​ទោះ​ជា​បែប​នេះ​ក្ដី ជីវិត​របស់​ដាលីន ត្រូវ​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង ក្រោយ​ពេល​ដែល​នាង​ប្រឡង​ជាប់​អាហារូបករណ៍ និង​ទទួល​បាន​ការ​ទំនុកបម្រុង​គ្រប់​បែប​យ៉ាង​ទាំង​ការ​សិក្សា និង​ការ​រស់​នៅ​ពី​សំណាក់​សាលា​អន្តរជាតិ ឡាយហ្គ័រ។

ក្រោម​ម្លប់​ឈើ​ត្រឈឹងត្រឈៃ​នៃ​បរិវេណ​សាលា ដាលីន និយាយ​ដោយ​ទឹក​មុខ​ស្រស់ស្រាយ​ថា នាង​បាន​ប្រែក្លាយ​ជា​ក្មេង​ម្នាក់​ដែល​ឧស្សាហ៍​ព្យាយាម និង​ចូលចិត្ត​រៀន​សូត្រ​ចាប់​តាំង​ពី​ពេល​ដែល​នាង​ចូល​រៀន​នៅ​សាលា ឡាយហ្គ័រ៖ «និយាយ​ទៅ​ជីវិត​របស់​ខ្ញុំ​ផ្លាស់ប្តូរ​ខ្លាំង​មែន​ទែន។ កាល​ពី​ ៣​ឆ្នាំ​មុន ខ្ញុំ​អត់​ដែល​គិត​ថា ខ្ញុំ​នឹង​បាន​កុំព្យូទ័រ​ប្រើ ខ្ញុំ​អត់​ដឹង​ថា ខ្ញុំ​នឹង​ចេះ​អង់គ្លេស​ចឹង​អត់។ មួយ​ទៀត គឺ​ប្តូរ​គំនិត​របស់​ខ្ញុំ។ ខ្ញុំ​តែង​តែ​ងើប​ឈរ​ឡើង​ដើម្បី​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ទៀត។ កាល​ពី​មុន​ខ្ញុំ​អត់​សូវ​និយាយ​ជាមួយ​អ្នក​ដទៃ​ច្រើន​ទេ ប៉ុន្តែ​នៅ​ទី​នេះ​ទំនាក់​ទំនង​កាន់​តែ​កើន​ឡើង​ទៅ»

មាន​វ័យ​ត្រឹម​តែ ១៣​ឆ្នាំ កុមារី សៅ ដាលីន មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ មាន​សមត្ថភាព​និយាយ​ដ៏​ប៉ិនប្រសប់​ប្រៀប​បាន​នឹង​មនុស្ស​ពេញ​វ័យ ព្រមទាំង​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​សម្រាប់​ការ​សិក្សា និង​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ស្ទាត់​ជំនាញ៖ «សំឡេង​ច្រៀង»

កុមារី​រូប​នេះ​ថែម​ទាំង​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ដង ដើម្បី​ចូល​រួម​ការ​ប្រកួតប្រជែង​ផ្នែក​វិទ្យាសាស្ត្រ ហើយ​និង​បាន​ជាប់​ពានរង្វាន់​មិន​តិច​ទេ ទាំង​ពាន​រង្វាន់​ប្រកួតប្រជែង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក៖ «ខ្ញុំ​បាន​ទៅ​សិង្ហបុរី​ ២​ដង​ហើយ ទៅ​ប្រកួត​ប្រជែង​រ៉ូបូត។ លើក​ទី​មួយ​ខ្ញុំ​ឈ្នះពាន​លើក​ទឹក​ចិត្ត​ក្នុង​ក្រុម ចំណែក​លើក​ទី​ពីរ ខ្ញុំ​ទទួល​បាន​ពាន​ផលិត​គម្រោង។ នៅ​កម្ពុជា យើង​មាន​ការ​ប្រកួត​ប្រជែង​មុខ​វិជ្ជា STEM (វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា វិស្វកម្ម​ និង​គណិតវិទ្យា) ហើយ​ពួក​យើង​ឈ្នះ​បាន​ពាន​រង្វាន់​លេខ ៣»

សមិទ្ធផល​ទាំង​អស់​នេះ មិន​មែន​បាន​មក​ដោយ​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​ត្រូវ​យក​កម្លាំង​កាយ​ចិត្ត និង​ស្មារតី ព្រមទាំង​ភាព​ឈ្លាសវៃ​នៃ​គំនិត​សិក្សា និង​ការ​គ្រប់គ្រង​ពេល​វេលា៖ «ខ្ញុំ ​ជា​សិស្ស​ដែល​គេង​នៅ​សាលា​ អ៊ីចឹង​ពេល​ព្រឹក​ឡើង​ក្រោក​ពី​គេង ធ្វើ​ការងារ​ធម្មតា។ បន្ទាប់​មក​នៅ​ម៉ោង ៨​ព្រឹក ពួក​យើង​ចាប់​ផ្តើម​ចូល​រៀន។ មេរៀន​ទី​មួយ​របស់​ខ្ញុំ គឺ​រៀន​ទាក់​ទង​នឹង​ភាសា​ខ្មែរ​ចំនួន ១​ម៉ោង។ បន្ទាប់​មក​ខ្ញុំ​រៀន​គណិត​ជា​​​ភាសា​អង់គ្លេស​តាម​សៀវភៅ​សិង្ហបុរី ហើយ​ចុង​ក្រោយ​ គឺ​រៀន​ទាក់ទង​នឹង​វិទ្យាសាស្ត្រ។ គ្រូ​គាត់​យក​មេរៀន​​គោល​មក​បង្រៀន​សិន បន្ទាប់​មក​ទើប​គាត់​ឱ្យ​ពួក​ខ្ញុំ​ធ្វើ​ជា​សកម្មភាព​ពេល​ក្រោយ»

ប្រធាន​សម្របសម្រួល​ផ្នែក​អប់រំ​នៃ​សាលា​អន្តរជាតិ ឡាយហ្គ័រ លោក ជេហ្វ ហូលតេ (Jeff Holte) មាន​ប្រសាសន៍​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​យុវជន​កម្ពុជា ថា​ពូក​គេ​នឹង​អាច​ផ្លាស់ប្ដូរ​អនាគត​របស់​ប្រទេស​តាម​រយៈ​ការសិក្សា​រៀន​សូត្រ។ ជា​ឧទាហរណ៍​ដូចជា សិស្សានុសិស្ស​វ័យ​ក្មេង​នៅ​សាលា​ឡាយហ្គ័រ ដូច្នោះ​ដែរ ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​អាច​ប្រកួត​ប្រជែង​ជាមួយ​សិស្ស​បរទេស​បាន៖ «សិស្សានុសិស្ស ​កម្ពុជា ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ ប្រហែល​ជា​មិន​សូវ​មាន​ឱកាស​ច្រើន​ដូច​សិស្ស​យើង​នៅ​សាលាឡាយហ្គ័រ​នេះ​ទេ ប៉ុន្តែ​ពួក​គេ​ពិត​ជា​ឆ្លាត​ និង​ពេញ​ចិត្ត​ចំពោះ​ការ​សិក្សា។ ខ្ញុំ​គិត​ថា ការ​សិក្សា​មាន​សភាព​ផុសផុល​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ចំណោម​មនុស្ស​ វ័យ​ក្មេង ហើយ​ពួក​គេ​ពិត​ជា​ចង់​រៀន​ណាស់ ហើយ​នៅ​ពេល​ដែល​ធនធាន​ និង​ឱកាស​មាន​​កាន់​តែ​ច្រើន​ កម្ពុជា​នឹង​ក្លាយ​ជា​កន្លែង​ដ៏​ទាក់​ទាញ​សម្រាប់​ការ​សិក្សា»

​លោក ជេហ្វ ហូលតេ សង្កេត​ឃើញ​ថា សិស្សានុសិស្ស​វ័យ​ក្មេង​ទាំង ៥០​នាក់ របស់​សាលា​ឡាយហ្គ័រ នឹង​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​របស់​កម្ពុជា ទៅ​ថ្ងៃ​មុខ តាម​រយៈ​ការ​បំពាក់​បំប៉ន​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​តំបន់​នានា​ក្នុង​ប្រទេស និង​ការ​ពង្រឹង​ជំនាញ​ទន់​គ្រប់​ប្រភេទ ដូចជា​ការ​ដោះស្រាយ​ទំនាស់ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាដើម។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ទាំង​អស់​នេះ​សុទ្ធសឹងតែ​ជា​ជំនាញ​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា យក​ចិត្ត​ទុក​ដាក់ និង​ដាក់​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​រដ្ឋ ព្រម​ទាំង​មាន​ការ​ផ្សព្វផ្សាយ​ជា​ញឹកញាប់​តាម​បណ្ដាញ​សារព័ត៌មាន និង​ព្រឹត្តិបត្រ​នានា។

​ចំពោះ​ជំនាញ​ទន់​វិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ក៏​ធ្លាប់​ជំរុញ និង​គាំទ្រ​ឱ្យ​ក្រសួង​អប់រំ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឱ្យ​បំពាក់បំប៉ន​ជូន​សិស្ស​-និស្សិត​ទូទៅ ដើម្បី​បើក​ឱកាស​ឱ្យ​ពួកគេ​ក្លាយ​ជា​អ្នក​ដែល​មាន​សមត្ថភាព​អាច​ជ្រោង​ប្រទេស​ជាតិ​បាន​ទៅ​ថ្ងៃ​មុខ៖ «លើក ​ទឹក​ចិត្ត​​ចំពោះ​ក្រុម​ស្រាវជ្រាវ​អប់រំ​ ដែល​ជា​ធនាគារ​ខួរក្បាល​នៃ​ការកែ​ទម្រង់​ការ​អប់រំ អភិវឌ្ឍ​ជំនាញ​បច្ចេក​ទេស និង​ជំនាញ​ទន់​សម្រាប់​យុវជន​ និង​ការ​កែ​ទម្រង់​ការ​អប់រំ​កាយ និង​កីឡា ហើយ​សូម​បន្ត​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​យើង​ឱ្យ​ឈាន​ឆ្ពោះ​ទៅ​មុខ​ទៀត»

ទោះ​បី​ជា​មាន​ការ​គិតគូរ​បែប​នេះ​ក្តី អ្នក​ស្រាវជ្រាវ និង​ការ​សិក្សា​នានា បង្ហាញ​ថា ការ​អនុវត្ត​ជាក់ស្ដែង​របស់​ក្រសួង​អប់រំ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិន​ទាន់​បាន​ពេញលេញ​នៅ​ឡើយ។ ការ​សិក្សា​នៅ​សាលា​រដ្ឋ​ភាគ​ច្រើន​មាន​តែ​ទ្រឹស្ដី តែ​ខ្វះ​ការ​អនុវត្ត។ បន្ទប់​ពិសោធន៍ ក៏​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់ ហើយ​សិស្ស​ភាគ​ច្រើន​នៅ​តែ​ត្រូវ​ទៅ​រៀន​គួរ​ក្រៅ​ម៉ោង​បន្ថែម​ទៀត ដើម្បី​អាច​ប្រឡង​ជាប់ ឬ​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​ចំពោះ​មេរៀន​ដែល​ខ្លួន​បាន​រៀន​នៅ​សាលា។ ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (E-learning) ក៏​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។

​ដំណោះស្រាយ​ផ្ដល់​ដោយ​អ្នក​ជំនាញ​ចំពោះ​បញ្ហា​ទាំង​អស់​នេះ គឺ​ការ​ធ្វើ​បដិវត្ត​កម្មវិធីសិក្សា​តាំង​ពី​ថ្នាក់​បឋម​រហូត​ដល់​មហា​វិទ្យាល័យ ដែល​ជា​កំណែទម្រង់​មួយ​ជាក់លាក់​ដែល​មិន​មែន​គ្រាន់តែ​ជា​ការ​រឹត​បន្តឹង​ការ​ប្រឡង​ដូច​អ្វី​ដែល​ក្រសួង​អប់រំ ធ្លាប់​បាន​ធ្វើ​នោះ​ទេ។

ស្រដៀង​គ្នា​នេះ កុមារី សៅ ដាលីន ដែល​ទទួល​បាន​ការ​អប់រំ​ស្តង់ដារ​អន្តរជាតិ យល់​ឃើញ​ថា ការ​យក​ចិត្ត​ទុក​ដាក់ និង​ជំរុញ​ពី​សង្គម សាលារៀន និង​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ខ្លួន​អាច​នឹង​ជួយ​កែប្រែ​ជោគវាសនា​របស់​សិស្សានុសិស្ស​គ្រប់ៗ​រូប​បាន។ នាង​បន្ថែម​ថា ទោះបីជា​ការ​អប់រំ​នៅ​សាលា​រដ្ឋ​មិន​គ្រប់គ្រាន់​ក៏ដោយ បើសិនជា​សិស្សានុសិស្ស​ខំ​ប្រឹងប្រែង ពួកគេ​នឹង​អាច​ក្លាយ​សិស្ស​ដ៏​ខ្លាំង​ពូកែ​ម្នាក់​បាន៖ «បើសិន ​ជា​គាត់​មាន​ពេល គាត់​ហ៊ាន​ គាត់​នឹង​អាច​មាន​សមត្ថភាព​ដូច​ពួក​ខ្ញុំ​អ៊ីចឹង អាច​ច្រើន​ជាង​ពួក​ខ្ញុំ​ទៀត ព្រោះ​និយាយ​ទៅ​កម្ពុជា សំបូរ​សុទ្ធ​​តែអ្នកពូកែ​ ប៉ុន្តែ​គ្រាន់​តែ​ពិបាក​ដោយ​សារ​តែ​ខ្វះ​ធនធាន​ដើម្បី​ប្រើ​ប្រាស់។ និយាយ​ទៅ​ យើង​ពិបាក​ជាង​គេ​ហ្នឹង គឺ​ងត្រង់​ហ្នឹង​តែម្តង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល